ព្រះវិហារ​ក្នុង​វត្ត​មួយ​នៅ​ថៃ តាំង​ព្រះ​ឆាយា​លក្ខណ៍ ឧកញ៉ា សឺ​ង គុយ​

នៅ​ក្នុងឱកាស​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ នា វត្ត​សិរិ​ន​ថន​ទេព​រតនា​រាម ឃុំ​អម​យ៉ៃ ស្រុក​សាម​ប្រាន ខេត្ត​នគរ​បឋម ប្រទេស​ថៃ បានដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍ ឧកញ៉ា សឺ​ង គុយ វីរបុរស​ជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ឆាយា​លក្ខណ៍ អតីត​ព្រះមហាវីរក្សត្រ ន​រោ​ត្ដម សីហនុ (​ព្រះ​បរម​រតន​កោដ្ឋ​) និង​ព្រះ​បរម​រូប សម្តេច​សង្ឃរាជ ជួន ណាត ផងដែរ ព្រះ​ទាំង​ព្រះមហាក្សត្រ​ខ្មែរ និង ថៃ ដែល​កំពុង​គ្រងរាជ្យ​បច្ចុប្បន្ន ផងដែរ ។​

ឆាយាលក្ខណ៍ ឧកញ៉ា សឺង គុយ ដាក់តាំងនៅក្នុងពិធីបុណ្យកាន់បិណ្ឌ នៅថៃ ។
ឆាយាលក្ខណ៍ ឧកញ៉ា សឺង គុយ ដាក់តាំងនៅក្នុងពិធីបុណ្យកាន់បិណ្ឌ នៅថៃ ។

​នេះ​បើ​យោងតាម Royal du Cambodge ដែល​បង្ហាញ​សកម្មភាព សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះទ័យ​យាង​ជា​ព្រះអធិបតី ក្នុង​ព្រះ​ពិធីបុណ្យ ភ្ជុំបិណ្ឌ នេះ​ផងដែរ ។​

ពិធីបុណ្យ​កាន់បិណ្ឌ​នេះ បានកើត​ឡើង​ក្រោម​ការដឹកនាំ​របស់ សមាគម​ខេ​មរ​សង្គហធម៌ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ សហការ​ជាមួយ មហាវិទ្យាល័យ​មហា​ម្កុដ​រាជ​វិទ្យាល័យ សាខា​សិរិ​ន​ថន​និង​ចៅអធិការ​វត្ត ក្រោម​ការឧបត្ថម្ភ​រប​ស់​ពុទ្ធបរិស័ទ​មាន​ព្រះសង្ឃ​និស្សិត​ពលករ ដែល​ចំណាក់ស្រុក​មក​ធ្វើការ​នៅ​ប្រទេស​ថៃ និង​មន្ត្រី​ស្ថានទូត​របស់​យើង​ក៏បាន​ចូលរួម ផងដែរ ។​

ឧកញ៉ា សឺ​ង គុយ ជា​អតីត​ចៅហ្វាយខេត្ត​ព្រះ​ត្រពាំង និង​ជា​វីរបុរស​ជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវ​យួន​កាត់​ក្បាល នៅ​ឆ្នាំ ១៨៤១ ជា​ថ្នូរ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម រក្សា​នូវ​ពុទ្ធសាសនា និង​វប្បធម៌ នៅ​ដែនដី​កម្ពុជា​ក្រោម ។​

ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​បុណ្យ ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំនេះ ប្រារព្ធ​ចាប់​ថ្ងៃទី ៦ ដល់ ២០ ខែកញ្ញា ៕​

សូមទស្សនា ទិដ្ឋភាពរូបថត នៃពិធីបុណ្យកាន់បិណ្ឌ នេះ ។