កសិករខ្មែរក្រោមត្អូញត្អែររឿងតម្លៃស្រូវចុះថោក

ប្រជាកសិករខ្មែរក្រោម បានប្រាប់ឲ្យដឹងថាពួកគេកំពុងជួបបញ្ហាជីវភាពគ្រួសារ និងសងបំណុលរដ្ឋ ខណៈពេលតំលៃស្រូវរដូវនេះធ្លាក់ចុះយ៉ាងគំហុក ក្រោយពីប្រជាកសិករធ្វើការច្រូតកាត់រួចរាល់ ។
ពលរដ្ឋខ្មែរក្រោមមួយរូប ដែលមិនបញ្ចេញឈ្មោះ ស្រុកកំណើតនៅខេត្តឃ្លាំង ឲ្យដឹងថាពួកគេកំពុងតែជួបបញ្ហាលំបាកក្នុងជីវភាពគ្រួសារ ដោយសារតែមិនអាចលក់ស្រូវ ចេញ ព្រោះក្រុមឈ្មួញជនជាតិយួនដើរទិញស្រូវ ទិញក្នុង
តំលៃទាបខ្លាំងពេក ។
ពលរដ្ឋរូបនេះបន្ថែមទៀតថា រដ្ឋាភិបាលក្រុងហា-
ណូយធ្លាប់បានប្រកូកប្រកាសតាមរយៈទូរទស្សន៍ និងវិទ្យុនានា ដែលថារដ្ឋនឹងធានាតំលៃស្រូវឲ្យបានសក្តិសម ស្របទៅតាមស្តង់ដារ ពោលគឺតាមតំលៃនៃស្រូវសំណើម និង
ស្រូវស្ងួត ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមឈ្មួញជនជាតិយួនដែលតំណាងឲ្យក្រុមហ៊ុនយួន ដើរទិញស្រូវពីប្រជាពលរដ្ឋ នៅតែទម្លាក់តំលៃយ៉ាងគំហុក ដែលធ្វើឲ្យប្រជាកសិករស្ទើរគ្រប់គ្រួសារ មិនហ៊ានលក់ចេញ ដោយសារតំលៃទាបពេក
កក្តានេះកំពុងតែធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារពួកគេ ។
ទាក់ទងនឹងហេតុការណ៍នេះដែរ ប្រជាពលរដ្ឋខ្មែរនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ក៏បានត្អូញត្អែរដូចគ្នាដែរថា ពួកគេក៏កំពុងស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែល នឹងកសិករខ្មែរក្រោមនៅខេត្តឃ្លាំងដែរ ។ ប្រជាកសិករខ្មែរក្រោមនៅស្រុកស្វាយទង បាននិយាយថា បច្ចុប្បន្ននេះនៅស្រុកស្វាយទងមានភ្លៀងធ្លាក់ខ្លាំង រីឯទឹកជំនន់ក៏កើនឡើងយ៉ាងគំហុក។ ដូច្នេះហើយ ធ្វើឲ្យស្រូវប្រជាកសិករមួយចំនួនធំបានត្រូវទឹកលិច ឯមួយចំនួនទៀតក្រោយពីបានច្រូតកាត់រួចរាល់ ប៉ុន្តែមិនអាចហាលបាន ព្រោះមេឃធ្លាក់ភ្លៀងរាល់ថ្ងៃ ។
ប្រជាពលរដ្ឋខ្មែរក្រោមរូបនេះ បន្តឲ្យដឹងទៀតថា ដោយសារមេឃធ្លាក់ភ្លៀងខ្លាំង ធ្វើឲ្យពួកគេមិនអាចហាលស្រូវកើត រីឯក្រុមឈ្មួញជនជាតិយួនដែលដើរទិញស្រូវវិញក៏បានឆ្លៀតឱកាសនេះ ទម្លាក់តំលៃស្រូវយ៉ាងគឃ្លើនដែលពួកគេអះអាងថា មិនគ្រប់ទៅនឹងការទូទាត់ថ្លៃជី ថ្នាំសម្លាប់សត្វល្អិត និងពន្ធទឹក ។
កសិកររូបនេះឲ្យដឹងបន្ថែមថា ក្រុមឈ្មួញជនជាតិយួនដែលដើរទិញស្រូវ ចំពោះស្រូវសំណើម ឬហាលមិនសូវស្ងួត គឺទិញចូលក្នុងតំលៃ ២៥០០ដុង មួយគីឡូក្រាម ។ ចំណែកឯស្រូវស្ងួតវិញ ត្រូវបានក្រុមឈ្មួញទិញក្នុងតំលៃ ៣៥០០ ឬ៣៦០០ដុង មួយគីឡូក្រាម ។ ក្រុមប្រជាពលដ្ឋអះអាងបញ្ជាក់ទៀតថា ក្រៅពីការទម្លាក់តំលៃស្រូវចុះយ៉ាងគំហុកបែបនេះ ក្រុមអាជ្ញាធរយួនបានប្រើអំណាចផ្តាច់ការបញ្ជារឲ្យក្រុមហ៊ុនយួននាំគ្រឿងចក្រ ទៅជីកប្រឡាយកាត់ដីស្រែពួកគេដោយគ្មានសំណង ។ ក្នុងរយៈពេលជិតមួយខែនេះ ប្រជាពលរដ្ឋក្នុងខេត្តមាត់ជ្រូកបានលើកគ្នាទៅតវ៉ាដល់សាលាឃុំនិងកាងមិនឲ្យក្រុមហ៊ុនយួនជីកប្រឡាយបន្តទៀត។
ប្រជាពលរដ្ឋខេត្តមាត់ជ្រូក បានអះអាងប្រាប់វិទ្យុអាស៊ីសេរីទៀតថា ពួកក្រុមគ្រួសារដែលបានដឹកនាំប្រជាពលរដ្ឋចុះកាងកុំឲ្យយួនជីកប្រឡាយកាត់ដីស្រែនោះ កំពុងតែប្រឈមនឹងការចាប់ចងដាក់ពន្ធនាគារ ។
ចំពោះហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុកហៅថា ជាយុទ្ធសាស្រ្តដាក់គំនាបផ្នែកសេដ្ឋកិច្ចទៅលើជនជាតិដើមខ្មែរក្រោម ដែលក្រុមមេដឹកនាំយួនដឹងថា ខ្មែរក្រោមរស់នៅលើតំបន់ដែនដីសណ្តទន្លេមេគង្គ ៩៥ភាគរយ គឺប្រកបរបរធ្វើស្រែចំការ ។ ពលរដ្ឋខ្មែរក្រោមនៅក្រៅ បានសំដែងការឈឺឆ្អាលទៀតថា រដ្ឋាភិបាលកុម្មុយនិស្តយួនគ្មានឆន្ទៈលើកកំពស់ជីវភាពជនជាតិភាគតិច និងជនជាតិដើមខ្មែរកម្ពុជាក្រោមឡើយ ហើយពួកគេតែងបង្កឧបសគ្គដល់កសិករខ្មែរក្រោមដោយប្រយោល ៕

ដោយៈ VOKK.