កម្មករជាង ៣០០ នាក់នៅរោងចក្រ យូអេសអេ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទីក្រុងភ្នំពេញ បានប្រមូលផ្តុំ គ្នា ខាងមុខរោងចក្រ នៅព្រឹកថ្ងៃអង្គារ ទី ៣ ខែធ្នូ នេះ ដោយមានការដុតកង់ឡានអស់ជាច្រើន ផងដែរ ដើម្បីទាមទារឲ្យ រោងចក្រ ធ្វើការដោះស្រាយជូនពួកគេចំនួន ៥ ចំណុច ។

កម្មករ អ្នកនាង ប៊ូ ណារិទ្ធិ អាយុ ៣២ ឆ្នាំបាននិយាយថា រោងចក្របាន បោកប្រាស់ពួកគេដោយបានប្រាប់ថា រោងចក្រ នេះមិនបានធ្វើការផ្លាស់ប្តូរថៅកែ និងឈ្មោះរបស់ក្រុមហ៊ុនទេ តែនៅកាលពីពេលថ្មីៗនេះពួកគេបានដឹងថា រោងចក្រនេះ ធ្វើការ ផ្លាស់ប្តូរថៅកែ និងផ្លាកយីហោរោងចក្រ ទើបពួកគេមានការផ្ទុះកំហឹងឡើង ។
អ្នកនាង ប៊ូ ណារិទ្ធិ បានថ្លែងថា៖ «កាលពីខែតុលា កម្មករបានយល់ ព្រមទទួលយកសំណងពីរោងចក្រ បន្ទាប់ពីគេបាន ប្រាប់ ថា នឹងមានការដោះដូរអ្នកគ្រប់គ្រងដោយ អ្នកដែលធ្វើការបានច្រើនឆ្នាំទទួលបាន ៦៥០ ដុល្លារ និងអ្នកថ្មីបានតែ ១០០ ដុល្លារទេ តែនៅពេលដែលពួកយើងចូល ធ្វើការវិញខែវិច្ឆិកានេះ ស្រាប់តែមានការដោះដូរថៅកែថ្មី និងដូរឈ្មោះ ក្រុម ហ៊ុន ដែលផ្ទុយនឹងការសន្យារបស់ពួកគេ»។
កម្មករបាននាំគ្នាដុតកង់ឡាន នៅខាងមុខរោងចក្រលើផ្លូវជាតិលេខ ២ ទាមទារឲ្យថៅកែចាស់ និងមន្រ្តីពាក់ព័ន្ធចេញមក ដោះ ស្រាយជូនពួកគេតាមច្បាប់ការងារ ៕ Phom Penh Post