មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងនៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០០៩ ថា អតីតចៅអធិការវត្តភ្នំដិនខាងជើង ឈ្មោះ ទឹម សាខន ដើមកំណើតខ្មែរកម្ពុជាក្រោម អាចរស់នៅក្នុងប្រទេសកម្ពុជាបាន ប្រសិនបើលោកមានបំណង។
លោក ខៀវ សុភ័គ មន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងអំពីខ្មែរកម្ពុជាក្រោមក៏ជា ខ្មែរ ហេតុនេះបុគ្គល ទឹម សាខន អាចមានសិទ្ធិរស់នៅក្នុងប្រទេសកម្ពុជា។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា ៖ «បើសិនជាគាត់រស់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមរដ្ឋធម្មនុញ្ញរបស់ខ្មែរ គាត់ជាជនខ្មែរ»។
ការអះអាង ដូច្នេះធ្វើឡើងបន្ទាប់ពីអតីតចៅអធិការវត្តភ្នំដិនខាងជើង លោក ទឹម សាខន បានត្រូវអាជ្ញាធរវៀតណាមដោះលែងពីពន្ធនាគារនិងអនុញ្ញាតឲ្យមកចូលរួម ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ ជាមួយឪពុកនិងបងប្អូន ដើម្បីឧទ្ទិសកុសលជូនម្តាយរបស់លោកមុនបុណ្យចូលឆ្នាំថ្មី។
លោក ទឹម សាខន នៅថ្ងៃដដែលនេះមិនអាចជួបផ្ទាល់បញ្ជាក់ពីបំណងរបស់លោកចង់រស់នៅ ប្រទេសកម្ពុជាឬចង់រស់នៅប្រទេសវៀតណាមបានឡើយ។
បើយោងតាម ការផ្តល់បទសម្ភាសន៍របស់លោកជាមួយវិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះ លោក ទឹម សាខន មានប្រសាសន៍ថា ៖ «ព្រួយបារម្ភភ័យណាស់ ខ្ញុំមកនៅកម្ពុជាហ្នឹង ខ្ញុំខ្លាចជាងនៅវៀតណាមទៀត ភ័យអំពីសុវត្ថិភាពផ្ទាល់ខ្លួន»។
លោក ទឹម បាន ត្រូវជាប្អូនរបស់លោក ទឹម សាខន អតីតចៅអធិការវត្តភ្នំដិនឲ្យដឹងថា លោក ទឹម សាខន បានចេញទៅសួរសុខទុក្ខបងប្អូន សាច់ញាតិ មិនទាន់ត្រឡប់មកផ្ទះវិញឡើយ។
រីឯលោក ទឹម ធាង ត្រូវជាឪពុករបស់លោក ទឹម សាខន រស់នៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ អះអាងថា លោកចង់ឲ្យលោក ទឹម សាខន ជាកូន មករស់នៅជាមួយគាត់ ឯប្រទេសកម្ពុជា។
លោក ទឹម ធាង បានមានប្រសាសន៍ថា ៖ «លោកក៏ចង់ដែរ ខ្ញុំសូមស្នើទៅអង្គការទាំងអស់ ទាំងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ អង្គការសហប្រជាជាតិអីសូមជួយដោះស្រាយរឿងហ្នឹង។ បានកូនខ្ញុំមកនៅវិញ ខ្ញុំក៏ត្រេកអរ ចាស់ហើយ»។
មន្រ្តីសមាគម សិទ្ធិមនុស្សអាដហុក លោក ចាន់ សាវ៉េត មានប្រសាសន៍ជុំវិញរឿងរ៉ាវ លោក ទឹម សាខន ថា ៖ «តាមព័ត៌មាន យើងគិតថា លោក ទឹម សាខន គាត់ហាក់បីដូចជាមានការព្រួយបារម្ភច្រើនបញ្ហាសុវត្ថិភាពរបស់ គាត់»។
អតីតចៅអធិការវត្តភ្នំដិនខាងជើង លោក ទឹម សាខន ត្រូវអាជ្ញាធរខ្មែរចាប់ផ្សឹកដោយប្រញាប់ប្រញាល់ រួចបញ្ជូនទៅដាក់គុកនៅប្រទេសវៀតណាមរយៈពេល១ឆ្នាំ ដោយចោទលោកថាបានបង្កឲ្យមានការបំបែកបំបាក់ចំណងសាមគ្គីភាពខ្មែរ វៀតណាមកាលពីឆ្នាំ២០០៧កន្លងមក។
ក្រោយពីការដោះលែងពីពន្ធនាគារ មកដោយមានការចុះសួរសុខទុក្ខពីមន្រ្តីរដ្ឋសភាខ្មែរ និងការថ្កោលទោសជាខ្លាំងពីសំណាក់មន្រ្តីទទួលបន្ទុកសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិ លោក ទឹម សាខន ត្រូវវៀតណាមដោះលែងមកវិញ។ ប៉ុន្តែលោកនៅតែស្ថិតក្រោមការឃ្លាំមើលរបស់វៀតណាមដដែលបើតាម ការអះអាងរបស់មន្រ្តីសិទ្ធិមនុស្ស៕
អត្ថបទពី៖
វិទ្យុអាស៊ីសេរីជាភាសាខ្មែរ
អ្ងករាយការណ៍ៈអ៊ុក សាវបូរី
កាលបរិឆ្ឆេទៈ០៧ មេសា ២០០៩.