VOKK – សំឡេងកម្ពុជាក្រោម – ជំនោរសេរីភាព

ជំនោរសេរីភាព

July 7, 2016 10:54 AMComments Off on ជំនោរសេរីភាពViews: 124

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មានព្រៃនគរ

ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៦ នេះ ជា​ថ្ងៃ​បុណ្យជាតិ​កត់សម្គាល់​កំ​ណើ​តរបស់​សហរដ្ឋអាមេរិក កាលពី ២៤០ ឆ្នាំ មុននេះ ដែល​សហរដ្ឋអាមេរិក​បាន​ប្រាស​ឯករាជ្យ​របស់​ប្រទេស​ខ្លួន​ពី​ប្រទេស​អង់គ្លេស ។ នៅក្នុង​ថ្ងៃនេះ រដ្ឋាភិបាល និង​ពលរដ្ឋ​អាមេរិកាំង បាន​អបអរ “​ទិវា​ឯករាជ្យ​របស់ខ្លួន​” ដោយមាន​ការបាញ់​កាំជ្រួច​អបអរសាទរ និង​ការ​អាំង​សាច់​នៅ​ទីធ្លា​ក្រោយ​ផ្ទះ គឺជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង គិតពិចារណា​លើ​តម្លៃ​នៃ​ឯករាជ្យភាព និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល ។ តម្លៃ​នៃ​ឯករាជ្យភាព​របស់​សហ​រដ្ឋ​អាមេរិក មិន​ត្រឹមតែ​បានធ្វើ​ឲ្យ​ប្រទេសមួយ​នេះ​មាន​ភាព​រីកចម្រើន​រុងរឿង មាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ដ៏​កំពូល​ក្នុង​លោក តែ ប៉ុណ្ណោះ​ទេ វា​បានរួម​ចំណែក​ដល់​ការ​ជម្រុញ​ឲ្យ​មាន​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅ​ជុំវិញ​ពិភពលោក ផងដែរ ។ ក្រោយមក “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិកបាន​បំផុស គំនិត​ឲ្យ​បង្កើតជា​សេចក្ដីប្រកាស ដ៏​ល្បី​ក្នុង​ដំណើរ​ស្វែងរក​សេរីភាព​របស់​មនុស្ស​ជាច្រើន ដូចជា របស់ Martin Luther King Jr. និង Abraham Lincoln ។ សេចក្ដីប្រកាស​នេះ ក៏បាន​ជះឥទ្ធិពល​ទៅលើ “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​ប្រទេស មួយចំនួន​ក្នុង ពិភពលោក ក្នុងនោះ មាន​ប្រទេស​វៀតណាម និង ឆិ​ម​បា​វ៉េ (Zimbabwe) ជាដើម ។ សម្រាប់​ខ្មែរក្រោម នៅ ដែនដី​កម្ពុជា​ក្រោម​វិញ​មានឱកាស​បានទទួល​ភាព​លម្ហើយ​ដែល​កើតចេញពី​ជំនោរ​សេរីភាព​ទាំងនោះ​ដែរឬទេ ខណៈ ដែល “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​ប្រទេស​វៀតណាម​បាន​ចម្លង​តាម​គំនិត​របស់​សហរដ្ឋអាមេរិក​ដែរនោះ ។​

13599527_1737836343145394_784590090_n

ថ្ងៃទី ៤ ខែកក្កដា កាលពី​ឆ្នាំ ១៧៧៦ បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក បាន​ផ្លាស់ប្តូរ​ប្រ​វ​តិ្ត​សាស្ត្រ ដោយ​បង្កើត​រដ្ឋ​ថ្មី ដែល​កើតចេញពី​ជំនឿ​ជឿជាក់​លើ​សេរីភាព និង​គោល​គំនិត «​មនុស្ស​ទាំងអស់​កើតមក​ស្មើភាព​គ្នា ធម្មជាតិ​បានផ្តល់​សិ​ទិ្ធ​ជា​មូលដ្ឋាន​ដល់​មនុស្ស​ដែល​មិនអាច​ប៉ះពាល់​បាន សិទ្ធិ​ទាំងនោះ ដូចជា សិ​ទិ្ធ​រស់រានមានជីវិត សេរី ភាព និង​សិ​ទិ្ធ​ស្វែងរក​សុភមង្គល​» ។ គោលការណ៍​ទាំងនេះ បាន​ដឹកនាំ​សហរដ្ឋអាមេរិក​ឲ្យ​ទទួលបាន​ឥស្សរភាព ពី​ប្រទេស​អង់គ្លេស ហើយ​ទ្រទ្រង់​សហរដ្ឋអាមេរិក​ឲ្យ​បាន​ក្លាយជា​ពន្លឺភ្លើង​នៃ​ក្តីសង្ឃឹម​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ទាំងអស់​ឲ្យ​ទទួលបាន​ភាពថ្លៃថ្នូ​ក្នុង​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ រហូតមក​សព្វថ្ងៃ ។ ពន្លឺភ្លើង​នោះ បាន​នឹង កំពុង បន្ត​បញ្ចេញ​រស្មី​យ៉ាង​ភ្លឺ​ត្រចះត្រចង់​ទៅក្នុង​ប្រទេស​នានា​ទូទាំង​ពិភពលោក ។​

តម្លៃ​នៃ “​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក ដែល​ពលរដ្ឋ​អាមេរិកកាំង​ទទួលបាន​ថ្ងៃនេះ វា​កើតឡើង​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​មួយ​ត្រូវបាន​គេ​ចងចាំ​ថា មិនមែនជា​មាគ៌ា​រលូន និង ងាយស្រួល​ទេ ។ ប៉ុន្តែ ការរក្សា និង​ការពារ “​ឯករាជ្យ​” ដែលបានមក​ហើយ​នោះ រិត​តែ​ពិបាក​ជាងនេះទៅទៀត ។ ដូចដែល​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​បានបង្ហាញ​ឲ្យ​ឃើញស្រាប់​ហើយ ការធានា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដែល​កើតចេញពី “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក​នោះ មិនមែន​ជាការ​ស្រួល​ទេ វា​ទាមទារ​ឲ្យ​មានការ​ប្តេជ្ញាចិត្ត និង​ការខិតខំ​ច្រើន​ទាំងពី​សំណាក់​អ្នកដឹកនាំ ទាំងពី​សំណាក់​ប្រជាជន ។ គោលជំហរ​ទាំងនេះហើយ ទើប​អាចធ្វើ​ឲ្យ​សហរដ្ឋអាមេរិក បាន ក្លាយជា​អរិយ​ប្រទេស និង​បានបង្ហាញ​ដល់​ពិភពលោក​ថា វា​ពិតជា​អាចបង្កើត និង​រក្សា​ស្ថាប័ន​ប្រជាធិបតេយ្យ​រឹងមាំ លើកកម្ពស់​សេរីភាព និង​បាន​ផ្ដល់ឱកាស​សម្រាប់​ម​នុស្ស​គ្រប់គ្នា​ក្នុង​ពិភពលោក ។​

សម្រាប់​ប្រទេស​វៀតណាម​វិញ ហូ ជី មិញ បានប្រកាស “​សេចក្ដីប្រកាស​ឯករាជ្យ​” នៅ​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅ​ទីក្រុង​ហាណូយ ដើម្បី​ប្រកាស​ប្រកាស​ឯករាជ្យ​ចេញពី​អាណានិគម​បារាំង ហើយ​បង្កើត​ប្រទេស​ថ្មី​មួយ ។ “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​ប្រទេស​វៀតណាម ត្រូវបាន​គេ​មើលឃើញថា វា​បានទទួល​ឥទ្ធិពល ពី​សហរដ្ឋ អាមេរិក ។  អ្វីដែល​គេ​មើលឃើញ​នោះ គឺ​នៅក្នុង “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​វៀតណាម​បាន​ចែងថា «​មនុស្ស​ទាំងអស់​កើតមក​ស្មើភាព​គ្នា ធម្មជាតិ​បានផ្តល់​សិ​ទិ្ធ​ជា​មូលដ្ឋាន​ដល់​មនុស្ស​ដែល​មិនអាច​ប៉ះពាល់​បាន សិទ្ធិ​ទាំង នោះ ដូចជា   សិ​ទិ្ធ​រស់រានមានជីវិត សេរីភាព និង សិ​ទិ្ធ​ស្វែងរក​សុភមង្គល ។ សម្ដី​អមតៈ នៅក្នុង “​សេចក្ដីប្រកាស ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក កាលពី ឆ្នាំ ១៧៧៦ នោះ មានន័យ​ទូលំទូលាយ​ណាស់ ឃ្លា​នេះ​មានន័យថា ជនជាតិ​ទាំងអស់​ក្នុង​ពិភពលោក កើតមក​មាន​សិទ្ធិ​ស្មើគ្នា ជនជាតិ​ណា​ក៏មាន​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួល បាន​ភាពសប្បាយ​រីករាយ និង​សេរីភាព​» ។ ៣២ ឆ្នាំ​ក្រោយមក បន្ទាប់​វៀតណាម​ប្រកាស “​សេចក្ដីប្រកាស​ឯករាជ្យ​” នេះ នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ ក្រុម ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានទទួល​ស្គាល់​ប្រទេស​វៀត ណា​ម​ជា​សមាជិក​ទី ១៤៩ របស់​អង្គការសហប្រជាជាតិ ។ កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញថា ជនជាតិ​យួន​បានក្លាយ ជា​ប្រជាជាតិ​មួយ​ដែលមាន​ប្រទេស មាន​ឯករាជ្យ និង​សេរីភាព ដូចជា​ជនជាតិ​នានា​ក្នុង​ពិភពលោក​ដែរ តែ​វា​មិន មែន​ជា​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុងតែ​រស់ នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ នោះទេ ។​

ប្រាកដ​ណាស់ ពលរដ្ឋ​ខ្មែរក្រោម​រាល់ថ្ងៃ ជា​មនុស្ស​មួយក្រុម​ដែល​អង្គការសហប្រជាជាតិ​ចាត់ទុកថា ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ហើយ​ត្រូវបាន​គាំពារ​ដោយ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ ជនជាតិដើម ថា “​ជនជាតិដើម​គ្រប់រូប​មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ។ ប៉ុន្តែ​អ្វីៗ​ទាំងអស់​វា​ផ្ទុយ​ពី នេះ ដោយមាន​សេចក្ដីរាយការណ៍​ជា​ហូរ​ហែម​កថា ខ្មែរក្រោម​រង​ការធ្វើ​ទុក​ម្នេញ​គ្រប់ពេល​ពី​សំណាក់​រដ្ឋាភិបាល​វៀត ណា​ម​ដែល​កើតចេញពី​គំនិត​ប្រកាន់ពូជសាសន៍ ហើយ​ឈានទៅ​អនុវត្ត​នូវ​គោលនយោបាយ​រំលាយ​ពូជសាសន៍ ខ្មែរក្រោម និង​លុបបំបាត់​ប្រវត្តិ​សា​ស្រ​នៃ​ដែនដី​កម្ពុជា​ក្រោម ទៀតផង ។ ម្យ៉ាងទៀត រដ្ឋាភិបាលវៀតណាមតែង តែបដិសេធរាល់លើកនៅក្នុងអង្គការសហប្រជាជាតិនូវឋានៈជាជនជាតិដើមរបស់ខ្មែរក្រោម  ខណៈ ដែលអង្គការសហប្រជាជាតិបានទទួលស្គាល់យ៉ាងណាក៏ដោយ ។ កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ រដ្ឋាភិបាល​វៀតណាម​ចាប់​ព្រះសង្ឃ​វត្ត​សេរី​តាសេក​ពីរ​អង្គ និង​អ្នកភូមិ ២ រូប ដាក់គុក​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ពីបទ​ទាក់ទង​នឹង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅក្រៅ​ប្រទេស និង ពីបទ “​រត់​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” ។ ក្រៅពីនេះ បាន​ផ្តន្ទាទោស​អ្នកភូមិ​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ៥ រូប​ទៀត​ឲ្យ​ជាប់ គុក​ពី ១០ ខែ​ទៅ ២ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ ទី​សាធ​រណៈ​” ដោយ​គ្រាន់តែ​អ្នក​ទាំងនេះ បាន​ទូងស្គរ​ក្នុង​វត្ត​ដើម្បី​ជំទាស់​នឹង​ការដែល​អាជ្ញាធរ​វៀតណាម​បាន​ចូលមក​វត្ត ​ចាប់​ព្រះសង្ឃតែ   ប៉ុណ្ណោះ ។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ពិធីបុណ្យ ចូលឆ្នាំ​របស់​ជនជាតិ​យួន រដ្ឋាភិបាល​បាន​វៀតណាម​បានអនុញ្ញាត​ឲ្យ​ជនជាតិ​យួន​ឈប់សម្រាក់​កន្លះ​ខែ​រៀង រាល់ឆ្នាំ ដែល​វា​ផ្ទុយ​ពី​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម វៀតណាម​មិនបាន​អនុញ្ញាត​ឲ្យ​ពួកគេ​ឈប់សម្រាក់​ដើម្បី បាន​អបអរ​ពិធី​បុណ្យជាតិ​របស់ខ្លួន​ឡើយ ។ ឈ្មោះ​ភូមិ​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម​ជា​ភាសា​ខ្មែរ ត្រូវបាន​រដ្ឋា ភិ​បាល​យួន​លុបបំបាត់​ដោយ​ប្ដូរ​ឈ្មោះ​ទៅជា​ភាសា​យួន​អស់​គ្មាន​សល់ ហើយ​អ្នក​ដែល​ហ៊ាន​និយាយ​ពី​ប្រវត្តិកម្ពុជា​ក្រោម និង​និយាយ​ឈ្មោះ​ភូមិ​ស្ត្រ​ដែនដី​កម្ពុជា​ក្រោម​ជា​ភាសា​ខ្មែរ នឹងត្រូវ​រដ្ឋាភិបាល​ចាត់ទុកថា ជា​អ្នក​ប្រឆាំង ហើយ​ចាប់​ដាកគុក​ជាមិនខាន ។ នេះ​គ្រាន់តែ​លើកយក​ចំណុច​តូច​មួយ​មក​និយាយ​តែប៉ុណ្ណោះ ក៏​ល្មម​សរ បញ្ជាក់​ឲ្យ​ឃើញថា ជីវិត​ខ្មែរក្រោម​រស់នៅ​ក្រោម​នឹម​អាណានិគម​រដ្ឋាភិបាល​វៀ​ត​ណា​ម បច្ចុប្បន្ន គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ក្រៅពី​មានតែ​ដង្ហើមរស់​សម្រាប់​កំដរ​ផែនដី​តែប៉ុណ្ណោះ ។ តើ​អ្វី​ទៅ​ដែល “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​វៀត ណា​ម​ថា “​ជនជាតិ​ទាំងអស់​ក្នុង​ពិភពលោក​កើតមក​មាន​សិទ្ធិ​ស្មើគ្នា ជនជាតិ​ណា​ក៏មាន​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលបាន​ភាពសប្បាយ​រីករាយ និង​សេរីភាព​” នោះ ?

​ជំនោរ​សេរីភាព ដែល​កើតចេញពី “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក និង​របស់​ប្រទេស​វៀតណាម និង ជំនោរ​សេរីភាព​ដែល​កើតចេញពី “​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជា ជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” នឹង បោកបក់​ទៅគ្រប់​ទីកន្លែង​ក្នុង​ពិភពលោក តែ​សម្រាប់​ខ្មែរក្រោម ដូចជា​មិន​ទទួលបាន​នូវ​លម្ហើយ​ដែល​កើតចេញពី ជំនោរ​សេរីភាព​ទាំងនោះ​សោះ ព្រោះ​មាន​ជញ្ជាំង​ដ៏​ក្រាស់​នៃ​របប​ទាំងពីរ គឺ របប​កុ​ម្មុនិ​ស្ត និង​របប​យួន​មក​បិទ បាំង ។ តែ​សម័យ​បច្ចេក​ព័ត៌មានវិទ្យា​នេះពន្លឺ​នៃ​សេរីភាព​នឹង​ចែងចាំង​ច្រាល​ចូលទៅក្នុង​សតិអារម្មណ៍​របស់​ខ្មែរ ក្រោម​គ្រប់រូប​ឲ្យ​ស្គាល់​ពី​តម្លៃ​នៃ​សិទ្ធិ​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម​ជាក់​ជាមិនខាន ។ នៅទីបំផុត “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” វា​នឹងមាន​សម្រាប់​ខ្មែរក្រោម នៅពេលណា​ដែល​ខ្មែរក្រោម​គ្រប់រូប ចេះ​ឆក់យក​ឱកាស​ប្រើប្រាស់​នូវ​សិទ្ធិ​របស់ខ្លួន​តែប៉ុណ្ណោះ ៕

Comments are closed