វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសារព័ត៌មានចំនួនពីរថ្ងៃ ដែលបានរៀបចំឡើង ដោយកម្មវិធីបណ្ដាញយុវជន ខ្មែរកម្ពុជាក្រោម បានឈានចូលដល់ទីបញ្ចប់ប្រកបដោយភាពជោគជ័យកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅនៅទីស្នាក់ការរបស់កម្មវិធីបណ្ដាញយុវជនខ្មែរកម្ពុជា ក្រោម ឋិតក្នុងសហគមន៍បុរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ដោយមានសិក្ខាកាមទាំងព្រះសង្ឃ សិស្ស និស្សិតមកពីតាមបណ្ដាខេត្តនានាដូចជាខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងជាបុគ្គលិកមកពីស្ថាប័នព័ត៌មានមួយចំនួននៅភ្នំពេញផងប្រមាណជា៤៥ អង្គ និងរូបចូលរួម និងដោយមានលោក គង់ សុឋានរិទ្ធិ នាយកកម្មវិធីភាសាខ្មែររបស់វិទ្យុសំលេងសហរដ្ឋអាមេរិក (VOA) ប្រចាំកម្ពុជា ជាគ្រូបណ្ដុះបណ្ដាល។
លោក គង់ សុឋានរិទ្ធិ ដែលជាអតីតនិស្សិតផ្នែកព័ត៌មានមកពីប្រទេសបារាំង និងជាអ្នកមានបទពិសោធ ផ្នែកព័ត៌មានរយៈពេលជិត២០ឆ្នាំហើយនោះ បានស្មគ្រចិត្តមកបណ្ដុះបណ្ដាលផ្នែកជំនាញវិជ្ជាជីវៈសារព័ត៌មាន ដល់យុវជន ដែលបានរៀបចំឡើង ដោយកម្មវិធីបណ្ដាញយុវជន ខ្មែរកម្ពុជាក្រោមដោយឥតគិតថ្លៃ។ ដោយសារ ការសិក្សាមានរយៈពេលខ្លី លោកបានលើយកចំណុចសំខាន់ៗ មកបង្ហាញ ដល់សិក្ខាកាម ដូចជាមូលដ្ឋានគ្រឹះ នៃសារព័ត៌មាន 5Wh + How ព្រមទាំងចំណុចសំខាន់ដូចជាការសិក្សាអំពីមុំ ការសិក្សា អំពីសំណួរ និងលំដាប់ព័ត៌មាន “វាមានករណីលើកលែងអត្ថបទវែង ប៉ុន្ដែអត្ថបទវែងហ្នឹងមានមុំ នៅក្នុងអត្ថបទធំហ្នឹងដែរ ប៉ុន្ដែជាមុំតូច”។ ជាយុទ្ធសាស្ដ្របង្រៀនរបស់លោក លោកក៏បានដាក់ជាលំហាត់ឲ្យសិក្ខាកាមរៀនសរសេរ ជាព័ត៌មានខ្លី ហើយឲ្យសិក្ខាកាមឡើងអាននូវព័ត៌មាននោះ រួចលោកក៏ធ្វើការកែសម្រួលដោយផ្ទាល់មាត់ “ប៉ុលីសសង្គ្រោះមិនទាន់ ដោយសារប៉ុលីសពិបាកទៅ ដោយមានលលកធំៗ ក្នុងខណៈនោះ”។
លោក សឺន ជុំជួន ប្រធានកម្មវិធីបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម បានកំណត់សំគាល់ឃើញថា វគ្គបណ្ដុះបណ្ដាលនេះទទួលបានផលជោគជ័យធំ ដោយមានការចូលរួមពីសំណាក់សិក្ខាកាមយ៉ាងច្រើនកុះករ និងជាកិត្តិយសដោយបានការអញ្ជើញចូលធ្វើជាគ្រូបណ្ដុះបណ្ដាលពីសំណាក់ លោក គង់ សុឋានរិទ្ធិ “ខ្ញុំជាអ្នកគ្រប់គ្រងកម្មវិធីយុវជនផង ខ្ញុំជានាយកកម្មវិធីរបស់ខមាគមផង សូមថ្លែងអំណរគុណលោកគ្រូ ជាអនេកប្បការចំពោះការលះបង់ពេលវេលាដ៏មានតម្លៃ។ លើកនេះជាលើកទីពីរ មិនមែនជាលើកទីមួយទេ លើកទីពីរឆ្នាំ២០០២ លោកគ្រូបានជួយក្រុមយុវជនអស់ម្តងដែរកាលខ្ញុំមានទីស្នាក់ការនៅស្ទឹងមានជ័យ”។ លោកបានមានប្រសាសន៍ទៀតថា ចំណេះដឹងផ្នែកសារព័ត៌មាននេះសិក្ខាកាមអាចយកទៅប្រើប្រាស់ នៅតាម ស្ថាប័នព័ត៌មានដែលខ្លួនអាចមានលទ្ធភាព និងមានឱកាសអនុវត្តបាន។
និស្សិតមួយរូបឈ្មោះ គង់ សារី ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលបានមានប្រសាសន៍ថា គាត់ចង់ដឹង ចង់ចេះ អំពីរបៀបយកព័ត៌មាន ពីព្រោះវាទាក់ទងទៅនឹងជំនាញរបស់គាត់ផ្នែកសិក្សាស្រាវជ្រាវអក្សរសាស្ដ្រ និង ប្រវត្តិសាស្ដ្រ “ធ្វើឲ្យខ្ញុំមានការយល់ដឹងច្រើន ជាក់ស្ដែងដូចគាត់ពិសោធឲ្យយើងជាអត្ថបទខ្លីចង់ដឹង សមត្ថភាព របស់យើង ការយល់ដឹងរបស់យើងនូវលក្ខណៈគ្រឹះរបស់សារព័ត៌មាន គឺការយល់ដឹងរបស់យើងហ្នឹងមេច គឺខ្ញុំបានធ្វើតែសសមត្ថភាពខ្ញុំ ហើយបានប្រៀបធៀបទៅ នឹងអ្វីដែលគាត់បានកែផ្ទាល់មាត់របស់គាត់ហ្នឹង ខ្ញុំមើល របស់ខ្ញុំទៅគឺប្រហាក់ប្រហែលគ្នា គ្រាន់តែថាគុណភាពវាខុសគ្នាដោយសារថាគាត់ជាអាជីពយូរហើយ ខ្ញុំសាក មើលថ្មីៗ ចឹង ប៉ុន្ដែអាចទទួលយកបានខ្លះដែរ”។
សូមជម្រាបថា ដោយសារការសង្កេតឃើញថា វិស័យព័ត៌មានមានការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជន សិស្ស និស្សិត និងមិនសូវមានការបើកវគ្គបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន ទើបកម្មវិធីបណ្ដាញយុវជន ខ្មែរកម្ពុជាក្រោម បានដក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ខ្លួនប្រចាំឆ្នាំ២០១២នេះ ហើយផែនការ សកម្មភាពនេះក៏ទទួលបានជោគជ័យថែមមួយកម្រិតទៀតដូចការព្រៀងទុកនេះ។ ដោយៈ គឹម បុរី/VOKK
ចុចត្រង់នេះ ដើម្បីមើលរូបភាពបន្ថែម!