កំណាព្យ៖ កោះពេជ្រស្ពានមរណៈ

ក្នុងឪកាសគម្រប់ខួប ៧ ថ្ងៃនៃព្រឹត្តិការណ៍ ២២ វិច្ឆិកា សូមឧទ្ទិសកំណាព្យនេះដល់ជន រងគ្រោះទាំងឡាយ ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុដ៏អាក្រក់មួយនេះ និងសូមបួង សួងឲ្យវិញ្ញាណក្ខ័ន្ធ អ្នកទាំងឡាយឆាប់ បានទៅចាប់បដិសន្ធិក្នុងប្រទេស ដែល សមគួរ។

ចុចស្តាប់ជាសំឡេង

Texte alternatif


កោះពេជ្រម្តេចអ្នកមិនចេញស្តី                            តើខឹងរឿងអ្វីទើបបញ្ជា
ឲ្យស្ពានប្រល័យក្ស័យជន្មា                                   ជីវិតប្រជាជាតិខេមរា។
ស្ពានពេជ្រអ្នកគ្មានវិញ្ញាណទេ                             តែកាចខុសគេហ៊ានប្រហារ
ត្របាក់ជីវិតឥតមេត្តា                                              កាត់ផ្តាច់សង្ខារទាំងត្រដរ។
ស្ពានពេជ្រឈ្មោះអ្នកសែនពិរោះ                        តែចិត្តទុរយសជាឃាតក
សម្លាប់ជាតិខ្មែរយ៉ាងអមនុស្សធម៌                      លែងយល់ខ្មៅសល្អអាក្រក់។
ស្ពានពេជ្រតើអ្នកត្រួវការអ្វី                                   បានហ៊ានប្រល័យទាំងដង្ហក់

ផ្តាច់ផ្តិលជីវិតប្តូរយកប្រាក់                                   ឬក៏ខ្លួនអ្នកធ្វើតាមគេ។

ស្ពានពេជ្រអ្នកឃោរឃៅខ្លាំងណាស់               ឲ្យមនុស្សក្មេងចាស់ទុក្ខឥតល្ហែ
ស្រក់ទឹកនេត្រាទុក្ខរឹតទ្វេ                                     ទុក្ខព្រាត់កូនម៉ែឪពុកថ្លៃ។
ស្ពានពេជ្រអ្នកដឹងរឿងរ៉ាវពិត                            បើអ្នកមិនគិតជួយបកស្រាយ
ប្រាប់ឈ្មោះឃាតកខ្មែរប្រុសស្រី                      យើងហៅឈ្មោះថ្មី”ស្ពានមរណៈ”៕
ថ្ងៃទី២៩ ខែវិច្ឆិកា ព.ស.២៥៥៤
ដោយ ថាច់ ប្រីជា គឿន.