ក្រុងហាណូយបង្ហាញគោលការណ៍អប់រំស្មារតីខ្មែរក្រោម

 ដោយ VOKK

រដ្ឋាភិបាលកុម្មុយនិស្តយួន នៃក្រុងហាណូយ បានបង្ហាញគោលនយោបាយ អប់រំស្មារតីជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើដែនដីសណ្តទន្លេមេគង្គ ។ តាមផែនការចាប់តាំងខែកុម្ភៈ រហូតមកដល់ខែកញ្ញា ឆ្នាំ២០០៩ រដ្ឋាភិបាលកុម្មុយនិស្តយួនបានចាត់តាំងបញ្ជាឲ្យគណៈចង្អុលការតំបន់និរតី ក្រោមការដឹកនាំរបស់បុគ្គឈ្មោះ ស៊ើង សុង ស៊ើង ធ្វើដំណើរទៅសួរសុខទុក្ខ និងកោះប្រជុំកម្មាភិបាល បក្ខជន គណៈកម្មការវត្ត ព្រះសង្ឃ និងសិស្ស និស្សិតខ្មែរកម្ពុជាក្រោមទូទាំងដែនដីកម្ពុជាក្រោម ។
ប្រភពព័ត៌មានពីបណ្តាញផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា គោលនយោបាយដែលរដ្ឋាភិបាលកុម្មុយនិស្តយួនដាក់ចេញសំរាប់ការអនុវត្តន៍ក្រោមការដឹកនាំរបស់បុគ្គល ស៊ើង សុង ស៊ើង នៅដែនដីសណ្តទន្លេមេគង្គ ពោលគឺតំបន់ដែលមានជនជាតិដើមខ្មែរកម្ពុជាក្រោម រស់នៅតាំងយូរលង់ណាស់មកហើយនោះ រួមមាន ៦ ចំណុច សំខាន់ ៗ ជាមូលដ្ឋានសំរាប់ការអនុវត្តន៍ក្នុងឆ្នាំ២០០៩ នេះ ។ ទី១-ស្តីអំពីមុខនាទីវៀតណាមនៅលើឆាកអន្តរជាតិ ។ ទី២-គោលមាគ៌ា គោលនយោបាយជនជាតិ គោលនយោបាយសាសនារបស់បក្ស និងរដ្ឋ ។ ទី៣-ប្រវត្តិតំបន់តំបន់ដែនដីសណ្តទន្លេមេគង្គ ឬកម្ពុជាក្រោម និងមូលដ្ឋានគតិយុត្តិទាំងឡាយបញ្ជាក់ពីតំបន់នេះ ថាជាចំណុះបូរណភាពរបស់វៀតណាម ។ ទី៤-អប់រំលើកកម្ពស់ចំណេះដឹង ក្នុងការប្រតិបត្តិច្បាប់ជនរួមជាតិខ្មែរក្រោម ។ ទី៥-ពង្រីកប្រពៃណីសាមគ្គី ស្មារតីស្នេហាជាតិ ស្នេហាសង្គមនិយម និងទី៦-ឃោសនាពីការប្រុងប្រយ័ត្នរាល់ឧបាយកលអានុភាពអមិត្ត ។
ប្រភពបានឲ្យដឹងទៀតថា កិច្ចប្រជុំដែលរៀបចំក្រោមការដឹកនាំរបស់បុគ្គលឈ្មោះ ស៊ើង សុង ស៊ើង សំរាប់ការអនុវត្តន៍គោលការខាងលើចាប់តាំងខែកុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ គណៈចង្អុលការណ៍តំបន់ដែនដីសណ្តទន្លេមេគង្គ របស់រដ្ឋាភិបាលកុម្មយនិស្តយួន បានរៀបចំចាត់ចែងកិច្ចប្រជុំប្រមាណ ៥៥លើក នៅក្នុង ១២ខេត្ត-ក្រុងលើដែនដីកម្ពុជាក្រោម ត្រង់តំបន់ដែលមានប្រជាពលរដ្ឋខ្មែរក្រោមរស់នៅច្រើនបំផុត ។
ប្រភពបន្តឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំទាំងប៉ុន្មានខាងលើ បុគ្គលឈ្មោះ ស៊ើង សុង ស៊ើង បានធ្វើការកោះហៅកម្មាភិបាល បក្ខជន គណៈកម្មការវត្ត ព្រះសង្ឃ សិស្ស និស្សិត និងប្រជាកសិករខ្មែរក្រោមប្រមាណ ១១ ពាន់អង្គ និងរូប ។ ហើយរាល់កិច្ចប្រជុំសំណេះសំណាលម្តង ៗ ឈ្មោះ ស៊ើង សុង ស៊ើង បានផ្សព្វផ្សាយនៅគោលការណ៍ខាងលើយ៉ាងលំអិត ជាពិសេសគឺការអប់រំស្មារតី និងនិយាយពីការកកើតជនជាតិយួនលើដែនដីកម្ពុជាក្រោម មុនពេលខ្មែរក្រោមមានវត្តមាន ។ លើសពីនេះ បុគ្គល ស៊ើង សុង ស៊ើង នៅតែប្រកាន់ជំហរថា ខ្មែរនៅក្រៅប្រទេសជាក្រុមអនុភាពអមិត្ត ។
ទោះបីត្រូវបង្ខំចិត្តចូលរួមប្រជុំ និងស្តាប់ការបកស្រាយរបស់មេដឹកយួនបែបនេះក្តី ប៉ុន្តែក្រុមព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនធំ បានបង្ហាញប្រតិកម្មចំពោះការលើកឡើង របស់គោលនយោបាយបក្សកុម្មុយនិស្តយួន ។ និស្សិតខ្មែរក្រោមមួយចំនួន ដែលបានចំណាយពេលវេលាជាច្រើនសំរាប់ការចូលរួមស្តាប់ ការណែនាំគោលនយោបាយស្អីគេនេះបានឲ្យដឹងដែរថា ពួកគេមិនបានចាប់អារម្មណ៍នឹងអ្វីដែល ស៊ើង សុង ស៊ើង និយាយនោះទេ ។ ព្រោះពួកគេធ្លាប់បានឮចាស់ទុំក្នុងភូមិប្រាប់ថា ឈ្មោះ សើង សុង សើង ជួយឃោសនាជូនរដ្ឋាភិបាលយួនប៉ុណ្ណោះ ហើយការឃោសនានេះទៀតសោតក៏គ្មានមូលដ្ឋានច្បាស់លាស់ ។
ចំណែកឯក្រុមព្រះសង្ឃវិញ បានប្រតិកម្មយ៉ាងដាច់អហង្ការចំពោះការពន្យល់របស់បុគ្គលឈ្មោះ ស៊ើង សុង ស៊ើង ដែលថាទឹកដីកម្ពុជាក្រោមត្រូវបានកាប់ឆ្ការឡើងដោយជនជាតិយួន រីឯជនជាតិដើមខ្មែរកម្ពុជាក្រោមគឺជាជនអន្តោរប្រវេស្តន៍ ។
ក្រុមព្រះសង្ឃខ្មែរក្រោមអះអាងទៀតថា ក្រៅពីការជួបប្រជុំដូចបានរៀបរាប់ខាងលើនេះ នាពេលខាងមុខសកម្មភាពឃោសនា នឹងមានកិច្ចជួបប្រជុំអ្នកតំណាង ព្រះសង្ឃ ពុទ្ធបរិស័ទ ជនជាតិដើមខ្មែរកម្ពុជាក្រោមចំនួន ៧ ខេត្ត-ក្រុងក្នុងតំបន់ដែនដីសណ្តទន្លេមេគង្គ ពោលប្រមាណ ២៥ លើកថែមទៀត ។
ក្រុមព្រះសង្ឃខ្មែរក្រោម អះអាងបន្ថែមទៀតថា ឆ្លងកាត់ការជួបប្រជុំនេះ ក្រុមឃោសនាផ្សព្វផ្សាយបានជំរុញឲ្យ
គណៈកម្មការបក្ស រដ្ឋអំណាច ផ្នែក ស្ថាប័ន និងភូមិភាគនានាយកចិត្តទុកដាក់ ដល់ការផ្សព្វផ្សាយបញ្ហាមួយចំនួន ក្នុងនោះរួមមាន៖ ទី១-កំណត់ការងារផ្សព្វផ្សាយ និងអប់រំកម្មាភិបាល បក្ខជន ព្រះសង្ឃ និងប្រជាលដពរដ្ឋជនជាតិដើមខ្មែរក្រោម គឺជាភារកិច្ចសំខាន់ និងជានិច្ចកាលរបស់មូលដ្ឋាន ។ ទី២-យកចិត្តទុកដាក់ខ្លាំងជាងចំពោះការងារពង្រីកបក្ខជន និងសមាជិករបស់អង្គការមហាជន អង្គការនយោបាយទាំងឡាយ រៀបចំគំរោងការបណ្តុះបណ្តាលបំពាក់បំប៉ន លើកកម្ពស់គុណភាពសកម្មភាពកម្មាភិបាល បក្ខជន ប្រជាពលរដ្ឋខ្មែរក្រោម ក្នុងប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ ។ ចាត់ចែងការងារគ្រប់ គ្រង និងប្រើប្រាស់កងជួរសិស្ស និស្សិត ជនជាតិដើមខ្មែរក្រោម ។ ទី៣-ព្យាយាមលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រី សាងសង់ផ្ទះនៅជូនគ្រួសារក្រីក្រ និង ទី៤-គឺឃោសនាប្រមូលផ្តុំ និងពង្រឹងតួនាទីសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ឃោសនាចលនាមន្រ្តីសង្ឃ ព្រះសង្ឃ
គណៈកម្មការវត្ត ៕.