ខេត្ត​ព្រះ​ត្រពាំង​បង្កើត​វត្ត​ថ្មី​ថែម​មួយទៀត​

April 7, 2017 8:09 AMComments Off on ខេត្ត​ព្រះ​ត្រពាំង​បង្កើត​វត្ត​ថ្មី​ថែម​មួយទៀត​Views: 294

​នៅ​ថ្ងៃទី ១១ ខែមេសា ខាង​មុង​នេះ គណៈ​មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង​នឹង​ប្រកាស​ជា​ផ្លូវ​ការបង្កើត​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​ថែម​មួយទៀត​ហើយ ដូច្នេះ មកដល់ពេលនេះ នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង នឹងមាន​ខ្មែរ​ឡើងដល់ ១៤៣ វត្ត ។ វត្ត​ដែល​គេ​ប្រុង​នឹង​ប្រកាស​បង្កើត​នោះ មាន​ឈ្មោះថា វត្ត​ជយ​នទី​រតនា​រាម (​អូរ​ក្ការ​) ឋិត​នៅក្នុង​ភូមិ​អូរ​ក្ដារ ស្រុក​កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង (ấp Ô Kà Dà xã Phước Hảo huyện Châu Thành tỉnh Trà Vinh) ដោយបាន​ប្ដូរ​ពី​សាលាឆទាន​ទៅជា​វត្ត​វិញ ។​

យោងតាម​លិខិតអញ្ជើញ​ចូលរួម​កម្មវិធី​ប្រកាស​បង្កើត​វត្ត​អូរ​ក្ដារ ដោយ​គណៈកម្មការ​ប្រតិបត្តិ​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង ដែល​យួន​ហៅថា ខេត្ត​ត្រា​វិញ នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម (Ban Trị Sự tỉnh Trà Vinh thuộc Giáo Hội Phật Giáo Việt Nam) ចុះ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧ ដោយ​ព្រះសង្ឃ​មហាយាន​យួន ព្រះតេជព្រះគុណ ថិ​ត ផឿក មិន (Thích Phước Minh) ជា​អនុប្រធាន​ប្រតិបត្តិ​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម បាន​បញ្ជាក់ថា ពិធី​ប្រកាស​ជា​ផ្លូវ​បង្កើត​វត្ត ជយ​នទី​រតនា​រាម (​អូរ​ក្ដារ​) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី ១១ ខែមេសា ឆ្នាំ ២០១៧ ចាប់ពី​ម៉ោង ១ និង ៣០ នាទី​រសៀល នៅ​សាលា ឆ​ទាន ភូមិ​អូរ​ក្ដារ ទី​ដែល​ប្រកាស​បង្កើត​វត្ត​ជយ​នទី​រតនា​រាម (​អូរ​ក្ដារ​) ។​

​យោងតាម​លិខិត​ដដែល​បាន​បញ្ជាក់ថា ពិធី​ប្រកាស​បង្កើត​វត្ត​ជា​ផ្លូវការ​នេះ​នេះ ដោយ​គេ​យោងទៅតាម​លិខិតអនុញ្ញាត​ចុះ​ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០១៧ នៃ​គណៈកម្មការ​ប្រជាជន​ខេត្ត​ព្រះ​ត្រពាំង និងសេចក្ដីសម្រេច ចុះ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៧ នៃ គណៈកម្មការ​ប្រតិបត្តិ​សង្ឃ​ខេត្ត​ត្រា​វិញ នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​អំ​ពី​ការបង្កើត​វត្ត​ជយ​នទី​រតនា​រាម (​អូរ​ក្ដារ​) ។ នៅក្នុង​លិខិត​នេះ ក៏មាន​ការអញ្ជើញ​ចំពោះ​មន្ត្រី​សង្ឃ​មហាយាន​ជា​ជនជាតិ​យួន​ថ្នាក់ស្រុក​និង​ខេត្ត​នៃ​សមាគម​ពុទ្ធសាសនា​វៀតណាម មន្ត្រី​សង្ឃ​ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង និង​ពុទ្ធបរិស័ទ​ដើម្បី​ចូលរួម​ពិធី​នេះ​ធ្វើជា​ផ្ញៀវកិត្តិយស ផងដែរ ។​

​សូមបញ្ជាក់ថា មុនពេល​ឈានដល់​ការបង្កើត​ទៅជា​វត្ត​ជយ​នទី​រតនា​រាម (​អូរ​ក្ដារ​) នេះ ទីនេះ​ធ្លាប់ជា​សាលាឆទាន​ធ្វើបុណ្យ សុន្ទរទាន​របស់​អ្នកភូមិ​អូរ​ក្ដារ​ជា​យូរ​មកហើយ ។ ដោយសារ​ទីនេះ​នៅ​ឆ្ងាយ​ពី​វត្ត​មួយចំនួន ដូចជា​វត្ត​កំពង់​ជ្រៃ វត្ត​ត្រោក​លិច វត្ត​ត្រោក​កើត និង វត្ត​ក្នុងស្រុក​ជាដើម ដែល​បណ្ដាល​ឲ្យ​ពុទ្ធបរិស័ទ​ពិបាកធ្វើ​ដំណើរ​ទៅ​វត្ត ទើប​ពួកគាត់​បាននាំគ្នា​សម្រេច​ធ្វើលិខិត​សុំ​ទៅ​រដ្ឋាភិបាល​វៀតណាម​ដើម្បី​បង្កើត​វត្ត​នេះ ។​

​នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​វត្ត​ខ្មែរ​ទាំងអស់​ចំនួន ១៤៣ វត្ត ក្នុងចំណោម​វត្ត​ខ្មែរ​ជិត ៥០០ នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ។ វត្ត​ដែល មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ដែនដី​កម្ពុជា​ក្រោម គឺ​វត្ត​ស​ប្បួរ​រង្សី ហៅ​វត្ត​សម្បួរ កសាងឡើង​ក្នុង​ពុទ្ធសករាជ ៩១៧ គ្រឹស សករាជ ៣៧៣ មកដល់ ឆ្នាំ ២០១៧ នេះ វត្ត​នេះ មាន​អាយុកាល ១៦៤៤ ឆ្នាំ ហើយ ។ បើ​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង របស់​យួន​បាន​ចូលមក​កាន់កាប់​ទឹកដី​ព្រៃនគរ នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន​បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម ក្រោយ​ខ្មែរក្រោម​កសាង​វត្ត​សម្បួរ​រង្សី ១៣១៦ ឆ្នាំ ។​

​នៅ​កម្ពុជា​ក្រោម វត្ត​អារាម​ជាឃ្លាំង ឬ​ជា​មជ្ឈមណ្ឌល​សម្រាប់​ផ្ទុក​នូវ​ព្រលឹង​ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស​រហូតមក​ដល់​សព្វថ្ងៃ ក្នុងនោះ ពុទ្ធសាសនា វប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្ត្រ និង​ស្មារតី ជាដើម ៕​

 

Comments are closed