កុំចោលស្រីណា

(ឆ្លងឆ្លើយ)

ស្រះគូ ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៦ ។
ស្រះគូ ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៦ ។

១~ស្រី=បើបងស្និទ្ធស្នេហ៍ថែថួននួននាង
កុំកាយឃ្លាតឃ្លាងចាកចោលនាងនាថ
បីបមថ្នមថ្នាក់ដោយដៃទៅទៀត
អូនអន់បើបាត់ប្រុសប្រាជ្ញប្រឹមប្រិយ ។

២~ប្រុស=កែវកុំសង្ស័យថ្លើមថ្លៃស្រីស្រស់
រូបរៀមមិនមោះបោះបង់ឆោមឆាយ
តតាំងថែថួនអូនអោយរីករាយ
លុះលោកក្សិណក្ស័យ ក៏កាយរ៉ាប់រង ។

៣~ស្រី=បើបានដូចដែលពេលពោលពាក្យពិត
អូនអរចូលចិត្តដិតដាមស្នេហ៍ស្នង
ពិតពឹងរូបរៀមត្រាណត្រើយហើយហោង
កុំកើតខ្នើសខ្នងចងចិត្តចេញចាក ។

៤~ប្រុស=ទោះទៅក្រោយក្រៀមរៀមរិតរីករាយ
ស្និទ្ធស្នេហ៍ឆោមឆាយកាយកាមស្មោះស្ម័គ្រ
ស្មើស្មានប្រាណប្រុសនៅនិត្យជួនជាក់
បីបមថ្នមថ្នាក់នួនអ្នកស្រះស្រី ។

៥~ស្រី= ខ្លួនខ្លាចអូនអស់ស្រស់ស្រើបម្នោម្នេញ
បងបែរចាកចេញឈប់ឈោងបមបី
ពេលពៅគោកគាំងស្រុតស្រករីងរៃ
ប្រុសប្រែដោះដៃស្រីស្រែកកាយកម្ម ។

៦~ប្រុស =គូគាប់ជាប់ជាតិបងបៀតនៅនិត្យ
ពុំពោលចោលចិត្តមាសមេចងចាំ
បើបែរពាលពៅស្រស់ស្រកកាយកម្ម
ប្រុសប្រាណចងចាំស្ម័គ្រស្មោះគូគាប់ ៕​

ដោយ លោក គ្រូ ស៊ីន វត្តចុងមិស