កិច្ចប្រជុំថ្ងៃទីមួយ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រុងសាន់ហូស្សេ

ដោយ VOKK៖ អង្គប្រជុំប្រចាំឆ្នាំ ២០១១ របស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម ដែលប្រព្រឹត្តិទៅ នៅទីក្រុង សាន់ ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើងនោះ បានចាប់ផ្តើមប្រជុំនៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃសុក្រទី ៣០ ខែធ្នូ ឆ្នាំ២០១១ម្សិលមិញ ដែលមាន លោក យស សារុណ និងអ្នកស្រីវិនីតា គីលីន ជាអ្នកបំរើកម្មវិធី។ កិច្ចប្រជុំថ្ងៃនេះ គណៈកម្មការរបាន សម្រេចជ្រើសរើសភិក្ខុថាច់ ហាន់ និងភិក្ខុយាញ់ តូនទទួលនាទីជាលេខាធិការ ហើយ និងលោក តោ គឹមថុង ជាអធិបតីនៃអង្គប្រជុំ។ កិច្ចប្រជុំបានចាប់ផ្តើម ក្រោមស្នូរភ្លេងគោរពទង់ជាតិ ស្តាប់ទៅគួរឲ្យរំភើប យ៉ាងក្រៃលែង។ បន្ទាប់ពីពិធីគោរពភ្លេងជាតិ អង្គប្រជុំ ទាំងមូលត្រូវនៅឈរស្មឹងស្មាត បន្ត១វិនាទីថែមទៀត ដើម្បីប្រារព្ធពិធីគោរពដឹងគុណចំពោះ វិញាណខន្តព្រះវីរសមណ និងវីរបុរសខ្មែរក្រោមគ្រប់ជំនាន់ ដែលបាន ពលីព្រះជន្ម និង ជីវិតដោយសារបុព្វហេតុជាតិ។ បន្ទាប់មកពិធីសាសនកិច្ចក៏បានចាប់ផ្តើមឡើង ក្រោមកិច្ច នាំមុខរបស់លោកអាចារ្យ ឡឹម ខាយ ដែលក្នុងនោះមានព្រះសង្ឃចំនួន ៦ អង្គនិមន្តចូលរួម។ បន្ទាប់ពីពិធី សាសនកិច្ច ពិធីស្វាគមន៍ភ្ញៀវក៏បានចាប់ ផ្តើមដោយលោក លី ឃោន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង។

កម្មវិធីជាបន្ទាប់តទៅទៀត លោក ថាច់តង ប្រធានតំបន់ប្រចាំភូមិភាគខាងលិច និងជាប្រធានវត្តខេមររង្សី នៃទីក្រុងសាន់ហូស្សេនេះផងដែរ បានឡើងឧទ្ទេសនាម គណៈប្រតិភូរសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រប់ស្ថាប័ណ្ណ គ្រប់រដ្ឋ និងប្រទេស ដែលមានវត្តមាន នៅក្នុងអង្គប្រជុំនាថ្ងៃនេះ។

សូមជំរាបថា វាគ្មិនដែលនិងឡើង ថ្លែងការក្នុងថ្ងៃនេះមានចំនួន ៤ រូប ទី ១ គឺលោក ថាច់ ង៉ុកថាច់ ប្រធាន ប្រតិបតិ្តសហព័ន្ធខ្មែរ កម្ពុជាក្រោម និងឡើងធ្វើរបាយការណ៍ទូទៅស្តីពីសកម្មភាពឆ្នាំ២០១១ ដោយមានទាំង ការបញ្ចាំងរូបភាពរយៈពេល៣០នាទីផង។

វាគ្មិនទី២ គឺលោកតោ  គឹមថុង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម និងឡើងថ្លែងពី ឬស្សគល់ប្រវត្តិសាស្រ្តខ្មែរ តាំងពីមុនសម័យបុរេប្រវត្តិសាស្រ្ត រហូតមកទល់បច្ចុប្បន្នភាព ដោយមានការបញ្ចាំងរូបភាពផែនទីខ្មែរគ្រប់ សម័យកាលទៀតផង។ នៅក្នុងសេចក្តីថ្លែងការដដែលនោះ លោកបានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗ ជាច្រើនចំណុច ជូនអង្គ ប្រជុំ​ដែលមានសម្លេងដើមទាំងស្រុងដូចតទៅ។

វាគ្មិនទី៣ គឺលោកបណ្ឌិតJoshua cooper ជាទីប្រឹក្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានឯកទេស ផ្នែកខាងច្បាប់ទម្លាប់ បានឡើងថ្លែងអំពីបញ្ហាទំនាក់ទំនងផ្លូវច្បាប់ ដែលមានទាក់ទិនជាមួយ និងសហព័ន្ធ ខ្មែរកម្ពុជាក្រោម ក្នុងការប្តឹងទាមទារសិទ្ធិសម្រេច វាសនាស្លួនដោយខ្លួនឯង។ ទាក់ទិនជុំវិញរឿងច្បាប់ទម្លាប់នេះ​ លោកបានបើកឲ្យមានសំ នួរ ហើយលោកក៏បានឆ្លើយបំភ្លឺជូនម្ចាស់សំនួរវិញយ៉ាងក្បោះក្បាយ។

វាគ្មិនទី៤ គឺលោកត្រឹងម៉ាន់រីន នាយកផែនការណ៍ ថ្លែងអំពីសកម្មភាពរបស់យួនកុម្មុយនីស្ត នៅក្នុងប្រទេស យួន។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង៦ល្ងាច ប្រកបដោយភាពស្និតស្នាល ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទី បំផុត ពីសំណាក់ម្ចាស់ទីកន្លែង។ ចំណែកឯកិច្ចប្រជុំក្នុងថ្ងៃ សៅរ៍នេះវិញ យើងខ្ញុំ និងរាយការផ្សាយជូន នៅថ្ងៃស្អែកនេះ សូមព្រះតេជព្រះគុណ រង់ ចាស្តាប់លិធ្ធិផលនៃកិច្ចប្រជុំក្នុងថ្ងៃនេះ នៅព្រឹកថ្ងៃស្អែក។

.