ដោយៈ ថាច់ សាវ៉ាន់
ពុតធ្លេ១ដុះទេទៀបមាត់ទឹក សុរិយាពេលព្រឹកចាំងរស្មី
ខ្ញៀវខ្ញាសម្រែកហ្វូងបក្សី ចិកស៊ីចំណីលើរាងកាយ។
ពុតធ្លេមិនដែលពោលត្អូញត្អែ ស៊ីជុះស្រេចតែសត្វទាំងឡាយ
តូចធំមកទំតាមសប្បាយ តាមតែនិស្ស័យសត្វបក្សា។
អន្តរាយកើតមានដល់ពុតធ្លេ មិនដឹងសោះទេ ឳរុក្ខា!
គ្រាប់ពូជដែលពួកសត្វបក្សា ជុះដាក់អាត្មារាល់ថ្ងៃខែ។
ត្រូវទឹកត្រូវក្ដៅពន្លកបែក ដើមបញ្ញើក្អែកដុះកៀនក្បែរ
ដោយសារសម្បកដើមពោធិ័ធ្លេ បញ្ញើប្រឹងតែខំចាក់ឫស។
ស្លឹកលាស់ខៀវខ្ចីតាមជាតិខ្លួន មែកធៀងមាំមួនបែកគ្រប់ទិស
បឺតយកជីរជាតិពីឈាមញឹស ដោយសារគល់ឫសដើមពុតធ្លេ។
ច្រើនថ្ងៃខែឆ្នាំកន្លងទៅ ពោធិ័ធ្លេមិននៅដូចដើមទេ
ដើមឫសមែនពិតស្លឹកខុសគេ មិនដូចពោធិ័ធ្លេជាតិសោះឡើយ។៚
១-ពុតធ្លេ (ន.) ឈ្មោះ ប្រទាលមួយប្រភេទ ដើម,ស្លឹក, ផ្កា ស្រដៀងនឹងចេកទេស។ ឈ្មោះឈើមួយប្រភេទ មានសណ្ឋានស្លឹក ស្រដៀង នឹងជ្រៃបាយ ហៅពោធិ៍ធ្លេក៏មាន (តាមសង្កេត មានតាមតំបន់ទំនាប នៅកម្ពុជាក្រោម)។