ដោយៈ ចៅ មុនីខេមរា
បន្ទាប់ពីមានការតវ៉ានៅជុំវិញពិភពលោក របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ បងប្អូនខ្មែរ ខ្មែរក្រោមនៅក្នុងប្រទេសកម្ពុជា ឲ្យដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងហាណូយ ដែលបានចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹកប្រមាណជាង ២០ អង្គ និងបន្តកាត់ទោសឲ្យព្រះសង្ឃ ៥ អង្គ ជាប់ពន្ធនាគារកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ នេះ ដំណឹងពីខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោមឲ្យដឹងថា អាជ្ញាធរយួនបានធ្វើការដោះលែងព្រះសង្ឃទាំង ៥ អង្គហើយ កាលពីថ្ងៃអង្គារ ទី ២០ មករា នេះ ។
ព្រះសង្ឃជនជាតិដើមខ្មែរក្រោម ប្រមាណជាង ២០០ អង្គ ធ្វើបាតុកម្មនៅថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០០៧ ទាមទារឲ្យអាជ្ញាធរក្រុងហាណូយគោរពសេរីភាពជំនឿ និងសិទ្ធិមនុស្ស ប៉ុន្តែត្រូវបានអាជ្ញាធរក្រុងហាណូយ ចេញដីកាចាប់ផ្សឹកជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភៈ ដល់ឧសភា ឆ្នាំ ២០០៧ ដោយគេសង្ស័យថា ជាមេបះបោរ ។ ព្រះសង្ឃ ៥ អង្គ ដែលត្រូវរដ្ឋាភិបាលក្រុងហាណូយបញ្ជាឲ្យតុលាការយួនខេត្តឃ្លាំង កាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ ៤ ឆ្នាំ រួមមាន៖ ទី១-ព្រះតេជគុណ លី ហ្វាង, ព្រះជន្ម ២១ វស្សា គង់នៅវត្តសំរោង, ទី២-ព្រះតេជគុណ គីម មឿន, ព្រះជន្ម ២២ វស្សា គង់នៅវត្តតាសេក ទី៣-ព្រះតេជគុណ ថាច់ ធឿង, ព្រះជន្ម ២៥ វស្សា, ទី៤-ព្រះតេជគុណ លី សឿង, ព្រះជន្ម ៣២ វស្សា គង់នៅវត្តទឹកប្រៃ និងទី៥-ព្រះតេជគុណ យ៉ាន់ តូន ព្រះជន្ម ២៦ វស្សា គង់នៅវត្តការន្ត ខេត្តព្រែកឫស្សី ។
ប្រភពពីខេត្តឃ្លាំងបានអះអាងថា ការដោះលែងព្រះសង្ឃទាំង ៥ អង្គខាងលើនេះ គឺដោយសារក្រុងហាណូយទទួលរងការរិះគន់ និងរងសម្ពាធពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ។ ការអះអាងបែបនេះ ស្របទៅនឹងសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតស៊ូយ៉ាងសស្រាក់សស្រាំដើម្បីសិទ្ធិសេរីភាព ជំរុញឲ្យមានការដោះលែងអ្នកទោសសាសនា និងអ្នកទោសនយោបាយខ្មែរក្រោម ។ ការតវ៉ារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើឲ្យ
សហគមន៍អន្តរជាតិ ជាពិសេសសមាជិកសភាសហគមន៍អឺរ៉ុបស្ទើគ្រប់រូប បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងជួយដល់ខ្មែរក្រោម ដើម្បីទទួលបានសិទ្ធិសេរីភាពគ្រប់គ្រាន់ ដូចជនជាតិដទៃទៀតលើពិភពលោក ។ ជាអាទ៌ ដើម្បីជ្រាបច្បាស់ស្ថានភាពសិទ្ធិមនុស្ស និងជីវភាពខ្មែរក្រោម កាលពីខែធ្នូមកនេះ សភាសហគមន៍អឺរ៉ុប ២ រូបបានចុះមកជួបខ្មែរក្រោមនៅប្រទេសកម្ពុជា ហើយថែមទាំងមានបំណងមកកម្ពុជាក្រោម ជួបសំណេះសំណាលនឹងខ្មែរក្រោមទៀតផង ។ ជាអកុសល តំណាងរាស្រ្តមកពីប្រទេសអ៊ីតាលី និងជាសមាជិកសភាសហគមន៍អឺរ៉ុបទាំង ២ រូបនេះ ត្រូវបានក្រុមយួនបដិសេធផ្តល់ទិដ្ឋាការ ។
ចំពោះការដោះលែងព្រះសង្ឃទាំង ៥ អង្គ ឲ្យមានសេរីភាពនៅក្រៅឃុំ ត្រូវបានមតិនានាអះអាងថា គឺបន្តបន្ទាប់ពីការតវ៉ាទាមទារយ៉ាងទទូចពីសហព័ន្ធខ្មែរកម្ពុជាក្រោម និងបងប្អូនខ្មែរនៅក្រៅប្រទេស ។ ជាក់ស្តែងការដោះលែងព្រះតេជគុណ លី សឿង ចេញពីពន្ធនាគារមួយខែមុននេះ គឺធ្វើឡើងខណៈពេលសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើសន្និសីទអន្តរជាតិនៅប្រទេសអូស្រ្តាលី ដែលក្នុងសន្និសីទនោះ ក៏មានព្រះតេជគុណ លី រ៉ាន់ បងប្រុសបង្កើតព្រះតេជគុណ លី សឿង ចូលរួម ដែលជាហេតុធ្វើឲ្យអាជ្ញាធរយួនមានការក្រែងរអែង ។
ប្រជាពលរដ្ឋខ្មែរក្រោមខេត្តឃ្លាំង ថែមទាំងអះអាងទៀតថាសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្មារតីរដ្ឋាភិបាលក្រុងហាណូយ ។ ខណៈពេលមានដំណឹងថា សហព័ន្ធខ្មែរកម្ពុជាក្រោម កាន់តែមានទំនាក់ទំនងល្អនឹងរដ្ឋាភិ-
បាលសហរដ្ឋអាមេរិក ដែលទើបនឹងឡើងកាន់ដំណែងអាណត្តិថ្មីនេះ ហើយសហព័ន្ធខ្មែរកម្ពុជាក្រោម បានជូនសេចក្តីអំពាវនាវដល់មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក និងគណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិ កាលពីថ្ងៃទី១៥ មករា មកនេះ ក៏ជាមូលហេតុចំបងជំរុញឲ្យរដ្ឋាភិបាលក្រុងហាណូយ បន្ទន់ឥរិយាបថ ធ្វើការដោះលែងព្រះសង្ឃ ៤ អង្គបន្ថែមទៀត ។
គួរបញ្ជាក់ថា ព្រះសង្ឃទាំង ៥ អង្គខាងលើត្រូវបានតុលាការយួនខេត្តឃ្លាំងកាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ ៤ ឆ្នាំ ពីបទធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម និងស្ទះចរាចរណ៍ ។ នៅថ្ងៃទី១៩ មករា ព្រះសង្ឃជាប់ពន្ធនាគារចំនួន ៣ អង្គត្រូវបានអាជ្ញាធរយួនដោះលែង មានព្រះតេជគុណ យ៉ាន់ តូន, ព្រះតេជគុណ
គីម មឿន និងព្រះតេជគុណ ថាច់ ធឿង ។ ចំណែកព្រះតេជគុណ លី ហ្វាង ត្រូវបានបងប្អូនខ្មែរក្រោមក្នុងខេត្តឃ្លាំងរាយការណ៍ឲ្យដឹងថា ទើបនឹងត្រូវបានក្រុមអាជ្ញាធរធ្វើការដោះលែងឲ្យមានសេរីភាពនៅថ្ងៃអង្គារ ទី ២០ មករា នេះ ៕.