ហេតុអ្វី​បានជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada ?

វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម

ចុចទាញយកឯកសារ PDF

ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែងបើកកិច្ចប្រជុំដំណាច់ឆ្នាំ ដើម្បីបូកសរុប ការងារ និងពិភាក្សាលើគម្រោងសម្រាប់ឆ្នាំថ្មី ។ កិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦ នេះ សហព័ន្ធ ខ្មែរកម្ពុជាក្រោម បានសម្រេចបើកកិច្ចប្រជុំ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ អាមេរិក នៅថ្ងៃទី ១៣-១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មកពីប្រទេសនានាទូទាំងពិភពលោក ។

kkf-meeting

ដោយសារតែ សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការឈរលើ គោលការណ៍ “ការងារជាក្រុម” (TEAMWORK) បានជាពេលសម្រេចរាល់កិច្ចការធំៗទាំង ឡាយ ត្រូវតែឆ្លងកាត់ការពិភាក្សាគ្នាជាមុនសិន ។ សម្រាប់ឆ្នាំនេះ គណៈកម្មការនាយកបាន បើកកិច្ចប្រជុំជាច្រើនលើកច្រើនសា ស្តីពីកិច្ចប្រជុំប្រចាំឆ្នាំនេះ ។ ទីបំផុត ក្នុងចំណោមគណៈ កម្មការនាយកទាំងអស់ ១៤ អង្គ និងរូប មានគណៈកម្មការនាយក ១៣ អង្គ និង រូប រួមទាំងទីប្រឹក្សា ២ រូបផង បានបោះឆ្នោតបដិសេធមិនទៅចូលរួមប្រជុំនៅទីក្រុង Atlanta រដ្ឋ ចរចា (Georgia) ដោយមូលហេតុបច្ចេកទេសនយោបាយ ។ ។

បន្ទាប់ពីគណៈកម្មការនាយកបដិសេធមិនទៅចូលរួមប្រជុំនៅ ទីក្រុង Atlanta រដ្ឋ ចរចា (Georgia) នោះ គណៈកម្មការនាយកទាំង ១៣ អង្គនិងរូប ព្រមទាំងឧត្តមទីប្រឹក្សា ២ រូប បានឯកភាពគ្នា ហើយសម្រេចជាផ្លូវការជ្រើសរើសយកទីក្រុង Las Vegas រដ្ឋ ណេវ៉ាដា (Nevada) ជាកន្លែងកិច្ចប្រជុំប្រចាំឆ្នាំវិញ ។ យោងតាម លិខិតនិមន្ត និងអញ្ជើញចូលរួមកិច្ច ប្រជុំដំណាច់ឆ្នាំរបស់អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វៀន ចុះថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបើកកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦ នៅថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបូកសរុប ការងារប្រចាំឆ្នាំ ដាក់ផែនការឆ្នាំថ្មី និងពិភាក្សាលើការងារមួយចំនួនទៀត ដូចជា ការពិភាក្សា និងពិនិត្យឡើង វិញលើបញ្ហា លក្ខន្តិកៈសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យបានត្រឹមត្រូវ ដើម្បីបោះពុម្ពជាផ្លូវការទុក សម្រាប់អនុវត្តយូរអង្វែងទៅអនាគត ការធ្វើបណ្ណសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម និង កិច្ចពិភាក្សាលើយុទ្ធសាស្ត្របញ្ជ្រាបនូវគំនិត “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” បញ្ចូលទៅក្នុងសតិអារម្មណ៍ពលរដ្ឋខ្មែរក្រោម នៅក្នុងស្រុកសព្វថ្ងៃ តាមរយៈបច្ចេកព័ត៌មានវិទ្យា ។

សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការជាតិកម្ពុជាក្រោមមួយ ធ្វើចលនាតស៊ូ ដោយអហិង្សាលើឆាកអន្តរជាតិ ដើម្បីទាមទារ “សិទ្ធិសម្រេចវាសសនាខ្លួនដោយខ្លួនឯង” ពីរបបគ្រប់គ្រងអាណានិគមយួន សព្វថ្ងៃ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានកើតឡើងជាងពីរ ទសវត្សរ៍មកហើយ ដោយអ្នកស្នេហាជាតិខ្មែរក្រោមនៅជុំវិញពិភពលោក ហើយបានទទួល ស្គាល់ពីអង្គការយូអិនភីអូ (UNPO) កាលពីឆ្នាំ ២០០១ និងបានចូលរួមប្រជុំនៅក្នុងវេទិកា អចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅបូរីញូវយ៉ក (New York) សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៤ រហូតមកទល់បច្ចុប្បន្ន ។ ក្រៅពីនោះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជួបមន្ត្រីជាន់ខ្ពស់នៃរដ្ឋសភា និងព្រឹទ្ធសភា សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការខាងសេរីភាពសាសនាអន្តរជាតិ និងខាងសិទិ្ធមនុស្សជា ញឹកញាប់ ជាពិសេស សហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកជន ភៀសខ្លួននៅទីក្រុងហ្សឺណែវ រួមទាំងមន្ត្រីការទូតជំនាញផ្នែកច្បាប់អន្តរជាតិជាច្រើនរូបទៀត ដើម្បីជម្រាបដល់មជ្ឈដ្ឋានអន្តរជាតិឲ្យបានជ្រាប អំពីបញ្ហារំលោភសិទ្ធិលើជនជាតិដើមខ្មែរ ក្រោមពីសំណាក់រដ្ឋាភិបាលយួននៅដែនដីកម្ពុជាក្រោម ។ ដោយសារសហព័ន្ធខ្មែរកម្ពុជា ក្រោម មាន បណ្ឌិត Joshua Cooper នាយកវិទ្យាស្ថានសិទ្ធិមនុស្សរដ្ឋហាវ៉ៃ ជាទីប្រឹក្សា ជាន់ខ្ពស់ខាងកិច្ចការបរទេស និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការនាយក និងសមាជិក សមាជិកាគ្រប់រូប បានធ្វើឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម មានឱកាសបានបង្ហាញវត្តមានរបស់ ខ្លួននៅលើឆាកអន្តរជាតិ និងទទួលបានជោគជ័យលើកិច្ចការតស៊ូមតិជាបន្តបន្ទាប់ ។

អាស្រ័យហេតុនេះ សូមជនរួមជាតិដែលជាសមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញ ពិភពលោក មេត្តានិមន្ត និង អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំឱ្យបានច្រើនកុះករ ដើម្បីរួមគ្នា ផ្ដល់នូវគំនិតថ្មី និងយុទ្ធសាស្ត្រល្អៗដល់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងការតស៊ូស្វែងសេរីភាព ជូនពលរដ្ឋខ្មែរក្រោមរបស់យើង ដែលកំពុងតែនៅក្រោមនឹមដែកអាណានិគមយួន សព្វថ្ងៃ ៕