រដ្ឋាភិបាល​អាណា​នី​គម​យួន​ហាម​ព្រះតេជព្រះគុណ លីវ នី សាង​ផ្នួស​ឡើងវិញ​

July 12, 2017 7:57 PMComments Off on រដ្ឋាភិបាល​អាណា​នី​គម​យួន​ហាម​ព្រះតេជព្រះគុណ លីវ នី សាង​ផ្នួស​ឡើងវិញ​Views: 224

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អាជ្ញាធរ​យួន​បាន​ចូលមក​វត្ត​សេរី​តាសេក រំលាយ​ពិធី​សាង​ផ្នួស​ឡើងវិញ របស់​ព្រះតេជព្រះគុណ លីវ នី អតីត​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ដែល​ទើបតែ​បាន​រដ្ឋាភិបាល​យួន​ដោះលែង​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ បន្ទាប់ពី​ព្រះអង្គ​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ដាក់គុក ៤ ឆ្នាំ កាលពី​ឆ្នាំ ២០១៣ ។

ព្រះតេជព្រះគុណ លីវ នី (ឈរកាន់មីក្រូ) បង្ហោះសារលើបណ្តាញសង្គម ដោយបរិយាយ អំពីយួនបញ្ឈប់ពិធីបំបួសព្រះអង្គឡើងវិញ ។

ព្រះតេជព្រះគុណ លីវ នី (ឈរកាន់មីក្រូ) បង្ហោះសារលើបណ្តាញសង្គម ដោយបរិយាយ អំពីយួនបញ្ឈប់ពិធីបំបួសព្រះអង្គឡើងវិញ ។

​ព្រះតេជព្រះគុណ លីវ នី បាន​សរសេរ​លិខិត​ទៅ​ប្រធាន ឃុំ​ហ្វិ​ញ​ហាយ (Vĩnh Hải) ដើម្បី​សុំ​ការអនុញ្ញាត សាង​ផ្នួស​ឡើងវិញ នៅក្នុង​វត្ត​សេរី​តាសេក នៅ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ មុន​ថ្ងៃ​ចូល​វស្សា ប៉ុន្តែ​មិនមាន ការឆ្លើយតប​ពី​អាជ្ញាធរ​យួន ឃុំ​វិញ​ហាយ ឡើយ ។  នៅពេលដែល ព្រះតេជព្រះគុណ លីវ នី កំពុងតែ​រៀបចំ សាង​ផ្នួស​ឡើងវិញ​នៅក្នុង​ព្រះវិហារ អាជ្ញាធរ​យួន​បាន​ចូលមក​ស្រែក​រារាំង​ពិធី​សាង​ផ្នួស​ថា “​ត្រូវតែ​ហាម ព្រះតេជព្រះគុណ លីវ នី បួស​ឡើងវិញ​ជាដាច់ខាត​” ។​

ព្រះតេជព្រះគុណ បាន​ថ្លែង​ទៅកាន់​ទៅ​អាជ្ញាធរ​យួន​ថា ហេតុអ្វី​បានជា​រដ្ឋាភិបាល​យួន​ហាម​ព្រះអង្គ​សាង ផ្នួស​ដោយនិយាយ​មាត់ទទេ ហើយ​មិនមាន​លិខិតស្នាម​ផ្លូវការ ។

ព្រះតេជព្រះគុណ លីវ នី បាន​ថ្លែង​យ៉ាងនេះ​ថា​៖

នៅក្នុង​ជំពូក ២ មាត្រា ២៤ នៃ​រដ្ឋធម្មនុញ្ញ របស់​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចែងថា ៖ “១. មនុស្ស​គ្រប់រូប​មាន​សិទ្ធិសេរីភាព​លើ​ជំនឿ  សាសនា ឬ មិន​កាន់សាសនា ។ គ្រប់​សាសនា​មាន​សិទ្ធិ​ស្មើ គ្នា​នៅ​ចំពោះមុខ​ច្បាប់ ។ ២. រដ្ឋ​ត្រូវគោរព និង​ការពារ​សរី​ភាព​ជំនឿ និង សាសនា ។  ៣. គ្មាន​នរណា​រំលោភ បំពាន​លើ​សេរីភាព​ជំនឿ និង​សាសនា ឬ កេ​ញ​ប្រ​វញ្ច​ន៍​លើ​សាសនា ដើម្បី​បំពាន លើ​ច្បាប់ បានឡើយ​” ។

សូមជម្រាបថា ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជា​អតីត​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ឋិត​នៅ ក្នុងស្រុក​ជ្រោ​យញរ  ខេត្ត​ឃ្លាំង ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ចាប់ខ្លួន​នៅ ថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០១៣ នៅ​ច្រកព្រំដែន​កម្ពុជា​វៀតណាម ខណៈដែល​អ្នក​ទាំងនេះ​ព្យាយាម​ភៀសខ្លួន​ចេញទៅ​ប្រទេស​កម្ពុជា​ជាមួយ នឹង ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជា​អតីត​គ្រូសូត្រ​វត្ត​សេរី​តាសេក និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​គឺ លោក ថាច់ ភូមិ​រិ​ទ្ធ និង​លោក ត្រា វណ្ណ​ថា ។​

នៅ​ថ្ងៃ ២៧ ខែកញ្ញា ២០១៣ តុលាការខេត្ត​ឃ្លាំង​សម្រេច​ផ្ដន្ទាទោស ព្រះ​តេជ​ព្រ​គុណ លីវ នី ឲ្យ​ជាប់គុក ៤ ឆ្នាំ  ជាមួយនឹង ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ​, លោក ថាច់ ភូមិ​រិ​ទ្ធ ៣ ឆ្នាំ  និង លោក ត្រា វណ្ណ ថា ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង “​ចាត់តាំង​នាំ​មនុស្ស​រត់ចេញ​ទៅ​បរទេស​” ។​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​លើកយក​ករណី ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន ទៅ​ជម្រាប​ដល់ អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម នៅក្នុង​កិច្ចប្រជុំ  EMRIP នៅក្នុង​ការិយាល័យ​អង្គការសហប្រជាជាតិ នា ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ផងដែរ ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​យួន​មាន គោរព​សិទ្ធិមនុស្ស​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ៕

Comments are closed