១ មុខម៉ែឈឺចាប់ ខ្លួនជាប់ក្នុងគុក ស្រីខ្មែរទូលទុក្ខ ដៃឳបបុត្រា
ជីវិតរងកម្ម ប្រាស់ព្រាត់គ្រួសារ ឈឺចាប់ខ្លោចផ្សា គ្មានគ្រាល្ហើយល្ហែ។
២ មុខកូនប្រុសតូច ដូចកំពុងឆ្ងល់ រឿងទុក្ខអំពល់ គេចាប់ចងម៉ែ
តើខ្ញុំខុសអី កើតមកជាខ្មែរ កើតមកខុសខ្សែ ជាកូនអ្នកក្រ? ។
៣ មុខប្អូនប៉ូលីស ទទួលបញ្ជា ឃើញរឿងវេទនា ស្តាប់ពាក្យអង្វរ
ស្រណោះជាតិខ្មែរ ពូជសាងអង្គរ ហេតុអ្វីវឹកវរ ចងតែគ្នាឯង ?
៤ មុខឆ្មាំនារី សំភីសញ្ជឹង កូន–ម្តាយគេយើង តឹងទ្រូងក្រៃលែង…
មុខខ្មែរ ចិត្តខ្មែរ ឳ ! សែនចម្បែង… ខ្ញុំជាអ្នកតែង រែងរឹត ខ្វាយខ្វល់…។
ដោយ៖ សឺង សម្រេច/VOKK