កំណាព្យៈ កោះត្រល់

វាលចំណតយន្តហោះ លើកោះត្រល់ មានឈ្មោះថា Phú Quốc International Airport (PQIA)៖ បច្ចុប្បន្ននេះ បើសិនយើង ចង់ធ្វើដំណើរតាមយន្តហោះ ទាល់តែប្រើឈ្មោះនេះ ទើបអាចទិញសំបុត្រ ជិះទៅដល់កោះត្រល់។ បើប្រាប់ អ្នកលក់សំបុត្រ យន្តហោះអន្តរជាតិ ថាជាឈ្មោះ កោះត្រល់ គេរកមិនឃើញ ក្នុងបណ្តាញទេ។

កោះត្រល់ខ្វល់ចិត្តគិតមមៃ                            ទ្រព្យមានតម្លៃនៃខេមរា
ថ្ងៃនេះធ្លាក់ដៃអ្នកផ្សេងរ៉ា                               អោយជាតិខេមរាខកទឹកចិត្ត។

កោះត្រល់ខ្វល់ខ្វាយស្តាយទឹកដី                  ទឹកជ្រោះព្រឹកព្រៃសែនប្រសិទ្ធិ
ប្រភពចិញ្ចឹមខ្យងមានឬទ្ធិ                              ផ្តល់គជប្រណីតមានតម្លៃ។

កោះត្រល់សល់នៅត្រឹមតែឈ្មោះ                តែបាត់កិត្តិយសធ្លាប់ល្បាញល្បី
នៅក្នុងផែនទីឈ្មោះទឹកដី                              បែរមានឈ្មោះថ្មីលែងជាខ្មែរ។

កោះត្រល់សល់អីអោយកូនចៅ                    បានស្គាល់សំណៅកេរពុកម៉ែ
សូម្បីតែឈ្មោះក៏លែងឋេរ                              កោះខ្មែរកោះកេរសង្ឃឹមអ្វី??

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍