ដោយៈ ចៅ មុនីខេមរា
អំពើឃាត្តកម្មដ៏អមនុស្សធមិមួយ បានកើតមានឡើងមកលើកម្មករស្លូតត្រង់ខ្មែរក្រោម កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០៨ កន្លងទៅនេះ ។
ប្រភពព័ត៌មានច្បាស់ការពីស្រុកក្របៅ ខេត្តមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម បានឲ្យដឹងកាលពីថ្មី ៗ នេះថា មានករណីឃាត្តកម្មមួយគួរឲ្យសង្វែក កម្មករពលរដ្ឋខ្មែរក្រោមម្នាក់ត្រូវបានក្រុមកម្មករជនជាតិយួនរួមអាជីព ពួតដៃគ្នាសម្លាប់ នៅឯខេត្តដុងណាយ។ ប្រភពបានអះអាងថា បុរសជនជាតិខ្មែរឈ្មោះលោក ចៅ ណេន ភេទប្រុស អាយុ ២៤ ឆ្នាំ កំណើតនៅភូមិត្រពាំងមាស ឃុំអាងគឺ ស្រុកក្របៅ ខេត្តមាត់ជ្រូក បានទៅធ្វើការក្នុងរោងចក្រមួយឈ្មោះ វៀង ច័ន្ទ ឯខេត្តដុងណាយ ប្រទេសយួន ។ បន្ទាប់ពីមានជម្លោះពាក្យសំដីបន្តិចបន្តួចជាមួយក្រុមកម្មករជនជាតិយួន នៅថ្ងៃទី ២៨ ខែកក្កដា បុរសជនជាតិខ្មែរខាងលើត្រូវបានក្រុមកម្មករជនជាតិយួនពួតដៃគ្នាសម្លាប់ ដោយពុំមានកិច្ចអន្តរាគមន៍ពីថៅកែ ក្រុមហ៊ុន ឬមន្រ្តីមូលដ្ឋានសោះឡើយ ។
ករណីកម្មករជនជាតិយួន សម្លាប់មនុស្សក្រៅច្បាប់នេះ គេពុំទាន់ឃើញមន្រ្តី នៃអាជ្ញាធររដ្ឋាភិបាលយួន ធ្វើការស្រាវជ្រាវ ដើម្បីឈានទៅរកការចាប់ខ្លួនជនដៃដល់នូវឡើយទេ ។ ទន្ទឹមគ្នានេះដែរ ក្រុមគ្រួសារសព បានអំពាវនាវដល់អាជ្ញាធរ នៃរដ្ឋាភិបាលយួនមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនដៃដល់ នឹងផ្តល់យុត្តិធមិដល់ជនរងគ្រោះ ។
គួររំលឹកដែរថា ទាក់ទឹននឹងហេតុការណ៍សម្លាប់មនុស្សក្រៅផ្លូវច្បាប់នេះ កាលពីថ្ងៃទី ១៦ កក្កដា កន្លងមក នៅឯប្រទេសកម្ពុជាក៏មានមន្រ្តីជលផលខេត្តកំពតម្នាក់ ត្រូវជនជាតិយួនបាញ់សម្លាប់ផងដែរបន្ទាប់ពីមន្រ្តីរូបនោះ ធ្វើការបង្ក្រាបទូកនេសាទយួនខុសច្បាប់ចូលទៅក្នុងប្រទេសកម្ពុជា ។ សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា សម្រាប់ការស្លាប់របស់មន្រ្តីជលផលក្នុងខេត្តកំពតនោះ យួនបានសងតែ ៥ លាន ដុងតែប៉ុណ្ណោះដល់គ្រួសារសព ៕
.