កម្ពុជាក្រោម ៣០០ឆ្នាំមុន (១)

តើមានអ្វីប្លែកខ្លះ បានកើតឡើង នៅលើដែន ដីកម្ពុជាក្រោម បន្ទាប់ពីប្រទេសវៀតណាម បានកាន់កាប់ត្រួតត្រាជាផ្លូវការ បន្ទាប់ពី ការចុះហត្ថលេខារបស់បារាំង កាត់ទឹកដីនេះ ចេញពីប្រទេសកម្ពុជា នៅថ្ងៃទី ៤មិថុនា ឆ្នាំ ១៩៤៩?។ មុននឹងលើកយកបញ្ហាជាក់ស្តែង ដែលខ្មែរក្រោម កំពុងប្រឈមក្រោម ការកៀប សង្កត់ របស់រដ្ឋាភិបាលវៀតណាម សព្វថ្ងៃ យើងសូមដកស្រង់យកឯកសារចាស់ខ្លះ មក បង្ហាញជូន ដើម្បីពិចារណា។ តាមកំណត់ ប្រវត្តិសាស្ត្រ មុនអង្ករកម្ពុជាក្រោមនោះ ក្លាយទៅជាបាយរបស់យួន ពេលវេលាបាន កន្លងទៅប្រហែលជាបីរយឆ្នាំ។ មុនដល់ថ្ងៃខួបរំឮកខួបទី៦២នៃការបាត់បង់ទឹកដី កម្ពុជាក្រោម យើងខ្ញុំសូមលើក យកប្រវត្តិខ្លះៗ ដែលកើតមានកាលពីឆ្ នាំ១៦៤៩ គឺ៣០០ឆ្នាំមុន ស្រង់ចេញពីឯកសារមហាបុរសខ្មែរ ព្រះរាជពង្សាវតាខ្មែរតាមសាស្ត្រស្លឹករឹត។ លោក អេង សុត ជាចៅក្រមប្រឹក្សាប្រឹក្សាសាលាវិនិច្ឆ័យ សមាជិកសមាគមវប្បធម៌ថ្មអង្គរជាអ្នកស្រាវជ្រាវឯកសារនេះ ដែលចេញផ្សាយនៅឆ្នាំ១៩៨៥។ ដោយឯកសារនេះវែង យើងសូមលើកតែវគ្គដែលទាក់ទងនឹងការ បាត់បង់ទឹកដីកម្ពុជាក្រោម ដោយមិនមានបន្ថែមសេចក្តីអ្វីឡើយ។ ពីភាគ៣-៤-៥ ក្នុងផែនដី ព្រះរាមាធិបតី៎(ពញានូ ដែលជាព្រះរាជបុត្របន្ទាប់នៃសម្តេចព្រះជ័យជេដ្ឋា) ត្រង់ចុង ទំព័រ៧៣០ មានសេចក្តីដូច្នេះ ៖
…លុះដល់ព.ស.២១៩៣ គ.ស.១៦៤៩ ឆ្នាំឆ្លូវឯកស័ក ព្រះបាទបរមនាថបរមបពិត្រជាម្ចាស់ ជីវិតលើត្បូងទ្រង់ត្រាស់ប្រឹក្សានឹងសេនាបតីថាៈ កាលផែនដីសម្តេចព្រះជ័យជេដ្ឋាព្រះបរមរាជបិតានោះ ព្រះចៅក្រុងអណ្ណាមកុក មានរាជសារមកសុំខ្ចីយកខេត្តកោះក្របីព្រៃនគរដើម្បីឱ្យទ័ពមកនៅសមហាត់ សេនាទាហានតែត្រឹម៥ឆ្នាំទេ។ ឥឡូវលើសកំណត់នោះយូរហើយ គួរតែយើងឱ្យទៅតឿនយកមកវិញ ជាប្រញាប់ តើអស់មន្ត្រីយល់ដូចម្តេច?
ទើបអស់សេនាបតីមន្ត្រីទាំងពួងក្រាបបង្គំទូលថាៈ ព្រះរាជតំរិះនេះឃើញថាត្រឹមត្រូវណាស់។ ក្នុងគ្រាដែលកំពុងជំនុំប្រឹក្សាគ្នានោះ សម្តេចព្រះទាវធីតាអង្គចូវ(យួនដែលត្រូវជាព្រះអគ្គមហេសីនៃ ព្រះជ័យជេដ្ឋា) មហារាជននីក៏នៅទីនោះដែរ។ លុះទ្រង់ជ្រាបហើយ ទ្រង់ទូលព្រះបរមបពិត្រថាៈ រឿងផែនដីព្រៃនគរមួយនោះ មានសុភអក្សរព្រះចៅក្រុងអណ្ណាមកុកមកសម្តេចព្រះវរាជបិតា និងមក ដល់អ្នកថាៈ ស្រុកចិននិងយួនមានកើតសង្គ្រាមនឹងគ្នាពុំទាន់ដាច់ស្រេចនៅឡើយ ថាសូមអង្វរករកូន សិន កុំអាលឱ្យតឹងទារឡើយ ហើយផែនដីព្រៃនគរមួយនេះ អ្នកម្តាយសូមធានាមិនឱ្យខូចខាតបាត់បង់ ទៅណាទាល់តែសោះ។ ខ្លួនអ្នកម្តាយនេះក៏នៅក្នុងអំណាចកូនស្រាប់ហើយ បើដីព្រៃនគរត្រឡប់បែរ ទៅជាខូចខាតដោយប្រការដូចម្តេចទៅវិញនោះ អ្នកម្តាយថ្វាយខ្លួនដល់កូនធ្វើទោសអ្នកម្តាយចុះ។ សម្តេចព្រះបរមនាថបរមបពិត្រជាម្ចាស់ជីវិតលើត្បូងទ្រង់ព្រះសណ្តាប់ហើយ ក៏ទញ់ទាល់ព្រះ អង្គណាស់ ហើយដោយទ្រង់កោតក្រែងព្រះរាជហឬទ័យព្រះទាវធីតាណាស់ដែរ ក៏ទ្រង់សណ្ឋិតនៅ ស្ងៀមទៅ…។
…ទំព័-៧៤២…ឯសម្តេចព្រះទាវធីតាមហារាជននីអង្គចូវនោះ តាំងតែពីព្រះបាទសម្តេចព្រះរាជ ឱង្ការព្រះស្រីធម្មរាជាសុគតទៅ ព្រះអង្គបានអ្នកស្តេចខ្លួនធំធ្វើជាព្រះស្វាមីហើយនោះ ក៏ទ្រង់ជាទំនើង ព្រះរាជហឫទ័យណាស់។ ព្រះអង្គរឹតតែមានអំណាចពេកណាស់ ដោយព្រះអង្គមានអ្នកស្តេចខ្លួនធំ ជួយជាគំនិតបញ្ចុះបញ្ចូលបានសេនាទាហានជាច្រើននេះ១ ដោយព្រះអង្គមានមន្ត្រីយួន-ខ្មែរជា ច្រើន អ្នកនោះ១ ។ នៅព.ស.២១៩៩ គ.ស.១៦៥៥ ឆ្នាំមមែសប្ពស័កនោះ ព្រះបាទបរមនាថបរមបពិត្រ ជាម្ចាស់ជីវិតលើត្បូងទ្រង់ប្រជុំព្រះបរមរាជវង្សនុវង្សអង្គអគ្គមហាសេនាសេវកាមាត្យ ត្រាស់ប្រឹក្សាជា ដើម អំពីព្រះចៅក្រុងអណ្ណាមកុកស្រុកយួនបានកើតចម្បាំងនឹងចិន ហើយបានសូមខ្ចីស្រុកកោះក្របី ព្រៃនគរនៅសមហាត់ទាហាននោះ ឥឡូវចម្បាំងនោះក៏ស្ងាត់ហើយ។ ដូច្នេះគួរយើងតឿនទារយក មកវិញ។
សម្តេចព្រះទាវធីតារាជននីទ្រង់ឆ្លើយថាៈ ស្រុកព្រៃនគរមួយនេះ អ្នកសុំឱ្យយួននៅសំណាក់ អាស្រ័យគ្រាន់នឹងមករកអ្នកទម្រាំអ្នកអស់ជីវិត។ ឯខេត្តទាំង៥សម្រាប់ឡើងអ្នកនោះ ឱ្យអ្នកយកជា សម្រាប់ទ្រង់រាជ្យចុះ ទុកតែខេត្តព្រៃនគរមួយនេះ ឱ្យឡើងខ្លួនអ្នកតទៅ។(គឺថា ព្រះទាវធីតាសូមថ្វាយ សួយសម្រាប់ព្រះអង្គទាំង៥ខេត្តទៅឱ្យឃ្លាំងហ្លួង ទ្រង់ទុកសួយកោះក្របីព្រៃនគរមួយប៉ុណ្ណោះ ជា សម្រាប់ព្រះអង្គតទៅ)។ ទើបព្រះបរមនាថបរមបពិត្រជាម្ចាស់ជីវិតលើត្បូងទ្រង់ទញ់ទាល់ហើយ ក៏បង្អង់ ក៏បង្អង់សេចក្តីដែលនឹងត្រូវតឹងទារនោះរៀងមក…។
…ទំព័រ-៧៤៦…ទើបព្រះចៅក្រុងហ្វេជំនុំប្រឹក្សាព្រមនឹងសេនាបតី យល់ថា ពីដើមនគរយើងនេះ ជាចំណុះចុះចូលក្រុងកម្ពុជា។ ព្រះចៅក្រុងកម្ពុជាពុំដែលធ្វើឱ្យយើងហ្មងសៅក្តៅចិត្តដល់ម្តងណាសោះ ។ លុះក្រោយមកព្រះនគរយើងតាំងតែពីបានឯករាជមក លែងចំណុះក្រុងកម្ពុជាទៅ ក្រុងកម្ពុជាក៏នៅតែ ពុំដែលមកធ្វើអ្វីឱ្យយើងព្រួយចិត្តដែរ។ លុះមកដល់មកផែនដីព្រះស្រីសុរិយោពណ៌ ព្រះអង្គសុចរិត យុត្តិធម៌ទស្សពិតរាជធម៌ល្អណាស់ ព្រះអង្គឱ្យមកចងសម្ព័ន្ធមិត្តសុំយកព្រះអង្គចូវទៅផ្សំផ្គុំជាព្រះអគ្គ មហេសីសម្តេចព្រះជ័យជេដ្ឋា។ ព្រះអង្គទ្រង់មានព្រះរាជហឫទ័យស្មោះត្រង់ពិតប្រាកដណាស់ នឹងការ កិច្ចផែនដីនោះ។ យើងបានសុំខ្ចីស្រុកកោះក្របីព្រៃនគរនៅសំណាក់អាស្រ័យ ហើយយើងបានលើក ព្រះអង្គចូវឱ្យមានអំណាចទួទាំងនគរខ្មែរ។ សម្តេចព្រះជ័យជេដ្ឋាជាព្រះសុណិសាយើងក៏ទើសទាល់ នឹងយើង ពុំបានដែលតឿនទារទេលុះត្រាតែព្រះអង្គបានសុគតទៅ នៅឡើយតែព្រះអង្គចូវ។ យើងបាន តម្កល់តម្កើងព្រះអង្គចូវ ឱ្យមន្ត្រីយួននិងពលយួនទៅនៅក្នុងអំណាចព្រះអង្គចូវជាច្រើន។ ហេតុនេះ ហើយបានជាព្រះចៅក្រុងកម្ពុជាតៗមក មានក្តីបារម្ភកោតក្រែងព្រះអង្គចូវ ដែលបានឡើងទីជាសម្តេច ព្រះទាវធីតាមហាររាជជននីនោះ។ អាស្រ័យហេតុទាំងអស់នេះហើយ ទើបបានជាក្រុងកម្ពុជាធិបតីខាន តឹងទារស្រុកកោះក្របីព្រៃនគរដែលយើងបានខ្ចី រហូតមកដល់គ្រានេះ។ ឥឡូវនេះសម្តេចព្រះទាវធីតា មហារាជជននីមានទុក្ខធុរៈយ៉ាងនេះហើយ(ក្នុងព្រះនគរកើតចោរប្លន់) បើយើងមិនជួយយកអាសាផង ឃើញថាមិនបានជាដាច់ខាត។ ថាបើយើងមិនជួយក្នុងពេលនេះទេ មុខជាការអាក់ខាននេះនឹង បណ្តាលឱ្យទាបថោកដូចដែលបានពោលមកយ៉ាងនោះមែន ហើយតទៅ មុខជាព្រះចៅក្រុងកម្ពុជា ជាន់ក្រោយនេះ នឹងតឹងទារយកស្រុកកោះក្របីព្រៃនគរដែលយើងបានហើយនោះយកទៅវិញជាមិន ខាន ដើម្បីនឹងមិនឱ្យខាតខូចសត្យសញ្ញាឡើយ។ បើយើងជួយទៅ ហើយបានទំនងទំនួលល្អ ស្រុក លង់ហោ ផ្សាដែក មាត់ជ្រូកនោះ ក៏គង់តែនឹងបានមកយើងទៀត ដោយយើងមានបំណាច់សាគុណ មិនឱ្យយើងឯណានឹងបាន។ ខណៈនោះអស់សេនាបតីមន្ត្រីយួនក៏ជំនុំយល់ព្រម។ ទើបព្រះចៅក្រុងហ្វេ ចាត់ប្រើអុងភូបៀងជាមេទ័ព ចាត់ឱ្យអុងភូបៀងឃុំពល២.០០០នាក់ជាទ័ពមុខចុះទូកចម្បាំង លើកទាំង ទ័ពមុខព្រមទាំងទ័ពក្រោយមកដល់ភ្នំពេញ ហើយចូលទៅថ្វាយបង្គំគាល់សម្តេចព្រះទាវធីតាមហារាជ ជនី និងសម្តេចព្រះបរមរាជាអង្គសូ ហើយនិងសម្តេចព្រះឧទ័យសូរវង្សអង្គតន់។ ព្រះមហាក្សត្រទាំង បីអង្គទ្រង់ស្រុះស្រួលទទួលអុងភូបៀងនិងអុងភូដុក និងអងដោយ អុងកាយជាសេនាទាហានតាម ទំនៀម……។(នៅមានត)
(១)កំណត់អ្នកដកស្រង់យោងស្ថានភាពខ្មែរក្រោមបច្ចុប្បន្នៈ Kampuchea Krom
Status:Unrecognized Indigenous Group
Population:8,240,000
Capital City: Prey Nokor, later named Saigon/ Ho Chi Minh City
Area:89,000km²(inVietnam)
Language:Khmer
Religion: Theravada Buddhism
UNPO REPRESENTATION The Khmer Krom are represented at the UNPO by the Khmer Kampuchea-Krom Federation (KKF). They were admitted to the UNPO as a member in November of 2001.
ឯកសារប្រវត្តិសាស្ត្រ
ស្រាវជ្រាវដោយៈ សឺង សម្រេច
05-16-2011

.