របាយការណ៍​ឆ្នាំ​ចាស់​អំពី​ស្ថានភាព​របស់​ពិភពលោក និង ដែនដី​កម្ពុជា​ក្រោម របស់​ទេវតា​ឆ្នាំ​ចាស់​

April 13, 2017 7:59 AMComments Off on របាយការណ៍​ឆ្នាំ​ចាស់​អំពី​ស្ថានភាព​របស់​ពិភពលោក និង ដែនដី​កម្ពុជា​ក្រោម របស់​ទេវតា​ឆ្នាំ​ចាស់​Views: 169

​របាយការណ៍​ឆ្នាំ​ចាស់​អំពី​ស្ថានភាព​របស់​ពិភពលោក និង ដែនដី​កម្ពុជា​ក្រោម​ ​នៅក្នុង​ពិធី​ផ្ទេរតំណែង រវាង​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង កិ​មិ​រា​ទេវី និង ទេវតា​ឆ្នាំ​ចាស់ ម​ណ្ឌា​ទេវី​ ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១

ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ឆ្នាំ រកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ចូលមក​ដល់​នៅ​ថ្ងៃ​សុក្រ ៣ រោច ខែ​ចែ​ត្រ វេលា​ម៉ោង ០៣ និង ១២ នាទី​ព្រឹក​ថ្ងៃទី ១៤ មេសា ឆ្នាំ ២០១៧ ។ ពេលនោះ​ព្រះ អាទិត្យ​ចេញពី​មីនរាសី ទៅ​ស្ថិតនៅ​មេសរាសី តាមផ្លូវ​គោ​វិថី គឺ​ផ្លូវកណ្តាល ទើប​មាន​ទេព​ធិ​តា​មួយ​ព្រះ​អង្គជា មគ្គនាយិកា ព្រះនាម កិ​មិ​រា​ទេវី ជា​បុត្រី​ទី ៦ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ព​រល​ពណ៌​សេត (​ពណ៌​ស​) សៀតផ្កា ចង្កុលណី អាភរណៈ​កែវ បុស្ស​រាគ​ម័ ភក្សាហារ ចេ​ត​ណាំវ៉ា ព្រះ​ហត្ថ​ស្តាំ​ទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់​ពិណ គង់​លើ​ម​ហិ​ង្ស​រាជ (​ស្តេច​ក្របី ) ជា​ពាហនៈ ។ ទើប​នាំ​អស់ ទេវបុត្រ ទេវធីតា​ទាំង មួយ​សែន​កោដិ​ហោះ​ទៅកាន់ គុហា​កែ​វធ​ម្មាលី​នា​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជាទី​តម្កល់ទុក​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់ទុក​លើ​ពានមាស​នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០ នាទី (២៤ ម៉ោង​) ទើប​នាំយកទៅ​ទុក​នៅ​កន្លែង​ដើម​វិញ ។ រួចហើយ ទើប​ប្រជុំ​ទេវបុត្រ ទេវធីតា​ទាំង មួយ​សែន​កោដិ​ចូល ទៅ​ស្រង់ទឹក អ​នោ​ត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរ​ចេញពី​បំពង់​កែវ​ដែលជា​មាត់​គោ​ឧសភរាជ ទាំង ៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជហឫទ័យ ហើយ​ទើប​នាំគ្នា​ចូលទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស រីករាយ​គ្រប់​ព្រះអង្គ​ក្នុង​ភគវតី​សភា​សាលា​ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះ​ស្រលះ ហើយ ចំរើន​នូវ​សិរី​សួស្តី ជ័យ​មង្គល​ជន្មាយុ​យឺនយូរ​ដល់​ទេវតា និង​មនុស្ស សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូលមក​នេះ បាន​ទូលំ​ទួ​លាយ​សុខ​ក្សេម ក្សាន្ត​តរៀង​ទៅ ។​

ព្រះនាង កិមិរាទេវី ។ រូបថត ថៃ សាន

ព្រះនាង កិមិរាទេវី ។ រូបថត ថៃ សាន

​តើ​ព្រះ​នាង ម​ណ្ឌា​ទេវី បុត្រី​ទី ៤ នៃ​កបិល​មហាព្រហ្ម ទេវតា​ឆ្នាំ​ចាស់ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែល​ផុត​អាណត្តិ​ឆ្នាំនេះ មាន​របាយការណ៍​អ្វីខ្លះ​ទាក់ទង​នឹង​ស្ថានភាព​ពិភពលោក ដែនដី កម្ពុជា​ក្រោម និង​ប្រទេស​កម្ពុជា ?
​ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន នៃ សារព័ត៌មាន ព្រៃនគរ បាន​សរសរ និង រៀបរៀង​នូវ​កិច្ចសន្ទនា​មួយ​ក្នុង​ពិធី​ផ្ទេរតំណែង​រវាង​ទេវតា​ឆ្នាំ​ចាស់​ផុត​អាណត្តិ ម​ណ្ឌា​ទេវី និង​ទេវតា​ឆ្នាំ​ថ្មី កិ​មិ​រា​ទេវី ដែលមាន​ខ្លឹមសារ​ពិស្ដារ​ដូចតទៅ​៖
កិ​មិ​រា​ទេវី​៖ ខ្ញុំម្ចាស់ សូម​គោរព​ម្ចាស់​បង !
​ម​ណ្ឌា​ទេវី​៖ ប្រពៃ​ណាស់ ម្ចាស់​ប្អូន ! នៅតាម​អាកាស​វិថី​ដែល​ម្ចាស់​ប្អូន​ធ្វើដំណើរ​យាង​មក​ឋានមនុស្ស​លោក​នេះ បាន​សុខកាយ​សប្បាយ​ក្នុង​ព្រះរាជហឫទ័យ​ដែរឬទេ ? ម្ចាស់​ប្អូន !
​កិ​មិ​រា​ទេវី​៖ ខ្ញុំម្ចាស់​សុខកាយ សប្បាយ​ព្រះរាជហឫទ័យ​ជាធម្មតា​ទេ ម្ចាស់​បង !
​កិ​មិ​រា​ទេវី​៖ ក្នុង​មួយឆ្នាំ​កន្លងទៅនេះ ម្ចាស់​បង​បាន​យាង​ចុះមក​ដើម្បី​រក្សា​មនុស្សលោក តើ​ម្ចាស់​បង​បាន​សុខកាយ សប្បាយ​ក្នុង​ព្រះរាជហឫទ័យ​ដែរឬទេ ?
​ម​ណ្ឌា​ទេវី​៖ ម្ចាស់​បង ក៏​សុខកាយ​សប្បាយ​ព្រះទ័យ​ដូច​ម្ចាស់​ប្អូន​ដែរ ។​
​កិ​មិ​រា​ទេវី​៖ មួយឆ្នាំ​កន្លងទៅនេះ តើ​ធាតុអាកាស​នៅលើ​ផែនដី​មានការ​ប្រែប្រួល​យ៉ាងណាដែរ ម្ចាស់​បង​?
​ម​ណ្ឌា​ទេវី​៖ ម្ចាស់​ប្អូន ! មួយឆ្នាំ​កន្លងទៅនេះ អាកាសធាតុ​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ជាពិសេស សីតុណ្ហភាព​របស់​ភពផែនដី​ទី​ដែល​មនុស្សលោក​រស់នៅ​បាន​កើនឡើង​ក្តៅ​ខ្លាំង​មិន​ធ្លាប់មាន ។ ស្រ ទាប់​អូ​ហ្ស៊ូ​ន និង​ឧស្ម័ន​កាបូ​និក ដែល​នៅ​ហ៊ុមព័ទ្ធ​ភពផែនដី មាន​កាន់តែ​ក្រាស់​ស្រាប់​ទៅហើយនោះ ជា​ប្រភព​ដ៏​ចម្បង​នៃ​ការកើនឡើង​សីតុណ្ហភាព ។ កម្រាស់​ឧស្ម័ន​កាបូ​និក ដែល​កើតចេញពី​ផ្សែង​ពុល បញ្ចេញ​ដោយ​រោងចក្រ ឬ យានយន្ត​របស់​មនុស្ស​លោក​បាន​កើនឡើង​កាន់តែខ្លាំង ។ បើ​យោងទៅតាម​អង្គការ​ឧ​ត្តុ​និយម​ពិភពលោក (OMM) ដែល​ភ្នាក់ងារ​មួយ​របស់​អង្គការសហប្រជាជាតិ បានចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ ទី ២១ ខែមីនា ឆ្នាំ ២០១៧ ដោយបាន​បូកសរុប​ទិន្ន័យ​នៃ​ការ​ស្ទាបស្ទង់​ការវិវឌ្ឍ នៃ​សីតុណ្ហភាព​របស់​ភពផែនដី​បាន​បញ្ជាក់ថា ឆ្នាំ ២០១៦ កន្លងទៅ សីតុណ្ហភាព​ភពផែនដី​បាន​កើនឡើង​ក្តៅ​ខ្លាំង​មិន​ធ្លាប់មាន ហើយ​ឆ្នាំ ២០១៧ នេះ សីតុណ្ហភាព​ផែនដី​អាច​នឹង​ឡើង​ក្តៅ​បន្ថែមទៀត​ដែល​ការ​នេះ​អាច​នឹង​ញ៉ាំង​ឲ្យ​មាន​គ្រោះរាំងស្ងួត និង​គ្រោះធម្មជាតិ​កាន់តែ ខ្លាំង ។​
​កិ​មិ​រា​ទេវី​៖ សម្រាប់​បញ្ហា​សន្តិសុខ​សង្គម និង​នយោបាយ​របស់​មនុស្ស​ក្នុង​ពិភពលោក​វិញ តើ​មានការ​ប្រែប្រួល​យ៉ាងណាដែរ​ម្ចាស់​បង ?
​ម​ណ្ឌា​ទេវី​៖ ម្ចាស់​ប្អូន ! ដោយសារតែ​ចិត្ត​មនុស្សលោក​ពោរពេញ​ទៅដោយ លោភៈ ទោសៈ និង មោហៈ បណ្ដា​ឲ្យ​មេដឹកនាំ​លោភលន់​អំណាច ប្រជារាស្ត្រ​បះបោរ​ធ្វើបាតុកម្ម និង​ធ្វើ​រដ្ឋប្រហារ​កើតជា សង្គ្រាមស៊ីវិល​ក្នុងប្រទេស ហើយ​ប្រទេស​ខ្លះ​ក្នុង​ពិភព​ធ្វើសង្គ្រាម​ជាមួយនឹង​គ្នា​បណ្ដាល​ឲ្យ​មនុស្ស ស្លាប់​ជា​បន្តបន្ទាប់ ។ ព្រឹត្តិការណ៍​ពិភពលោក​ដែល​លេចធ្លោ​ជាងគេ​ក្នុង​អាណត្តិ​របស់​ម្ចាស់​បង​ឆ្នាំនេះ មានដូចជា ការបោះឆ្នោត​ជ្រើសរើស​ប្រ​ធា​ធិបតី​នៅ​សហរដ្ឋអាមេរិក លោក ដូ​ណា​ល ត្រាំ (Donald Trump) មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ទី ៤៥ ។ ក្រោយពី​កាន់តំណែង​មិនយូរប៉ុន្មាន ថ្មីៗ​នេះ មុនពេល​ម្ចាស់​ប្អូន​ចូលកាន់​តំណែង​បន្តវេន​ពី​ម្ចាស់​បង លោក ដូ​ណា​ល ត្រាំ បាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល ចំនួន ៥៩ គ្រាប់ លើ​ព្រលានយន្តហោះ​នៅ​ក្រុង Homs ប្រទេស​ស៊ី​រី នៅ​ថ្ងៃទី ៧ ខែមេសា កន្លងទៅនេះ ។ ការ​ផ្លោង​មី​ស៊ី​ល​នេះ ដោយសារ របប​ដឹកនាំ​ផ្តាច់ការ​របស់ បា​សា អាល់ អាសាដ បាន​ប្រើប្រាស់​អាវុធ​គីមី​ឧស្ម័ន​ពុល​ដ៏​សាហាវ​ប្រឆាំងនឹង​ពលរដ្ឋ​របស់ខ្លួន បណ្ដាល​ឲ្យ​ជីវិត​បុរស ស្ត្រី និង​ក្មេងៗ​ដែល​គ្មានអ្វី​ការពារ​ខ្លួន ក៏​ស្លាប់​យ៉ាង​ព្រៃផ្សៃ ។ ក្រៅពីនេះ ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​ដើម្បី​ផ្ដួលរំលំ​ប្រធានាធិបតី​ទូ​គី លោក Recep Tayyip Erdogan មិនបាន​ជោគជ័យ​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៣៧.000 នាក់ ត្រូវ​ចាប់ខ្លួន និង​មនុស្ស​រាប់ពាន់នាក់​ត្រូវ​បាញ់ប្រហារ​ក្នុង​ព្រឹត្តិការណ៍​បោសសម្អាត ។ ៥២% នៃ​ពលរដ្ឋ​អង់គ្លេស បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​ប្រទេស​អង់គ្លេស​ផ្ដាច់ខ្លួន​ចេញពី​សហភាព​អ៊ឺរ៉ុប ។ បញ្ហា​អសន្តិសុខ​ដោយ​អំពើ ភេរវកម្ម និង​វិបត្តិ​ជនភៀសខ្លួន​ក្លាយជា​សុបិន​អាក្រក់​សម្រាប់​ទ្វីប​អ៊ឺរ៉ុប​ទាំងមូល ។ សង្គ្រាម​នៅ​ស៊ី​រី​នៅតែ​បន្ត​កើតមាន ចាប់ពី​ឆ្នាំ ២០១១ មក បណ្ដាល​ឲ្យ​មនុស្ស ៣១២.000 នាក់​ត្រូវស្លាប់ ។ ខណៈដែល​ធ្វើ​ឲ្យ​បាត់​ទឹកដី Iraq, Syria និង Libya ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម (IS) បានប្រកាស​ទទួលខុស​ត្រូវ និង បំផុសគំនិត​ឲ្យ​មានការ​វាយប្រហារ​សម្លាប់​មនុស្ស​ទូទាំង​ពិភពលោក ។ បន្ទាប់មក មាន​ព្រឹត្តិការណ៍​វាយប្រហារ​បង្ហូរឈាម​ដោយ​ក្រុម​ភេរវកម្ម​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​មួយចំនួន ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង បែ​ល​ស៊ី​ក និង​ទូរ​គី​យ៍ ជាដើម ។ ភេរវកម្ម​ទាំងនេះ បណ្ដាល​ឲ្យ​មនុស្ស ៨៦ នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បុក​រថយន្ត​នៅ Nice ប្រទេស​បារាំង​, ៤៩ នាក់​ស្លាប់​នៅ Orlando សហរដ្ឋអាមេរិក​, ៣២ នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ Brussels ប្រទេស​បែក​ស៊ី​ក ។ កំណើន​ជនភៀសខ្លួន​ទៅ​ប្រទេស​អ៊ីតាលី​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ធើ​រ៉ា​ណេ (Mediterranean) បណ្ដាល​ឲ្យ​ស្លាប់ និង​បាត់​ខ្លួន​យ៉ាងហោច ៤.៧០០០ នាក់ ។ នៅក្នុង​អាណត្តិ​របស់​ម្ចាស់​បង​ដែរ ឆ្នាំនេះ មាន​មនុស្ស ២ រូប​ដែល​កាន់អំណាច​យូរ​ជាងគេ​បាន​ស្លាប់ ។ ទី ១ ព្រះមហាក្សត្រ​ថៃ ព្រះបាទ សម្ដេច ភូមិ​ពល អ​តុល្យ​តេជ បាន​សោយ​ទីវ​ង្គ​ត​បន្ទាប់ពី​ព្រះអង្គ​បាន​សោយរាជ្យ​ជាង ៦០ ឆ្នាំ​មក ។ ទី ២ ហ្វ៊ី​ដែល កាស​ត្រូ (Fidel Castro) មេដឹកនាំ​កុ​ម្មុយ​និ​ស្ត​គុយបា បាន​ស្លាប់ទៅ បន្ទាប់ពី​គាត់​បាន​កាប់​អំណាច​នៅ​ប្រទេសមួយ​នេះ​អស់ ៥០ ឆ្នាំ​មក ។ នៅមាន​ព្រឹត្តិការណ៍​ក្ដៅ​ជាច្រើន​ទៀត​ណា ម្ចាស់​ប្អូន ដោយ​ម្ចាស់​បង​គ្រាន់តែ​រាយការណ៍​ត្រួសៗ​តែប៉ុណ្ណោះ ។​
​កិ​មិ​រា​ទេវី​៖ មួយឆ្នាំ​កន្លងទៅនេះ​តើ​ស្ថានភាព​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​ឋិត​នៅក្រោម​នឹម​អាណានិគម​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​នោះ មានការ​ប្រែប្រួល​យ៉ាងណាខ្លះ​ទេ ម្ចាស់​បង ? ជាពិសេស ទាក់ទង​នឹង​ការរំលោភបំពាន​ផ្នែក​សិទ្ធិមនុស្ស ? សូម​ម្ចាស់​បង មេត្តាជួយ​ធ្វើ​សេចក្ដីរាយការណ៍​ផ្ដល់ព័ត៌មាន​ដល់​ខ្ញុំម្ចាស់​បាន​ជ្រាប​ផង ។​
​ម​ណ្ឌា​ទេវី​៖ កិ​មិ​រា​ទេវី ម្ចាស់​ប្អូន ! ឆ្នាំ ២០១៧ នេះ ជា​គម្រប់​ខួប ៦៨ ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រោម​នឹម​អាណានិគម​យួន ចាប់តាំងពី​បារាំង​បានប្រគល់​ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន​ឲ្យ​យួន​បន្តវេន​ត្រួតត្រា​មកលើ​ជនជាតិដើម​ខ្មែរក្រោម តាំងពី​ឆ្នាំ ១៩៤៩ មក ។ ដូចជា​រៀងរាល់ឆ្នាំ​ដែរ​ក្រោយពី​បាន​ជំនួយ​ពី​បរទេស ក្នុង​មួយឆ្នាំ​កន្លងទៅនេះ រដ្ឋាភិបាល​យួន​នៅតែ​បន្ត​គោលនយោបាយ អភិវឌ្ឍ​ជនបទ ដូចជា​កសាង​ផ្លូវ​ប៉េ​តុង និង​បញ្ចូលភ្លើង​អគ្គីសនី​នៅតាម​ភូមិ​ស្រុក ជាដើម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ​គិតថា គេ​ឲ្យ​ប៉ុណ្ណឹង​ហើយ​ចង់បាន​អ្វី​ទៀត ។ ចំណែក វប្បធម៌ និង​សាសនា​នៅ​កម្ពុជា​ក្រោម​វិញ​មានការ​រីកចម្រើន​ខ្លះ​ដែរ ដូចជា​ព្រះសង្ឃ​នាំគ្នា​កសាង​វត្ត​អារាម​ប្រកបដោយ​រចនា ប​ទ្ម​ខ្មែរ និង​បុណ្យទាន​ផ្សេងៗ​នៅតាម​វត្ត​អារាម មាន​ពលរដ្ឋ​ខ្មែរក្រោម​មាន​ស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ​ជាដើម ប៉ុន្តែ​នៅមាន​ចំណុច​ជាច្រើន​ទៀត​ដែល​ត្រូវតែ​កែលម្អ​បន្ថែម​ដើម្បី​ឲ្យ​ពេញ​ជា​លក្ខណៈ​ខ្មែរ​ពិតប្រាកដ ព្រោះថា របាំ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​រាំ និង​របៀប​ប​ស្លៀកពាក់​បែប​បុរាណ​ខ្មែរ ភាគច្រើន​មិនសូវមាន​គ្រូ​ដែលមាន​ជំនាញ​ចេញពី​សាលា​នៅ​ប្រទេស​កម្ពុជា​បង្ហាត់បង្រៀន​ទេ ។ នៅតាម​វត្ត​អារាម​មាន​បើក​សាលា​ពុទ្ធ​ក​សិក្សា ហើយ​មាន​សិស្ស និង​សមណ​សិស្ស​ចូលរៀន​កាន់តែច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​វិញ រដ្ឋាភិបាល​វៀតណាម​នៅតែ​បន្ត​ទុក្ខ​បុក​ម្នេញ​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក​ជា​បន្តបន្ទាប់​គ្មាន​ស្រាកស្រាន្ត​ឡើយ ។ សេរីភាព​នៃ​ការបញ្ចេញមតិ ការបង្កើត​អង្គការក្រៅរដ្ឋាភិបាល និង​សារព័ត៌មាន​ឯករាជ្យ​ជា​ភាសា​ខ្មែរ ដូចជា​ទូរទស្សន៍ វិទ្យុ និង​កាសែត ជាដើម មិនមាន​ឡើយ ។ ពលរដ្ឋ​ខ្មែរក្រោម​នៅតែមាន​ការភ័យខ្លាច​ចំពោះ​ការអាន រៀន និង ផ្សព្វផ្សាយ​នូវ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​សាធារណៈ ខណៈដែល​ក្រសួង​អប់រំ​នៃ រដ្ឋាភិបាល​យួន​នៅតែ​បន្ត​កាឡៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ហើយ​បោះពុម្ព​ជា​សៀវភៅ​សិក្សា​ដើម្បី​លាង​ខួរក្បាល​កូនចៅ​ខ្មែរក្រោម​ជំនាន់​នេះ​ឲ្យ​ក្លាយទៅជា​ជនជាតិ​យួន ។ ចំណែក​នៅក្រៅ​ប្រ ទេស​វិញ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅតែ​បន្តសកម្មភាព​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​លើ​ឆាក​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ខ្មែរក្រោម​អ្នក​នៅក្នុង​ស្រុក ។ នេះ​ជា​ទិដ្ឋភាព​រួម​ដែល​ម្ចាស់ បង​សូម​ជម្រាប​ទៅ​ម្ចាស់ ប្អូន​ឲ្យ​បាន​ជ្រាប​ត្រួសៗ​សិន ។​
​កិ​មិ​រា​ទេវី​៖ សូម​ម្ចាស់​បង មេត្តាជួយ​រាយការណ៍​រឿងនេះ​ឲ្យ​បាន​ពិស្ដារ​បន្តិច​មើល ដើម្បី​ខ្ញុំម្ចាស់ និង​ពួក​ទេព​មន្ត្រី​ទាំងឡាយ​បាន​ជ្រាប​ផង ។​
​ម​ណ្ឌា​ទេវី​៖ ម្ចាស់​ប្អូន ! ម្ចាស់​បង​សូម​លើកយក​រឿង​ជាក់ស្ដែង​មក​ជម្រាប​ម្ចាស់​ប្អូន​ឲ្យ​បាន​ជ្រាប​អំពី​រឿង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម ដូចតទៅ​៖
​បើ​យោងតាម​របាយការណ៍​ស្ដីពី​ការ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម ឆ្នាំ ២០១៦ ចេញ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀតណាម បាន​គូសបញ្ជាក់ថា​៖ “​រដ្ឋាភិបាល​យួន​នៅតែ​បន្ត​ចាប់​ក្រុម​ជនជាតិដើម និង​ជនជាតិភាគតិច​ដាក់គុក ដោយ​យោងតាម​មាត្រា​ស្ដីពី​សន្តិសុខ​ជាតិ​នៃ​ច្បាប់ព្រហ្មទណ្ឌ ។ ក្រុម​ជនជាតិដើម​ជាច្រើន ត្រូវ​រដ្ឋាភិបាល​យួន​ចោទប្រកាន់​ជាប់ទាក់ទង​នឹង ចលនា​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ឬ​រដ្ឋាភិបាល​ដែលមាន​និន្នាការ​បំបែក​រដ្ឋ​” ។ ករណី​ជាក់ ស្ដែង​គឺ មកដល់ពេលនេះ​រដ្ឋាភិបាល​យួន​នៅ​មិនទាន់​ដោះលែង ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃ​វត្ត​សិរី​តាសេក នៅ​ខេត្ត​ឃ្លាំង ឲ្យ​មាន​សេរីភាព​នៅឡើយ ។ ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ដាក់គុក​កាលពី ឆ្នាំ ២០១៣ ម្ល៉េះ ដោយសារ​ព្រះអង្គ​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស និង​ហ៊ាន​ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​សំឡេង កម្ពុជា​ក្រោម ។​

​ម្ចាស់​ប្អូន​! ដូច​ម្ចាស់​បង​បាន​ជម្រាប​មក​ខាងដើម​ស្រាប់​ចឹ​ង​ថា ឆ្នាំនេះ​ផែនដី​ឡើង​កម្ដៅ​ខ្លាំង វា​ក៏​ជះឥទ្ធិពល​ដល់​ដែនដី​កម្ពុជា​ក្រោម​ផងដែរ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ស្រះ​គូ​នៅ​ខេត្ត​ព្រះ​ត្រពាំង​ត្រូវ​រីង​គោក និង ម្យ៉ាងទៀត​មកពី​ស្រះ​នេះ​មិនបាន​ស្ដារ​ជាច្រើន​ឆ្នាំ​មកហើយ ។ បន្ទាប់ពី​ក្រុមព្រះ​សង្ឃ និង​យុវជន​ខ្មែរក្រោម​បាននាំគ្នា​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​យួន​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យួន​ជួយ ស្ដារ​ស្រះ​ឡើងវិញ និង​រក្សា​ឲ្យ​នៅតាម​លំនាំ​ដើម​នោះ រដ្ឋាភិបាល​យួន​ក៏បាន​ស្ដារ និង​កែលម្អ​ស្រះ នេះ​ឡើងវិញ​ផងដែរ ។​
​នៅក្នុង​ឆ្នាំ​នេះដែរ ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល វៀតណាម​ដែល​នៅតែ​មិនទាន់​ធ្វើ​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង​ឡើងវិញ បន្ទាប់ពី​ខ្លោងទ្វារ​ដែលមានរ​ចនាប​ទ្ម​ខ្មែរ​ចូល​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​រដ្ឋាភិបាល​យួន​កម្ទេចចោល​កាលពី​ឆ្នាំ ២០១៤ មកម្ល៉េះ ។ ក្រុម​អ្នក​រីះ​គន់​ចោទប្រកាន់​រដ្ឋាភិបាល​យួន​ថា មានបំណង​ចង់​លុបបំបាត់​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម ។​
​ក្រុមមន្ត្រី​សង្ឃ​ផ្អើល​នឹង​ទង់ជ័យ​ពុទ្ធសាសនា​ថា​ទង់ជាតិ​កម្ពុជា​ក្រោម នៅក្នុង​កម្មវិធី​ប្រឡង​យក សញ្ញាប័ត្រ​ពុទ្ធិកសិក្សា​បឋមភូមិ និង​ទុតិយភូមិ នៅ​វត្ត​រំដួល ឋិត​នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង កាលពី ខែកុម្ភៈ ឆ្នាំ ២០១៧ ជា​ប្រធានបទ​មួយ​ដែល​ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ជជែក​គ្នា​យ៉ាង​ក្ដៅគគុក ។ កម្មវិធី​នេះ គណៈកម្មការ​រៀបចំម​ណ្ឌ​ល​ប្រឡង​បានរៀបចំ និង​តុបតែង​វេទិកា​ប្រ កាស​លទ្ធផល​មាន​ទ្រង់ទ្រាយ​ប្រាសាទបន្ទាយស្រី ហើយ​មាន​ដាក់​ទង់ជ័យ​ពុទ្ធសាសនា​នៅ​ចំ​កណ្ដាល​វេទិកា​បានធ្វើ​ឲ្យ​រំលេច​នូវ​ពណ៌ ខៀវ លឿង ក្រហម មើលទៅ​ដូចនឹង​ពណ៌​នៃ​ទង់ជាតិ​កម្ពុជា​ក្រោម បានធ្វើ​ឲ្យ​មន្ត្រី​សង្ឃ​មិន​ហ៊ាន​ឡើង​គង់​នៅលើ​វេទិកា ហើយ​រត់​ចុះមក​គង់នៅ​ខាងក្រោម មុខ​វេទិកា​វិញ ដោយ​អ្នក​ប្រើ Facebook លើក​ហេតុផល​ថា ក្រុមមន្ត្រី​សង្ឃ​ខ្លាច​រដ្ឋាភិបាល​យួន​ចោទប្រកាន់​រឿង​ទឹកដី​កម្ពុជា​ក្រោម ។​

​រឿង​ទំនាស់​ដីធ្លី​រវាង​ព្រះសង្ឃ​វត្ត​មុនី​រង្សី​មេ​ពាំង ឋិត​នៅក្នុង​ភូមិ​មេ​ពាំង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ជាមួយនឹង​ជនជាតិ​យួន​មក​នៅ​លើដី​វត្ត​កាន់តែ​ក្ដៅ​ឡើងៗ ខណៈដែល​រដ្ឋាភិបាល​យួន​នៅតែ​ធ្វើ​ព្រងើយ មិន​ព្រម​ចេញមុខ​មក​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ដាច់ស្រេច ។ កាលពី​ខែធ្នូ ឆ្នាំ ២០១៦ អាជ្ញាធរ​យួន​មួយក្រុម​បាននាំគ្នា​ចូលទៅ​វត្ត​នេះ​ដោយ​មិនបាន​ផ្ដល់ដំណឹង​ជាមុន ដើម្បី​បង្ខំ​ឲ្យ​ព្រះសង្ឃ​នៅក្នុង​វត្ត ចុះហត្ថលេខា​លើ​លិខិតស្នាម​កាត់​ដី​វត្ត​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​យួន តែ​ព្រះសង្ឃ​មិន​ចុះហត្ថលេខា​ឡើយ ។ ក្រោយមក​នៅក្នុង​មេសា​នេះ ព្រះសង្ឃ​បាននាំគ្នា​ចេញ​សម្អាត​លើដី​មាន​ជម្លោះ​នោះ ស្ត្រី​ជនជាតិ​យួន​បាន​ចេញមក​ជេរប្រមាថ​ដល់​ព្រះសង្ឃ​ខ្លាំង ។ រឿងនេះ គេ​នៅ​មិនទាន់​ឃើញ​មន្ត្រី​សង្ឃ និង​រដ្ឋាភិបាល​ថ្នាក់លើ​ចុះមក​ធ្វើ​អន្តរាគមន៍​នៅឡើយ ។​

​ខេត្ត​ព្រះ​ត្រពាំង​ទើបតែ​បង្កើត​វត្ត​ខ្មែរ​ថែម​មួយទៀត នៅ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៧ នេះ ។ វត្ត​ដែល​ទើបតែ​បង្កើត​ថ្មី​នោះ មាន​នាម​ថា វត្ត​ជយ​នទី​រតនា​រាម (​អូរ​ក្ដារ​) ឋិត​នៅក្នុង​ស្រុក​កំពង់ធំ ។ មុននឹង​បាន​រដ្ឋាភិបាល​យួន​ទទួលស្គាល់ថា​ជា​វត្ត​ផ្លូវការ​នោះ ទី​បង្កើត​វត្ត​នេះ​ពីមុន​ជា​សាលាឆទាន​របស់​អ្នកស្រុក​ភូមិ​អូរ​ក្ដារ ។ បន្ទាប់ពី​បាន​បង្កើត​វត្ត​ថ្មី​មួយ​នេះ ខេត្ត​ព្រះ​ត្រពាំង​មាន​វត្ត​កើនឡើង​ដល់ ១៤៣ វត្ត​ក្នុងចំណោម​វត្ត​ខ្មែរ​ជិត ៥០០ វត្ត​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ។​

​កិ​មិ​រា​ទេវី​៖ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នេះ តើ​ពលរដ្ឋ​ខ្មែរក្រោម​មានបាន​ទទួល​បុណ្យចូលឆ្នាំ​នឹង​គេ​ដែរឬទេ ម្ចាស់​បង​?

​ម​ណ្ឌា​ទេវី​៖ កិ​មិ​រា​ទេវី ម្ចាស់​ប្អូន​! នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅតាម​វត្ត​អារាម និង​ភូមិ​ស្រុក​នីមួយៗ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ទៅតាម​ប្រ​ណៃ​ពី​ជាតិ​ជាធម្មតា ។ តែ​សម្រាប់​សិស្ស និស្សិត​ខ្មែរ​ដែល​កំពុងតែ​រៀន​នៅតាម​សាលារៀន​យួន និង​កម្មករ​ខ្មែរ​ដែល​ទៅ​ស៊ីឈ្នួល​នៅតាម​រោងចក្រ នាទី​ក្រុង​ព្រៃនគរ និង​ខេត្ត​ផ្សេងៗ​ទៀត មិនបាន​ឈប់ សម្រាក​ដើម្បី​បាន​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​របស់ខ្លួន​ទេ ។ មូលហេតុ​ដែល​នាំ​ឲ្យ​ពល រដ្ឋ​ខ្មែរក្រោម​មិនបាន​ត្រឡប់មក​ស្រុក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ព្រោះ​រដ្ឋាភិបាល​យួន​មិនមាន​គោល នយោបាយ​សម្រាប់​ជនជាតិដើម ដូចជា​ចេញ​សេចក្ដីប្រកាស​ណែនាំ​ឲ្យ​គ្រប់​សាលារៀន ក្រុមហ៊ុន រោងចក្រ និង​ស្ថាប័នរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម​បិទទ្វារ​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ ចូលឆ្នាំ​ខ្មែរ ។ តាមពិត ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក​នៅ​ដែនដី​កម្ពុជា​ក្រោម ហើយ​រដ្ឋាភិបាល​យួន​មក​ធ្វើ អាណានិគម​លើ​ម្ចាស់​ស្រុក ទទួលផល​ប្រយោជន៍​ពី​ទឹកដី​កម្ពុជា​ក្រោម​មិនតិច​ទេ ដូចជា​ឲ្យ​ជនជាតិ​យួន​មក​របស់​នៅលើ​ទឹកដី​កម្ពុជា​ក្រោម ជាដើម តែ​បែរជា​មិន​គោរព​ដល់​ប្រពៃណី​របស់​ម្ចាស់​ស្រុក​ខ្មែរ ក្រោម ទៅវិញ ។ ទង្វើ​នេះ​បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​យួន​នៅតែ​រើសអើង​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ហើយ​ឲ្យ​តម្លៃ​តែ​ជនជាតិ​យួន​របស់ខ្លួន​ម្យ៉ាង ខណៈដែល​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត វៀតណាម​តែង​តែង អះអាងថា ជនជាតិ​ទាំង ៥៤ នៅក្នុង​ប្រទេស​វៀតណាម មាន​សិទ្ធិ​ស្មើគ្នា ។ ការដែល​មិន​ឲ្យ​ពលរដ្ឋ ខ្មែរក្រោម​មាន​សេរីភាព​ក្នុង​ការទទួល​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នោះ វា​ផ្ទុយ​ពី​ជនជាតិ​យួន របស់ខ្លួន​បាន​ឈប់សម្រាក ១៥ ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ (Tet) របស់​យួន ។​

​ទង្វើ​រើសអើង​ពូជសាសន៍​ពី​រដ្ឋាភិបាល​យួន​លើ​ជនជាតិដើម​ខ្មែរក្រោម​នេះ ត្រូវ​នឹង​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម ឆ្នាំ ២០១៦ ចេញ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀតណាម បាន​គូសបញ្ជាក់ថា ប្រទេស​វៀតណាម​មាន “​ច្បាប់​ហាម​មិន​ឲ្យ​រើសអើង ឬ​ប្រកាន់ ពូជសាសន៍​ទៅលើ​ជនជាតិភាគតិច ប៉ុន្តែ​ការរើសអើង​ពូជសាសន៍​នៅតែមាន​លើ​ជនជាតិភាគតិច​ជា យូរ​មកហើយ ។ កម្មាភិបាល​ជនជាតិ​យួន​នៅតាម​មូលដ្ឋាន​នៅតាម​ខេត្ត​មួយចំនួន ជាពិសេស នៅតាម​តំបន់​ខ្ពង់រាប បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ជាតិ ហើយ​រើសអើង​លើ​សមាជិក​នៃ​ក្រុម​ជនជាតិភាគតិច និង​សាសនា​របស់​ពួកគេ ។ ទោះបី​វិស័យសេដ្ឋកិច្ច​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណាក៏ដោយ តែ​ភាគ​ខុសគ្នា​រវាង​ក្រុម​ជនជាតិភាគតិច​ជាមួយនឹង​ជនជាតិ​យួន (Kinh) នៅតែមាន ។ ទោះបី​ជនជាតិភាគតិច​មាន​ចំនួន​ប្រជាពលរដ្ឋ​ច្រើន​នៅតាម​តំបន់​មួយចំនួន ដូចជា ភាគ​ខាងជើង តំបន់​ខ្ពង់រាប និង​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ (​កម្ពុជា​ក្រោម​) យ៉ាងណាក៏ដោយ ក៏​ពួកគេ​នៅតែ​ជួប នឹង​បញ្ហា​ខាង​សុខភាព បណ្ដាល​ឲ្យ​អត្រា​នៃ​ការស្លាប់​របស់​ម្ដាយ និង​កូន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នៅតាម​តំបន់​ជនជាតិដើម​ភាគតិច បើ​ប្រៀបធៀប​នឹង​ទីក្រុង និង​តំបន់​មាត់សមុទ្រ​” ។ របាយការណ៍​រឿង​កម្ពុជា​ក្រោម​របស់​ម្ចាស់​បង​មានតែ​ប៉ុណ្ណេះ សូម​ម្ចាស់​ប្អូន​ជ្រាប ។​

​កិ​មិ​រា​ទេវី ៖ ខ្ញុំម្ចាស់ សូម​អរ​ព្រះ​គុណ​ចំពោះ​ម្ចាស់​បង​ដែល​បាន​រាយការណ៍​ព័ត៌មាន ដែល​បាន​កើតឡើង ក្នុង​មួយឆ្នាំ​កន្លងទៅនេះ ដល់​ខ្ញុំម្ចាស់ និង​ពួក​ទេព​មន្ត្រី​បាន​ជ្រាប​ជា​ដំណឹង ។ ឆ្នាំនេះ ជា​តួនាទី​របស់ខ្ញុំ​ម្ចាស់ ខ្ញុំម្ចាស់​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​ព្រះកាយពល ដើម្បី​នាំមក​នូវ​សច​ក្ដី​សេចក្ដីចម្រើន​ដល់​មនុស្ស​តរៀង​ទៅ​ហោង ។​
​ម​ណ្ឌា​ទេវី ៖ ម្ចាស់​បង សូម​លា​ម្ចាស់​ប្អូន​សិន​ហើយ ឆ្នាំ​ថ្មី​នេះ សូម​ឲ្យ​ម្ចាស់​ប្អូន​បាន​សេចក្ដី​សុខកាយ និង​សប្បាយ​ក្នុង​ព្រះរាជហឫទ័យ​ពេញ​មួយឆ្នាំ ដើម្បី​ថែរក្សា​មនុស្សលោក​ឲ្យ​បាន​សេចក្ដីសុខ​ចម្រើន​ជានិច្ច​និរន្តរ៍​ហោង ។​
​កិ​មិ​រា​ទេវី​៖ ខ្ញុំម្ចាស់​អរ​ព្រះ​គុណ​ម្ចាស់​បង ។ សូម​ម្ចាស់​បង​យាង​វិលត្រឡប់​ទៅកាន់​ឋាន​របស់ខ្លួន​វិញ​ឲ្យ មាន សុវត្ថិ​ភា តាម​អាកាស​វិថី​កុំបី​មាន​ឧបសគ្គ​អ្វី​ឡើយ ។ សួស្ដី​ឆ្នាំ​ថ្មី ម្ចាស់​បង ។​

Comments are closed