ដោយយោងទៅលើកាលប្បវត្តិដែលប្រទេសចិនបាននិមន្តព្រះសង្ឃខ្មែរព្រះនាម សង្ឃបាល និង មន្ត្រសេន ទៅប្រទេសចិន ដើម្បីបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាសំស្ក្រឹតទៅជាភាសាចិននេះ ចាត់ទុក ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ បង្ហាញពីចំណេះដឹងនិងសមត្ថភាពរបស់ព្រះសង្ឃខ្មែរនាសម័យ នោះ និងពីមោទនភាពដ៏ធំធេងរបស់ខ្មែរ ដែលសូម្បីមហាអំណាចចិនក៏ត្រូវការពឹងពាក់ខ្មែរដែរ ខុស ឆ្ងាយពីកាលសម័យបច្ចុប្បន្ននេះ ដែលខ្មែរយើងហាក់ដូចជាមិនគ្រាន់តែបាត់បង់ទឹកដីមកនៅរួញតូច តែប៉ុណ្ណោះទេ យើងថែមទាំងកំពុងបាត់បង់នូវមោទនភាពខ្មែររបស់ខ្លួនទៀតផង ដោយយើងកំពុងតែ និយមនាំចូលនូវទំនិញអ្វីៗពីបរទេស តាំងពីផលិតផលហូបចុក បន្លែផ្លែឈើ និងគ្រឿងប្រដាប់ប្រើប្រាស់ សព្វបែបយ៉ាង ហើយប្រជាពលរដ្ឋខ្មែរគ្មានការងារធ្វើ បែរជារត់ទៅជ្រកមមកស៊ីឈ្នួលជួលព័ទ្ធដោយ ខុសច្បាប់នៅប្រទេសជិតខាងទៅវិញ។ ដូច្នេះការលើកយកព្រឹត្តិការណ៍នេះមកជម្រាប គ្រាន់តែជាការ ពញ្ញាក់ស្មារតីខ្មែរ តាំងពីថ្នាក់ដឹកនាំដល់ប្រជាពលរដ្ឋទួទៅ ដែលអាចឆ្លើយនឹងសំណួរថាៈ
-តើខ្មែរយើងជាអ្នកណា ? -មកពីណា ?-កំពុងតែនៅទីណា ?-កំពុងតែធ្វើដំណើរទៅណា?
វិលត្រឡប់ទៅមោទនភាពខ្មែរគ្រាអតីតកាល យើងសូមលើកយកឯកសារមួយដែលទាក់ទង ដល់ព្រឹត្តិការណ៍ក្នុងសម័យកាលនោះ ដែលបោះពុម្ពផ្សាយដោយ អង្គការ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ឈ្មោះ គម្ពីរវិមុត្តិមគ្គ THE PATH TO FREDOM ដោយព្រះ អរហន្ត ឧបតិស្សៈ បកប្រែមកពីភាសា ឥណ្ឌា(សំស្ក្រឹត?)មកជាភាសាចិនដោយព្រះតិបិដក សង្ឃវរ័្មន នៃអាណាចក្រហ៊្វូណន បកប្រែពីភាសា ចិនមកជាភាសាអង់គ្លេដោយព្រះថេរៈ R.M Ehara, Soma Thera ព្រមទាំងព្រះថេរៈ Kheminda Thera រៀបរៀងនិងបកប្រែមកជាភាសាខ្មែរដោយ ធម្មបណ្ឌិត ហេង មណីចិន្តា នៅខេត្តបាត់ដំបង គ.ស.២០១០ ព.ស. ២៥៥៤ ដែលលោកធម្មបណ្ឌិតបានចាររជាប្រវត្តិសង្ខេបដូចតទៅនេះ៖
វិមុត្តិមគ្គ ឬ វិមោក្សមាគ៌ ឬវិធីឆ្ពោះទៅរកការរួចផុត គឺជាគម្ពីរពុទ្ធសាសនាដ៏មានចំណាស់មួយ និពន្ធឡើងក្នុងរង្វង់ក្រោយការបរិនិព្វានទៅរបស់ព្រះសម្មាសម្ពុទ្ធ ប្រហែលជាជិត៣០០ឆ្នាំ ដោយព្រះ អរហន្តព្រះនាម ឧបតិស្សៈ។ ច្បាប់ដើមរបស់គម្ពីរនេះ អាចជាភាសាបាលីឬជាភាសាសំស្ក្រឹត បានបាត់ បង់ទៅហើយ នៅសល់តែច្បាប់ភាសាចិន ដែលបានបកប្រែក្នុងកំឡុងឆ្នាំគ.ស.៥០៥ នារជ្ជកាលព្រះ អធិរាជព្រះនាម វូ (BU) ដោយមានឈ្មោះជាភាសាចិនថាគម្ពីរ ជៀធួតៅលុន (Jie tuo dao lun)។ គម្ពីរ នេះត្រូវបានអ្នកប្រាជ្ញសន្និដ្ឋានថា មានចំណាស់ជាងគម្ពីរ វិសុទ្ធិមគ្គ ដែលមានឈ្មោះល្បីល្បាញក្នុង អក្សរសិល្ប៍ពុទ្ធសាសនាថេរវាទ នារង្វង់ឆ្នាំ៤៣០នៃ.គ.ស។ គម្ពីរទាំងពីរនេះមានលក្ខណៈស្រដៀងគ្នា ណាស់ បើសិនជាចង់ជ្រាបច្បាស់ ក៏អាចរកអានបានក្នុងសៀវភៅដែលមានឈ្មោះថា Vimuttimagga and Visuttimagga: A comparative Study ដែលនិពន្ធដោយលោកសាស្ត្រាចារ្យបណ្ឌិត P.V. Bapat ដោយលោកបានធ្វើការប្រៀបធៀបតាំងពីដើមដល់ចប់យ៉ាងក្បោះក្បាយ។ គេហទំព័រអ៊ិនធឺណិតរបស់ សៀវភៅនេះ គឺ (www.dhammaweb.net/dhammabook/author.php?author=Ba-Cached)។
គម្ពីរ វិមុត្តិមគ្គ មានទាំងអស់១២បរិច្ឆេទ បើគិតជាកណ្ឌនៅក្នុងភាសាចិនវិញ មានទាំងអស់១២ កណ្ឌ។ ច្បាប់ភាសាចិនសព្វថ្ងៃនេះ ជាច្បាប់ដែលប្រែមកពីភាសាបាលីនិងសំស្ក្រឹត ដោយព្រះថេរៈមួយ ព្រះអង្គដែលនិមន្តទៅពីប្រទេសហ្វ៊ូណន ឬប្រទេសនគរភ្នំ នាសម័យបុរាណនេះឯង។ ព្រះថេរៈហ៊្វូណន អង្គនេះ មានព្រះនាមតាមសំនៀងភាសាចិនថា សេងជីប៉ូឡូ Sengjiapoluo។ ពាក្យនេះអាចប្រែជា សង្ឃបាល ក៏បាន សង្ឃវរ្ម័ន ក៏បាន ព្រោះពាក្យ puluoក្នុងភាសាចិន អាចប្រែថា បាលៈវរៈ(វរ្ម័ន) ពតៈ ឬ ភរៈក៏បានដែរ។តាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញ គម្ពីរវិមុត្តិមគ្គនេះបកប្រែនៅក្នុងគ.ស.៥០៥ (នៅក្នុង អត្ថបទរបស់ព្រះវិរិយបណ្ឌិតោ និងសៀវភៅខ្លះទៀតថានៅក្នុងឆ្នាំ៥០៦)។ តាមប្រវត្តិទូទៅ លោកនិមន្ត មកស្រុកចិន នៅសម័យរាជវង្សលាងខាងត្បូង។ ខាងក្រោមនេះ គឺជាប្រវត្តិរបស់ព្រះ សង្ឃវរ័្មន នៃនគរ ហ៊្វូណន ប្រែចេញពី Kosoden, Biography of famous Cleries, in vol 50 N0 2059, Taisho edition of the Chinese Tripitaka: ដែលមានសេចក្តីដូចតទៅ៖
“ ក្នុងដើមរជ្ជសម័យនៃរាជវង្ស រីយ៉ូ (Riyo) មានព្រះសង្ឃមួយព្រះអង្គព្រះនាម សង្ឃវរ័្មន ដែល ជាបញ្ញវ័ន្តបរទេស។ លោកមានចរិយាវត្តដ៏ឧត្តមណាស់ និងមានលក្ខណៈគួរឲ្យគយគន់។ លោកជាអ្នក ពូកែជជែកដ៏មានជំនាញ។ ពេលដែលចូលមកដល់រាជធានីនេះ ព្រះអង្គស្នាក់នៅវត្ត ហ្សូក្វាន់ជិ (Shokwanji=mahavidarsanaram=មហាវិទរ្សនារាម)។ព្រះចៅះធិរាជព្រះនាម វូ(Bu)ទ្រង់លើកតម្កើង និងគោរពព្រះថេរៈណាស់ និងគោរពប្រណិបត្តិលោកដោយការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ព្រះថេរៈ ត្រូវបានព្រះចៅអធិរាជសុំនិមន្តឲ្យប្រែគម្ពីពុទ្ធសាសនាជាច្រើននៅក្នុងវត្ត ជូគូដេន(Jukuden=Ayus- psbhavihara=អាយុប្រភាវិហារៈ) វត្ត សេនអ៊ុនក្វាង (Sen-un-kwan)… មេឃវិហារ។ ព្រះថេរៈបាន ប្រែព្រះសូត្រដែលមានឈ្មោះថា មហាអសោកសូត្រ វិមោក្សមាគ៌សូត្រ និងគម្ពីរជាច្រើនទៀត។ មានព្រះ សង្ឃព្រះនាម ហូសូ (Hoso) ព្រះនាម អិនដុនអ៊ុ(En-don-u) និងជាច្រើនអង្គទៀត ជាអ្នកជួយកិច្ចការ។
…វិទ្យុសំឡេងកម្ពុជាក្រោមសូមសង្ខេបនូវអារម្ភកថារបស់លោកបណ្ឌិត ហេងមុណីចិន្តា ដែលមាន សេចក្តីខាងចុង យ៉ាងដូច្នេះ៖
…សម្រាប់នាពេលនេះ គឺជាការរីករាយរបស់ខ្ញុំក្នុងឋានៈជាកូនខ្មែរបានសម្រេចនូវគោលបំណង របស់ខ្លួន គឺការដែលបានប្រែគម្ពីរ វិមុត្តិមគ្គ ដែលជាស្នាព្រះហស្ថប្រែរបស់ព្រះសង្ឃវរ័្មនថេរៈនៃនគរ ហ៊្វូណន កាលពី១៥០៥ឆ្នាំមុន ត្រឡប់មកជាភាសាខ្មែរវិញហើយ !!!
សូមឲ្យគម្ពីរវិមុត្តិមគ្គដែលខ្ញុំបានបកប្រែនេះ បានជាមគ្គុទេសក៍ដល់ពុទ្ធបរិស័ទទាំងឡាយ ដែល មានការតាំងចិត្តចង់រួចចាកផុតពីសេចក្តីទុក្ខទាំងពួង និងសូមឲ្យកម្ពុជរដ្ឋនិងពិភពលោកទាំងមូល បាន ទទួលនូវសេចក្តីសុខសន្តិភាព និងការរីកចម្រើន ដោយការបដិបត្តិតាមមជ្ឃមាបដិបទាដែលមានអង្គ៨ របស់ព្រះពុទ្ធបរមគ្រូតទៅ កុំបីឃ្លាងឃ្លាតឡើយ។
(សូមជម្រាបថា គម្ពីរវិមុតិ្តមគ្គ (THE PATH TO FREEDOM)មានលក់នៅបណ្ណាល័យ នៃ វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត និងនៅតាមហាងលក់សៀវភៅនានា នៃប្រទេសកម្ពុជា និងនៅផ្សារ បាយ័ន ទីក្រុងឡងប៊ីច្ស រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក។ លោកអ្នកក៏អាចស្រាវជ្រាវបន្ថែមតាម គេហទំព័រដែលបានចុះខាងលើស្រាប់)។
នៅការផ្សាយលើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងវិលត្រឡប់មកផ្សាយ នូវវគ្គទី១១ នៃ ប្រវត្តិសាស្ត្រកម្ពុជា ជាបន្តទៀត។