VOKK – សំឡេងកម្ពុជាក្រោម – វៀតណាមស្នើ លោក ហ៊ុន សែន ឲ្យជួយការពារជនជាតិយួន

វៀតណាមស្នើ លោក ហ៊ុន សែន ឲ្យជួយការពារជនជាតិយួន

July 29, 2017 4:52 AMComments Off on វៀតណាមស្នើ លោក ហ៊ុន សែន ឲ្យជួយការពារជនជាតិយួនViews: 48

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ

អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម លោក ង្វៀន ភូ ទ្រង់ បានធ្វើ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ កក្កដា តាម​ការអញ្ជើញម​របស់​ព្រះហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ។ នៅ​ថ្ងៃទី ២២ ខែកក្កដា លោក ង្វៀន ភូ ទ្រង់ បាន​ចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍ មិត្តភាព កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មេដឹកនាំ​យួន បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​ជួយ​ការពារ​ជនជាតិ​យួន​ដែល​កំពុង​រស់នៅ ក្នុង​ប្រ ទេស​កម្ពុជា សព្វថ្ងៃ ។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម (VNA) ចុះផ្សាយ​ថ្ងៃទី ២១ ខែកក្កដា បានសរសេរថា នៅ ក្នុង​កិច្ច​ជួបប្រជុំ នាទី​ស្តីការគណៈរដ្ឋមន្ត្រី​ខ្មែរ ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន និង អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម លោក ង្វៀន ភូ ទ្រង់ កាលពី​ថ្ងៃទី ២០ ខែកក្កដា លោក ង្វៀន ភូ ទ្រង់ បានស្នើ​ទៅ លោក ហ៊ុន សែន ឲ្យ​ជួយ​សហគមន៍​ជនជាតិ​យួន និង​អនុវត្ត​ភាពស្មើគ្នា​ចំពោះ​សហគមន៍​ជនជាតិ​យួន ដែល​រស់នៅ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​រីកចម្រើន​រប​ស់​ប្រទេស​កម្ពុជា ។​

ផ្ទុយ​ពី​មេដឹកនាំ​វៀតណាម ដែល​តែងតែ​ស្នើ​ភាគី​ប្រទេស​កម្ពុជា ឲ្យ​ការពារ​ជនអន្តោប្រវេសន៍​យួន ដែល​រស់នៅ​ខុសច្បាប់​ក្នុងស្រុក​ខ្មែរ គេ​មិនដែល​ឃើញ​មេដឹកនាំ​ខ្មែរ​ហ៊ាន​ចេញមុខ​ស្នើ​ទៅ​ភាគី​វៀត ណា​ម​ឲ្យ​ជួយ​ការពារ​ខ្មែរក្រោម ដែលជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ឡើយ ។​

​ស្រប​ពេលដែល​មេដឹកនាំ​ប្រទេស​វៀតណាម​បំពេញ​ទស្ស​កិច្ច​នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរក្រោម​រំឭក​ឡើង វិញ​តាមរយៈ Facebook នូវ​ញត្តិ​ដែល អង្គការ និង សមាគម​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា បាន​ផ្ញើ ទៅ​រដ្ឋាភិបាល​វៀតណាម​តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា ក្នុងឱកាស​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ទូទាំង ពិភពលោក​ប្រារព្ធ ទិវា ៤ មិថុនា ដែលជា​ខួប ៦៨ ឆ្នាំ នៃ​ថ្ងៃ​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​យួន​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។​

​នៅក្នុង​ខ្លឹមសារ​នៃ​ញត្តិ ដែល​អង្គការ និង សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀត ណា​ម កាលពី​ថ្ងៃទី ៥ ខែមិថុនា នោះ បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវតែ​បញ្ឈប់​នូវ​រាល់​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម​លើ​ខ្មែរក្រោម ដូចជា សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​បញ្ឈប់​រាល់​ការ​រឹតត្បិត​អំពី​ការសិក្សាអប់រំ ដូចជា​ការហាម​ប្រាម​មិន​ឲ្យ​សិក្សា​អំពី​ភូមិសាស្ត្រ ប្រវត្តិ សាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម ។ សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​រាល់​ការ​រឹបអូស ឬ ដកហូត​ដីធ្លី និង​ផ្ដល់​ឲ្យ​ខ្មែរក្រោម​មាន “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដើម្បី​ធ្វើ​សេចក្ដីសម្រេច អំពី​ឋានៈ នយោបាយ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់ខ្លួន​ដោយ​សេរី ស្របតាម​គោល ការណ៍​សិទ្ធិ​ជនជាតិដើម ។​

​មកដល់ពេលនេះ គេ​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ក្រសួងការបរទេស​កម្ពុ​ជា​នៅឡើយ ថា​តើ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ផ្ញើ​ញត្តិ​របស់​ខ្មែរក្រោម​ទៅ​រដ្ឋាភិបាល​វៀតណាម​ដែរឬទេ ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ វៀតណាម​បានផ្ដល់​ជំនួយ​ដល់​កម្ពុជា ចំនួន ២៥ លាន​ដុល្លារ សម្រាប់​សង់​អាគារ​រដ្ឋ​បាល​របស់​រដ្ឋ​សភាក​ម្ពុ​ជា ។​

ក្រៅពី​ផ្ដល់ជំនួយ​នេះ លោក ង្វៀន ភូ ទ្រង់ ក៏បាន​ស្នើសុំ​ឲ្យ​ប្រទេស​ទាំងពីរ​ជំរុញ​ការតភ្ជាប់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​តាមរយៈ​វិស័យ​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កើនឡើង​ដល់ ៥ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០២៥ ខាងមុខ ៕​

 

Comments are closed