ក្រុងហាណូយបើកភ្លើងខៀវអោយកូនចៅខ្មែរក្រោមរៀនអក្សរខ្មែរ

ដោយៈ VOKK
បន្ទាប់ពីមានសកម្មភាពតវ៉ាយ៉ាងទទូច នៅលើឆាកអន្តរជាតិពីមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម មកដល់ពេលនេះ គេសង្កេតឃើញមេដឹកនាំប្រទេសយៀកណាម លបលួចបើកភ្លើងខៀវបន្តិចហើយ សំរាប់ជនជាតិដើមខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តមួយចំនួន ដើម្បីឲ្យពួកគេបានសិក្សារៀនសូត្រភាសា និងអក្សរសាស្រ្តខ្មែរ ។
ជាច្រើនឆ្នាំមកនេះ ការរៀន និងបង្រៀនអក្សរខ្មែរ នៅកម្ពុជាក្រោម ឬដែនដីសណ្តទន្លេមេគង្គ នៅតែជួបការលំបាក ។ ទាំងនេះក៏ដោយសារតែខ្មែរក្រោមមិនទាន់ទទួលបានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ និងថែរក្សាប្រពៃណីវប្បធមិរបស់ផងខ្លួន ។ ហើយក៏មិនទាន់មានអង្គការ-សមាគមណាមួយលេចផ្លោរ ក្នុងការទាមទារឲ្យ
សហគមន៍អន្តរជាតិ គាបសង្កត់ប្រទេសយៀកណាម ។
បន្ទាប់ពីមានវត្តមានសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងវេទិកាអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម, ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងសកម្មភាពផ្សេង ៗ ទៀតជាច្រើនឆ្នាំមក ថ្មី ៗ នេះ មានព័ត៌មានពីខេត្តពលលាវ ឬយួនហៅបាកលីវ បានឲ្យដឹងថា សកម្មភាពរៀនភាសា និងអក្សរខ្មែររបស់ជនរួមឈាមខ្មែរក្រោមនៅខេត្តខាងលើ ត្រូវបានរដ្ឋាភិបាលកុម្មុយ-និស្តយួនបើកចំហរបន្តិច ហើយការសិក្សានេះទៀតសោតបានអនុវត្តន៍ទន្ទឹមជាមួយនឹងកម្មវិធីអប់រំសកល ។
ប្រភពបានឲ្យដឹងដែរថា ខេត្តពលលាវ មានស្រុកមួយយួនហៅហុងយ៉ឹង គឺជាស្រុកមួយដែលមានប្រជាពលរដ្ឋជនជាតិដើមខ្មែរកម្ពុជាក្រោម រស់នៅច្រើនបំផុត ហើយតែងបានរក្សាខ្ជាប់នៅប្រពៃណីទំនៀមទំលាប់ និងភាសារបស់ផងខ្លួន ។ ប៉ុន្តែដោយឡែកអក្សរខ្មែរ គឺមានជនរួមជាតិខ្មែរមួយភាគប៉ុណ្ណោះ ដែលចេះអាន និងចេះសរសេរ ។
បន្ទាប់ពីមានសកម្មភាពតវ៉ាយ៉ាងទទូច របស់ខ្មែរក្រោមនៅក្រៅប្រទេស និងទទួលរងគំនាបពីសហគមន៍អន្តរជាតិ ចាប់តាំងពីឆ្នាំ ២០០៣ មកដល់សព្វថ្ងៃនេះ រដ្ឋាភិបាលកុម្មុយនិស្តយួនបានបន្ទន់ឥរិយាបថគួរសម ។ សកម្មភាពនោះ ស្តែងឡើងដោយរដ្ឋាភិបាលបានចាត់ចែងឲ្យផ្នែកអប់រំ និង
បណ្តុះបណ្តាលស្រុកហុងយ៉ឹង បន្ថែមម៉ោងបង្រៀនភាសាខ្មែរ និងអក្សរខ្មែរដល់សិស្សានុសិស្សជនជាតិដើមខ្មែរក្រោមនៅតាមសាលានានាក្នុងខេត្តខាងលើ ។
ប្រភពពីអ្នកសង្កេតការណ៍នៅខេត្តពលលាវ ឲ្យដឹងទៀតថា មកដល់ឆ្នាំ ២០០៨-២០០៩ ទូទាំងសុ្រកខាងលើមានសាលារៀនចំនួន ១៨ បានបង្រៀនអក្សរខ្មែរតាំងពីកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សា ។ ក្រោយពីការបើកបង្រៀនភាសា និងអក្សរសាស្រ្តខ្មែរ គេសង្កេតឃើញមានការទាក់ទាញយ៉ាងខ្លាំង ។ បច្ចុប្បន្នមានសិស្សានុសិស្សជនជាតិដើមខ្មែរក្រោម ៩០៣ នាក់ចូលរៀន ក្នុងនោះមានសិស្សយុវតី ៤៣៦ នាក់ ។
ក្រៅពីការអនុញ្ញាតឲ្យកូនចៅខ្មែរក្រោម សិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា គេនៅសង្កេតឃើញរដ្ឋាភិបាលកុម្មុយនិស្តយួននៅទាំងបើកភ្លើងខៀវ និងបន្ថែមម៉ោងរៀនអក្សរខ្មែរថែមទៀត ។ សព្វថ្ងៃ នៅស្រុងហុងយ៉ឹងមានសាលាអនុវិទ្យាល័យជាច្រើន បានចាត់ចែងបើកថ្នាក់បង្រៀនភាសា និងអក្សរខ្មែរដល់កូនចៅខ្មែរក្រោម ។ ហើយម៉ោងរៀនភាសាខ្មែរម្តង ៗ ប្អូន ៗ សិស្សានុសិស្សតែងនាំគ្នាទៅរៀនយ៉ាងកុះករ ដោយមានរយៈពេល ៤ ម៉ោងក្នុងមួយសប្តាហ៍ ពោលគឺមានការកើនឡើងចំនួន ២ ម៉ោង ។
ប្រភពពីអ្នកសង្កេតការណ៍បន្តឲ្យដឹងទៀតថា សព្វថ្ងៃទូទាំងស្រុកហុងយ៉ឹងមានគ្រូបង្រៀន ២៩ រូប ។ គ្រូបង្រៀនអក្សរខ្មែរទាំងនេះ សុទ្ធតែជាជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលធ្លាប់បានបួសរៀននៅតាមវត្តអារាមនានា ។ ដូច្នេះម៉ោងរៀនអក្សរខ្មែរ គ្រូបង្រៀនទាំងនេះតែងបង្ហាត់បង្រៀនសិស្សនូវតម្លៃវប្បធមិ ប្រពៃណីដ៏ល្អប្រសើររបស់ខ្លួនដល់សិស្ស ។ ជាពិសេស គឺតំលៃនៃជាតិសាសន៍មួយដែលកំពុងត្រូវគេធ្វើអាណានិគមទាំងគ្មានការខ្មាស់អៀន ។
គួរបញ្ជាក់ជូនថា ក្រៅពីការបើកថ្នាក់បង្រៀនភាសា និងអក្សរខ្មែរដល់កូនចៅខ្មែរក្រោម រដ្ឋាភិបាលក្រុងហាណូយនៅទាំងបានលើកទឹកចិត្តដល់សិស្សានុសិស្ស បន្ទាប់ពីបញ្ចប់វគ្គសិក្សានីមួយ ៗ ទៀតផង ។ ដំណាច់ត្រៃមាសនៃឆ្នាំសិក្សា ២០០៨-២០០៩ នេះ មានសិស្សានុសិស្សកូនចៅខ្មែរក្រោមចំនួន ១៣៦ រូប ទទួលបាននិទ្ទេសពូកែ និង ២២៥ រូប ទទួលបាននិទ្ទេសគ្រាន់បើ ឬឈានមុខ ។ ជាមួយនឹងការលើកទឹកចិត្តនេះដែរ លោក ចូវ ផាត អនុប្រធានគណៈកម្មាធិការ
រណសិរ្សមាតុភូមិស្អីគេនោះបានចូលរួមវាយតំលៃថា “ប្រការ ដែលមានអ្នកចេះអាន និងសរសេរភាសាខ្មែរច្រើន គឺជាកត្តាមួយងាយស្រួលក្នុងការរៀនសូត្រ ស្រាវជ្រាវ ស្វែងយល់អំពីវប្បធមិសាសនា និងទំនៀមទំលាប់ ពិធីបុណ្យជនជាតិ ។ ចំណែកសិស្សានុសិស្ស ការរៀនអក្សរ ភាសាខ្មែរ ធ្វើឲ្យប្អូន ៗ រឹតតែស្រឡាញ់វប្បធមិជនជាតិរបស់ខ្លួន ។ ឆ្លងតាមរយៈនេះ បានរួមចំណែកអភិរក្ស និងពង្រឹងពង្រីកលក្ខណវប្បធមិរបស់ជនជាតិថែមទៀត”៕.