សមត្ថកិច្ច និង​អនុគណ​ខណ្ឌឫស្សីកែវ ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​វត្ត​ទួល​សង្កែ​

July 11, 2017 10:05 PMComments Off on សមត្ថកិច្ច និង​អនុគណ​ខណ្ឌឫស្សីកែវ ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​វត្ត​ទួល​សង្កែ​Views: 147

ដោយ ស៊ឺន ចែងចើន| VOKK

​គណៈកម្មការ​រដ្ឋបាល​នៃ​សាលាខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ បាន​ចុះមក​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​វត្ត​ទួល​សុ​វណ្ណា​រាម ហៅ (​វត្ត​ទួល​សង្កែ​) ដែល​ដឹកនាំ​ព្រះតេជព្រះគុណ ខឹម សម្បត្តិ អនុគណ​ស្តីទី ខណ្ឌ​ឬ​ស្សី​កែវ  ។​

​ជាការ​កត់សំគាល់ នៅក្នុង​ការចុះ​ធ្វើ​រដ្ឋបាល​នេះ គឺមាន​ការដាក់​ពង្រាយ​កងកម្លាំង​ប៉េអឹម ប៉ូលិស និង​ក្រុម​សន្តិសុខ​ខណ្ឌ នៅ​ជុំវិញ​វត្ត​ទួល​សង្កែ ។

សមត្ថកិច្ច និង​អនុគណ​ខណ្ឌឫស្សីកែវ ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​វត្ត​ទួល​សង្កែ​ ។ រូបថតផ្តល់ឲ្យ

សមត្ថកិច្ច និង​អនុគណ​ខណ្ឌឫស្សីកែវ ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​វត្ត​ទួល​សង្កែ​ ។ រូបថតផ្តល់ឲ្យ

ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ដែល​កំពុង​គង់ និង​ស្នាក់នៅ​វត្ត​ទួល​សង្កែ ក្នុង​លក្ខ​ខ័​ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា កាលពី​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ លោក ជា ពិសី បាន​បញ្ជា​ឲ្យ​លោក ប្រាជ្ញ សីហា និង​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឫស្សីកែវ ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ឫស្សីកែវ ចុះ​ធ្វើ​រដ្ឋបាល​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ស្ថិតិ​របស់​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត សិស្ស​-​និស្សិត និង​ក្មេង​វត្ត ដែល​គង់ និង​ស្នាក់​នៅក្នុង​វត្ត​ទួល​សង្កែ ស្ថិតនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ តាម​លិខិត​លេខ ២២/១៧ ចុះ​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ របស់​ព្រះ​អនុគណ​ខណ្ឌឫស្សីកែវ ។​

ចំណែក​សមាសភាព​ចូលរួម​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ រួមមាន​៖

១. លោក សន សោ​ភ័​ណ្ឌ នាយក​រដ្ឋបាល​សាលាខណ្ឌ​ឫស្សីកែវ ។​

២. លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​សាលាខណ្ឌ​ឫស្សីកែវ ។​

៣. លោក ចាន់ ពៅ អធិការ / អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ ។​

៤. លោក ចាន់ ជឿន មេបញ្ជាការ / មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ ។​

៥. លោក អ៊ុំ សំបូរ ប្រធានការិយាល័យ​ធម្មការ និង សាសនា​ខណ្ឌឫស្សីកែវ ។​

៦. លោក ហ៊​ន់ ថា​ប៉ូច ប្រធាន​សណ្ដាប់ធ្នាប់​ខណ្ឌ​ឫស្សីកែវ ។​

៧. លោក សយ កុសល ចៅសង្កាត់រង​ទី​២ ទួល​សង្កែ​ទី ១ ។​

៨. លោក ផន ដាវី ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ ។​

៩. ព្រះតេជព្រះគុណ ខឹម សម្បត្តិ អនុគណ​ស្តីទី​ខណ្ឌ​ឬ​ស្សី​កែវ ​និង​រួមទាំង​មេបញ្ជាការ​/​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ ជាច្រើន​នាក់​ផង ។​

​ព្រះសង្ឃ​ខ្មែរក្រោម​ដដែល បាន​ឲ្យ​ដឹង​បន្តថា ការ​ចុះមក​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​វត្ត​ទួល​សុ​វណ្ណា​រាម ហៅ (​វត្ត​ទួល​សង្កែ​) លើក​នេះ គឺមាន​ភាពខុសប្រក្រតី ជាង​លើក​មុនៗ ដោយ​ក្នុង​ការចុះពិនិត្យ​លើក​នេះ មាន​ការចូល​ឆែកឆេរ នៅតាម​កុដិ និង​ក្នុង​បន្ទប់​នីមួយ​មួយៗ ព្រមទាំង​ពិនិត្យមើល​ឆាយា និង​សង្ឃដីកា​ព្រះសង្ឃ​មួយអង្គៗ ផង ។

សេចក្តីជូនដំណឹងរបស់អនុគណខណ្ឌឬស្សីកែវនៅថ្ងៃទី ១១ កក្កដា បន្ទាប់ពីផុតឱសានវាទ ៣ ថ្ងៃ នៃការបណ្តេញឲ្យភិក្ខុ/សាមណេរទាំង ៩ អង្គ ចាកចេញពីវត្តទទួលសង្កែ ។

សេចក្តីជូនដំណឹងរបស់អនុគណខណ្ឌឬស្សីកែវនៅថ្ងៃទី ១១ កក្កដា បន្ទាប់ពីផុតឱសានវាទ ៣ ថ្ងៃ នៃការបណ្តេញឲ្យភិក្ខុ/សាមណេរទាំង ៩ អង្គ ចាកចេញពីវត្តទទួលសង្កែ ។

​បន្ទាប់ពី​ការត្រួតពិនិត្យរួច អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​រកឃើញថា ព្រះសង្ឃ​ខ្មែរក្រោម ចំនួន ៩ គ្មាន​លិខិតស្នាម​ច្បាស់លាស់ ហើយ​គណៈកម្មការ​ពិនិត្យ សម្រេច​បណ្តេញ​ព្រះសង្ឃ​ខ្មែរក្រោម ទាំង ៩ អង្គ​នោះ ចេញពី​វត្ត ដោយ​ដាក់​ឱសានវាទ​រយៈពេល ៣ ថ្ងៃ ។​

​គិត​មកដល់​ថ្ងៃទី ១០ ខែកក្កដា នេះ ព្រះសង្ឃ​ខ្មែរក្រោម ទាំង ៩ អង្គ​នោះ នៅ​មិនទាន់​ចាក​ចេញពី​វត្ត​នៅឡើយ​ទេ ។ ចំណែក​អាជ្ញាធរ​វិញ នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​នៅឡើយ​ទេ ទាក់ទិន នឹង​ការដាក់​ឱសានវាទ​របស់ខ្លួន​នេះ ។​

សូមបញ្ជាក់ថា ព្រះសង្ឃ​ខ្មែរក្រោម ទាំង ៩ អង្គ​នោះ គឺមាន ៣ ព្រះអង្គ មិនទាន់មាន​ឆាយា ឬ​សង្ឃដីកា​នៅឡើយ​ទេ​។ ដោយឡែក​ព្រះសង្ឃ​ខ្មែរក្រោម ៦ អង្គ​ផ្សេងទៀត មាន​ឆាយា និង​សង្ឃដីកា​ត្រឹមត្រូវ ។ ប៉ុន្តែ គណៈកម្មការ​ត្រួតពិនិត្យ សម្រេច​មិន​ឲ្យ​គង់​ចាំ​ព្រះវស្សា នៅក្នុង​វត្ត​ទួល​សង្កែ​ឡើយ ។ ដោយ​លើក​ហេតុផល​ថា ព្រះសង្ឃ​ខ្មែរក្រោម ទាំង ៩ អង្គ​នោះ បាន​និមន្ត​មកសុំ​គង់ និង​ស្នាក់​នៅក្រោយ​អតីត​ព្រះចៅអធិការ ព្រះតេជព្រះគុណ ហ៊ុល សុវណ្ណ បានទទួល​អនិច្ចធម្ម ។

​អាជ្ញាធរ ក៏បាន​បញ្ជាក់ដែរថា ព្រះចៅអធិការ​ស្តីទី ព្រះតេជព្រះគុណ គឹម វ៉ើ​ង ដែលមានដើម​​កំណើត​ខ្មែរក្រោម​ផង​នោះ ព្រះអង្គ នឹង​គ្មាន​សិទ្ធិ​ទទួល​ព្រះសង្ឃ​ថ្មី ឲ្យ​មក​គង់ និង​ស្នាក់​នៅក្នុង​វត្ត​បានឡើយ ដោយ​អាជ្ញាធរ​លើកឡើងថា ព្រះតេជព្រះគុណ គឹម វ៉ើ​ង នៅ​មិនទាន់មាន​ការតែងតាំង​ជា​ផ្លូវការ​ណាមួយ​ទេ ។​

ជាមួយគ្នា​ដែរនោះ អាជ្ញាធរ​ក៏បាន​ចោទប្រកាន់ ព្រះតេជព្រះគុណ គឹម វ៉ើ​ង ថា មិន​សម​ធ្វើជា​ព្រះចៅអធិការ​ឡើយ ក៏​ព្រោះតែ​ធ្វើ​ឲ្យ​ព្រះសង្ឃ​ក្នុង​វត្ត បែកបាក់​សាមគ្គី​គ្នា ។ ក្រៅពីនេះ អាជ្ញាធរ​ក៏បាន​ចោទ​ព្រះអង្គ​ថា បាន​យក​ទង់ ៣ ពណ៌ ខៀវ លឿង ក្រហម (​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​) អម​ជាមួយ នឹង​ការសរសេរ​បាវចនា នៅលើ​ជញ្ជាំង​ថា «​ជាតិ សាសនា មាតុភូមិ​» ដែលមាន​លក្ខណៈ​ខុសពី​បាវចនា​របស់​ប្រទេស​កម្ពុជា ។ ប្រការនេះ អាជ្ញាធរ​យល់ថា បើ​មិន​ដោះស្រាយ​បន្ទាន់​នោះទេ តទៅ​មុខ​វត្ត​ទួល​សង្កែ​អាច​ដូច​ទៅ នឹង​វត្ត​សាមគ្គី​រង្សី ដែលជា​វត្ត​ខ្មែរ​កម្ពុជា​ក្រោម នៅ​កណ្តាល​ក្រុងភ្នំពេញ​ ។​

គួរ​រំឭក​ដែរ​ថា អភិបាល​រាជធានី​ភ្នំពេញ​ថ្មី គឺ​លោក ឃួ​ង ស្រេង កាលពី​ថ្ងៃទី ២៨ មិថុនា ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់លោក បាន​ប្ដេជ្ញា​ថា នឹង​កម្ចាត់​ក្រុម​អគតិ ។ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា នឹង​ចាត់វិធានការ​ក្រុម​ដែល​លោក​ចាត់ទុកថា​អគតិ ចង់​បង្កចលាចល​ដល់​សង្គម​ជាតិ និង​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋាភិបាល​ឲ្យ​ខ្ជាប់ខ្ជួន រួម នឹង​ការលុបបំបាត់ ​គ្រឿងញៀន និង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជាដើម ។​

លោក​ឃួ​ង ស្រេង កាលនៅជាអភិបាលរង​រាជធានី​ភ្នំពេញ កំពុង​ត្រួតពិនិត្យ​ឯកសារវត្ត​សាមគ្គី​រង្សី ។ រូបថតៈ ស៊ឺន ចែងចើន

លោក​ឃួ​ង ស្រេង កាលនៅជាអភិបាលរង​រាជធានី​ភ្នំពេញ កំពុង​ត្រួតពិនិត្យ​ឯកសារវត្ត​សាមគ្គី​រង្សី ។ រូបថតៈ ស៊ឺន ចែងចើន

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ ២០១៥ លោក ឃួ​ង ស្រេង កាល​ជា​អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​សមាជិក​ប្រមាណ ១០០ នាក់ ចុះ​ពិនិត្យ​ផ្នែក​រដ្ឋបាល​ក្នុង​វត្ត​សាមគ្គី​រង្សី ដែលជា​វត្ត​ខ្មែរក្រោម​តែមួយគត់ នៅក្នុង​ក្រុងភ្នំពេញ ក្រោយពី​មាន​ចោទប្រកាន់ថា វត្ត​នេះ​ជា​តំបន់អបគមន៍ ។ បន្ទាប់ពី​ការចុះ​ត្រួតពិនិត្យ​លោក ឃួ​ង ស្រេង បដិសេធថា វត្ត​សាមគ្គី​រង្សី​ជា​តំបន់អបគមន៍ និង​គ្រាន់តែ​អះអាងថា វត្ត​នោះ​មិនទាន់មាន​ភាពស្របច្បាប់​ជាដើម ។ ទោះជា​យ៉ាងណាក៏ដោយ លោក ឃួ​ង ស្រេង ថ្លែង​នៅពេលនោះ​ថា បើសិនជា​លោក​ផ្ទាល់​វាយតម្លៃថា វត្ត​សាមគ្គី​រង្សី​នេះ ជា​តំបន់អបគមន៍​មែន លោក នឹង​កម្ចាត់​ភ្លាម ៕​

Comments are closed