ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃខ្មែរក្រោមដែលធ្លាប់ត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់គុកធ្វើទារុណកម្មនៅកម្ពុជា ក្រោម ត្រូវបាន មន្ត្រីសភាសហរដ្ឋាមេរិក និមន្តឲ្យចូលថ្លែងអំពីការធ្វើទារុណកម្មរបស់រដ្ឋាភិបាលបក្សកុ ម្មុយ និស្តវៀតណាម មកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដោយគ្រាន់តែពលរដ្ឋខ្មែរក្រោមទាំងនោះ បញ្ចេញ មតិតិចតួចទាក់ទិននឹងសិទ្ធិសេរីភាពរបស់ពួកគេ ។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងអាគាររដ្ឋសភាជាតិ សហរដ្ឋអាមេរិក កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែមករា ដែលត្រូវនឹងយប់ថ្ងៃទី ១៧ ខែមករា ម៉ោងនៅ កម្ពុជាក្រោម ម្សិលមិញនេះ ស្របពេលដែលក្រុមសកម្មជនសិទ្ធិមនុស្ស បានប្រកាសបើកយុទ្ធនាការ ដើម្បីបញ្ឈប់ការធ្វើទារុណកម្មអ្នកទោសនៅក្នុងប្រទេសវៀតណាម និងការចាប់បញ្ជូនពលរដ្ឋខ្មែរក្រោម ពី ប្រទេសកម្ពុជាទៅ ឲ្យរដ្ឋាភិបាលវៀតណាម ។

តាមរបាយការណ៍ស្តីពី «ការធ្វើទារុណកម្ម និងការធ្វើទុកបុកម្នេញអ្នកទោសនយោបាយបាយ និងជំនឿសាសនានៅប្រទេស វៀតណាម» ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ក្នុងមន្ទីររដ្ឋសភាជាតិសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធនា ការ នេះ បានលើកយកករណី នៃការធ្វើទារុណកម្មអ្នកទោសដោយការឆក់ខ្សែភ្លើង ការវាយតប់ ការជ្រមុជទឹក និងការដាក់ ឃុំក្នុងគុកងងឹតជាដើម ។ របាយការណ៍នេះក៏បានលើកឡើងពីករណីសិក្សាលើសកម្មជនសិទ្ធិដីធ្លីខ្មែរក្រោម ផងដែរ ។
ព្រះតេជព្រះគុណ យ័ញ តូន បច្ចុប្បន្នគង់នៅរដ្ឋ ផែនស៊ីវេនៀ សហរដ្ឋអាមេរិក ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ ពន្ធនាគាររយៈពេល ៤ ឆ្នាំ កាលពីឆ្នាំ ២០០៧ បានថ្លែងបប្រាប់វិទ្យុសំឡេងកម្ពុជា ក្រោមថា ចំណុចសំខាន់ ដែលព្រះអង្គបាន លើកយកទៅបង្ហាញនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិកនោះ គឺ ការធ្វើទារុណកម្មរបស់រដ្ឋាភិបាល វៀតណាមលើព្រះកាយ របស់ព្រះ អង្គផ្ទាល់ ព្រមទាំងពលរដ្ឋ និងព្រះ សង្ឃខ្មែរក្រោមដទៃទៀត ក្នុងព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ ២០០៧ និងព្រឹត្តិ ការណ៍ នៅ វត្តព្រៃ ជាប់ និង វត្តតាសេកក្នុង ឆ្នាំ ២០១៣ កន្លងទៅនេះ ។
ព្រះតេជព្រះគុណ យ័ញ តូន បានមានថេរដីកាថា៖
“អាត្មាក៏បានលើកឡើងវិញព្រះតេជព្រះគុណ លី ចិន្ដា ហើយនិងពុទ្ធបរិស័ទមួយចំនួន នៅវត្តព្រៃជាប់ ខេត្ត ឃ្លាំង ដែឡត្រូវរដ្ឋអំណាចកុម្មុយនិស្តយួនឲ្យជាប់ពន្ធនាគារពីមួយឆ្នាំរហូតទៅដល់ ១០ ខែ អំពីទោសដែលគាំ ទ្រព្រះសង្ឃក្នុងវត្តបើកសាលារៀន ហើយនិងគាំទ្រព្រះតេជព្រះគុណ លី ចិន្ដា ដែលតវ៉ាឲ្យមានសិទ្ធិសិរី ភាពក្នុងការបង្ហាត់បង្រៀនអក្សរជាតិរបស់ខ្លួន” ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ទម្រង់នៃការធ្វើទារុណកម្ម ចំពោះ អ្នកទោសខ្មែរក្រោម គឺរបៀបជាគំនុំពូជសាសន៍ ហើយមានលក្ខណៈខុសពីអ្នកទោសជនជាតិយួន ដោយ លោក ថាច់ ង៉ុក ថាច់ បានលើកនូវឧទារណ៍ជាក់ស្ដែង ចំពោះករណីដែល វៀតណាមបានធ្វើទារុណកម្មលើ ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ ថា ក្រុមសមត្ថកិច្ចបានវាយ ដំលើរាងកាយព្រះសង្ឃ ដូចជាសត្រូវសួរពូជ ហើយគ្មានបុគ្គលណាម្នាក់ទទួល ខុសត្រូវឡើយ ។
លោក ថាច់ ង៉ុក ថាច់ បានថ្លែងថា៖
“ជាថ្មីគឺវត្តព្រៃជាប់ និងវត្តតាសេក មានបី ដូចជា មួយ លី ចិន្ដា ចាប់លោកសង្ឃវាយជា របៀបគំនុំដូចជា សត្រូវសួពូជ ស៊ីសាច់ហិតឈាម គឺមិនទាន់ដឹងខុសដឹងត្រូវផង គឺវាយលោកឲ្យផ្សឹក ហើយវាយលោក ច្រកបាវ ។ អាហ្នឹងវាខុសជាមួយនឹងអ្នកដែលមានទោស វាជារបៀបគំនុំ របៀបប្រកាន់ ។ ដល់ព្រះតេជ ព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធឿន និងយុវជនពីរអ្នកហ្នឹងក៏ដូចគ្នាដែល គឺឥតមានសួរសុខ សួរត្រូវអ្វីទេ វាចេះតែវាយ មិនដឹងថាខុសត្រូវយ៉ាងម៉េច ហើយយកទៅច្រកគុក លាក់មិនឲ្យឪពុកម្ដាយ និងគ្រួសារដឹង” ។
វៀតណាមនឹងមិនអាចបន្តសកម្មភាព ធ្វើទារុណកម្មលើពលរដ្ឋខ្មែរក្រោម បានទៀតទេ ខណៈដែលពិពភ លោក សព្វថ្ងៃ កាន់តែបើកទូលាយដោយបច្ចេកព័ត៌មានវិទ្យា ដែល លោក ថាច់ ង៉ុក ថាច់ បញ្ជាក់ថា រាល់សកម្មភាព រំលោភសិទ្ធិមនុស្ស របស់ រដ្ឋាភិបាលវៀតណាម មិនអាចលាក់បាំងពិភពលោក បានទៀត ឡើយ ។ លោកសម្ដែងសុទិដ្ឋិនិយមថា វៀតណាម នឹងបញ្ឈប់ការធ្វើទារុណកម្មលើខ្មែរក្រោម ដោយមាន សម្ពាធពីសហគមន៍អន្តជាតិ ព្រោះវៀតណាមជាប្រទេស ហត្ថលេខី នៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិ មនុស្ស និងសិទ្ធិជនជាតិដើម ហើយកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ វៀតណាម បានចុះហត្ថលេខា លើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការធ្វើទារុណកម្ម ហៅកាត់ថា UNCAT ។
លោក ថាច់ ង៉ុក ថាច់៖
“ទីមួយ រដ្ឋាភិបាលយួនបានធ្វើខ្លួនជាគំរូល្អ បានចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរួចហើយ ដូច្នេះ ហើយ បានជារដ្ឋាភិបាលយួនចុះហត្ថលេខារាល់លើកអំពីច្បាប់សិទ្ធិមនុស្សទាំងអស់ ត្រូវតែអនុវត្ត បើមិនអនុវត្ត គឺប្រទេសដទៃទៀតគេនឹងឃ្លាំមើលការអនុវត្តរបស់យួននោះដែរ ។ អញ្ចឹងហើយខ្ញុំជឿថា អនាគតនឹ ងមានការ ធូរស្បើយ ។ ទីពីរទៀត រដ្ឋាភិបាលយួនមិនអាចលាក់បាំងនូវអ្វី ដែលខ្លួន រំលោភទៅលើបងប្អូនខ្មែរក្រោម មិន ថាខ្មែរក្រោមទេ ទាំងជនជាតិដទៃទៀត រួមទាំងជនជាតិវៀតណាម នោះផង ព្រោះមនុស្សដែលគេឃ្លាំមើល ទាំងយប់ទាំងថ្ងៃ ។ ចំណុចទីបីសូមបន្ថែម រដ្ឋាភិបាលវៀតណាម ជា ប្រទេសមួយដែលត្រូវការជំនួយ ត្រូវការ សេដ្ឋកិច្ច” ។
លោក គ្រីស្តូភើ ស្មីត (Christopher Smith) តំណាងរាស្ត្រសហរដ្ឋអាមេរិក ប្រចាំរដ្ឋ ញីវជឺស៊ី (New Jersey) បានថ្លែងថា សហ រដ្ឋអាមេរិក នឹងមិនអនុគ្រោះដល់ប្រទេសវៀតណាមទេ ប្រសិនបើវៀតណាម នៅតែមិនធ្វើឲ្យប្រសើ រខាងការគោរពសិទ្ធិ មនុស្ស ។ លោកបន្តថា អ្វីដែលសភាសហរដ្ឋអាមេរិក អាចធ្វើទៅបាននោះ គឺបង្កើតច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្ម ផ្នែកសេដ្ឋ កិច្ចដល់វៀតណាម ។
លោក គ្រីស្តូភើ ស្មីត ថ្លែងថា ៖
«ដូចលោកបានជ្រាបហើយថា ខ្ញុំជាអ្នកដឹកនាំបង្កើតច្បាប់មួយ ដើម្បីប្រឆាំងការជួញដូរមនុស្សនៅវៀត ណាម ក្នុងឆ្នាំ ២០០០ ដែលយើងបានរកឃើញថា វៀតណាមជាប្រទេសមួយដែលរំលោភសិទ្ធិកម្មករ មានអំពើជួញ ដូរ មនុស្ស និងការធ្វើទារុណកម្មធ្ងន់ធ្ងរ ហើយដែលសហគមន៍អន្តរជាតិឲ្យ ចំណាត់ថ្នាក់ លេខ ៣ ជាប្រទេស ដែលអាក្រក់បំផុតក្នុងការរំលោភសិទ្ធិមនុស្ស»។
អ្នកជំនាញខាងផ្នែកសិទ្ធិមនុស្សសម្រាប់ប្រទេសកម្ពុជា និង វៀតណាម អ្នកស្រី សារ៉ា ខូម៍ (Sara Colm) បានថ្លែងថា កន្លងមក កម្ពុជា បានរំលោភ លើអនុសញ្ញាស្ដីពីជនភៀសខ្លួន ដោយសាររដ្ឋាភិបាលបានបញ្ជូនព្រះសង្ឃខ្មែរក្រោមមួយចំនួន ដែលជា សកម្មជនសិទ្ធិមនុស្សទៅឃុំខ្លួននៅវៀតណាម ហើយវៀត ណាម បានធ្វើទារុណកម្មអ្នកទាំងនោះ យ៉ាងធ្ងន់ធ្ងរ ។
អ្នកស្រី សារ៉ា ខូម៍ បានថ្លែងថា៖
“ជនភៀសខ្លួនវៀតណាមខ្លះ ដែលមកជ្រកកោននៅកម្ពុជា ប្រសិនបើពួកគេសកម្មខាងការរិះគន់ រដ្ឋាភិ បាលវៀតណាម នោះ ពួកគេប្រាកដជារងនូវសម្ពាធផ្សេងៗ រួមទាំងការធ្វើទុក្ខបុកម្នេញរហូតដល់មានការ ចាប់បញ្ជូនទៅវៀតណាម វិញ។ ជាក់ស្តែង ដូចជាករណីព្រះតេជព្រះគុណ ទឹម សាខន ដែលគេបញ្ជូនខ្លួន ពី ខេត្តតាកែវ ទៅឃុំខ្លួននៅវៀតណាម ហើយម្នាក់ទៀត គឺលោក ឡេ ទ្រី តែ (Le Tri Tue) ដែលជាមេដឹកនាំ កម្មករ នៅពេលលោកមកដល់កម្ពុជា ក្នុងឆ្នាំ ២០០៧ ដើម្បីសុំសិទ្ធិជ្រក កោនផ្នែក នយោបាយនោះ ក៏ត្រូវបាន ចាប់ខ្លួនបាត់ទៅ ហើយគ្មានដំណឹងទាល់តែសោះ រហូតមកដល់ ពេលនេះ ។ ដូច្នេះ វាបង្ហាញយ៉ាងច្បាស់ថា កម្ពុជា មិនមែនជាឋានសួគ៌ដ៏មានសុវត្ថិ ភាពក្នុងការអនុវត្ត សិទ្ធិ បញ្ចេញ មតិ បានទេ ដោយ សារសមត្ថកិច្ចកម្ពុជា អាចចាប់ខ្លួនអ្នកទាំងនោះបញ្ជូនទៅវៀតណាមវិញ ហើយវៀត ណាម នឹងធ្វើទារុណ កម្មធ្ងន់ធ្ងរ” ។
យុទ្ធនាការលុបបំបាត់ការធ្វើទារុណកម្ម ដែលបានធ្វើឡើងនៅរដ្ឋសភាសហរដ្ឋអាមេរិកនេះ មានការចូល រួមក្រៅពី សហព័ន្ធ ខ្មែរកម្ពុជាក្រោម ក៏មាន អង្គការ និង សមាគម ចំនួន ១៧ ផ្សេងទៀត ក្នុងនោះ មានអង្គ ការសិទ្ធិមនុស្សរបស់ក្រុមជន ជាតិ ម៉ុងតាញ៉ា អង្គការឃ្លាំងមើលសិទ្ធិមនុស្ស Human Rights Watch និងក្រុមសមាគមសិទ្ធិមនុស្សរបស់ជនជាតិយួននៅ ក្រៅប្រទេស ផងដែរ ។
យោងតាមរបាយការណ៍របស់ លោក គ្រីស្តូភើ ស្មីត តំណាងរាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា យ៉ាងហោចណាស់ មានអ្នកទោសមនសិការជាង ៦០០ នាក់ ភាគច្រើន ជាសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសាសនា ដែលកំពុងរងការធ្វើទារុណកម្មធ្ងន់ធ្ងរ ក្នុងគុកងងឹតនៅវៀតណាម ។
កាលពីខែកញ្ញា ឆ្នាំ ២០១៣ ពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ៨ រូប ក្នុងនោះ ព្រះសង្ឃ ២ អង្គ និង ពល រដ្ឋ ២ រូប នៃវត្ត សិរីតាសេក និង អ្នកភូមិព្រៃជាប់ ៤ រូបផ្សេងទៀត ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀត ណាម ផ្ដន្ទាទោសឲ្យជាប់គុក ម្នាក់ៗ ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម និងពី បទ “ចាត់តាំងនាំមនុស្សចេញទៅក្រៅ ប្រទេស” និង “ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំងប្រ ឆាំងរដ្ឋា ភិបាលបក្សកុម្មុយនិស្ត វៀតណាម” ។
សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើបាតុកម្មនៅមុខការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិ នៅទីក្រុង ស្សឺណែវ ប្រទេសស្វិស ក្នុងខែកុម្ភៈ ខាងមុខនេះ ដើម្បីជម្រុញឲ្យសហគមន៍ អន្តរជាតិ ដាក់សម្ពាធទៅរដ្ឋាភិបាល វៀតណាម ត្រូវគោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ ការធ្វើបាតុកម្មនេះ ស្របពេលដែលវៀតណាមចូល ឆ្លើយបំភ្លឺអំពីប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន នៅការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នាទីក្រុងស្សឺណែវ ប្រទេសស្វិស នៅថ្ងៃទី ០៥ ខែកុម្ភៈ ខាងមុខនេះ ៕