កាលពីថ្ងៃសៅរ៍ទី១០ និងថ្ងៃអាទិត្យទី១១ កន្លងទៅនេះនៅវត្តមូនីសូតារាមរដ្ឋមូនីសូតា សហរដ្ឋអាមេរិក មានរៀបចំកម្មពិធីបុណ្យសង្ឃទាន ក៏ដូចជាពិធីទទួលស្វាគមន៍ អតីតអ្នកទោសគ្មានកំហុសខ្មែរក្រោមបីអង្គ គឺព្រះតេជគុណទឹម សាខន អតីតចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគីរិវង្ស ខេត្តតាកែវនិងអតីតសមណនិស្សិត សាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំងកម្ពុជាក្រោមពីរអង្គ គឺព្រះតេជគុណយ៉ាញ់ តូន ហើយនិងព្រះតេជគុណគីមមឿន ដែលបានរៀបចំឡើងដោយ លោកបណ្ឌិតថាច់ ឆេង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋមូនីសូតា និងលោកជាតិ ហង្សា ក្រុមប្រឹក្សាភិបាលវត្តមូនីសូតារាមរួមជាមួយ នឹងគណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងគណៈកម្មការវត្តមូនីសូតារាម។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
កម្មវិធីបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១០ និងថ្ងៃអាទិត្យទី១១ ខែកក្កា ឆ្នាំ ២០១០ វេលាម៉ោង១០ព្រឹក ស្ថិតក្រោមអធិបតីភាពរបស់ព្រះតេជព្រះគុណ ធីធី ធម្មោ អគ្គលេខាធិកាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយក្នុងនោះឃើញមានព្រះសង្ឃចំនួន៨អង្គ និងភ្ញៀវកិត្តិ យសទាំងអស់ប្រមាណ ជាជាង២រយនាក់ បានអញ្ជើញមកចូលរួម ដែលជាកត្តា មួយជួយជុម្រុញឱ្យកម្មវិធីនោះ កាន់តែមានភាពអធិកអធមហួសពីការស្មាន។ នៅក្នុងកម្មវិធីដ៏ថ្លៃវិសេសនោះយើងបានសង្កេត ឃើញមានវត្តមានវាគ្មិនទាំងអស់ ចំនួន៥អង្គនិងរូបរួមមាន៖
១-លោកបណ្ឌិតថាច់ ឆេង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋមូនីសូតា ឡើងស្វាគមន៏ភ្ញៀវ។
២-លោកយស សារុណ អនុប្រធានសភាព្រឹទ្ធាចារ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ពីរដ្ឋ ណតកូឡូឡាញណា តំណាងឱ្យប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ឡើងថ្លែងអំណរគុណភ្ញៀវ។
៣-លោកជាតិហង្សា ក្រុមប្រឹក្សាភិបាលវត្តមូនីសូតារាម ឧទ្ទេសនាមគណៈប្រតិភូ សហព័ន្ធខ្មែរកម្ពុជាក្រោម ហើយ និងវត្តមានសាក្សីរស់ទាំងបីព្រះអង្គ។
៤- ព្រះតេជគុណ ធីធី ធម្មោ អគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម រាយការណ៍ជុំវិញ សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការទាមទារសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង និងបុព្វហេតុដែលបណ្តាលឱ្យមានការនិមន្តអតីតអ្នកទោសគ្មានកំហុស ទាំងបីអង្គមកកាន់វត្តមូនីសូតារាមនាពេលនេះ។
៥- ព្រះចៅអធិការវត្តមូនីសូតារាម មឹង សាង តំណាងឱ្យព្រះសង្ឃវត្តមូនីសូតារាមគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទចំណុះជើងវត្តគ្រប់ៗរូប ក្នុងចំណាប់អារម្មណ៍មោទនភាពចំពោះចលនា សហព័ន្ធខ្មែរកម្ពុជាក្រោមលើឆាកអន្តរជាតិ ព្រមទាំងសម្តែងសង្ឃដីការចូលរួមការឈឺចាប់ ជាមួយ នឹងសាក្សីរស់ទាំងអង្គនេះ។ ចំពោះព្រឹត្តិការណ៍ឆ្នាំ ២០០៧ដែលបានបំភ្លឺ ដោយសាក្សីរស់ទាំងបីព្រះអង្គនាពេលនោះ ប្រៀបដូចជាមុខអាវុធដ៏មុតស្រួច ចាក់ំលុះ ចំបេះដូងខ្មែរ-ខ្មែរក្រោម អ្នកស្តាប់គ្រប់អង្គ និងរូបទទួលអារម្មណ៍ឈឺចាប់ក្តុកក្តួល ហើយស្អប់ខ្ពើបជាទីបំផុតចំពោះទង្វើដ៏សែនឃោរឃៅ ព្រៃផ្សៃអមនុស្សធម៌របស់បន ឧក្រឹដ្ឋកុម្មុយនិស្តយួន ហើយនឹងក្រុមមន្រ្តីសង្ឃខ្មែរអាយងយួន ដែលក្នុងនោះមាន ឡុង គីមលាងជាមេក្លោង ដែលបច្ចុប្បន្នកំពុងសម្ងំនៅវត្តខ្មែរសាន់ហូហ្សេរដ្ឋកាលីហ្វ័រញ៉ា។ លោកបណ្ឌិត ថាច់ ឆេង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋមូនីសូតា និងជាម្ចាស់កម្មវិធីបានថ្លែងប្រាប់វិទ្យុសម្លេងកម្ពុជាក្រោម កាលពីល្ងាចម្សិលមិញនេះថា ‹‹ខ្ញុំបាទមានមោទនភាពយ៉ាងក្រៃលែងចំពោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានខិតខំ ប្រឹងប្រែងខ្នះខ្នែងប្តឹងទាមទារឱ្យអាជ្ញាធរយួនដោះ លែងអតីតអ្នកទោសគ្មានកំហុសទាំង៣ ព្រះអង្គបានយ៉ាងជោគជ័យ ហើយជាមួយគ្នានោះ លោកក៏បានថ្លែងបន្ថែមថា៖ វត្តមានរបស់សាក្សីរស់ទាំងបីអង្គនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ខ្មែរក្រោម។
ទី១- គឺអាចធ្វើឱ្យខ្មែរគ្រប់រូប បានស្គាល់ខ្មែរក្រោមថាជាខ្មែរ។
ទី២- អាចធ្វើឱ្យខ្មែរគ្រប់មជ្ឈដ្ឋាន កាន់តែជ្រាប់ច្បាស់ពី ទំហំមហិច្ចតាមេ ដឹកនាំយួនធំប៉ុណ្ណា? យួនសម្លាប់ខ្មែរក្នុងបំណងអ្វី?
ទី៣-គឺអាចធ្វើឱ្យខ្មែរគ្រប់រូបបានស្គាល់ពីតម្លៃ នៃការទាមទារសិទ្ធិ ស្វ័យសម្រេចវាសនា ខ្លួនដោយខ្លួនឯងជូនខ្មែរក្រោម របស់សឹងហព័ន្ធខ្មែរកម្ពុជា ក្រោមមានសន្ទុះក្លាំងក្លាប៉ុណ្ណា។ កម្មវិធីបានបញ្ចប់ទៅនៅវេលាម៉ោង៣រសៀល ក្រោមកិច្ចស្វាគម ដ៏កក់ក្តៅរបស់គណៈកម្មការ រៀបចំកម្មវិធី។