ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ
ពិធីបុណ្យឈាបនកិច្ចព្រះសព និងខួបគម្រប់ ៧ ថ្ងៃ ភិក្ខុ ថាច់ ខាន់ ព្រះពហូស្សូតឆ្វេង វត្តសាមគ្គីរង្សី ដែលបានទទួលអនិច្ចធម្ម កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ កន្លងទៅ ដោយអំពើឃាតកម្មនោះ បានបញ្ចប់រួចរាល់ហើយ កាលពីថ្ងៃអាទិត្យម្សិលមិញ ។

ឃាតកម្មលើព្រះគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី ព្រះនាម ថាច់ ខាន់ កាលពីព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ បង្កឡើងដោយព្រះសង្ឃមួយអង្គ គង់ក្នុងវត្តជាមួយគ្នា ។ អំពើហិង្សា ឈានដល់ការយកកំបិទចាក់គ្នានោះ ផ្តើមចេញពីរឿងទំនាស់ពាក្យសម្តី នៅពេលដែលគ្រូសូត្រឆ្វេង និមន្តសាមណេរមកអប់រំ អំពីការប្រតិបត្តិវិន័យសង្ឃ ទៅតាមគន្លងព្រះពុទ្ធសាសនា ។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងក្រុមគ្រួសារព្រះសង្ឃរងគ្រោះ ដោយអំពើឃាតកម្ម នៅថ្ងៃចន្ទទី ១៩ មករា នេះ បានបើកប្រជុំមួយ ដើម្បីស្វែងរកដោះណោះស្រាយនានា ដែលកើតឡើង នៅវត្តសាមគ្គីរង្សី និងការចាត់វិធានការផ្លូវច្បាប់សមស្របណាមួយ ដើម្បីស្វែងរកយុត្តិធម៌ផ្តល់ជូនដល់ ដួងវិញ្ញាណក្ខន្ធព្រះសព ព្រមទាំងញាតិសារលោហិត ។

ព្រះតេជព្រះគុណ ថាច់ ហាន់ ព្រះចៅអធិការវត្តពុទ្ធិកៈខ្មែរនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក និងត្រូវជាបងបង្កើតរបស់ព្រះសពព្រះភិក្ខុ ថាច់ ខាន់ មានសង្ឃដីកា ប្រាប់វិទ្យុសំឡេង កម្ពុជាក្រោមថា ក្នុងនាមព្រះអង្គតំណាងឲ្យគ្រួសារព្រះសង្ឃរងគ្រោះ រួមជាមួយ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន ១២ ស្ថាប័ន គ្រោង នឹងងរកមេធាវីឲ្យដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ទៅលើជនដៃដល់ ជាពិសេសស្វែងរក ចាប់ខ្លួនជននៅពីក្រោយ ។
ក្នុងនាមខ្ញុំព្រះករុណាអត្មា នឹងចាត់វិធានការ ដើម្បីធ្វើការប្តឹង តវ៉ាទៅតាមច្បាប់ ហើយជាពិសេសនោះ គឺស្វែងរកជននៅពីក្រោយខ្នងជាពិសេស ។
ព្រះតេជព្រះគុណ ថាច់ ហាន់ ជឿថា ករណីឃាតកម្មនេះ ប្រាកដជាមានជនណាម្នាក់ នៅពីក្រោយខ្នង ។
មានជនខាងក្រោយខ្នងហ្នឹងជាចាំបាច គឺមាន មានច្បាស់ណាស់ អ៊ីចឹងហើយ ចង់រកនៅជន ដែលនៅខាងក្រោយខ្នង ។
ពាក់ព័ន្ធទៅនឹង ជននៅពីក្រោយនៃអំពើឃាតកម្មនេះដែរ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជា ក្រោម លោក តាំង សារៈ យល់ស្របទៅ នឹងការលើកឡើង របស់ព្រះតេជព្រះគុណ ថាច់ ហាន់ ដែលថា មានជននៅពីក្រោយ ញុះញង់ឲ្យមានអំពើហិង្សាកើតឡើង ។
លោកថា ថ្មីៗ នេះឥរិយាបថរបស់សាមណេរ លី ទ្វឹង (ហៅ ចាន់ សុភ័ក្ត្រ) ប្រែប្រួលទៅជាច្រងេងច្រងាងដាក់ថ្នាក់ដឹកនាំសង្ឃក្នុងវត្ត ដែលពីមុនមកអាកប្បកិរិយាបែបនេះ មិនធ្លាប់មានឡើយ ។ ជាពិសេសមួយរយៈចុងក្រោយនេះ សាមណេរ លី ទ្វឹង មិនដែលមានការចុះសម្រុង ជាមួយ នឹងព្រះសង្ឃក្នុងវត្តនោះទេ ។
ខ្ញុំមើលឃើញថា ឈ្មោះ លី ទ្វឹង អាយុ ១៧ ឆ្នាំ ហើយតាមការក្តាប់បាន ដែលព្រះសង្ឃ នៅក្នុងវត្តបានឲ្យដឹងថា ឈ្មោះ លី ទ្វឹង កាលពីដើមមក ជាសាមណេរមួយអង្គ ដែលមានចិត្តហ្នឹងសុភាពរាបសា ខា្លចមេ ខ្លាចកើយគោរពព្រះថេរៈចាស់ទុំណាស់ ក៏ប៉ុន្តែ ទើបតែរយៈពេលចុងក្រោយ ប្រហែលជាងមួយខែ ឬជិតពីរខែហ្នឹង គឺថាហាក់បីដូចមានចរឹតច្រងេង ច្រងាងអីជាដើម ។ ហេតុដូច្នេះ យើងមានការសង្ស័យដែរ ហេតុដូចម្តេចបានជាចរឹតមនុស្ស ធម្មតាចរឹត គឺពីដើមមកយ៉ាងម៉េច គឺរហូតដល់ត្រូវាចាស់ គឺវានៅអ៊ីចឹង បើទោះជាមានការប្រែប្រួល ក៏ប្រែប្រួលតិចតួច មិនមែន ប្រែប្រួលរហូតដល់កម្រិត ១៨០ អង្សាអីចឹងទេ ។ ចឹងគឺយើងសង្ស័យដែរ សង្សា័យថា អាចមានជនណាមួយ ឬបុគ្គលណាមួយ ពួក ឬក្រុមណាមួយ គឺជំរុញ លើកទឹកចិត្ត ។ ហើយយើងក៏ដឹងថា អាយុ ១៧ ឆ្នាំ ជាក្មេងឈាមរាវ តែកាលណាមានគេអុជគេអាល ហើយមានគេព្យុះ គឺអាហ្នឹងអ្នកក្លាហានហើយ ព្រោះលោកនៅក្មេង អាហ្នឹងយើងសង្ស័យថា មានអ្នកពីក្រោយ ។
នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ អតីតសាមណេរឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ដែលជាអ្នកបានចាក់សម្លាប់ភិក្ខុ ថាច់ ខាន់ ឲ្យសុគតនោះ ត្រូវបានតុលាការខ្មែរចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌដែលនឹងអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃដដែល ។

កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្ដី លោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ថា ជនដៃដល់ឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ត្រូវចៅក្រមសម្រេចឃុំខ្លួននៅពន្ធ នាគារ ក្រោយពីបានបញ្ចប់ការសាកសួរកាលពីរសៀលថ្ងៃពុធ ទី ១៤ ខែមករា ។ លោក ជា ម៉េត ថា លោកបានសម្រេចចោទប្រកាន់ជនដៃដល់រួចហើយ និងថា បទចោទមួយនេះ ដូចនឹងអ្វីដែលនគរបាលខណ្ឌមានជ័យ បានធ្វើការចោទប្រកាន់ជាបឋមដែរ ដែលអាចនឹងជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ ។
ទន្ទឹម នឹងងនេះដែរ ព្រះតេជព្រះគុណ ថាច់ ហាន់ បានអំពាវនាវដល់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកជនសមគំនិត និងអ្នកនៅពីក្រោយខ្នងមកវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ។
ខ្ញុំព្រះករុណាអាត្មាហ្នឹង គឺសូមអំពាវនាវទាំងអស់ អំពាវនាវដល់តុលាការ ។ ជាពិសេស ជនដែលបញ្ជានៅពីក្រោយ ជាចាំបាច ដើម្បីរកយុត្តិធម៌ ឲ្យចាប់អ្នកទាំងអស់ហ្នឹងឲ្យបាន ដោយសារម៉េច ដោយសារថា កុំឲ្យក្នុងសង្គមមានការកើតឡើងរឿងអ្វី ដែលវាមិនត្រឹមត្រូវ វាមិនល្អប្រសើរ សម្រាប់សាសនា សម្រាប់សង្គមជាតិ គឺសូមអំពាវនាវទៅដល់តុលាការ ស្វែងរកជននៅពីក្រោយ ៕