ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម៖ វៀតណាម​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ទាំង​ផ្នែក​ពុទ្ធ​ចក្រ និង​អាណាចក្រ

May 5, 2017 2:31 AMComments Off on ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម៖ វៀតណាម​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ទាំង​ផ្នែក​ពុទ្ធ​ចក្រ និង​អាណាចក្រViews: 179

«យើង​ធ្វើ​ការ​តស៊ូ មក​ពី​មាន​បញ្ហា​ខាង​សិទ្ធិ​មនុស្ស បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​យួន​គ្រប់​ជំនាន់​ទាំង​អស់​រំលោភ​សិទ្ធិ ហើយ​នឹង​ធ្វើ​បាប​ ហេតុ​ដូច្នេះ យើង​ធ្វើ​ការ​តស៊ូ​នេះ ដើម្បី​សុំ​ឲ្យ​យួន​គោរព​សិទ្ធិ​ ការ​រស់​នៅ​តាម​ទំនៀម​ទម្លាប់​យើង​ជា​ជន​ជាតិ​ដើម​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម» ។

លោក ថាច់ វៀន ប្រធាន​ស​ហព័ន្ធ​ខ្មែរ​កម្ពុជា​​​ក្រោម​​ក្នុង​កម្មវិធី​​រំឭក ខួប​ ១០ ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​របស់​អង្គ​ការ​​សហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម នៅ​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទីក្រុង​ Philadelphia រដ្ឋ Pennslyvania សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃសៅរ៍ ទី២៩ ខែ​មេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

លោក ថាច់ វៀន ប្រធាន​ស​ហព័ន្ធ​ខ្មែរ​កម្ពុជា​​​ក្រោម​​ក្នុង​កម្មវិធី​​រំឭក ខួប​ ១០ ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​របស់​អង្គ​ការ​​សហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម នៅ​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទីក្រុង​ Philadelphia រដ្ឋ Pennslyvania សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃសៅរ៍ ទី២៩ ខែ​មេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ហ្វីឡាដែលហ្វៀ —ការ​រំលោភ​សិទ្ធិ​សេរីភាព ​ការ​រំលោភ​ដី​ធ្លី ​ការ​រឹត​ត្បិត​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​រៀន​ និង​បង្រៀន​ភាសាខ្មែរ ការ​លុប​បំបាត់​វប្បធម៌​ប្រពៃ​ណី​ និង​សាសនា ការ​បង្ក​អំពើ​ហិង្សា​លើ​រូប​រាង​កាយ ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​ការ​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ថា​ជា​ជនជាតិ​ដើម សុទ្ធ​សឹង​តែ​ជា​បញ្ហា​ប្រឈម​ ដែល​រដ្ឋាភិបាល​វៀតណាម​ ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​លើទឹក​ដី​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ចូល​រួម​ក្នុង​ពិធី​រំឭក ខួប​ ១០ ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​របស់​អង្គ​ការសហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម ដែល​បាន​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅ​ក្នុង​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក ​។​

បញ្ហា​ទាំងនេះជាដើម​ចម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ព្យាយាម​តស៊ូ រើ​បម្រះ ជាច្រើន​ទសវត្សរ៍​មក​ហើយ ដើម្បី​សេរីភាព​ ក្នុង​ការ​អនុវត្ត​សិទ្ធិក្នុង​ការ​រស់​រាន​មាន​ជីវិត សិទ្ធិ​ប្រើ​ប្រាស់​ភាសា សិទ្ធិ​អនុវត្ត​វប្បធម៌​ និង​សាសនា និង​សិទ្ធិ​ផ្សេងៗ​ទៀត ​ដែល​មាន​ចែង​ក្នុងសេចក្ដី​ប្រកាសរបស់​អង្គ​ការ​សហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ឆ្នាំ ២០០៧ កន្លង​ទៅ។ នេះ​បើ​តាម​សម្ដី​របស់​លោក លោក ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ។

លោក ថាច់ វៀន បាន​បញ្ជាក់​ប្រាប់​ VOA ថា៖​

«យើង​ធ្វើ​ការ​តស៊ូ មក​ពី​មាន​បញ្ហា​ខាង​សិទ្ធិ​មនុស្ស បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​យួន​គ្រប់​ជំនាន់​ទាំង​អស់​រំលោភ​សិទ្ធិ ហើយ​នឹង​ធ្វើ​បាប​ ហេតុ​ដូច្នេះ យើង​ធ្វើ​ការ​តស៊ូ​នេះ ដើម្បី​សុំ​ឲ្យ​យួន​គោរព​សិទ្ធិ​ ការ​រស់​នៅ​តាម​ទំនៀម​ទម្លាប់​យើង​ជា​ជន​ជាតិ​ដើម​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម»។​

លោក ឡាម ដន យុវជន​ខ្មែរ​ក្រោមម្នាក់​មក​ពី​ទីក្រុង Durham រដ្ឋ North Carolina បាន​លើក​ឡើង​ថា បញ្ហា​ដែល​យុវជន​ខ្មែរ​ក្រោមរស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោមប្រឈម​មុខ​ខ្លាំង​បំផុត ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គឺ​កង្វះ​ការ​អប់រំ និង​ឱកាស​ការ​ងារ ។

លោក ឡាម ដន បាន​និយាយ​ថា៖

«សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ បញ្ហា​ចម្បង​ដែល​ទាក់​ទង​នឹង​យុវជន​យើង​នៅ​កម្ពុជា​ក្រោម​គឺ​បញ្ហា​ការ​អប់រំ វិស័យ​អប់រំ យើង​គ្មាន​ឱកាស​គ្រប់​គ្រាន់» ។

លោក ដន បន្ថែម​ថា៖

«ដល់​ពេល​យើង​ចេញ​ពី​សាលា​រៀន​ហើយ ការងារ​យើង​មិន​អាច​ធ្វើ​ការ​បាន​ត្រូវ​ជំនាញ​ ពីព្រោះ​មាន​អំពើ​ពុក​រលួយ​ច្រើន។ បើ​យើង​គ្មាន​ខ្សែ​ជា​មួយ​រដ្ឋ ឬ​មិន​មាន​ Connection យើង​មិន​អាច​ចូល​បាន លុះ​ត្រា​យើង​មាន​លុយ​កាក់​ដាក់​ឲ្យ​គេ» ។

លោក ឡាម ដន យុវជនខ្មែរក្រោមមក​ពី​ទី​ក្រុង Durham រដ្ឋ North Carolina។ (សឿន វឌ្ឍនា/VOA)

លោក ឡាម ដន យុវជនខ្មែរក្រោមមក​ពី​ទី​ក្រុង Durham រដ្ឋ North Carolina។ (សឿន វឌ្ឍនា/VOA)

ចំណែក​នៅ​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​វិញ អាជ្ញាធរ​វៀតណាម ​បាន​ប្រើ​វិធី​សាស្ត្រ​បំបែក​សាមគ្គីភាព ឃ្លាំមើល និង​បំភិត​បំភ័យ​ ចៅ​អធិការ​ខ្មែរ​ក្រោម​ណា ដែល​មិន​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​អាជ្ញាធរ​វៀតណាម។ នេះ​បើ​តាម​សង្ឃ​ដីកា របស់​ព្រះ​តេជគុណ លី ចិន្តា ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ ដែល​ទើប​តែ​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នយោបាយ​ ពី​រដ្ឋាភិបាល​អាមេរិក​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៦ ។

ព្រះ​តេជ​គុណ លី ចិន្តា មាន​សង្ឃ​ដីកា​ថា៖

«ការ​សាមគ្គីភាព​រវាង​វត្ត និង​វត្ត​មិន​មាន​ការ​រលូន​ យួន​មាន​ដាក់​បញ្ជា​ និង​បង្គាប់​ទៅ​លើ​ចៅ​អធិការ​នីមួយៗ​ហ្នឹង ធ្វើ​ឲ្យ​មាន​ គេ​ហៅ​ថា បិទ​សិទ្ធិ ឬ​ក៏​ប្រើ​មនោគមន៍​វិជ្ជា​នយោបាយ សម្រាប់​ចៅ​អធិការ​នីមួយៗ មាន​ការ​ពិបាក​ក្នុង​ការ​ទាក់​ទង​គ្នា ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​រួម​គ្នា និង​ពិបាក​ផ្ដល់​ចំណេះ​ដឹង​ឲ្យ​គ្នា» ។

យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​វៀតណាម​មិន​មែន​មិន​ពេញចិត្ត​ជា​មួយ​នឹង​ចៅ​អធិការ​វត្ត​ខ្មែរ​ក្រោម​ទាំង​អស់​នោះ​ទេ។ ព្រះ​តេជគុណ លី​ ចិន្តា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​ចៅ​អធិការ​មួយ​ចំនួន​ ត្រូវ​បាន​គាំទ្រ​ដោយ​អាជ្ញាធរ​វៀតណាម។

«យួន​គាំ​ទ្រ ចំពោះ​ចៅ​អធិការ​ណា ដែល​មាន​ការ​គាំ​ទ្រ​បក្ស​កុម្មុយនិស្ត គាំ​ទ្រ​នយោបាយ​របស់​យួន។ យួន​គេ​ស្រឡាញ់ គេ​ពេញ​ចិត្ត ហើយ​គេ​ការ​ពារ​អង្គ​នោះ» ។

ព្រះ​តេជគុណ លី ចិន្តា ក្នុង​កម្មវិធីរលឹក ខួប​ ១០ ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​របស់​អង្គ​ការសហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម នៅ​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទីក្រុង​ Philadelphia រដ្ឋ Pennslyvania សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃសៅរ៍ ទី២៩ ខែ​មេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ព្រះ​តេជគុណ លី ចិន្តា ក្នុង​កម្មវិធីរលឹក ខួប​ ១០ ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​របស់​អង្គ​ការសហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម នៅ​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទីក្រុង​ Philadelphia រដ្ឋ Pennslyvania សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃសៅរ៍ ទី២៩ ខែ​មេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ក្រៅពី​ការ​បំបែក​បំបាក់​សាមគ្គីភាព និង​រឹត​ត្បិត​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ភាសា និង​វប្បធម៌​របស់​ខ្លួន អាជ្ញាធរ​វៀតណាម ក៏​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា និង​ចាប់​ឃុំ​ខ្លួន ជន​ណាល្មើស​នឹង​ការ​ហាម​ប្រាម​នេះ ។

ព្រះ​តេជ​គុណ យ៉ាញ់ ទោន ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទី​ក្រុង​ Philadelphia រដ្ឋ Pennslyvania ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ រយៈ​ពេល​ ៤​ ឆ្នាំ ដោយសារ​ព្រះ​តេជគុណ ដឹក​នាំ​ការ​តវ៉ា​ ដើម្បី​ទាមទារ​ការ​ឲ្យ​អាជ្ញាធរ​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ។

«ខ្ញុំករុណា អាត្មា កាល​ពី​ ថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ​ ២០០៧ ត្រូវ​បាន​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ ចាប់​ដាក់​ពន្ធនាគារ​ អស់​រយៈ​ពេល ៤ ឆ្នាំ ដោយ​សារ​ខ្ញុំ​ករុណា ដឹក​នាំ​ធ្វើ​ការ​តវ៉ា​ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​មនុស្ស»។

ហើយ​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដែល​រដ្ឋាភិបាល​វៀតណាម ​ប្រើ​ប្រាស់​ ដើម្បី​បំបែក​បំបាក់ និង​កៀប​សង្កត់​ខ្មែរ​ក្រោមនោះ ត្រូវ​បាន​ព្រះ​តេជគុណ យ៉ាញ់ ទោន​ បញ្ជាក់​ឲ្យ​ដឹង​ថា គឺ​ការ​ទិញ​ទឹក​ចិត្ត​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម ឲ្យ​ធ្វើ​ជា​រនុក​ក្នុង និង​រាយការណ៍​ព័ត៌មាន​ទាំងឡាយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ប្រាប់​អាជ្ញាធរ​វៀតណាម ។​

ព្រះ​តេជគុណ យ៉ាញ់ ទោន ក៏បានបញ្ជាក់​ដែរ​ថា មិន​មែន​តែ​ព្រះ​អង្គ​ទេ ដែល​ត្រូវ​អាជ្ញាធរ វៀតណាម​ចាប់​ឃុំ​ខ្លួន មាន​ព្រះសង្ឃ​អង្គ​ដទៃ​ទៀត ដែល​ខ្លះ​ត្រូវចាប់​ដាក់​ពន្ធនាគារ ហើយ​ខ្លះ​ទៀត​រង​នូវ​អំពើ​ហិង្សា​យ៉ាង​ដំណំ។ អំពើ​ហិង្សា​ដែល​មាន​ច្រើន​រូប​ភាព​ ដូច​ជា​ការ​ទាត់​ធាក់ ការ​វាយ​នឹង​ដំបង វាយ​ច្រក​បាវ និង​ប្រើ​ដំបង​ឆក់​ជា​ដើម ។

ព្រះ​តេជគុណ យ៉ាញ់ ទោន ក្នុង​កម្មវិធីរំឭក ខួប​ ១០ ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​របស់​អង្គ​ការសហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម នៅ​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទីក្រុង​ Philadelphia រដ្ឋ Pennslyvania សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃសៅរ៍ ទី២៩ ខែ​មេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ព្រះ​តេជគុណ យ៉ាញ់ ទោន ក្នុង​កម្មវិធីរំឭក ខួប​ ១០ ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​របស់​អង្គ​ការសហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម នៅ​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទីក្រុង​ Philadelphia រដ្ឋ Pennslyvania សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃសៅរ៍ ទី២៩ ខែ​មេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ចំពោះ​ករណី​រង​អំពើ​ហិង្សា ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នេះ ព្រះ​តេជគុណ លី ចិន្តា មាន​សង្ឃ​ដីកា ប្រាប់​ VOA ថា៖

«ហើយ​ក្នុង​នាម​អាត្មា​ហ្នឹង គឺ​ទទួល​នូវ​ការ​ធ្វើ​បាប វ៉ៃ​ច្រក​បាវ រហូត​ដល់​បាញ់​ដំបង​ឆក់។ យើង​ឃើញ​រូប​ភាព​ទាំង​អស់​នឹង វា​ដូច​ជា​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​លោក​អញ្ចឹង ក្នុង​ពេល​លោក​សង្ឃ អ្នក​កាន់​ពុទ្ធ​សាសនា ពុំ​មាន​អាវុធ គាត់​មាន​តែ​ធម៌​អារ្យ គាត់​មាន​តែ​សីល​ក្នុង​ខ្លួន ប៉ុន្តែ​អាជ្ញាធរ​យួន​ ហាក់​ដូច​ជា​ធ្វើ​ជ្រុល​ហួស​ហេតុ​ពេក​ហើយ»។

ក្រៅ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ពី​អាជ្ញាធរ​វៀតណាម ពលរដ្ឋ​វៀតណាម​ក៏​បង្ក​ការ​លំបាក និង​ព្យាយាម​រំលោភ​ដី​ធ្លី​ ដែល​ជា​កម្ម​សិទ្ធិ​របស់​វត្ត​ខ្មែរ​ក្រោម​ផង​ដែរ។ លោក ថាច់ វៀន ពន្យល់​ពី​ករណី រំលោភ​ដីធ្លី​នេះ​ថា៖ «ដំបូង​ឡើយ ពលរដ្ឋ​វៀតណាម​ មក​សុំ​ដី​វត្ត​មេពាំង ក្នុង​ខេត្ត​ព្រះ​ត្រពាំង ដែល​សព្វ​ថ្ងៃ​វៀតណាម​ដាក់ឈ្មោះ​ថា​ខេត្ត ត្រាវិញ រស់​នៅ​ នឹង​សន្យា​ថា​នឹង​មាត់​ថា នឹង​ចាក​ចេញ​វិញ ពេល​ណា​ដែល​វត្ត​ត្រូវ​ការ។ ប៉ុន្តែ​ក្នុង​រយៈពេល​ប្រមាណ ៧ឆ្នាំ គ្រួសារ​នោះ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ ប្លន់​យក​ដី​នោះ​តែ​ម្ដង»។

គួរ​បញ្ជាក់​ថា បើ​យោង​តាម​សៀវភៅ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​របស់​លោក ត្រឹង ​ងា អាណានិគម​បារាំង​បាន​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ឲ្យ​ទៅ​ប្រទេស​វៀតណាម​ក្នុងឆ្នាំ ១៩៤៩។ មានន័យថា ​គិត​ត្រឹម​ឆ្នាំ ២០១៧ នេះ ប្រទេស​វៀត​ណាម​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​អស់​រយៈ​ពេល​ប្រមាណ ៦៨ ឆ្នាំ​មក​ហើយ ៕ ​ ​VOA

Comments are closed