ដោយៈ VOKK
ប្រភពព័ត៌មានពីទឹកដីខេត្តឃ្លាំង អតីតដែនដីកម្ពុជាក្រោម ឬយួនហៅសុកត្រាំង បានឲ្យដឹងថា ថ្មី ៗ នេះក្រុមកម្មករខ្មែរក្រោម ដែលកំពុងរកស៊ីទទួលទានមុខរបរបកបង្គារឲ្យក្រុមហ៊ុនយួននៅតាមបណ្តាស្រុកនានាក្នុងឃ្លាំង កំពុងជួបបញ្ហាសុខភាព ក្រោយពេលពួកគេប្រកបមុខរបរបកសំបកបង្គារនេះអស់រយៈពេលយូរ ។
ស្រ្តីជនជាតិដើមខ្មែរក្រោមមួយចំនួនធំ ដែលកំពុងស៊ីឈ្នួលបកសំបកបង្គារឲ្យជនជាតិយួន នៅតាមបណ្តាស្រុកនានាទូទាំងខេត្តឃ្លាំងបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ សុខភាពពួកគេហាក់ដូចជាមិនអំណោយផលសោះ បន្ទាប់ពីពួកគេប្រកបមុខរបរបកបង្គារនេះកាន់តែយូរទៅ ៗ ស្របពេលដែលប្រាក់ខែគ្មានកំណើន ឬឯការងារគ្មានការធានារអំពីសុវត្ថិភាព និងរ៉ាប់រងពីសុខភាព ។
ស្រ្តីជនជាតិដើមខ្មែរក្រោមម្នាក់ មកពីស្រុកខ្សាច់ ខេត្តឃ្លាំង
សព្វថ្ងៃកំពុងបំរើការផ្នែកបកសំបកបង្គារក្នុងក្រុមហ៊ុនជនជាតិយួនមួយឲ្យដឹងថា សព្វថ្ងៃរូបនាងធ្វើការក្នុងរោងចក្របកសំបកបង្គារមួយ ដែលនាងអាចទទួលបានប្រាក់ខែ ១លាន ២ រយពាន់ដុងក្នុងមួយខែ ពោលគឺស្មើប្រមាណ ៦៦ ដុល្លាសហរដ្ឋអាមេរិក ។ ស្រ្តីឈ្មោះ ថាច់ ធីធូហឿង រូបនេះបន្តឲ្យដឹងទៀតថា រូបនាងធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ ។ តែបើនាងធ្វើការបន្ថែមម៉ោង នាងនឹងទទួលបានប្រាក់ចំនួន៥ពាន់ ដុងទៀត ពោលគឺប្រមាណ ០,២៧ ដុល្លាក្នុងមួយម៉ោង ។
ប្រភពពីក្រុមកម្មករខ្មែរក្រោម ដែលកំពុងជួបបញ្ហាផ្នែកសុខភាពក្នុងការបកសំបកបង្គារឲ្យដឹងដែរថា ថៅកែក្រុមហ៊ុនជនជាតិយួនមិនបានធានារ៉ាប់រង ឬចំណាយថវិកាបន្ថែមណាមួយជូនទៅកម្មករទេ ។ ហើយចំពោះការចំណាយទៅលើចំណីអាហារ និងថ្នាំពេទ្យផ្សេង ៗ គឺក្រុមកម្មករត្រូវទំនុកបំរុងដោយខ្លួនឯង ទោះបីពួកគេត្រូវទៅបំពេញការងារនេះនៅទីជិត ឬទីឆ្ងាយក្តី ។ ក្រៅពីនេះ ពេលដែលពួកគេបំពេញការងារ ប្រសិនបើពួកគេឈឺថ្កាត់ ឬមានបញ្ហាសុខភាពមិនអាចបំពេញការងារបាន ប្រាក់ខែពួកគេនឹងត្រូវកាត់បន្ថយទៅតាមចំនួនថ្ងៃដែលពួគេមិនបានទៅធ្វើការ ។ ដូច្នេះហើយ នៅចុងខែ ពួកគេទទួលបានប្រាក់បៀរវត្សរ៍ប្រមាណតែ ៥រយពាន់
ដុងតែប៉ុណ្ណោះ ។ ពួកគេអះអាងថា ប្រាក់ទាំងនេះគឺល្មម
សំរាប់ចំណាយទៅលើចំណីអាហារប្រចាំខែ ហើយពួកគេពុំមានថវិកាសំរាប់ផ្ញើជូនទៅក្រុមគ្រួសារ ឬអ្នកផ្ទះនោះឡើយ។
ស្រ្តីជនជាតិដើមខ្មែរក្រោមមួយរូបផ្សេងទៀត បានឲ្យដឹងផងដែរថា ក្រៅពីការខ្វះខាតខាងលើនេះ ពួកគេក៏មិនពេញចិត្តនឹងបំពេញការងារបកសំបកបង្គារ ឬធ្វើការក្នុងក្រុមហ៊ុនអាហារសមុទ្រដែរ ព្រោះគេបារម្ភពីបញ្ហាសុខភាព និងខ្លាចមានជំងឺដោយសារបរិស្ថានមិនល្អ ។
ស្រ្តីឈ្មោះ ត្រឹង ធីណារី ជនជាតិដើមខ្មែរក្រោមមកពីពីស្រុកំពុងធំ ឬយួនហៅមីទូ សព្វថ្ងៃកំពុងធ្វើការនៅរោងចក្រសៅតា បាននិយាយថា នៅក្បែររោងចក្រត្រជាក់ខ្លាំងណាស់ ។ ច្រមុះនាងឈឺផ្សារ ផ្ទៃមុខនាងឡើងហើម ហើយថែមទាំងឈឺក្បាលទៀតផង ។ ពេលដែលនាងទៅធ្វើការដំបូងឃើញថាធម្មតា ប៉ុន្តែយូរ ៗ ទៅ នាងមានអារម្មណ៍ខ្លាចត្រជាក់ ។ ណារីបាននិយាយទៀតថា មិត្តភ័ក្តិរួមអាជីពនាងមិនអាចទៅក្បែររោងចក្រនេះបានទេ ព្រោះខ្លាចត្រជាក់ ។ ក្រៅពីនេះ នាងក៏ឈឺត្រង់ត្រចៀក ច្រមុះ និងឈឺបំពុងកដែរ ។ ពោលគឺពួកគេមិនទម្លាប់នឹងបរិស្ថាននេះតែម្តង ។
ចំណែកស្រ្តីខ្មែរក្រោមផ្សេងទៀតឈ្មោះ ថាច់ ធីធូសឿង បាននិយាយថា នាងទៅស៊ីឈ្នួលច្រូតស្រូវអ្នកស្រុកទទួលបានប្រាក់ពី ៧០ពាន់ ដល់ ៨០ពាន់ដុងរាល់ថ្ងៃ ។ នាងមានអារម្មណ៍ថា មានសេរីភាព និងគ្មានជំងឺអ្វីទាំងអស់ ។ ថាច់ ធីធូសឿង បន្ថែមទៀតថាប្រសិនបើបងប្អូនកម្មករទាំងអស់មានបញ្ហាសុខភាព ហើយទទួលបានកំរៃតិចតួចក្នុងការបំពេញការងារ ពួកគេអាចវិលត្រឡប់ទៅស្រុកកំណើតដើរស៊ីឈ្នួលច្រូតស្រូវ ដោយអាចរកបានប្រាក់ពី ២០០ពាន់ ដល់ ២៥០ពាន់ដុងក្នុងមួយកុងស្រូវ ។
គួរបញ្ជាក់ជូនថា នេះជាលើទីមួយហើយដែលកម្ម-ករ កម្មការិនីខ្មែរក្រោមរកស៊ីទទួលទានបកបង្គារតាមក្រុមហ៊ុនជនជាតិយួន មានការត្អូញត្អែរអំពីបញ្ហាសុខភាព និងបរិស្ថានមិនល្អដូច្នេះ ។ គេមិនដឹងថា រដ្ឋាភិបាលកុម្មុយិនស្តយួនមានចាត់វិធានការណ៍តាមដាន ឬស៊ើបអង្កេតអំពីរឿងធ្វើឲ្យជះឥទ្ធពលដល់បរិស្ថានអត់ទេ នៅពេលដែលពិភពលោកកំពុងតែប្រុងប្រយ័ត្ននឹងការផ្លាស់ប្តូរ ឬប្រែប្រួលបរិស្ថាន ៕.