VOKK – សំឡេងកម្ពុជាក្រោម – អង្គការខ្មែរក្រោមស្នើឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា រឿងមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យខ្មែរក្រោម

អង្គការខ្មែរក្រោមស្នើឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា រឿងមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យខ្មែរក្រោម

July 15, 2016 10:23 PMComments Off on អង្គការខ្មែរក្រោមស្នើឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា រឿងមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យខ្មែរក្រោមViews: 159

អង្គការ​ការពារ​​សិទ្ធិ​ជនជាតិ​ដើម​​ភាគ​​​តិច និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍ ដែល មានមូលដ្ឋាននៅ ប្រទេសកម្ពុជា ​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​នៃប្រទេសកម្ពុជា ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែលកំពុងរស់នៅស្រុកខ្មែរ សព្វថ្ងៃ ​។

ក្នុង​លិខិត​​របស់​អង្គការ​ទាំង​ពីរ​នេះ​ផ្ញើ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃកម្ពុជា ​ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៦ បាន​លើក​ឡើង​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​​ក្រោម​​​​នៅ​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​​បាន​​អាជ្ញាធរ​បដិសេធ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​​ជូន​ពួក​គាត់​បើ​ទោះ​ជា​ពួក​គាត់​ទាំង​នោះ​មួយ​ចំនួន​មាន​អត្ត សញ្ញាណប័ណ្ណ​គំរូ​ចាស់​ហួស​សុពលភាព​ក៏ដោយ​ដោយ​សមត្ថកិច្ច​ទាំង​​នោះ​លើក​ហេតុ​ផល​ថា​ជួប​ការ​លំបាក​លើ​ទិដ្ឋភាព​ច្បាប់ ឬ​ពួក គាត់​ជា​ខ្មែរ​ក្រោម​​ ។

លិខិត​បន្ត​ថា​យោង​តាម​ការ​អង្កេត​អាជ្ញាធរ​ដែន​ដី​មួយ​ចំនួន​ជាពិសេស​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​សៀមរាប​បាន​សំណូម ពរ​ឲ្យ​មាន​បញ្ជា​ពី​​ក្រសួង​មហាផ្ទៃ​ជា​ចាំបាច់ ។

លិខិត​បញ្ជាក់​ថា៖ ​«​​សូម​សម្តេច​ក្រឡាហោម​មេត្តា​ពិនិត្យ​ និង​ចេញ​សេចក្តី​ណែនាំ ឬ​បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ពួកគាត់​» ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស និង​ដីធ្លី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​លោក សឺន ជុំសុធន បាន​លើក​ឡើង​ថា​ ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​កម្ពុជា​ជាច្រើន​គ្រួសារ​​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​តែ​រង​នូវ​ការ​រើសអើង​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ខ្មែរ​បើ​ទោះ​ជា​គ្រួសារ​ខ្លះ​បាន​រស់នៅ​ទឹកដី​កម្ពុជា និង​មាន​កូនចៅ​កើត​នៅ​លើ​ទឹកដី​ខ្មែរ​ក៏ដោយ ។

លោក លោក សឺន ជុំសុធន ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ស្រង់សម្ដី​ថា៖ «អត្តសញ្ញាណប័ណ្ណ​​មាន​សារៈសំខាន់​ណាស់​សម្រាប់​បង្ហាញ​ថា​ពួកគាត់​រស់នៅ​ដោយ​ស្រប​ច្បាប់​​នៅ​កម្ពុជា​ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ចាត់​ទុក​ខ្មែរ​កម្ពុជា​ក្រោម​ថា​ជា​ជនអន្តោ ប្រវេសន៍​ និង​មាន​ការ​រើសអើង​ទៅ​លើ​ពួកគាត់»។

លោក អំ សំរ៉េន អាយុ ៦៣ ឆ្នាំ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ ខេត្ត​សៀមរាប បាន​ថ្លែងកាសែតភ្នំពេញប៉ុស្តិ៍​ថា ​លោក​ និង​គ្រួសារ​បាន​មក​រស់នៅ​កម្ពុជា​ជាង ៣០ ​ឆ្នាំ​មក​ហើយ​មាន​ទាំង​សៀវ ភៅ​គ្រួសារ​អត្រា​នុកូលដ្ឋាន និង​​អត្តសញ្ញាណប័ណ្ណ​​គំរូ​ចាស់​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​ធ្វើ​អត្ត សញ្ញាណ​​ប័ណ្ណ​គំរូ​ថ្មី​ឲ្យ​ពួក​គាត់ ។

លោក​បាន​ថ្លែង​បន្តទៀត​​ថា  ​ក្នុង​នាមគាត់ដែលមាន​ឈាម​ជ័រ​ជា​ខ្មែរ គាត់​ចង់​រស់នៅ​ស្រប​​ច្បាប់​ក្នុង​ទឹកដី​ខ្មែរ  ​ចង់​បោះឆ្នោត​ បើ​មិន​មាន​​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរទេ ​គាត់​​ប្រៀប​ដូចជា​មនុស្ស​រស់នៅ​ក្រៅ​​សង្គម​​ ​។ គាត់មាន​ការ​សោកស្តាយ ​ដែល​ក្នុង​នាមគាត់​ជា​ខ្មែរ​ តែមិនអាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ​មិន​បាន​តែផ្ទុយទៅ វិញ ​ជនអន្តោប្រវេសន៍​ខុសពីខ្មែរ ដែលមក​រស់នៅ​លើ​ទឹកដី​ខ្មែរវិញ គេ​អាច​កាន់​អត្តសញ្ញាណ​​​​ប័ណ្ណ​​ជនជាតិ​ខ្មែរ​បានទៅវិញ ។

​យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ លោក ម៉ៅ ច័ន្ទតារ៉ា បាន​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គឺ​ត្រូវ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បើ​ទោះ​ជា​​ពលរដ្ឋ​​ខ្មែរ​​លើ ឬ​ ខ្មែរ​កម្ពុជា​ក្រោម​ក៏ដោយ​ ឲ្យ​តែ​ពួកគាត់​មាន​សញ្ជាតិ​ខ្មែរ​មាន​​សំបុត្រ​កំណើត​ និង​សៀវភៅ​ស្នាក់នៅ​អចិន្រៃ្តយ៍​នោះ​អាជ្ញាធរ​នឹង​ធ្វើ​​អត្តសញ្ញាណប័ណ្ណ​​ជូន​ពួកគាត់​ដោយ​ពុំ​មាន​ការ​រើសអើង​នោះ​ទេ ។

លោក​​បាន​ថ្លែង​បន្ត​ទៀត​ថា លោកមិន​ទាន់​បាន​ឃើញ​សំណើ​របស់សមាគមខ្មែរក្រោមនៅ​ឡើយ​ទេ  ​តែ​បើ​សិន​ជា​មាន​ករណី​រើសអើង​បែប​នេះ​​មែន ​បើ​ចាំបាច់អគ្គនាយក​នៃ​​អគ្គនាយកដ្ឋានរបស់លោក ​នឹង​ឲ្យ​មន្ត្រី​ចុះ​ទៅ​​ពិនិត្យ​ដោយ​​ផ្ទាល់​នៅ​តំបន់​នោះ ៕

Letter KK NGOsLetter KK NGOs_1

Comments are closed