អាជ្ញាធរ​យួន​កោះហៅ​ក្រុមយុវជន​ពាក់​អាវយឺត​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​សួរចម្លើយ​

May 26, 2017 5:51 PMComments Off on អាជ្ញាធរ​យួន​កោះហៅ​ក្រុមយុវជន​ពាក់​អាវយឺត​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​សួរចម្លើយ​Views: 450

ដោយ ស៊ឺន ចែងចើន| VOKK

​អាជ្ញាធរ​យួន បានចេញ​លិខិត​កោះហៅ​យុវជន​ខ្មែរក្រោម​មួយក្រុម នៅ​ដែនដី​កម្ពុជា​ក្រោម ទៅ​សួរចម្លើយ បន្ទាប់ពី​ពួកគេ​បាន​យក​រូប​សញ្ញា (Logo) ដែល​បាន​រចនា និង​ផលិត​ដោយ​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក ទៅ​បោះពុម្ព ហើយ​បាន​ចែកចាយ​គ្នា​ពាក់​ជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ កាលពី​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ ។​

ក្រុមយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ពាក់អាវយឺតខ្មែរក្រោម ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ។

ក្រុមយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ពាក់អាវយឺតខ្មែរក្រោម ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ។

យោងតាម​លិខិត​កោះហៅ​មួយច្បាប់ ដែល​បង្គាប់​ឲ្យ​សាមីខ្លួន​ទៅ​ជួប​ប្រធានការិយាល័យ​នគរបាល​សន្តិសុខ ស្រុក​ផ្នោ​ដាច់ លោក សឺ​ង ថា​ញ់​បុត្រ នៅវេលា​ម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី ២៦ ឧសភា ២០១៧ នៅ​ការិយាល័យ​នគរបាល​ឃុំ​មេ​រង​ថ្មី ដើម្បី​សួរនាំ​នូវ​រឿងរ៉ាវ​មួយចំនួន​ដែល​ទាក់​ទាង នឹង​សាមីខ្លួន ។​

លិខិតកោះហៅរបស់អាជ្ញាធរយួន ។

លិខិតកោះហៅរបស់អាជ្ញាធរយួន ។

​យុវជន​ខ្មែរក្រោម​មួយក្រុម មាន​គ្នា ៤ ទៅ ៥ នាក់ ដែល​រង​ការហៅ​ទៅ​សួរនាំ​នោះ បាននាំគ្នា​ពាក់​អាវយឺត​បង្ហាញ​ពី​អត្តសញ្ញាណ «​ខ្មែរក្រោម​» ទៅតាម​ការកោះហៅ​របស់​អាជ្ញាធរ តាម​កាលកំណត់​ផងដែរ ។ នេះ​ជាការ​លើកឡើង​របស់​នា​ង សឺ​ន ស្រី ណែ​ត បញ្ជាក់ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម តាម​ទូរស័ព្ទ ។

យុវជន​ខ្មែរក្រោម​ពាក់​អាវយឺត​បង្ហាញ​ពី​អត្តសញ្ញាណ «​ខ្មែរក្រោម​» មកដល់ការិយាល័យនគរបាលឃុំមេរងថ្មី

យុវជន​ខ្មែរក្រោម​ពាក់​អាវយឺត​បង្ហាញ​ពី​អត្តសញ្ញាណ «​ខ្មែរក្រោម​» មកដល់ការិយាល័យនគរបាលឃុំមេរងថ្មី

នាង សឺ​ន ស្រី ណែ​ត ដែល​ត្រូវបាន​គេ​ស្គាល់​ទូទៅ​តាមរយៈ​សកម្មភាព​របស់​នាង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជា​សកម្មជន​ប្រឆាំង​តវ៉ា​ទៅ​អាជ្ញាធរ​វៀតណាម រឿង​រមណីយដ្ឋាន​ស្រះ​គូ ដែល​ត្រូវ​គោក នាពេល​កន្លងមក បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ពី​ដែនដី​កម្ពុជា​ក្រោមមក​ថា នាង និង​យុវជន​ខ្មែរក្រោម​ដែល​ត្រូវបាន​ហៅ​ទៅ​សួរ​នោះ បាន​ទៅដល់​ការិយាល័យ​នគរបាល​ឃុំ​មេ​រង​ថ្មី តាម​ការកោះហៅ​របស់​អា​ជ្ញា​ធរ​យួន ។

នាង​ស្រី ណែ​ត បាន​បញ្ជាក់ថា ភ្នាក់ងារ​អាជ្ញាធរ​យួន កំពុង​សួរចម្លើយ​ក្រុមយុវជន​អំពី​រឿង​បោះពុម្ព និង​ពាក់​អាវយឺត​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅឡើយ ខណៈ​នាង និង​មិត្តភក្តិ​របស់​នាង​ម្នាក់ទៀត ដែល​ទៅ​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុម​យុវ​ជ​នោះ ត្រូវបាន​សន្តិសុខ​យាម​នៅ​ច្រកចូល​ការិយាល័យ​នគរបាល​បណ្តេញចេញ​មិន​ឲ្យ​ចូលរួម​ស្តាប់​ការសាកសួរ​នោះទេ ដោយ​លើក​ហេតុផល​ថា នាង​គ្មានលិខិតអញ្ជើញ ។

នាង សឺ​ន ស្រី​ណែ​ត និងមិត្តភក្តិរបស់នាង ពាក់អាយឺតសហព័ន្ធខ្មែរកម្ពុជាក្រោម​ នៅរមណីយដ្ឋាន​ស្រះ​គូ

នាង សឺ​ន ស្រី​ណែ​ត និងមិត្តភក្តិរបស់នាង ពាក់អាយឺតសហព័ន្ធខ្មែរកម្ពុជាក្រោម​ នៅរមណីយដ្ឋាន​ស្រះ​គូ

សូម​ស្ដាប់ នាង សឺ​ន ស្រី​ណែ​ត តាម​ការសាកសួរ​រប​ស់ លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ជុំវិញ​រឿងនេះ ដូចតទៅ ៖

ជុំវិញ​បញ្ហា​នេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង​ទៅ​តំណាង​ក្រុមយុវជន​ដែល​រង​ការ​ចោទសួរ​នោះ ប៉ុន្តែ​មិន​ទទួលបាន​ការឆ្លើយតប​ណាមួយ​តាម​ទូរស័ព្ទ​ឡើយ (​មិនអាច​ទាក់ទង​បាន​) ។​

ប៉ុន្តែ នៅមុន​មួយថ្ងៃ ដែល​ត្រូវ​អាជ្ញាធរ​យួន​ហៅ​ទៅ​សួរនាំ តំណាង​ក្រុមយុវជន​ខ្មែរក្រោម​មួយរូប លោក ថាច់ ហ្វា​ង​ចឿ​ង បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​កម្ពុជា​ថា លោក និង​ក្រុម​របស់លោក​គ្មាន​ការរារែក​ខ្លាចរអារ​ក្នុងការ​ស្លៀកពាក់​ឡើយ ព្រោះថា​នេះ ជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់រូប ដែល​ពួកគេ​មាន​សិទ្ធិ​ពាក់​ឯកសណ្ឋាន​ណាមួយ តំណាង​ឲ្យ​ជនជាតិដើម​របស់​ពួកគេ ។​​

យ៉ាងណាក៏ដោយ នៅ​ម៉ោង​ជិត ៤ រសៀល ថ្ងៃ​ដដែល​នេះ នាង ស្រី​ណែ​ត បញ្ជាក់​ប្រាប់ថា អាជ្ញាធរ​យួន​បាន​ចោទ ក្រុមយុវជន​ខ្មែរក្រោម​នោះ​ថា សកម្មភាព​ពាក់អាវ​យឺត​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ជាការ​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម ។ ប៉ុន្តែ ពួកគេ​មិន​ត្រូវបាន​ចាប់ឃុំខ្លួន​នោះទេ ដោយ​អាជ្ញាធរ​យួន​គ្រាន់តែ​គំរាម​គំហែង និង​មិន​ឲ្យ​បន្ត​ពាក់អាវ​យឺត​នេះ​ទៀត​ប៉ុណ្ណោះ ។​

​ទាក់ទិន នឹង​អាជ្ញាធរ​យួន ដែល​ចោទ​ពលរដ្ឋ​ខ្មែរក្រោម ឬ​សកម្មជន​ខ្មែរក្រោម ចូលរួម​សកម្មភាព​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​តែងតែ​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម​នោះ ។ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា លោក តាំង សារៈ កន្លងមក​ធ្លាប់បាន​ប្រតិកម្ម​ដោយ​ច្រានចោល​ការចោទប្រកាន់​នេះ ។ លោក​ថា ការចោទប្រកាន់​ណាមួយ​មកលើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​សិទ្ធិ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម ។ ប៉ុន្តែ គោលការណ៍​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរក្រោម​របស់ខ្លួន នៅពេល​រង​ការរំលោភ​សិទ្ធិ​នានា ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ជាពិសេស​ប្រឆាំង​ដាច់ខាត ចំពោះ​នយោបាយ​បំបាត់​ពូជសាសន៍​គ្រប់​រូបភាព មកលើ​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅលើ​ដែនដី​កម្ពុជា​ក្រោម ។​

​អាជ្ញាធរ​យួន​ជា​ញឹកញយ​តែងតែ​កោះហៅ និង​មកដល់​វត្ត និង​ផ្ទះ ដើម្បី​សួរចម្លើយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​សកម្មភាព​ទាំងនេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ចាត់ទុកថា ជាការ​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​ក្នុងការ​រស់នៅ​របស់​ពួកគេ​យ៉ាងខ្លាំង ។​

​ត្រង់ចំណុច​នេះ លោក តាំង សារៈ បញ្ជាក់ថា នេះ​ជាការ​រំលោភសិទ្ធិ​ជា​ទម្ងន់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម មកលើ​ពលរដ្ឋ​ខ្មែរក្រោម និង​រំលោភ​ទៅលើ «​គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​សិទ្ធិ​ជនជាតិដើម​» ដែល​បានអនុម័ត និង​ការប្រកាស​នូវ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិ​ទាំងនោះ ។ យ៉ាងណាក៏ដោយ លោក​ពន្យល់ថា វា​ពិបាក​សម្រាប់​ការ អនុវត្តន៍​សិទ្ធិ​ទាំងនេះ​ឲ្យ​ពេញលេញ ទៅលើ​បណ្តា​ប្រទេស​ដែល​ប្រកាន់យក​របប់​កុ​ម្មុយ​និ​ស្ត ដូចជា​ប្រទេស​វៀតណាម  ៖

លោក តាំង សារៈ បាន​អំពាវនាវ​ដល់​ដ្ឋា​ភិ​បាល​ប្រទេស​នានា ឲ្យ​ដាក់ទណ្ឌកម្ម ឬ​ប្រើ​នូវ​មធ្យោបាយ​ការទូត ដើម្បី​ដាក់​សម្ពាធ និង​ជម្រុញ​ឲ្យ​ប្រទេស​វៀតណាម ត្រូវតែ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ឲ្យ​មាន​ប្រសិទ្ធិភាព និង​ពេញលេញ ស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្ដរជាតិ ដែល​វៀតណាម ជា​សា​មា​ជិ​ក​ហត្ថា​លេ​ខី​មួយ​ផងដែរ​នោះ ។​

​បន្ទាប់ពី​បារាំង​បាន​ផ្ទេរ​ដែនដី កម្ពុជា​ក្រោម ឬ​ដែនដី​កូស័ងស៊ីន​ទៅ​ឲ្យ​វៀតណាម​បន្តធ្វើ​អាណានិគម​លើ​ពល រដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក សិទ្ធិសេរីភាព​របស់​ជ​ន​ជាតិ​ខ្មែរក្រោម ត្រូវ​រដ្ឋាភិបាល​យួន​រំលោភបំពាន​ជា​បន្តបន្ទាប់ ក្នុងនោះ មាន​ការចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ដាក់ពន្ធនាគារ​ពីបទ​ប្រឆាំង​រដ្ឋាភិបាល​ជាដើម ៕

Comments are closed