ឧកញ៉ា ក្រឡាហោម សឺ​ន ឌៀប ជា​អ្នក​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ឈានទៅរក​សម័យ​ទំនើប​

រៀបរៀងដោយ ថាច់ ប្រីជា​ គឿន

​លោក សឺ​ន ឌៀប (Son Diep) (១៨៥៥-១៩៣៤) ជា​ជនជាតិខ្មែរ កើត​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ ដែន​កូស័ងស៊ីន ក្នុងសម័យ​អាណានិគមនិយម​បារាំងសែស ។ លោក​ជា​កវីនិពន្ធ​កំណាព្យ​អក្សរ សិ​ស្ប៍​, អ្នកបកប្រែ រឿងនិទាន បារាំង​-​ខ្មែរ សម្រាប់​សិស្ស​ដែល​រៀន​នៅ​សាលា​បារាំង​-​ខ្មែរ នាទី​ក្រុង ព្រៃនគរ និង​ជា​អ្នក​រៀបរៀង វចនានុក្រម​ខ្មែរ​-​បារាំង និង​បារាំង​-​ខ្មែរ បោះពុម្ព​ឆ្នាំ ១៨៧៨ នៅ​ព្រៃនគរ ជាមួយនឹង លោក អៃ​ម៉ូ​នី​ញ៉ែ (Étienne François Aymonier) (១៨៤៤-១៩២៩) ជា​មន្ត្រី​ជាន់ ខ្ពស់​របស់​រដ្ឋការ​អា​ណា​និគម​បារាំង​, អ្នកជំនាញ​ខាង​វប្បធម៌​ខ្មែរ និង​ចាម្ប៍​, អ្នក​គ្រប់ គ្រង ទស្សនាវដ្ដី ភាសា​បារាំង “Le Cambodge” និង​ជា​ចាងហ្វាង​ដំបូង នៃ​សាលា​អាណានិគម (the École Coloniale) នៅ​ទីក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង ។ លោក សឺ​ន ឌៀប ជា​មន្ត្រីជាន់ខ្ពស់​ម្នាក់រ​បស់រ​ដ្ឋ ការ​អាណានិគមនិយម​បារាំង មាន​តំណែង​ជា​ចៅហ្វាយស្រុក​ឃ្លាំង (Tri Huyện/Tri Phủ) នៃ​ដែន កូស័ងស៊ីន និង កាន់តំណែង​ជា ឧកញ៉ា​ក្រឡាហោម និង ឧកញ៉ា យោមរាជ ដែលជា​មន្ត្រី​ចតុស្ដម្ភ សម្រាប់​សម្រេច​កិច្ច​រាជការ​នៃ​ប្រទេស​កម្ពុជា ក្នុង​រាជ្យ ព្រះបាទ ន​រោ​ត្ដម (​គ្រងរាជ្យ​៖ ១៨៦០- ទិវង្គត​៖ ១៩០៤) និង ព្រះបាទ ស៊ីសុវត្ថិ (​គ្រងរាជ្យ​៖ ១៩០៤- ទិវង្គត​៖ ១៩២៧) ដែល​ឋិត​នៅក្រោម អាណាព្យាបាល​បារាំង ។ ក្រៅពីនេះ លោក សឺ​ន ឌៀប ក៏បាន​ទទួល គោរមងារ​ជា “​សម្ដេចព្រះ ពោធិ​វិសាល​រាជ​” ពី​ព្រះមហាក្សត្រ​ខ្មែរ ផងដែរ ។ លោក សឺ​ន ឌៀប ត្រូវជា​ឪពុកក្មេក​របស់ មន្ត្រី​ទី សម្រាក ឡាំ ឯម ជា​ស្ថាបនិក មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ១៩៣៧ ។​

ព្រះបាទ ស៊ីសុវត្ថិ ថតជាមួយនឹងមន្ត្រីចតុស្ដម្ភរបស់ទ្រង់ នៅ ឆ្នាំ ១៩២១ ។ ពីឆ្វេងទៅស្ដាំ ជួរមុខ ៖ Son Diep, Monivong, ស្ដេច Sisowath, Thiounn, Ponn, Chhum ។
ព្រះបាទ ស៊ីសុវត្ថិ ថតជាមួយនឹងមន្ត្រីចតុស្ដម្ភរបស់ទ្រង់ នៅ ឆ្នាំ ១៩២១ ។ ពីឆ្វេងទៅស្ដាំ ជួរមុខ ៖ Son Diep, Monivong, ស្ដេច Sisowath, Thiounn, Ponn, Chhum ។

​លោក សឺ​ន ឌៀប ជា​កូន លោក សឺ​ន ឡឹ​ក (Son Lek) និង​អ្នកស្រី ពេ​ជ (Pech) ជា​ជនជាតិខ្មែរ នៅ​ភូមិ​ពេជ្រ (Nham Lang) ស្រុក​ជ្រោ​យញរ ខេត្ត​ពល​លាវ បច្ចុប្បន្ន ជា​ខេត្ត​ឃ្លាំង នៃ​ដែនដី កម្ពុជា​ក្រោម ។​

​លោក សឺ​ន ឌៀប មាន​ប្រពន្ធ ២ នាក់ គឺ ទី ១ អ្នកស្រី ឯម ជា​អ្នកស្រុក​ឃ្លាំង និង​ទី ២ អ្នកស្រី ឡាំ ធី លី ហៅ សុមាលី (Lam Thi Ly/ Soumali) ។ លោក​មានកូន​ប្រុស​ស្រី​ទាំងអស់​ចំនួន ១៣ នាក់ គឺ​៖

​អ្នកស្រី ឯម ជា​ប្រពន្ធ​ទី ១ មានកូន​ចំនួន ៧ នាក់ គឺ​៖

  • ១. អ្នក ស៊ី​ល ផាន់ ជួបនឹង នាង ទ្រឿ​ង (​យួន​)
  • ២. នាង សូព​រ៍ ជួបនឹង ដុក ភូ ឡាំ ឯម​
  • ៣. នាង យី​ធរ (​ស្លាប់​) មិនមាន​ប្ដី​
  • ៤. អ្នក សុ​រី​ធាន់ ជួបនឹង នាង ម៉ា​រី​កា​សូ​
  • ៥. អ្នក សុ​រី​ម៉ុ​ត្តិ​យ៉ា ជួបនឹង នាង ង៉ាំ – នាង ប៉េជ​
  • ៦. នាង ស៊ី​បូរ​ផាត ជួបនឹង អ្នក ងួន ពីរ​
  • ៧. អ្នក កេ​ត សរី (​ស្លាប់​) មិនមាន​ប្រពន្ធ​

​អ្នកស្រី សុមាលី ជា​ប្រពន្ធ​ទី ២ មានកូន​ចំនួន ៦ នាក់ គឺ​៖

  • ១. នាង សុ​ម៉ាឡៃ ជួបនឹង អ្នក យន់ – អ្នក ពេទ្យ យ៉ាន់​
  • ២. នាង សុ​រី​បូ​ផា (​ស្លាប់​)
  • ៣. នាង សុ​រី​បូ​ផែ (​ស្លាប់​) មិនមាន​ប្ដី​
  • ៤. នាង សុមា​ឡា (​នាង ធិ​យ​) មិនមាន​ប្ដី​
  • ៥. នាង សុន្ន​រី ជួបនឹង ព្រះអង្គ​ក្រុមហ្លួង មុនី​ពង្ស​
  • ៦. អ្នក ពេ​ជ្ជ​រ៉ា ជួបនឹង នាង ប៉េជ​

​ការសិក្សា​៖

​លោក សឺ​ន ឌៀប បាន​សិក្សា​ភាសាជាតិ​ខ្មែរ ពេលដែល​លោក​នៅ​បួស​ជា​សាមណេរ នៅក្នុង​វត្ត​ពេជ្រ ដែលជា​វត្ត​កំណើត​របស់លោក នៅក្នុង​ស្រុក​ជ្រោ​យញរ ខេត្ត​ពល​លាវ ក្រោយមក ជា​ខេត្ត​ឃ្លាំង ។ លោក​បាន​រៀនអក្សរ​បារាំង​ពី​អ្នក​ផ្សាយ​សាសនា កាតូលិក (Catholic) មុនពេល​លោក​ចូលទៅ​រៀន នៅ​មហាវិទ្យាល័យ Collège d’Adran នាទី​ក្រុង ព្រៃនគរ ។​

លោក សឺន ឌៀប ឆ្នាំ ១៩២១
លោក សឺន ឌៀប ឆ្នាំ ១៩២១

​ជា​គ្រូបង្រៀន អ្នកបកប្រែ និង​ជា​អ្នក​រៀបរៀង វចនានុក្រម​បារាំង​-​ខ្មែរ​៖

​នៅ​ឆ្នាំ ១៨៧៣ ពេលដែល លោក សឺ​ន ឌៀប នៅ​ជា​យុវវ័យ ទឹកដី​ខ្មែរ​មួយ​ភាគ​ធំ ដែល​សព្វថ្ងៃ ត្រូវបាន​គេ​ហៅថា “​កម្ពុជា​ក្រោម​” និង​ជនជាតិខ្មែរ​ដែល​រស់នៅ​លើទឹក​ដី​នោះ ត្រូវ​ពុះ​ចេញពី​ប្រទេស កម្ពុជា ដោយសារ​ព្រំដែន​នយោបាយ​ថ្មី​ដែល​បាន​គូស​ដោយ​បារាំង បង្កើត​ទៅជា​រដ្ឋ​ថ្មី​មួយទៀត ឈ្មោះថា “​កូស័ងស៊ីន​” ឬ កូ​ស័ង ឆៃ​ណា (Cochinchina ) ។ ឆ្នាំ​នោះ លោក សឺ​ន ឌៀប បានធ្វើ ជា​គ្រូបង្រៀន “​អក្សរសាស្ត្រ និង ភាសា​ខ្មែរ​” នៅ​មហាវិទ្យាល័យ​គ្រប់គ្រង នាទី​ក្រុង​ព្រៃនគរ (College for Administrators at Saigon) ទី​ដែល​លោក​បាន​ជួប លោក អៃ​ម៉ូ​នី​ញ៉ែ (Étienne François Aymonier) (1844-1929) ជា​បុរាណ​វិទូ​ជនជាតិ​បារាំង​ដ៏​មាន​ទេ​ព្យ​កោសល្យ​ម្នាក់ និង ជា​អ្នកគ្រប់គ្រង​ទស្សនាវដ្ដី​ឈ្មោះ “Le Cambodge” ដែល​បាន​បោះពុម្ព​ចំនួន ៣ ច្បាប់ ពី​ឆ្នាំ ១៩០០ ដល់ ១៩០៤ ។​

​ឆ្នាំ ១៨៧៧ សាលា​បាន​បិទទ្វារ លោក សឺ​ន ឌៀប ត្រូវបាន​គេ​តែងតាំង​ជា​អ្នកបកប្រែ​ផ្ទាល់មាត់​ពីរ លើក ក្នុង​បេសកកម្ម​មួយ​នៅលើ​ទឹកដី​អង្គរ និង​លោក​បាន​ត្រឡប់មក​ព្រៃនគរ​វិញ រាល់ពេល​ចប់ បេសកកម្ម ម្ដងៗ ។​

​នៅ​ទីក្រុង​ព្រៃនគរ លោក​បាន​សហការ​ជាមួយនឹង លោក អៃ​ម៉ូ​នី​ញ៉ែ (​លោក Étienne François Aymonier) រៀបរៀង​វចនានុក្រម ខ្មែរ​-​បារាំង និង បារាំង​-​ខ្មែរ (Dictionaire Khmer-Francais ) និង បាន​បោះពុម្ព​ជា​លើកដំបូង នៅ​ទីក្រុង​ព្រៃនគរ នា​ឆ្នាំ ១៨៧៨ ។ វចនានុក្រម ខ្មែរ​-​បារាំង របស់លោក ដែល​បាន​បោះពុម្ព​នា​សម័យ​នោះ ដែល​គេ​ធ្លាប់ប្រើ​រួចហើយ ត្រូវបាន​គេ​រក្សាទុក​រហូតមកដល់​សព្វថ្ងៃ ហើយ​គេហទំព័រ​មួយ​ឈ្មោះ Abebooks.com កំពុងតែ​ដាក់លក់​នៅលើ​អិន​ធើ​ណិ​ត​តម្លៃ​ជាង ១.៥០០ ដុល្លារ សហរដ្ឋអាមេរិក ។ ក្រៅពីនេះ លោក​បាន​បកប្រែ រឿងនិទាន ទៅជា​ភាសា​ខ្មែរ​ទុកជា ឯកសារ​សិក្សា​សម្រាប់​សិស្ស​បារាំង​ខ្មែរ ។​

វចនានុក្រុម ខ្មែរ-បារាំង បោះពុម្ព ឆ្នាំ ១៨៧៨ ដែលដាក់លក់តាម Online ។
វចនានុក្រុម ខ្មែរ-បារាំង បោះពុម្ព ឆ្នាំ ១៨៧៨ ដែលដាក់លក់តាម Online ។
វចនានុក្រុម ខ្មែរ-បារាំង បោះពុម្ព ឆ្នាំ ១៨៧៨ ដែលដាក់លក់តាម Online ។ វចនានុក្រុម ខ្មែរ-បារាំង បោះពុម្ព ឆ្នាំ ១៨៧៨ ដែលដាក់លក់តាម Online ។
វចនានុក្រុម ខ្មែរ-បារាំង បោះពុម្ព ឆ្នាំ ១៨៧៨ ដែលដាក់លក់តាម Online ។

វចនានុក្រុម ខ្មែរ-បារាំង បោះពុម្ព ឆ្នាំ ១៨៧៨ ដែលដាក់លក់តាម Online ។
វចនានុក្រុម ខ្មែរ-បារាំង បោះពុម្ព ឆ្នាំ ១៨៧៨ ដែលដាក់លក់តាម Online ។

​ឆ្នាំ ១៨៨១ លោក សឺ​ន ឌៀប បាន​រដ្ឋបាល​បារាំង​តែងតាំង​ជា​អ្នកបកប្រែ​ភាសា​បារាំង ឲ្យ​អាណា ព្យាបាល នៅ​ទីក្រុង​ភ្នំពេញ ។ ឆ្នាំ ១៨៨៤ គាត់​បាន​ធ្វើជា​អ្នកបកប្រែ​ឱ្យ​ទេសាភិបាល​ដែន កូ​ស័ង ស៊ីន លោក ឆាល ថម​សុន (Charles Thompson) ក្នុងពេលដែល​គាត់​ទូល​ដល់​ព្រះបាទ នរោត្តម ឲ្យ​ចុះសន្ធិសញ្ញា​នានា ដែល​នាំ​ធ្វើឱ្យមាន​ការតស៊ូ​ប្រដាប់អាវុធ​ធំ​បំផុត និង​យូរ​បំផុត នៅក្នុង​ប្រវត្តិ អាណាព្យាបាល​បារាំង​នៅ​ប្រទេស​កម្ពុជា ។ បន្ទាប់ពី​កិច្ចប្រជុំ​នេះ លោក ឆាល ថម​សុន បាន​ប្រកាស​នៅ​ចំពោះមុខ លោក អូក ហ្គឺ​សតិ៍ ប៉ា​វី (Auguste Pavie) (1847 – 1925) ជា​អ្នករុករក និង ស្រាវជ្រាវ​ជនជាតិ​បារាំង​សម្រាប់​ប្រទេស​លាវ អរគុណ​ចំពោះ​គុណបំណាច់​របស់ លោក សឺ​ន ឌៀប ថា​៖ “​ឌៀប​! រដ្ឋបាល​បារាំង​នឹងមិន​ភ្លេច​នូវ​អ្វីដែល​អ្នក​បានធ្វើ​នៅថ្ងៃនេះ​ទេ ហើយ​យើង​នឹង​ផ្តល់រ​ង្វាន់ ដល់​អ្នក​” ។​

​ការស្ថាបនា​ប្រទេស​កម្ពុជា នៅក្រោម​អាណាព្យាបាល​បារាំង​៖

​ឆ្នាំ ១៨៨៤ លោក សឺ​ន ឌៀប បាន​រៀបការ​ជាមួយនឹង​នាង ឡាំ ធី លី ហៅ សុមាលី (Lam Thi Ly (Soumali) ។ រដ្ឋបាល​បារាំង​បាន​បញ្ជា​ឲ្យ​លោក​ធ្វើ​បេសកកម្ម​មួយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែង សាកសព​វិស្វករ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ ព្រួល (Bruel) និង​ចាប់ខ្លួន​ឃាតក​ដែល​បាន សម្លាប់ ជន ជាតិ​បារាំង​រូបនេះ ។​

​នៅ​ចន្លោះ​ឆ្នាំ ១៨៨៥ និង ១៨៨៦ ព្រះអង្គម្ចាស់ ស៊ីវ​ត្ថា ដែលជា ព្រះអនុជ របស់ ព្រះបាទ សម្ដេច ព្រះ​នរោត្តម បាន​ដឹកនាំ​បដិវត្តន៍​មួយ​ប្រឆាំង​អាណានិគម​បារាំង ។ ឆ្នាំ ១៨៦៧ ពេលដែល​មានការ​បះបោ​រ​ទូទាំងប្រទេស​កម្ពុជា ប្រឆាំងនឹង​រដ្ឋការ​បា​រាំង​សែ​ស ព្រះបាទ នរោត្តម សូម​ឲ្យ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជា​ព្រះអនុជ ដែល​បាន​និរទេស​ព្រះអង្គឯង​ទៅ​គង់នៅ ទីក្រុង ព្រៃនគរ ដែន​កូស័ងស៊ីន (​កម្ពុជា​ក្រោម​) តាំងពី​ឆ្នាំ ១៨៦៤ មក​នោះ ឲ្យ​យាង​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​បង្ក្រាប​ការបះបោរ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ក៏បាន​យាង​ចេញពី​ដែន​កូស័ងស៊ីន មកកាន់​រាជធានី​ឧត្ដុង្គ ហើយ​ព្រះអង្គ​ជួយ​បង្ក្រាប​ការ​ការបះបោរ​នោះ ។ នៅក្នុង​ព្រឹត្តិការណ៍​នោះ លោក សឺ​ន ឌៀប បានរួម​ដំណើរ​ជាមួយនឹង ព្រះអង្គម្ចាស់ ឧបរាជ ស៊ីសុវត្ថិ ថា ក្នុង​បេសកកម្ម​ធ្វើ​ឲ្យ “​ស្ងប់​” នៅ​តំបន់​ខេត្តព្រៃវែង និង ខេត្តតាកែវ ដើម្បី​ធានា​នូវ​ការចុះចាញ់​របស់​ក្រុម​បះបោរ​ប្រឆាំងនឹង​បារាំង នៅ​ខេត្តព្រៃវែង ក្នុង​ឆ្នាំ ១៨៨៥ និង ស្ដារ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ នៅ​តំបន់​ខាងកើត និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ។​

​ឆ្នាំ ១៨៨៧ លោក សឺ​ន ឌៀប បាន​ចូលរួម​ដំណើរ​ជាមួយនឹង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ក្នុង​បេស​ក កម្ម​ឆ្ពោះទៅ​ទិស​ខាងជើង​ក្នុងនាម​ជា​អ្នក​នាំសារ ព្រះរាជ​វង្ស ទូល​ព្រះអង្គម្ចាស់ ស៊ីវ​ត្ថា ឲ្យ​យាង ត្រឡប់មក​ភ្នំពេញ​វិញ តែ​ព្រះអង្គម្ចាស់ ស៊ី​វុត្ថា បាន​បដិសេធ ។​

​ដើម្បី​ទទួលស្គាល់​នូវ​គុណសម្បត្តិ​ក្នុងការ​បម្រើ​របស់ លោក សឺ​ន ឌៀប ចំពោះ​រាជវង្ស និង រដ្ឋការ បារាំង លោក​បានទទួល​មេដាយមាស និង​ឋានន្តរសក្ដិ​ខ្ពស់បំផុត​ជា ឧកញ៉ា ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ និង​មេដាយ មាស​ទី ២ ពី​រដ្ឋការ​អាណានិគម​បារាំង ។​

​ឆ្នាំ ១៨៨៧ លោក សឺ​ន ឌៀប បានទទួល​ការអនុញ្ញាត​ពី​រដ្ឋបាល​បារាំង ឱ្យ​ត្រឡប់​ទៅ​ស្រុកកំណើត របស់គាត់​នៅ​ខេត្ត​ឃ្លាំង វិញ ។ នៅទីនេះ លោក​ត្រូវបានតែងតាំង​តំណែង​ជា ចៅហ្វាយស្រុក (​ពាក្យ​យួន​ហៅថា ទ្រី ហ្វៀ​ន ឬ ទ្រី ពូវ (Tri Huyện / Tri Phủ) មន្ត្រី​ហ៊ូពាន់​ថ្នាក់​ទី ១ នៅ​ស្រុក ទ្រាំង នៅ​ដែន​កូស័ងស៊ីន ។​

​ឆ្នាំ ១៩០០ ពេលដែល​លោក សឺ​ន ឌៀប កំពុងកាន់​តំណែង​ជា​ចៅហ្វាយស្រុក​នោះ រដ្ឋបាល​បារាំង បាន​បញ្ជូន​លោក​ឲ្យ​ទៅធ្វើ​ទស្សនកិច្ច​ចូលរួម​ជា​កិត្តិយស​ក្នុង “​ពិធី​តាំងតុ​អន្តរជាតិ​ប៉ា​រិ​ស​” (the Exposition Universelle de Paris) នាទី​ក្រុង​ប៉ា​រិ​ស ។ នៅក្នុង​ពិធី​នេះ លោក​បាន​ដាក់តាំង នូវ​ស្នាដៃ​អក្សរសិល្ប៍​ជា​កម្រង​កំណាព្យ​មួយ​ដែល​បាន​និពន្ធ​ដោយ​ខ្លួន​លោក​ផ្ទាល់ មាន​ចំណងជើង ថា ល្បើក​ពី​ស្រុក​ព្រៃនគរ ទៅ​ក្រុង​បារាំងសែស នៅ​ទី​តាំងតុ (​អក្សរ​ដើម​៖ សឺ​ន ឌៀប – ល្បើក​ពី ស្រុក​ព្រៃន៍គរ ទៅ​គ្រុង​បារាំង្សែស នៅ​ទី​ត្ងាំ​តុះ​) ។ ចប់​ពិធី​នេះ លោក បាន​ត្រឡប់មក​ស្រុកកំណើត បន្ត​កាន់​មុខតំណែង​ជា​ចៅហ្វាយស្រុក​ដដែល ។ ព្រះអង្គម្ចាស់ យុគន្ធរ និង ព្រះអង្គម្ចាស់ ភាណុ​វង្ស ក៏បាន​យាង​ទៅ​ចូលរួម​ពិធី​នេះ ក្រោម​ការចាត់​តាំងរបស់ ព្រះបាទ សម្ដេច ព្រះ​ន​រោ​ត្ដម ព្រះមហា ក្សត្រ​ខ្មែរ ផងដែរ ។ យោងតាម សៀវភៅ មហា​បុរស​ខ្មែរ បាន​ពណ៌នា​អំពី​ដំណើរ​របស់​ប្រតិភូ ខ្មែរ​ចេញទៅ​ប្រទេស​បារាំង ដើម្បី​ចូលរួម​ពិធី​តាំងតុ​យ៉ាងនេះ​ថា​៖ “​ថ្ងៃ​ច័ន្ទ ៦ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក គ​. ស​. ១៩០០ ម៉ោង ៧ ព្រឹក ព្រះអង្គម្ចាស់ មន្ត្រី​ខ្ញុំ​រាជការ​ខ្លះ ថ្វាយបង្គំ​លា ព្រះបាទ សម្ដេច ព្រះ​ន​រោ​ត្ដម ជា​ព្រះវររាជបិតា ចុះ​កប៉ាល់ យាង​ទៅ​ក្រុង​ប៉ា​រិ​ស ។ លុះដល់​គំនាប់ លោក រេ​ពុ​យ​ព្លឹ​ក​បារាំងសែស​ជួយ​ការ​បុណ្យ ដោយ​ផ្លូវ​ព្រះរាជ​មេត្រី ហើយ​ព្រះអង្គម្ចាស់ និង​អ្នកអង្គម្ចាស់ គំនាប់​លា លោក​រេ​ពុ​យ​ព្លឹ​ក​មកវិញ តែ​ព្រះអង្គម្ចាស់ យុគន្ធរ មិនបាន​យាង​មក​ស្រុក​ទេ ទ្រង់​គង់នៅ ស្រុក​សិង្ហ​បុរី​” ។​

​ឆ្នាំ ១៨៨៤ ពួក​បារាំងសែស បាន​កាន់កាប់​គ្រប់​ដែន​ទាំងអស់​នៅ​ប្រទេស​យួន ប្រទេស​លាវ និង​ប្រទេស​កម្ពុជា ហើយ​ពួក​បារាំងសែស ក៏បាន​ឈ្នះ​សង្គ្រាម​លើ​ស្យាមប្រទេស ក្នុង​ឆ្នាំ ១៨៩៣ ជា​សម័យកាល ដែល​ប្រទេស​កម្ពុ​ជាមាន​សភាព​ប្រៀប​ដូច​ដែន​អាណានិគម​របស់​បារាំង ហើយ​គេ​បាន​ផ្លាស់​ទីតាំង​រាជធានី​ខ្មែរ​ពី​ឧត្ដុង្គ​មក​ភ្នំពេញ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ក៏បាន​យាង​តាម​ពួក​អ្នក​វាំង មក​ភ្នំពេញ ហើយ​ព្រះអង្គ​ទ្រង់​គាំទ្រ​ទាំងស្រុង នូវ​របប​អាណានិគមនិយម​របស់​ពួក​បារាំងសែស ។ ដូច្នេះហើយ បានជា​ព្រះបាទ សម្តេច ព្រះ​នរោត្តម ត្រូវ​បង្ខំ​ព្រះរាជហឫទ័យ​ឲ្យ​តាំង សម្តេច ស៊ីសុវត្ថិ ជា​អនាគត​ស្តេច​ស្នងរាជ្យ​ជំនួស ព្រះអង្គម្ចាស់ យុគន្ធរ ត្រូវជា​បុត្រា​របស់​ព្រះអង្គ ផង និង​ត្រូវជា​រាជ ទាយាទ ផង ដោយសារ ព្រះអង្គម្ចាស យុគន្ធរ មាន​សកម្មភាព​ប្រឆាំង​បារាំង ហើយ​រស់នៅ និរទេស​ព្រះអង្គឯង នៅ​ប៊ែ​ល​ស្សិច​, សិង្ហ​បុរី ឆ្នាំ ១៩០០ និង​បាងកក ឆ្នាំ ១៩១៣ ។​

​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ១៩០៤ ព្រះបាទ សម្តេច ព្រះ​នរោត្តម ជា​ក្សត្រ​ខ្មែរ​ដែល​បាន​សោយរាជ្យ រយៈពេល ៤៣ ឆ្នាំ និង ១៨៨ ថ្ងៃ ពី​ឆ្នាំ ១៨៦០ ដល់ ១៩០៤ និង​ត្រូវជា​ព្រះរាជបុត្រ​ច្បង​របស់ ព្រះបាទ អង្គ​ដួង បាន​សោយ​ទិវង្គត​នៅ​ទីក្រុង​បឹងកក់ នៃ​ប្រទេស​ថៃ ក្នុង​ជន្មាយុ ៧០ វស្សា ហើយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជា​ព្រះអនុជ បាន​ឡើង​ស្នងរាជ្យ នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩០៤ ។​

​ពេលដែល ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ បាន​ឡើង​សោយរាជ្យ​ថ្មីៗ នៅ​ឆ្នាំ ១៩០៦ លោក សឺ​ន ឌៀប បានធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ម្ដងទៀត ។ លើក​នេះ លោក​បានធ្វើ​ដំណើរ​អម​ព្រះរាជដំណើរ ព្រះ បាទ ស៊ីសុវត្ថិ ក្នុង​ព្រះរាជទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ ទៅ​ប្រទេស​បា​រាំងជា​លើកដំបូង ។ ប្រតិភូ​នៃ​ប្រទេស​កម្ពុជា​បានធ្វើ​ដំណើរ​ដោយ​កប៉ាល​ជាមួយនឹង​ក្រុម​របាំ​រាជវាំង និង​ពួក​មន្ត្រី ១០ រូប មកពី​ខេត្ត​នានា ទៅ​ចូលរួម​ពិធី​តាំងតុ​អាណានិគម ឆ្នាំ ១៩០៦ នៅ ទីក្រុង​កំពង់ផែ ម៉ា​សី (Marseille) ។​

​ដើម្បី​ផ្ដល់​ជា​រង្វាន់​ចំពោះ​ការលះបង់​របស់ លោក សឺ​ន ឌៀប អាណាព្យាបាល​បារាំង បាន​ឧបត្ថម្ភ ដល់​កូនប្រុស​របស់គាត់​ឈ្មោះ កេ​ត​សរី (Ketsari) ឲ្យ​ទៅ​សិក្សា​នៅ​សាលា École Coloniale នៅ​ទី ក្រុង​ប៉ា​រិ​ស ។ កេ​ត​សរី ជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ខ្មែរ​ទាំង ៦ នាក់ ដែល លោក អូក ហ្គឺ​សតិ៍ ប៉ា​វី (Auguste Pavie) ដាក់ចូល​ក្នុង​បញ្ជី​អ្នកទទួលបាន​អាហារូបករណ៍​ផ្ទាល់ខ្លួន​របស់លោក ។ នៅក្នុង​សម័យ​នោះ រដ្ឋការ​បារាំង​មិនសូវ​យកចិត្តទុកដាក់​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សស្រីៗ​ទេ ។ លោក សឺ​ន ឌៀប ក៏បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន បញ្ជូន​កូនស្រី​ច្បង​របស់គាត់​ម្នាក់​ឈ្មោះ សុ​ម៉ាឡៃ (Soumalay) ឲ្យ​ទៅ​រៀន​នៅ សាលាបឋមសិក្សា​សម្រាប់​កុមារី នៅ​ទីក្រុង​ព្រៃនគរ (l’École Primaire Superièure Des Jeunes Filles à Saigon) ។ នៅ​ឆ្នាំ ១៩១៩ ពេល​កូនស្រី​ពៅ របស់លោក​មាន​អាយុ ១២ ឆ្នាំ នាង​បាន​ចុះឈ្មោះ​រៀន នៅ សាលា​ព្រះ​នាង​ម្ចាស់​សុថា​រ័ត្ន (the École de la Princesse Sutharot) ជា​សាលា​តែមួយគត់ នៅ​ទីក្រុង​ភ្នំពេញ សម្រាប់​ស្ត្រី​ខ្មែរ ទី​ដែល​នាង​បាន​រៀន​ចេះ​ទាំង​ភាសា​ខ្មែរ និង​បារាំង ។ ពេលនោះ លោក សឺ​ន ឌៀប បាន​ស្វះ​ស្វែងរក ជំនួយ ដើម្បី​បញ្ជូន​កូនស្រី​ពៅ​របស់គាត់ ទៅ​បន្ត​ការសិក្សា​ជាមួយនឹង​កូនស្រី​ច្បង​របស់គាត់ នៅ ទីក្រុង​ព្រៃនគរ វិញ តែ​ត្រូវបដិសេធ ដោយសារ​ជំនួយ មិន​គ្រប់​សម្រាប់​គ្រួសារ​ក្រីក្រ ។​

​ជា​មន្ត្រី​ចតុស្តម្ភ​នៅក្នុង​ប្រទេស​កម្ពុជា​៖

​នៅក្នុង​រាជ្យ ព្រះបាទ ស៊ីសុវត្ថិ (១៩០៤-១៩២៧) លោក សឺ​ន ឌៀប បានទទួល​ការតែងតាំង​ជា មហាមន្ត្រី​ចតុស្តម្ភ នៅក្នុង​ប្រទេស​កម្ពុជា ជា​លំដាប់ ។ មន្ត្រី​ចតុស្តម្ភ ជា​សេនាបតី​ទាំង​បួន​ជា​គម្រប់ ៥ រាប់ទាំង​សេនាបតី​មួយទៀត​ជា​អធិបតី​ជា​អ្នកសម្រេច​កិច្ច​រាជការ​ផែនដី​ក្នុង​កម្ពុជរដ្ឋ ពី​ក្នុង​សម័យបុរាណ ។​

​ក្នុង​ឆ្នាំ ១៩០៨ លោក សឺ​ន ឌៀប ត្រូវបានតែងតាំង​ជា ឧកញ៉ា ក្រឡាហោម (​រដ្ឋមន្ត្រី​នៃ​កងទ័ព ជើង​ទឹក​) កសិកម្ម ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ។ ប្រាក់ខែ​របស់គាត់​ដំបូង ស្មើនឹង​ប្រាក់ចំណូល ដែល​គាត់​បានធ្វើការ​រយៈពេល ២០ ឆ្នាំមុន ។ ភ្ញៀវ​បរទេស​ជនជាតិ​បារាំង​ម្នាក់ ដែល​បានមក ទស្សនកិច្ច​នៅ​ព្រះបរមរាជវាំង នៅ​រាជធានី​ភ្នំពេញ នា​ដើមឆ្នាំ ១៩១០ បាន​ពណ៌នា លោក សឺ​ន ឌៀប ថា​ជា “​ជនជាតិខ្មែរ​ម្នាក់​ដ៏​ល្បីល្បាញ​” ដែល​ស្ទាត់ជំនាញ​ទាំង​ភាសា​ខ្មែរ និង​បារាំង ។ គាត់ អាច​រៀបរាប់​ប្រាប់​ភ្ញៀវ​បរទេស​បាន​យ៉ាង​លម្អិត​អំពី​ពិធីបុណ្យ​ព្រះពុទ្ធសាសនា នៅក្នុង​ប្រទេស កម្ពុជា ។​

​ឆ្នាំ ១៩២២ លោក សឺ​ន ឌៀប ត្រូវបានតែងតាំង​ជា ឧកញ៉ា យមរាជ (​រដ្ឋមន្ត្រី​ទទួល​ផែន​យុត្តិធម៌​) ជំនួស ឧកញ៉ា ជួន (Chhun) ដែល​ចូលនិវត្តន៍ ហើយ ក្រុមហ្លួង ស៊ីសុវត្ថិ សុ​ផា​នុ​វង្ស (Sisowath Suphanouvong) ចូលកាន់​តំណែង​ជា ទី​ក្រឡាហោម ជំនួស លោក សឺ​ន ឌៀប វិញ ។​

​នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩២៧ ព្រះបាទ ស៊ីសុវត្ថិ ទ្រង់​សោយ​ទិវង្គត នៅ​ទីក្រុង​ភ្នំពេញ ក្នុង ជន្មាយុ ៨៦ វស្សា សោយរាជ្យ​បាន ២៣ ឆ្នាំ ១០៤ ថ្ងៃ ហើយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនី​វង្ស ជា បុត្រ​របស់ ព្រះបាទ ស៊ីសុវត្ថិ បាន​ឡើង​សោយរាជ្យ​បន្ត ។ ការ​ប្រឈួន និង​ការ​សោយ​ទិវង្គត របស់ ព្រះបាទ ស៊ីសុវត្ថិ និង វ័យ​កាន់តែ​ចាស់ជរា​របស់គាត់ លោក សឺ​ន ឌៀប ក៏បាន​ចូលនិវត្តន៍ នៅ​ឆ្នាំ ១៩២៧ តែម្ដង ។​

​មរណភាព និង​គោរមងារ​ជា “​សម្ដេច​ពោធិ​វិសាល​រាជ​” ៖

​នៅ​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៣៤ លោក សឺ​ន ឌៀប បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៧៩ ឆ្នាំ នៅ​គេហដ្ឋាន​របស់លោក ។​

​យោងតាម​សៀវភៅ កម្ពុជា​, ការស្ថាបនា​ជាតិ ពី​ឆ្នាំ ១៨៦០ ដល់ ១៩៤៥ របស់ លោក Penny Edwards (Cambodge, The Cultivation of a Nation , 1860-1945 _ Penny Edwards) ថា អ្នកស្រី សុមាលី បានធ្វើ​បុណ្យខួប ១ ឆ្នាំ ជូន​ស្វាមី​របស់ខ្លួន លោក សឺ​ន ឌៀប នៅ វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ នាទី​ក្រុងភ្នំពេញ ។ សមាជិក​ចំនួន ២៣ អង្គ និង រូប នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិតក បាន​ចូលរួម​ពិធីបុណ្យ​នេះ ដោយ​រំឭក​ឡើងវិញ​នូវ​គុណសម្បត្តិ​របស់ លោក សឺ​ន ឌៀប ថា​ជា “​អ្នកមានចំណេះដឹង​ខ្ពស់​” (Supreme Knowledge) ។ ពិធីបុណ្យ​ខួប​មាន​តាំង​ឆាយា​លក្ខណ៍ អមដោយ​គ្រឿង​ឥស្សរិយយស និង​មេដាយមាស ជាច្រើន ដែល លោក សឺ​ន ឌៀប បានទទួល​ពី រដ្ឋការ​អាណានិគម​បារាំងសែស ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម និង ព្រះបាទ ស៊ីសុវត្ថិ ព្រម ទាំង​ព្រះមហាក្សត្រ​លាវ ផងដែរ ។ ក្រៅពីនេះ លោក​ក៏បាន​ទទួល​គោរមងារ​ជា “​សម្ដេចព្រះ​ពោធិ វិសាល​រាជ​” (Samdec Préa Potvisal Réach) ពី​ព្រះមហាក្សត្រ​ខ្មែរ ជា​គោរមងារ​ខ្ពស់បំផុត សម្រាប់ ផ្ដល់​ដល់​អ្នកប្រាជ្ញ​ពុទ្ធសាសនា និង​ផ្ដល់​កិត្តិយស​ដល់​រូបលោក​ដែល​បាន​បម្រើ​ជាតិ​រយៈ ពេល ៥៤ ឆ្នាំ គឺ ចាប់ពី​ឆ្នាំ ១៨៧៣ ដល់ ឆ្នាំ ១៩២៧ ។​

​លោក Penny Edwards បានកត់សម្គាល់​នៅក្នុង​សៀវភៅ កម្ពុជា​, ការស្ថាបនា​ជាតិ ពី​ឆ្នាំ ១៨៦០ ដល់ ១៩៤៥ របស់លោក​អំពី​គុណសម្បត្តិ​របស់ លោក សឺ​ន ឌៀប ថា​៖ “​ក្នុងឋានៈ​ជា​អ្នកសិក្សា និង​អ្នកគ្រប់គ្រង តាមរយៈ​ការសិក្សា​ជ្រៅជ្រះ​ខាង​ភាសា​បារាំង និង​ការ​ភ្ញាក់រឭក​ដោយ​ខ្លួនឯង ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ លោក សឺ​ន ឌៀប បាន​ជួយ​ជម្រុញ​ឲ្យ​ប្រទេស​បាន​ឈាន​ទាន់សម័យ ទំនើប និង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ពិភពលោក​ឆាប់​បាន​ស្គា​ល់ពី​ប្រទេស​កម្ពុជា​” ។​

​ស្នាដៃ​៖

​ខាងក្រោម​ជា​កម្រង​កំណាព្យ​អក្សរសិល្ប៍ “​ល្បើក​ពី​ស្រុក​ព្រៃនគរ​ទៅ​ក្រុង​បារាំងសែស​នៅ​ទីតាំង​តុ​” ដែល លោក សឺ​ន ឌៀប បាន​និពន្ធ ពេល​លោក​ទៅកាន់​ប្រទេស​បារាំង ចូលរួម ពិធី​តាំងតុ​អន្តរជាតិ ក្រុង​ប៉ា​រិ​ស ឆ្នាំ ១៩០០ ។ ខ្ញុំ​សូម​រក្សា​អក្ខរាវិរុទ្ធ​តាមច្បាប់​ដើម ។​

ល្បើកពីស្រុកព្រៃន៍គរ ទៅគ្រុងបារាំង្សែសនៅទីត្ងាំតុះ

Voyage en France pendent l’ expostion universette de 1900 a Paris

(Sous-Litre an Francais). Paris, Plon-Nourrit. 1902.p-35-37)

១-យើងថ្លែងចែងច្ចាជាសង្ខេប
យ៉ាងបែបជុំម្នាងគ្រុបបូរី
ក្បូរក្បាច់រេច្នារការពីសី
ឥតប្បីនឹងត្រាប់រាប់ពុំបាន ។

២-បារីស៍ អេលីសេ ឡីសំរេច់
ប្រសើដ្ឋលើ្សលេចក្នុងដែនដាន
ឪដំមសាកសំមគ្រុបភីមាន
ជាស្ឋានសំរាបច្បាបរាជ្ការ ។

៣-ផ្លូវធ្លាមាគាទូលាយស្អាត
ប្រកិតសុតសាតថ្មសីល៉ា
ផ្លូវខ្លះប្រកិតដើមព្រឹក្សា
សិងអារបួនជ្រុងរៀបបន្ឈរ ។

៤-ផ្លូវធ្លាមាគាក្នុងក្រៃក្រុង
ភីមានបញ្ចងក្នុងន៍គរ
រទែះសែះសល់សែនណែនកុះករ
បើកបរទៅមកជាប្រក្រដ្យី ។

៥-រទែះយន់លឿនឯងពុំបាចភ្លើង
យុលថ្កើងរុងរឿងក្នុងបូរី
មនុសផោងត្រសងទ្ងាំប្រុសស្រី
ឃ្មាតខ្មីដើដោ្យដងមាគា ។

៦-គុនភក្ត្រអ្សស្រីស៍កុំផ្លង
ត្រចងត្រចះជ្រាះអង្គា
រូបឆោមលោមពារសំមសោភា
វុងភក្ត្រជ្រាះថ្លាស្រសប៉ប្រៃ ។

៧-មុក្ខឈ្មងដងខ្លួនដូចកិណរីយ
ច្ចោលភ្នែកមេត្រីកើតភស្សូម៉ៃ
ដើឆ្ងា្យខ្វលខ្វាយគីតអាឡៃយ
ស្រមៃរឮកនឹកមិនភ្លេច ។

៨-កាសីណូដឺបារីស៍ ឡឺម្ហោស្រព់
សន្ធិយារវសលាយុព ពុំមានដេច់
រាំច្រៀងដោ្យល្បែងតែងដោ្យល្បេច់
សួរព្រាត់ស្ទាតគេជត្រេជ់រេរា ។

៩-ដាំមដូងតោងរកសំយ៉ុងក
ពានពាក់ឈានឈរទ្ររទាំងស្រា
នឹងជើងរីសឡើងដូចកង្ហា
មានច្រើនប្រកាត្រាពុំបាន ។

១០-ក្នុងទីកាសីណូ មានទាំងគ្រុប
មើលពុំមានស្កប់ស្កល់ក្នុងប្រាន
មានស្រីពីសីភ័ក្ត្រកល្យិាន
ហើ្យមានស្រាតែ កាផែផោង ។

១១-ស្រីស៍ល្អដូចកិណ៉រី
មុក្ខមាត់ប្រីមប្រី ថ្ពាល់បំព្រង
ដោះក្បំមសំមទ្រង អង្គឥតម៉ង
ត្រេចដើត្រសងសព់សន្ធិយា ។

១២-បើមានចិតគិតស្នីតប្រដិពាត់
ហាមាត់មធុរោះ ស្មោះចិន្តា
អញ្ជើញផឹកតែ កាផែ ស្រា
ស្រេចន្មាំលីលាគ្រិះហ៉ាស្ឋាន ។

១៣-ស្មាកចិតស្នាលស្នីតរួមម្នោរំម្យ៍
សុក្ខុំមជាសុខ់ នីទុក្ខខ្សាន
កាសីណូរ ដឺបារីស៍ ទីកុំសាន
កើតទុក្ខបុន្មានរលាយបង ។

………………………………………..

ឯកសារយោង៖

១. ឡាំ ឯម. (ព. ស. ២៥០២- គ. ស. ១៩៥៩). ក្បួនសាខាវង្សត្រកូល. ឃ្លាំង, កម្ពុជាក្រោម

២. Penny Edwards. (2007). Cambodge: The Cultivation of a Nation, 1860-1945. Honolulu, USA. University of Hawai’i Press.

៣. Wikipidia. ប្រវត្តិ លោក Étienne François Aymonier

៤. Wikipidia. ប្រវត្តិ លោក Auguste Pavie

៥. Wikipidia. បញ្ជីព្រះមហាក្សត្រកម្ពុជា

៦. AYMONIER, Etienne និង  Son Diep. (1878). Dictionnaire khmer-français. Sai Gon, Cochin China.

៧. គណនេយ្យ Facebook កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ