ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook រិះគន់​រូបថត ហូ ជី មិញ នៅក្នុង​ពិធីបុណ្យ​អកអំបុក នៅ​ដែនដី​កម្ពុជា​ក្រោម​

ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook បាននាំគ្នា Post និង Share ព្រមទាំង​ចេញ Comment រិះគន់​យ៉ាងខ្លាំង ចំពោះ រូបថត ហូ ជី មិញ ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ យកទៅដាក់​តាំង​ក្នុង​ពិធី បុណ្យ​អកអំបុក សំពះ​ព្រះ​ខែ នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​បាន​ប្រារព្ធ​នៅក្នុង​សប្ដាហ៍​នេះ ។​

រូបថត ហូ ជី មិញ នៅក្នុងពិធីបុណ្យអកអំបុក នៅដែនដីកម្ពុជាក្រោម
រូបថត ហូ ជី មិញ នៅក្នុងពិធីបុណ្យអកអំបុក នៅដែនដីកម្ពុជាក្រោម

​រូបថត​ការតុបតែង​នៅលើ ទូក ង និង​សាល​តាំងពិព័រណ៍​វប្បធម៌​ខ្មែរ ក្នុង​ពិធី​បុណ្យអកអំបុកសំពះព្រះខែ មួយចំនួន នៅ​ដែនដី​កម្ពុជា​ក្រោម ដែលមាន​ដាក់តាំង​រូបថត ហូ ជី មិញ ត្រូវ​ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook រិះគន់ យ៉ាងខ្លាំង​ទៅលើ​អ្នករៀបចំ​ថា ធ្វើ​ដើម្បី​បាន​ជាប់​លេខ​មួយ បាន​បុណ្យស័ក្ដិ និង​ប័ណ្ណសរសើរ​ពី​អាជ្ញាធរ​យួន ។​

​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ នៅ​ដែនដី​កម្ពុជា​ក្រោម បាន​សរសេរ​នៅលើ គណនេយ្យ Facebook របស់ខ្លួន​ថា ព្រះតេជព្រះគុណ មាន​ក្ដី​អាសូរ​ចំពោះ​ព្រះពុទ្ធ​រូប​ដែល​ឋិត​នៅក្រោម​រូប​របស់ ហូ ជី មិញ ដែលជា​មារ​និមិត្ត ។​

​ព្រះអង្គ​សរសេរថា​៖ “​អាសូរ​ព្រះពុទ្ធ !!!!! នៅក្រោម​មារ​និមិត្ត ។ ធានា​ជាប់​លេខ ១ ហើយ​ឆ្នាំនេះ ។ ប្រហែល គាត់​ជួយ​រក្សា​ទំនៀម​ទំលាប់ បុណ្យ​អកអំបុក​ទេ​ដឹង ។ បើ​អត់​ដាក់​រូប​ហ្នឹង វា​ថី ?” ។​

ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​ទៀត ​បាន​សរសេរ​នៅលើ គណនេយ្យ Facebook របស់ខ្លួន អមដោយ​រូបថត សាល​តាំងពិព័រណ៍​ដែលមាន​រូប ហូ ជី មិញ ហើយ​រិះគន់ថា “​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​បុណ្យ អកអំបុក​ឆ្នាំនេះ ​មានព្យុះ​ធំ ​😂😂😂😂😂” ។

អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ជាច្រើន បានចេញ​មតិ​ផ្សេងគ្នា​រិះគន់​លើ​រូបថត​នោះ ហើយ​បាន Share ពី​ម្នាក់​ទៅ​ម្នាក់ ។​

​អ្នកខ្លះ​ថា ៖ “​ពិតជា​មិនស្គាល់​ខ្លួនឯងជា​នរណា ឬក៏​ប្រជាភិថុតិគេ​ ដើម្បី​បាន​យសស័ក្តិ​” ។

អ្នកខ្លះ​ថា​៖ “​មិនមែន​យួន​តម្រូវ​ឲ្យ​ដាក់​រូបនោះ​ខ្ពស់ជាង​ព្រះ​នោះទេ តែ​លោកសង្ឃ​ខ្លះ​យកចិត្ត​រដ្ឋ​ដើម្បី​មុខមាត់​!” ។​

​អ្នកខ្លះ​ថា​៖ “​ចង់បាន​បុណ្យស័ក្តិ និង​លាភ​សក្ការ​: សុខចិត្ត​ដាក់​រូប​មេឃាតក លើ​ព្រះ​ពុទ្ធបដិមា ដែលជា​ព្រលឹងរបស់​ជាតិ​ខ្មែរក្រោម​” ។​

​និង អ្នកខ្លះ​ទៀតថា “មាសប្រាក់ បុណ្យស័ក្ដិ លាភ​សក្ការ​: អាចធ្វើ​ឲ្យមនុស្ស​លក់​ឧ​ត្ត​ម​គតិ​ខ្លួនឯង​ដោយ​ងាយហ្ន៎​” ។

អ្នក​ប្រើ​បណ្ដាញ Facebook ម្នាក់ទៀត បាន​រិះគន់​សាល​តាំងពិព័រណ៍​ថា អ្នករៀបចំ​ធ្វើ “​រូបភាព​ក្បត់​ខ្លឹមសារ​” នៃ​ពិធីបុណ្យអកអំបុក សំពះ​ព្រះ​ខែ ដោយ​ពិធីបុណ្យ​អកអំបុក​គ្មានអ្វី​ទាក់ទង​ នឹង​ខ្មោច ហូ ជី មិញ ឡើយ ។​

ហូ ជី មិញ ជា​អ្នកបង្កើត​របប​កុ​ម្មុយ​និ​ស្ត​យួន ឬ របប​យួន​ក្រហម កើត​នៅ​ឆ្នាំ ១៨៩០ ស្លាប់​នៅ​ឆ្នាំ ១៩៦៩ ។ ទោះបីរដ្ឋាភិបាល​យួន​កុ​ម្មុយ​និ​ស្តសព្វថ្ងៃ លើកតម្កើង ហូ ជី មិញ ថា​ជា​បិតា​ជាតិ​យួន តែ​ក្រុម​ប្រវត្តិវិទូ​បរទេស និងជនជាតិ​យួន​នៅក្រៅ​ប្រទេស​ បានលើកឡើង​ថា ព្រោះតែ ហូ ជី មិញ បានធ្វើ​ឲ្យ​ប្រទេស​យួន​ធ្លាក់ចូលក្នុង​បរប​កុ​ម្មុយ​និ​ស្ត​ផ្ដាច់ការ ប្រជាជន​រស់នៅក្នុង​ភាពដុនដាប គ្មាន​សេរីភាព រហូតមកដល់​សព្វថ្ងៃ ។

​យោង​ស​ព្វា​វចនាធិប្បាយ Wikipedia ក្រោម​ការដឹកនាំ​របស់ ហូ ជី មិញ ប្រជាពលរដ្ឋ​យួនជាច្រើន​ត្រូវ​ពួកយៀកមិញ​សម្លាប់​រង្គាល នៅក្នុង​បដិវត្ត​កំណែទម្រង់​ដីធ្លី​នៅ​ភាគ​ខាងជើង​វៀតណាម ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ ។ នៅ​ដែនដី​កម្ពុជា​ក្រោម ពួក​រដ្ឋការ​កុ​ម្មុយ​និ​ស្ត​យួន​ បាន​យក​ដីស្រែ​របស់​ម្ចាស់​ស្រុក​ខ្មែរក្រោម​ចែក​ឲ្យ​ជនជាតិ​យួន នៅក្នុង​គោលនយោបាយ​អ្វីមួយ ​ដែល​រដ្ឋាភិបាល​យួន​ហៅថា ស​មោហ​ភាព ឬ តឹបដង (Tap Doan) ។ ពលរដ្ឋ​ខ្មែរក្រោម​នៅ ខេត្ត​មាត់ជ្រូក ត្រូវ​រដ្ឋាភិបាល​យួន​ជម្លៀសចេញ ហើយ​យក​ជនជាតិ​យួន​មក​រស់នៅ​លើដី​ខ្មែរ​ជំនួស​វិញ រហូតមកដល់សព្វថ្ងៃ ។ ព្រះតេជព្រះគុណ គឹម តុ​ក ចើ​ង ជា​មេគណ​ខេត្ត​ព្រះ​ត្រពាំង ក៏ត្រូវ​ពួក​កុ​ម្មុយ​និ​ស្ត​យួន សម្លាប់​នៅក្នុង​គុក​ទាំង​អយុត្តិធម៌ ផងដែរ ។

​អកអំបុក ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​ប្រារព្ធ​នៅ​យប់​ថ្ងៃ ១៥ កើត ខែកត្តិក ជា​រៀងរាល់​ឆ្នាំ ។ ពិធី​នេះ ធ្វើ​នៅតាម​ផ្ទះ និង​វត្ត​អារាម បន្ទាប់ពី​ពិធី​សែន​លោក​ខែ​រួច ដោយ​ចាស់ទុំ ឬ ម្ដាយ​ឪពុក​អកអំបុក ឲ្យ​កូនចៅ ឬ ក្មេងៗ ដែល​មកឈរ​ជុំវិញ​តុ​សំណែន​លោក​ខែ​នៅ​មុខផ្ទះ​របស់ខ្លួន ។ តាម​ទម្លាប់​នៅ​ដែនកម្ពុជា​ក្រោម នៅក្នុង​ពិធីបុណ្យ​អកអំបុក ពលរដ្ឋ​ខ្មែរក្រោម ប្រារព្ធ​ពិធី​មួយចំនួន ដូចជា ពិធី​អុំទូក ង ពិធី​បណ្ដែតប្រទីប និង ពិធី​បង្ហោះគោម ជាដើម ៕