នៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ មានការសាងសង់ព្រះវិហារថ្មីជាច្រើន។ ដោយការសង់ព្រះវិហារថ្មី ភាគច្រើន បានធ្វើឡើងនៅលើឃឿនព្រះវិហារចាស់ ដូច្នេះឃឿនព្រះវិហារចាស់បូរាណនោះ ក៏ត្រូវគាស់កកាយ ចេញ ទើបចាក់គ្រឹះថ្មីបាន។ ការងារនេះបាននាំបង្កើតសេចក្តីកង្វល់ដល់ខ្មែរក្រោម ដែលយកចិត្តទុកដាក់ទៅលើ ប្រវត្តិកាលនៃព្រះវិហារនិងវត្តអារាមខ្មែរនៅលើទឹកដីកម្ពុជាក្រោមទាំងមូល ហើយបានឱ្យយោបល់ថា បើមានការ សាងសង់ព្រះវិហារថ្មី គួរធ្វើឱ្យខុសពីកន្លែងដែលព្រះវិហារចាស់តាំងនៅ។ ប៉ុន្តែដោយព្រះវិហារចាស់ដែលសង់ ពីមុន សុទ្ធតែបានត្រូវជ្រើសរើសទីតាំងត្រឹមត្រូវ ឱ្យសមស្របទៅតាមទិសនិងទីតាំងកុដិសាលាក្នុងវត្តនិមួយៗ ម្យ៉ាងទៀតដីក៏មិនមានសល់ឱ្យសំល្មម ដូច្នេះគួរតែសង់នៅកន្លែងចាស់ដដែល។
ដោយមតិទាំងអស់សុទ្ធតែគួរយកមកពិចារណា និងដោយខ្លឹមសារនៃផលប្រយោជន៍មានទំហំធំធេង ជាប្រវត្តិសាស្ត្ររបស់យើងជាខ្មែរក្រោមទាំងអស់គ្នា វិទ្យុសំឡេងកម្ពុជាក្រោមសូមសាកល្បងធ្វើការស្រង់មតិ ដូចតទៅ៖
- ជំរើសទី១- សង់ព្រះវិហារថ្មីឱ្យខុសពីទីតាំងឃឿនព្រះវិហារចាស់ ដោយរក្សាទុកព្រះវិហារចាស់ដដែល។
- ជំរើសទី២-សង់ព្រះវិហារថ្មីលើឃឿនព្រះវិហារចាស់ ដោយថតរូបព្រះវិហារចាស់ទុកជាតឹកតាងមុនរុះរើ ដោយមានចុះកាលបរិច្ឆេតនៃការសាងសង់ព្រះវិហារចាស់នោះផង។ រូបថតនោះ ត្រូវតាំងតម្កល់ក្នុងវត្តផង ផ្តិតចែកចាយដល់ពុទ្ធបរិស័ទ្ធជើងវត្តផង។
- ជំរើសទី៣-តាមយោបល់ របស់លោក-អ្នក តើយើងត្រូវធ្វើម្តេច ចំពោះរឿងសាងសង់?
ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធដែលមានយោបល់ក្នុងរឿងនេះ ពោលគឺយកជំរើសទី១ ឬទី២ សូមសរសេរសំបុត្រ មកអាស័យដ្ឋានៈ
Khmer Kampuchea Krom Federation: KKF P.O. Box 51201 San Jose, CA 95151 ឬ E-mail: son.samrach@gmail.com ឬ khmerkampucheakrom@gmail.com