ក្រុមគ្រួសារព្រះតេជគុណ ទឹម សាខន អះអាងថាមិនអាចធ្វើការទាក់ទងនឹងព្រះអង្គបានទេ

ដោយៈ ចៅ មុនីខេមរា

          នេះគឺជាការអះអាងរបស់ក្រុមគ្រួសារ ព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរី វង់ ខេត្តតាកែវ ដែលត្រូវបានស្តេចសង្ឃ ទេព វង្ស ចាប់ផ្សឹកកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ កន្លងទៅនេះ ។ ព្រះតេជគុណ ទឹម សាខន ព្រះជន្ម ៤០ វស្សា ដែលត្រូវពួកអាជ្ញាធរ នៃរដ្ឋាភិបាលប្រទេសកម្ពុជា និរទេសខ្លួនមកដាក់ពន្ធនាគារក្នុងប្រទេសយួន បន្ទាប់ពីចាប់ផ្សឹកបានប៉ន្មានម៉ោងនៅឯប្រទេសកម្ពុជា ហើយត្រូវបានតុលាការយួនក្នុងខេត្តមាត់ជ្រូក កាត់ទោសកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ យោងតាមមាត្រា ៨៧ នៃច្បាប់ព្រហ្មទណ្ឌសាធារណរដ្ឋសង្គមនិយមយួនពីបទ “បំផ្លិចបំផ្លាញគោលនយោបាយសាមគ្គីភាព”។ កាលពីថ្ងៃទី ៣០ ខែមិថុនា កន្លងទៅនេះមានដំណឹងថា ព្រះតេជគុណ ទឹម សាខន ត្រូវបានពួកអាជ្ញាធរកុម្មុយនិស្តយួនធ្វើការដោះលែង ហើយថែមទាំងបាននាំព្រះអង្គ ដើរកំសាន្តទូទាំងប្រទេសទៀតផង ដែលសូម្បីតែក្រុមគ្រួសារក៏មិនទាន់បានជួបមុខព្រះអង្គដែរមកដល់ពេលនេះ ។

          លោក ចៅ បាន ប្អូនប្រុសបង្កើតរបស់ព្រះតេជគុណ ទឹម សាខន បានឲ្យវិទ្យុសំឡេងកម្ពុជាក្រោម ដឹងកាលពីដើមសប្តាហ៍នេះថា ចាប់តាំងពីពេលដែលក្រុមមន្ត្រីយួននាំខ្លួនព្រះតេជគុណ ទឹម សាខន ទៅបាត់ ក្រុមគ្រួសារបានព្យាយាមសុំលេខទូរស័ព្ទក្រុមមន្រ្តីទាំងនោះ ហើយតែងធ្វើការទាក់ទងទៅពួកមន្រ្តីយួន ដើម្បីសុំជួប ទឹម សាខន ជារៀងរាល់សប្តាហ៍ ។ ប៉ុន្តែមកដល់ពេលនេះ រូបគាត់ និងក្រុមគ្រួសារមិនអាចធ្វើការទាក់ទង បានទេ។

          ព្រះតេជគុណ ទឹម សាខន ជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានទៅរស់នៅឯប្រទេសកម្ពុជាជាមួយក្រុមគ្រួសារ ហើយបានបួសជាព្រះសង្ឃព្រះពុទ្ធសាសនាថេរវាទក្នុងខេត្តតាកែវ អស់រយៈពេល ១៧ ឆ្នាំ ។ ព្រះតេជគុណ ទឹម សាខន ជាសកម្មជនសិទ្ធិមនុស្សរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការមួយគាំទ្រផ្នែកសិទ្ធិមនុស្ស និងតស៊ូដោយអហិង្សានៅលើឆាកអន្តរជាតិ ។  ហើយព្រះសង្ឃ ទឹម សាខន ក៏ធ្លាប់បានផ្តល់ជម្រកដល់ខ្មែរក្រោម ចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលរត់ចេញពីប្រទេសយួនផងដែរ ។ ព្រះសង្ឃខ្មែរកម្ពុជាក្រោម មួយអង្គ ដែលធ្លាប់ត្រូវរដ្ឋអំណាចយួនចាប់ខ្លួន ហើយសព្វថ្ងៃកំពុងរស់នៅឯប្រទេសកម្ពុជា បានផ្តល់បទសម្ភាសន៍ ដល់វិទ្យុសំឡេងកម្ពុជាក្រោម រិះគន់រដ្ឋាភិបាលកុម្មុយនិស្តយួនត្រង់ ៗ បែបនេះ…………….. ។

          ទាក់ទិននឹងព័ត៌មានថា ក្រុមគ្រួសារព្រះតេជគុណ ទឹម សាខន មិនធ្វើការទាក់ទង ហើយបានដឹងថា ព្រះតេជគុណ ទឹម សាខន កំពុងនៅទីណាពេលនេះ ព្រះតេជគុណ សឺន វុធ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលកំពុង រត់ភៀសខ្លួន និងកំពុងគង់ចាំព្រះវស្សាក្នុងវត្តមួយនាទីក្រុងភ្នំពេញ បានមានសង្ឃដីកាតាមទូរស័ព្ទថា ……….. ព្រះតេជគុណ សឺន វុធ បន្តអំពាវនាវដល់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ មេត្តាយកចិត្តទុកដាក់ចំពោះបញ្ហា ព្រះតេជគុណ ទឹម សាខននេះឲ្យមែនទែន ……………. ។

          គួររំលឹកថា ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរយួនខេត្តមាត់ជ្រូក ដោះឲ្យទៅជួបជុំសាច់ញាតិ នៅឃុំបាជុក ស្រុកស្វាយទងនៅថ្ងៃទី ២៨ ខែមិថុនា ហើយក្រោយនោះពីរថ្ងៃមានដំណឹងថា ពួកមន្រ្តីយួនខេត្ត មាត់ជ្រូក បាននាំខ្លួនអតីតសង្ឃអង្គនេះទៅដើរកំសាន្តរយៈពេលមួយខែ តែរហូតមកដល់ពេលនេះ គ្មាននរណា ដឹងថា ព្រះតេជគុណ ទឹម សាខន ស្លាប់ ឬរស់ ឬកំពុងឋិតនៅទីណានោះទេ ៕

.