ក្រសួងមហាផ្ទៃកម្ពុជាហាមពលរដ្ឋ ជួបជុំនៅមុខរដ្ឋសភា

ក្បួនធម្មយាត្រាទាំង ៥ ទិសរបស់អង្គការសង្គមស៊ីវិល ដែលបានចេញដំណើរពីគោលដៅរៀងៗខ្លួន កាលពីថ្ងៃអាទិត្យ ទី ១ ធ្នូ នោះ កំពុងតែធ្វើដំណើរជិតដល់រាជធានីភ្នំពេញហើយ ។ ក្រុមសកម្មជនទាំងនោះ ដែលរួមមានព្រះសង្ឃផង គ្រោងនឹងមកជួប ជុំ គ្នាដើម្បីប្រារព្ធ ទិវាសិទ្ធិ មនុស្ស អន្តរជាតិនៅថ្ងៃទី ១០ ធ្នូខាងមុខ ។ ក្បួនធម្មយាត្រានេះក៏គ្រោងនឹង ជួបជុំគ្នាដើម្បីថ្លែងពីក្តី កង្វល់ នានារបស់ពលរដ្ឋនៅមុខសភាជាតិផងដែរ ។ ខណៈដែលក្រុមធម្មយាត្រាកំពុងតែ ចេញដំណើរខេត្តចូលមកទីក្រុង ភ្នំពេញ ក្រសួងមហាផ្ទៃ ហាមថ្នាក់ដឹកនាំ និងអ្នក គាំទ្រ គណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ សមាគម និងសង្គមស៊ីវិលទាំងអស់ ប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា នៅថ្ងៃទី ១០ ធ្នូ ខាងមុខនេះ ដែលជាទិវាសិទ្ធិ មនុស្សអន្តរជាតិ ។

ក្រុម​ធម្មយាត្រា​ទិស​ផ្លូវ​ជាតិ​លេខ​៥ ធ្វើ​បាតុកម្ម​​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ធ្នូ នៅ​ទី​ប្រជុំ​ជន​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៣។ RFA/Chin Chetha
ក្រុម​ធម្មយាត្រា​ទិស​ផ្លូវ​ជាតិ​លេខ​៥ ធ្វើ​បាតុកម្ម​​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ធ្នូ នៅ​ទី​ប្រជុំ​ជន​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៣។ RFA/Chin Chetha

ក្រុមសកម្មជនសិទ្ធិមនុស្សបានចេញដំណើរដង្ហែក្បួន កាលពីថ្ងៃអាទិត្យ ទី ០១ ធ្នូ មានមកពីខេត្តស្វាយ រៀង កំពត កំពង់ស្ពឺ ពោធិ៍សាត់ និងកំពង់ធំ ។ ក្រុមសកម្មជនទាំងនោះបានដើរដង្ហែក្បួនធម្មយាត្រាចេញពីគោលដៅរៀងៗខ្លួនទាំង ៥ ទិស ឆ្ពោះមកកាន់រាជធានី ភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី ១០ ធ្នូ ។

​ក្រុមអ្នកចូលរួមធម្មយាត្រាទាំង ៥ ទិស កំពុងធ្វើដំណើរដោយថ្មើរជើង ក្នុងរយៈចម្ងាយប្រមាណជា ពី ១៥ ទៅ ២០ គីឡូម៉ែត្រ ក្នុង មួយថ្ងៃ ។ ពេលមកដល់ភ្នំពេញ ពួកគេក៏គ្រោងប្រគល់ឯកសារមួយចំនួនស្តីពីទុក្ខ លំបាករបស់ ពលរដ្ឋជូនដល់តំណាង រាស្ត្រជាប់ឆ្នោតនៅក្នុងសភា ។

គណបក្សសង្គ្រោះជាតិក៏បានប្រកាសឲ្យស កម្មជនរបស់ខ្លួនចូលរួមក្នុងធម្មយាត្រានេះផងដែរ ។ ខួប ៦៥ ឆ្នាំ នៃទិវាសិទ្ធិ មនុស្ស អន្តរ ជាតិ ឆ្នាំនេះ នៅកម្ពុជា នឹងប្រារព្ធឡើងក្រោម ប្រធានបទ«មានយុត្តិធម៌ មានសន្តិភាព!» ។

ហាមជួបជុំនៅមុខរដ្ឋសភា៖

ក្នុងលិខិត ២ ច្បាប់ ជម្រាបទៅអភិបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៨ ធ្នូ បានសរសេរថា ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមានការជួបជុំគ្នាបាន ទាក់ទងនឹងការប្រារព្ធទិវាសិទ្ធិ មនុស្សអន្តរជាតិ នៅថ្ងៃទី ១០ ធ្នូ តែពុំមាន ការហែក្បួនទេ។

ព្រឹត្តិការណ៍ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី ៦៥ នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ នៅរាជធានីភ្នំពេញ នឹងមានការជួបជុំ ប្រារព្ធទិវា សិទ្ធិ មនុស្សអន្តរជាតិ ចំនួន ៣ ក្រុម គឺទី១ រៀបចំដោយសម្ព័ន្ធអង្គការសិទ្ធិមនុស្សសង្គមស៊ីវិល ឬ ហៅថា គណៈកម្មា ធិការ ប្រព្រឹត្តិកម្ម ទី ២ រៀបចំដោយគណបក្សសង្គ្រោះជាតិ និងទី ៣ រៀបចំដោយតំណាងសហគមន៍ សមាគម និងបណ្ដាញសហព័ន្ធសហជីព ។

ទាក់ទងនឹងការជួបជុំប្រារព្ធទិវាសិទ្ធិមនុស្សរបស់សម្ព័ន្ធអង្គការសិទ្ធិមនុស្សសង្គមស៊ីវិល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យជួបជុំគ្នា នៅរមណីយដ្ឋានវត្តភ្នំ ត្រង់រោងអាយ៉ៃ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ២ រសៀល ដែលមានអ្នកចូលរួមប្រមាណ ៥ ពាន់នាក់ ដោយពុំមានហែក្បួន និងចែក ខិត្តប័ណ្ណឡើយ ។

រីឯការជួបជុំរបស់គណបក្សសង្គ្រោះជាតិ ដែលមុនដំបូងបម្រុងជួបជុំគ្នានៅបរិវេណមុខរដ្ឋសភានោះ ក្រសួងមហាផ្ទៃ សម្រេច អនុញ្ញាត ឱ្យជួប ជុំគ្នានៅទីលានប្រជាធិបតេយ្យជំនួសវិញ ចាប់ម៉ោង ៩ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ដែលមានអ្នកចូល រួម មិនលើសពី ១ ម៉ឺននាក់ និងពុំមានការហែក្បួនដែរ ។ ក៏ប៉ុន្តែលិខិតនេះបន្តថា គណបក្សសង្គ្រោះជាតិ អាចចាត់តាំង តំណាង ១០ រូប ដើម្បីយកញត្តិទៅប្រគល់ជូនរដ្ឋសភា ។

ដោយឡែកការជួបជុំរបស់តំណាងសហគមន៍ សមាគម និងបណ្ដាញសហព័ន្ធសហជីព ត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ ជួបជុំគ្នានៅសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ និងមិនមាន ហែក្បួន ដូចគ្នា ។ ក្រុមនេះ ក៏អាចចាត់ តាំងតំណាង ១០ រូប ដើម្បីយកញត្តិទៅប្រគល់ជូនរដ្ឋសភាដែរ ៕