អាជ្ញាធរ​យួន​កោះហៅ​យុវជន​ពាក់​អាវយឺត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​សួរចម្លើយ ជា​លើក​ទី ២

June 2, 2017 10:32 PMComments Off on អាជ្ញាធរ​យួន​កោះហៅ​យុវជន​ពាក់​អាវយឺត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​សួរចម្លើយ ជា​លើក​ទី ២Views: 328

​នៅវេលា​ម៉ោង ២ ថ្ងៃទី ២ មិថុនា នេះ អាជ្ញាធរ​យួន បាន​កោះហៅ​យុវជន​ខ្មែរក្រោម នៅឯ​ដែនដី​កម្ពុជា​ក្រោម ទៅ​សួរចម្លើយ ជា​លើក​ទី ២ បន្ទាប់ពី​យុវជន​រូបនោះ បាន​បោះពុម្ព និង​ពាក់​អាវយឺត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​កន្លងទៅ​ថ្មីៗ នេះ ។​

ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ក្រោយ​ចាក​ចេញពី​ការិយាល័យ​នគរបាល​ឃុំ​មេ​រង​ថ្មី ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង យុវជន តូ ហ្វា​ង​ចឿ​ង បាន​ឲ្យ​ដឹងថា លោក​ត្រូវបាន​ប្រធានការិយាល័យ​នគរបាល​សន្តិសុខ​ឃុំ​មេ​រង​ថ្មី ហៅ​ទៅ​សួរនាំ​ជា​លើក​ទី ២ នូវ​រឿងរ៉ាវ​មួយចំនួន​ដែល​ទាក់ទង នឹង​ការបោះពុម្ព​អាវយឺត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

សូម​ស្ដាប់​ប្រសាសន៍​លោក តូ ហ្វា​ង​ចឿ​ង រៀបរាប់​ជុំវិញ​ការកោះហៅ​ទៅ​សួរចម្លើយ​លើក​ទី ២ តាម​ការសាកសួរ​រប​ស់ លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដូចតទៅ ៖

​គួរ​បញ្ជាក់ថា រូប​សញ្ញា (Logo) ដែល​បាន​រចនា និង​ផលិត​ដោយ​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក ដែល​ក្រុមយុវជន​នៅ​ភូមិ​មេ​រង​ថ្មី​យកទៅ​បោះពុម្ព ហើយ​បាន​ចែកចាយ​គ្នា​ពាក់​ជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ កាលពី​កន្លងទៅ​ថ្មីៗ នោះ គឺមាន​រូប​ដៃ​ទ្រ​ព្រះវិហារ រូប​រាហូ​ចាប់​ចន្ទ ដែលជា​សញ្ញា​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​អក្សរ “​ខ្មែរក្រោម​” ទាំង​ភាសា​អង់គ្លេស​-​ខ្មែរ និង​មាន​អាយ​ដ្ឋា​ន​គេ​ទំព័រ​របស់​គណៈកម្មាធិកា​រ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម kkfyc.org ហើយ នឹងមាន​អក្សរ​អង់គ្លេស​មួយ​ឃ្លា ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​អត្តសញ្ញាណ​ខ្មែរក្រោម តាមរយៈ​ការអនុវត្ត​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” ។ អាវយឺត​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បោះពុម្ព​សម្រាប់​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ២៩ និង ៣០ ខែមេសា ឆ្នាំ ២០១៧ នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បី​រំឭក​ដល់​ខួប ១០ ឆ្នាំ ថ្ងៃ​ដែល​អង្គការសហប្រជាជាតិ​បាន​អនុមតិ​សេចក្ដីប្រកាស​ជាស​កល នៃ​អង្គការសហប្រជាជាតិ​ស្ដី​សិទ្ធិ​ជនជាតិដើម (UNDRIP) និង​នៅក្នុង​ឱកាស​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ថ្លែងការណ៍ រយៈពេល ២ សប្ដាហ៍ នៅក្នុង​មហាសន្និបាត​លើក ១៦ នៃ​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការ​សហ​ប្រជា ជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ។​

Comments are closed