ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

លោក ត្រឹម គៃ ហ្វា ជាប្រធានគណៈកម្មការ ប្រតិបត្តិធនាគារ Sacombank និងជាប្រធានគណៈ កម្មការ ប្រតិបត្តិក្រុមហ៊ុនមូលធនបត្រភឿងណាម (Công ty chứng khoán Phương Nam) ប៉ុន្តែលោក ត្រឹម គៃ ហ្វា ត្រូវបានគេស្គាល់ ជាសាធារណៈក្នុងឋានៈជាកូនប្រុសរបស់ លោក ត្រឹម បេ ច្រើនជាងស្គាល់តួនាទីរបស់លោក នៅក្នុង ក្រុមហ៊ុន ។
ប្រភពព័ត៌មាន BBC បានរាយការណ៍ថា លោក ហ្វា កូនប្រុសរបស់ លោក ត្រឹម បេ បានទិញ ទំនិញភាគ ហ៊ុនចំនួន ៥៤០.០០០ កាលពីខែមិថុនា និងដើមខែកញ្ញា នេះ ឆ្លងកាត់តាមរយៈ ក្រុម ហ៊ុន មូលធនប័ត្រ ភឿងណាម (PNS) ហើយបានលក់ចេញទំនិញភាគហ៊ុនចំនួនពីរលាន ។
ការផ្ដោះប្ដូរទំនិញទាំងពីរនេះ ត្រូវបានព័ត៌មានរាយការណ៍ថា “មិនបានរាយការណ៍ និងចុះបញ្ជីស្របតាមច្បាប់ ដែលបានកំណត់”។ លោក ហ្វា ត្រូវបានបោះឆ្នោតឲ្យចូលជាគណៈកម្មការប្រតិបត្តិធនាគារ Sacombank កាលពីខែ ឧសភា ឆ្នាំ ២០១២ នេះ គឺមុនពេលលោកទិញភាគហ៊ុនពីធនាគារ Sacombank នេះមួយខែ ។
គេហទំព័រព័ត៌មាន Saigonnews.vn បានស្រង់ប្រភពពីគណៈកម្មការមូលធនបត្ររដ្ឋាភិបាល ថា លោក ហ្វា បានចុះបញ្ជីទិញទំនិញភាគហ៊ុនចំនួន ៧០០.០០០ ប៉ុន្តែមិនបានទិញគ្រប់តាម ចំនួនដែលបាន ចុះ ក្នុងបញ្ជីទេ ព្រោះ “តម្លៃទំនិញមិនបានឆ្លើយតបតាមវត្ថុបំណង” ។
ករណីទិញនិងលក់ខុសច្បាប់នេះ បានបណ្ដាលឲ្យលោក ត្រឹម គៃ ហ្វា និងក្រុមហ៊ុនមូល ធនបត្រ ផឿង ណាម (PNS) របស់លោក ត្រូវបានពិន័យភាគីនីមួយៗចំនួនទឹកប្រាក់ ៤០ លានដុង ។
ស្ថានការណ៍រសើប៖

បញ្ហាដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីពលរដ្ឋវៀតណាមនោះ គឺដំណឹងអំពីការលក់ដូរភាគហ៊ុន នៃក្រុម ហ៊ុនមូលធនបត្រនៃធនាគារ Sacombank បានធ្លាយចេញមួយថ្ងៃក្រោយពី ករណីមន្ត្រីជាន់ ខ្ពស់ ៣ នាក់ នៃធនគារអាស៊ី (ACB) បានលាលែងចេញពីតំណែងជាបន្តបន្ទាប់ ។
កាលពីខែសីហា កន្លងទៅនេះ លោក ង្វៀង ឌឹក កៀង ហៅ បៅ កៀង និង លោក លី ស្វឹង ហាយ (Lý Xuân Hải) មេដឹកនាំជើងចាស់ទាំងពីររូបនៃធនាគារ ACB នេះ ត្រូវបានចាប់ខ្លួនដើម្បី ស៊ើបអង្កេតលើបទបំពានច្បាប់ ពាណិជ្ជកម្ម ។ ក្រោយមក លោក កៀង ត្រូវបានអាជ្ញាធរចោទ ប្រកាន់ពី បទល្មើសមួយទៀត គឺ “ប្រព្រឹត្ត អំពើឆបោក និង រឹបយកទ្រព្យសម្បត្តិអ្នកដទៃ” ។
តើលោក ត្រឹម បេ ជានរណា?
គេហទំព័រវេទិកាពាណិជ្ជកម្ម (Diễn Đàn Doanh Nghiệp ) វៀតណាមបានរាយការណ៍ថា លោក ត្រឹម បេ (Trầm Bê) កើតឆ្នាំ ១៩៥៩ ដែលមានអត្តសញ្ញាណបណ្ណលេខ 020620491 ជាជនជាតិចិន (Dân tộc: Hoa) សញ្ជាតិវៀតណាម (Quốc tịch: Việt Nam) កើតនៅខេត្តព្រះត្រពាំង ឬ ខេត្តត្រាវិញ ។ ទោះបី លោក ត្រឹម បេបានដាក់នៅក្នុង អត្ដសញ្ញាណបណ្ណសញ្ជាតិវៀតណាមថា ជាជនជាតិចិនក៏ដោយ តែ ពលរដ្ឋខ្មែរក្រោម ទូទៅបានស្គាល់លោកថាជា ជនជាតិខ្មែរ តាមរយៈការសាងសង់ វត្តអារាម នានា នៅក្នុង ខេត្តព្រះត្រពាំង ។
កសាងវត្តដើម្បីយកមន្ត្រីសង្ឃធ្វើខ្នងបង្អែក ?
រយៈពេលចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់ លោក ត្រឹម បេ បានល្បីនៅក្នុង សហគមន៍ពល រដ្ឋខ្មែរក្រោមនៅ ដែនដីកម្ពុជាក្រោម តាមរយៈការកសាងព្រះវិហារវត្តមួយចំនួននៅស្រុកថ្កូវ ដូចជា វត្តបង្រៃចាស់ ជាវត្តនៅស្រុក កំណើតរបស់គាត់, វត្តដីក្រហម ជាវត្តព្រះតេជព្រះគុណ ត្រឹង យន់ អតីតៈមេគណខេត្តព្រះត្រពាំង, វត្តផ្នោដូង ជាវត្តដែលមានព្រះឧបជ្ឈាយ៍ចាស់ទុំដ៏មានឥទ្ធិពល និង បច្ចុប្បន្ន កំពុងកសាងព្រះវិហារវត្ត តាដេវ ឋិតនៅក្នុងស្រុកកំពង់ស្ពាន ដែលជាវត្តរបស់ព្រះតេជ ព្រះគុណ ថាច់ អង ព្រះមេគណខេត្ត ព្រះត្រពាំង បច្ចុប្បន្ន ។
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាច្រើនបានសម្តែង ការមិនពេញចិត្តចំពោះការធ្វើបុណ្យកសាង វត្តអារាម ផ្ដាច់មុខរបស់គាត់នៅកម្ពុជាក្រោម ដោយពួកគេចាត់ទុកថា លោក ត្រឹម បេ ធ្វើបុណ្យ ដើម្បីយក ព្រះសង្ឃដែលមានឋានៈធំៗធ្វើ ជាបង្អែកតែប៉ុណ្ណោះ ព្រោះ លោក ត្រឹម បេ មិនបាន កសាងវត្តអារាមណា ដែលក្រីក្រគ្មានព្រះ វិហារឡើយ ឃើញតែកសាងព្រះវិហារវត្ត ណាដែលមាន ព្រះសង្ឃមាន ឋានៈខ្ពស់ៗ ដូចជាព្រះមេគណ ជាដើម ។
ព្រះសង្ឃខ្មែរក្រោមនៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានរិះគន់ ព្រះតេជព្រះគុណ ថាច់ អង ព្រះចៅ អធិការវត្តតាដេវ និងជាព្រះមេគណខេត្តព្រះត្រពាំង ថា ជាព្រះសង្ឃឋិតនៅក្រោម អំណាច ទឹកលុយ ព្រោះ ព្រះអង្គបានឲ្យ លោក ត្រឹម បេ កសាងព្រះវិហារថែមមួយទៀតនៅក្នុងវត្ត ខណៈ ដែល ព្រះវិហារចាស់ ដែលជាកេរមរតករបស់ពុទ្ធបរិស័ទនៅចំណុះជើងវត្ត ទើបតែបានបញ្ចុះ ខណ្ឌ សីមា កាលពីឆ្នាំ ១៩៩៧ កន្លង ទៅថ្មីៗនេះ ។
ព្រះសង្ឃអង្គនេះបានមានថេរដីកាថា៖ “…(សំឡេង) …” ។
ចំណែកនៅវត្តផ្នោដូង ស្រុកថ្កូវ វិញ ព្រះសង្ឃបានរិះគន់ លោក ត្រឹម បេ ថាបានឲ្យគ្រឿងចក្រម កគោះ និងរុះរើព្រះវិហារបុរាណវត្តមួយនេះ ហើយបានយកដីក្នុងខឿន ព្រះវិហារចាស់ទៅចាក់ធ្វើ ផ្នូរខ្មោច ឪពុកម្ដាយរបស់គាត់ តាមអ្វីមួយដែលគ្រួសារមួយនេះហៅថា « ដើម្បីភាពត្រ ជាក់ ត្រជុំ » ដល់គ្រួសាររបស់ ខ្លួន ។ ព្រះសង្ឃមានការអាក់អន់ចិត្តនឹង លោក ត្រឹម បេ និង គណៈ កម្ម ការ វត្តផ្នោដូងយ៉ាងខ្លាំង ដោយលើក ឡើងថា ព្រះវិហារចាស់នោះ មិនសមនឹងត្រូវ បាន លោក ត្រឹម បេ គោះចោលឡើយ ព្រោះព្រះវិហារចាស់ នោះបានសាងសង់ឡើងដោយឈើ និងនៅរឹង មាំ នៅឡើយ ៕