កំណាព្យ៖ ជីវិតម្ដាយ

ជីវិតម្ដាយស្គមស្គាំងកាយសោយទុក្ខសោក
ជីវិតម្ដាយសែនវិបយោគសោកសង្រេង
បើលេបវាស្លាក់បើខ្ជាក់វានឹងស្លែង
ដួងចិត្តសែនចម្បែងម្ដាយថ្លែងប្រាប់អ្នកណា?

ជីវិតម្ដាយព្រាត់ប្រាស់ប្ដីរីងរៃចិត្ត
ជីវិតម្ដាយប្ដីក្បត់ផឹតត្បឹតតណ្ហា
លង់តម្រេកកាត់បែងចែកភ្លេចសាវតា
ព្រោះស្រីថ្មីក្បត់សាសនាស្រវ៉ាសក្ដិ។

ជីវិតម្ដាយត្រូវប្រែក្លាយជាខ្ញុំគេ
ជីវិតម្ដាយខំរិះរេឥតអន់អាក់
ថែរក្សាបីចញ្ចឹមបុត្រវរលក្ខណ៍
ប្ដីបានស័ក្ដិត្របាក់ស្រីគ្មានកង្វល់។

ជីវិតម្ដាយគេមើលងាយវាយបន្ថោក
ជីវិតម្ដាយឆ្ងាយក្ដីសុខទុក្ខអំពល់
គេរំលោភគេបំពានប្លន់គ្មានសល់
ស្រក់ទឹកភ្នែកហូរជោកថ្ពល់យល់ទុក្ខា។

ជីវិតម្ដាយកាយគ្រាំគ្រាយូរឆ្នាំខែ
ជីវិតម្ដាយរស់ខុសគេក្នុងលោកា
រស់ពន់រែកអំរែកកម្មគ្រាំចិន្ដា
សែនខ្លោចផ្សាណែនឱរ៉ាហាមិនរួច។

ជីវិតម្ដាយតស៊ូរស់ចិញ្ចឹមកូន
ជីវិតម្ដាយមិនសូន្យចោលកូនតូច
ទោះស្រីថ្មីគេជេរស្ដីដៀលបង្ខូច
វាយហិនហោចកំលោចទ្រព្យកេរ៏្ដដូនតា។

ជីវិតម្ដាយតាំងស្មារតីលៃតំរិះ
ជីវិតម្ដាយខំត្រិះរិះដោះបញ្ហា
រំដោះជាតិបុត្រឧត្តមតសាវតា
ម្ដាយសាសនាផ្ដែផ្ដាំថាមិនសាបសូន្យ។

៤មិថុនា២០១១
និពន្ធដោយ
ថាច់តៀង.