កំណត់ហេតុ និងសេចក្ដីសម្រេច​របស់​អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៦ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ភាគ ១

សហព័ន្ធខ្មែរកម្ពុជាក្រោម

កំណត់ហេតុសន្និបាតប្រចាំឆ្នាំ ២០១៦

ថ្ងៃទី ១៣-១៥ មករា ឆ្នាំ ២០១៧

ទីក្រុង ឡាស់ស្វេហ្គាស រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក

នៅអគារ ៣០២០ E Bonanza #100 Las Vegas, Nevda 89101, U.S.A. 

ថ្ងៃសៅរ៍ទី ១៤ មករា ឆ្នាំ ២០១៧

ម៉ោង ៩ ព្រឹក

ក. របៀបវារៈ

១. របាយការណ៍ប្រចាំឆ្នាំ ២០១៦ ។

២. ឡើងផែនការណ៍ឆ្នាំ ២០១៧ ។

៣. ពិនិត្យឡើងវិញនូវលក្ខន្តិកៈសហព័ន្ធខ្មែរកម្ពុជាក្រោម ។

៤. ធ្វើប័ណ្ណសមាជិកជូនសមាជិកសមាជិកាសហព័ន្ធខ្មែរកម្ពុជាក្រោម ។

៥. ស្វែងរកយុទ្ធសាស្ត្របញ្ជ្រាបគំនិត “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ។

៦. ប្រកាសជូនពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ដល់អ្នកដែលត្រូវយួនចាប់ដាក់គុក ព្រោះតែបុព្វហេតុការពារសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ។

៧. ទិវាខួប ២០ ឆ្នាំ ថ្ងៃបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ខ. កម្មវិធី៖

ពិធីករថាច់វឿង និងពិធីករិនី កៀង សាខន ឧទ្ទេសនាមគណៈកម្មការនា-យកទាំង ១៤ អង្គនិងរូបនៃសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមាន ៖

ទី ១ លោក ថាច់ វៀន                    ជាអធិបតី, អវត្តមាន ។

ទី ២ លោក ចៅ រៀប                    ជាប្រធានសភាព្រឹទ្ធាចារ្យ ។

ទី ៣លោក ថាច់ សេ                     ជាប្រធានសភាតំណាង ។

 ទី ៤ លោក ថាច់ ង៉ុក ថាច់             ជាប្រធានប្រតិបត្តិ, អវត្តមាន ។

ទី ៥ លោក ប្រាក់ សិរីវុធ              ជាអនុប្រធានទី ១ ។

ទី ៦ លោក ម៉ៅ មុនី                      ជាអនុប្រធានទី ២ ។

ទី ៧ លោក ត្រឹង ម៉ាន់រិន្ទ                ជានាយកផែនការ ។

ទី ៨ លោក សឺន ហួ                       ជាអគ្គលេខាធិការ ។

ទី ៩ លោក ត្រឹង យ៉ាប                   ជានាយករដ្ឋបាល ។

ទី ១០ អ្នកស្រី សឺន ធីនិត                ជានាយិកាគណៈកម្មការស្ត្រី ។

ទី ១១ លោក ចៅសេរី                    ជាអគ្គហិរញ្ញឹក ។

ទី ១២ អ្នកស្រី កៀង សុធី                ជាប្រធានគណៈកម្មាធិការយុវជនខ្មែរកម្ពុជាក្រោម ។

ទី ១៣ ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធីធម្មោ ជាប្រធានគណៈកម្មការសាសនាអន្តរជាតិ ។

ទី ១៤ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធាននាយកដ្ឋានព័ត៌មាន ។

– ឧទ្ទេសនាមគណៈកម្មការតំបន់ និង សាខា ។

– គោរពទង់ជាតិ ។

– គោរពរំឭកគុណបុព្វវីរសមណៈ បុព្វវីរបុរស និងបុព្វវីរនារី ។

– ប្រកាសលិខិតតែងតាំងរបស់លោកអធិបតី ថាច់ វៀន ដោយតែងតាំងលោកថាច់ សេ ជាអធិបតីស្តីទី ដើម្បីទទួលនាទីជាអធិបតីសន្និបាត ។

– លោកថាច់ សេជាអធិបតីសន្និបាតឡើងអុជទៀនធូបជូនបុព្វវីរសមណៈនិងបុព្វវីរបុរស ។

– អារាធនាព្រះសង្ឃសូត្រជយន្តោជាមង្គលកិច្ចជូនសន្និបាត ។

 – ប្រកាសវិន័យសន្និបាត ។

– ព្រះតេជព្រះគុណ ថាច់ ហាន់ ជាព្រះចៅអធិការវត្តខ្មែរពុទ្ធិកៈ ក្រុង Las Vegas ប្រកាសសុន្ទរកថាស្វាគមន៍អង្គសន្និបាតដែលរួមមានគណៈកម្មការនាយក គណៈកម្មការ សមាជិកសមាជិកា ដែលបាននិមន្តនិងអញ្ជើញមកពីប្រទេសនានារួមមាន ប្រទេសអីតាលី កាណាដា កម្ពុជា និង រដ្ឋនានាក្នុងសហ-រដ្ឋអាមេរិក ។

-ប្រកាសបើកសន្និបាត និងរបាយការណ៍សង្ខេបដោយលោកអធិបតី ថាច់ វៀនតាមរយៈស្កាយ (Skype) ដែលលោកអវត្តមាន ព្រោះបញ្ហាសុខភាព ជាហេតុបណ្តាលឲ្យវេជ្ជបណ្ឌិត ហាមមិនឲ្យលោកធ្វើដំណើរដោយយន្តហោះ នាំឲ្យលោកអាក់ខាន ។

សុន្ទរកថារបស់លោកថាច់ សេ ជាអធិបតីសន្និបាត ។

ថតរូបអនុស្សាវរីយ៍ក្នុងថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែប្រព្រឹត្តទៅនៅ ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ក្នុងថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែប្រព្រឹត្តទៅនៅ ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ។ រូបថតៈ ថាច់ ប្រីជា គឿន

លោក តោ គឹមថុង ជាអតីតអធិបតី និងជាឧត្តមទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រារព្ធពិធីរំឭកទិវាខួបទី ២០ ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោកបានធ្វើសារាណីយកថា រំឭកអំពីអនុស្សាវរីយ៍ និងគុណូបការៈរបស់បុព្វបុរស និងចាស់ទុំទាំងអស់ដែលបានសាមគ្គីតស៊ូតាំងពីសភាកម្ពុជាក្រោម រហូត ដល់បានក្លាយជាសហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោកបានលើកឡើងថាអ្នកមានគុណសម្បត្តិចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមានលោកតាន់ តារា ជាអតីតប្រធានប្រតិបត្តិ, លោកសឺន ទួន ជាអតីតប្រធានប្រតិបត្តិ និង លោកថាច់ ធើម  ជាអតីតអនុប្រធានប្រតិបត្តិ និងព្រះតេជព្រះគុណ ថាច់ ស៊ុក ជាជំនួការរបស់លោក ថាច់ ធើម ។ អស់លោកទាំងនវសុទ្ធសឹងតេជាអ្នកមានស្នាដៃចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើន ។

លោកបានលើកឡើងអំពីក្រមប្រតិបត្តិរបស់គណៈកម្មការនាយក ។ ទន្ទឹម នឹងនោះលោកក៏បានរំឭកឡើងយ៉ាងពិស្តារអំពីប្រវត្តិជូរចត់ និងជោគជ័យ ដែលគួរកត់សម្គាល់ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

សរុបគោលខ្លីមាន ៣ ប្រការ គឺ ១. បន្តពីចាស់ ២. កែកុនជាថ្មី ៣. រួមដៃជាក្រុម  បានសេចក្តីថាមនុស្សជំនាន់នេះ និងជំនាន់ក្រោយទៀត ត្រូវរួមដៃគ្នាជាក្រុមឲ្យមាំមួនបន្តវេន ពីចាស់ទុំជំនាន់មុន ដោយកតញ្ញុតាធម៌ និងជាសីលធម៌របស់អ្នកជំនាន់ក្រោយ ។ ប៉ុន្តែរបស់ចាស់ត្រូវចាំបាច់មានការកែកុនជួសជុនទើបប្រើការបាន ប្រៀបដូចជារថយន្តចាស់ ដែលជាងកែកុនជួសជុលទើបប្រើជាប្រយោជន៍បានច្រើនប្រការ ។ លោកបានពន្យល់ពីពាក្យ Team work ដោយន័យជាពាក្យខ្មែរថាការរួបរួម គឺរួបរួមសតិសម្បជញ្ញៈ ក្រោមដំបូលប្រជាធិបតេយ្យ ។ ជាចុងក្រោយលោករំឭកដោយបទខ្លីថា យើងត្រូវចងចាំកុំភ្លេចសួរខ្លួនឯងថា យើងមកពីណា កំពុងធ្វើអីនិងយើងត្រូវទៅកាន់ទីណា ? ។

ខាងក្រោមនេះគឺជាអត្ថបទនៃសេចក្តីថ្លៃងការទាំងស្រុងរបស់លោកតោ គឹមថុង ៖

“២០ ឆ្នាំនៃដំណើរការ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម

ក/ប្រវត្តិ

  • លើកទី ១ ញីវយ៉ក ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ១៩៨៥
  • លើកទី ៤ ភីឡាដែលភា ថ្ងៃទី០៥-០៦ ខែកញ្ញា(៩) ឆ្នាំ១៩៩២

សភាខ្មែរកម្ពុជាក្រោម (Council of Khmers Kampuchea-Krom) ។

គំរូល្អនៃការរួបររួមគ្នា តាមមតិភាគច្រើន

  • លើកទី៥ នៅតូរនតូ កាណាដា ថ្ងៃទី០៣-០៤ ខែសីហា(៨) ឆ្នាំ១៩៩៦
  • លើកទី ៧ ឃែមដិន ថ្ងៃទី១៧-១៨ ខែសីហា  ឆ្នាំ២០០៤

ខ/ ដំណាក់កាលទី១ (១៩៨៤២០០៤) យើងបានបង្រួបបង្រួមខ្មែរក្រោម ដែលនៅ រាត់រាយពាសពេញពិភពលោក ឲ្យត្បាញចូលគ្នាជាធ្លុងមួយ និងបានឆ្ការផ្លូវ សង់ស្ពាន បោះជំហ៊ានទីមួយ ទៅចូលប្រកួតលើឆាកនយោបាយអន្តរជាតិ ។

គ/ ដំណាក់កាលទី២ (២០០៤២០១៦) សហព័ន្ធបានផ្លាស់ប្តូរ ឥរិយាបថ របស់មហាជនទូទៅ ចំពោះបញ្ហាខ្មែរក្រោម មិនថាអ្នកនោះជាជនបរទេស នៅលើ ពិភពលោក ឬ ខ្មែរនៅក្នុងព្រះរាជណាចក្រកម្ពុជា ឬ ខ្មែរនៅ ក្នុងមាតុភូមិកម្ពុជាក្រោម ឡើយ ។ សហព័ន្ធបានលើកដំឡើងកិរ្តិ៍ឈ្មោះខ្មែរក្រោម ឲ្យល្បីល្បាញពេញសាកលលោក ជារឿងមិនដែលមានពីមុនក្នុងប្រវត្តិសាស្រ្ចរាប់ពាន់ឆ្នាំរបស់ជាតិយើង ។ យើងបានធ្វើសកម្មភាពផ្លូវទូតលើអន្តរជាតិយ៉ាងច្រើន មិនអាចរាប់អស់ ក្នុងពេលនេះទេ ។

គោលដៅ

តស៊ូទាមទារអោយរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សិទ្ធិសំរេចវាសនាខ្លួនដោយ ខ្លួនឯង របស់ខ្មែរក្រោមដែលជាជនជាតិដើម នៅលើដែនដីកម្ពុជាក្រោម ។

  គោលជំហរ

  • សហព័ន្ធកើតឡើងដោយប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដើម្បីប្រជាជាតិខ្មែរក្រោម ជាពិសេសជនរួមជាតិក្នុងមាតុភូមិ ។
  • ចៀសសវាងការបែកបាក់កម្លាំងសាមគ្គីជាតិ ដោយគោរពសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ពហុទស្សនៈ ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អង្គការ នយោបាយខែ្មរក្រោមផ្សេងៗ ក្រៅពីសហព័ន្ធ ។
  • មិនចូលរួមឬបំរើគណបក្សនយោបាយណាមួយនៅកម្ពុជាឡើយ ។ ប៉ុន្តែសហព័ន្ធ នឹងធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាល និងសហគមន៍ខ្មែរទូទៅ ក្នុងវិស័យលើកតំកើងសាសនា វប្បធម៌ អក្សរសាស្រ្ត ភាសាសាស្រ្ត និងសិក្សាអប់រំ ដោយប្រកាន់ថាយើងមានអំបូរជាមួយគ្នា ។
  • ស្វាគមន៍នូវឱកាសសន្ទនាចរចាជាមួយយៀកណាម ដែលស្នេហាយុត្តិធម៌ និងគោរពសិទ្ធិរ បស់ខ្មែរក្រោម ជាជនជាតិដើមនៅដែនដីកម្ពុជាក្រោម ។ ប៉ុន្តែ សហព័ន្ធនឹងប្រឆាំងដាច់ខាត ចំពោះនយោបាយបំបាត់ពូជសាសន៍ គ្រប់រូបភាព ។
  • ធ្វើសហការជាមួយសហគមន៍អន្តរជាតិ មានរដ្ឋាភិបាល រដ្ឋសភា     អង្គការ ក្រៅរដ្ឋាភិបាល អង្គការបណ្តាញផ្សព្វផ្សាយ និងអ្នកឯកទេស សុំអោយគេជួយ ខ្មែរក្រោម ផ្នែកនយោបាយ និង សម្ភារៈ ។

 គោលការណ៍

ក្នុងការតស៊ូដោយសន្តិវិធី អហិង្សា ស្របនឹងច្បាប់សកលរបស់អង្គការសហប្រជាជាតិ សហព័ន្ធសំអាងទៅលើកម្លាំងទាំងបីគឺ៖ កម្លាំងប្រជាពលរដ្ឋ, កម្លាំងថវិកា និងកម្លាំងគាំទ្រពីអន្តរជាតិ ដែលស្រឡាញ់យុត្តិធម៌ ។

ខ/គ្រាអាប់អួ និងគ្រារុងរឿង

  • ២០០២/០៣ ខ្វែងគំនិតរវាងចាស់និងក្មេង
  • ២០០៤ ចាស់មិនចូលប្រជុំ
  • រដ្ឋាភិបាល រណសិរ្សរំដោះ សហគម ខម

គណកម្មការភាគច្រើននៅជុំ មានតែម្នាក់ដើរចេញ

ដឹងគុណ សោកស្តាយ “ជូតទឹកភ្នែកនឹងបន្តដំណើរទៅមុខ”

គ/ធ្វើយ៉ាងណាឲ្យសហព័ន្ធមានស្ថេរភាពនិងរីកចំរើនទៅមុខ ៣ បន្តពីចាស់ កែកុនឲ្យថ្មី រួមដៃជាក្រុម

  • បន្តពីចាស់ Continuation
  • កែកុនឲ្យថ្មី Renovation
  • រួមដៃជាក្រុម Teamwork ។

សុន្ទរកថារបស់លោកបណ្ឌិត ខូហ្វើ (Dr. Joshua Cooper) ជាឧត្តមទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បកប្រែដោយលោក ប្រាក់ សិរីវុធ ជាអនុប្រធានទី ១ ។ លោកបានថ្លែងអំពីសារសំខាន់នៃសកម្មភាពអន្តរជាតិរបស់ហព័ន្ធខ្មែរកម្ពុជាក្រោម ជាពិសេសសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើដំណើរទៅចូលរួមប្រជុំជាមួយនឹងនាយកដ្ឋានព័ត៌មានសាធារណៈ នៃអង្គការសហប្រជាជាតិ UN Department of Public Information ហៅកាត់ថា DPI កាលពីថ្ងៃទី ៣០-៣១ ឧសភា ឆ្នាំ ២០១៦ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងវេទិកា UN Sustainable Development in ASEAN នៅសាលាសកលវិទ្យាល័យធម្មសាស្ត្រ កាលពីថ្ងៃទី ២  ទី ៣ មិថុនា ឆ្នាំ ២០១៦ កន្លងទៅ ។  សន្និសីទអន្តរជាតិនៅប្រទេសទីម័រឡាស្តេជាដើម ដែលជាការបើកទំព័រយុទ្ធសាស្ត្រនយោបាយការទូតថ្មីបោះជំហានទៅកាន់តំបន់អាស៊ានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោកម៉ៅ មុនី ធ្វើរបាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម បន្ថែមពីលើរបាយការណ៍របស់លោកបណ្ឌិត ខូភើ  ។

សុន្ទរកថារបស់លោកសឺន សម្រេចជាឧត្តមទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ផ្តល់បទពិសោធន៍និងយុទ្ធសាស្ត្រក្នុងការសាបព្រោះបណ្តុះគំនិតថ្មី ដល់យុវជនជំនាន់ថ្មី ដើម្បីទទួលបានទំពាំងថ្មី បន្តវេនពីឫស្សីចាស់ទុំ ។ លោកបានលើកឡើងទៀតថា ដើម្បីសេចក្តីសុខ និង សេចក្តីចម្រើននៃសហព័ន្ធខ្មែរកម្ពុជាក្រោម យើងត្រូវដើរតាមគន្លងធម៌ព្រះពុទ្ធ ដែលទ្រង់បង្រៀនឲ្យយើងឧស្សាហ៍ព្យាយាមប្រជុំ គឺជួបជុំគ្នាញឹកញាប់ដើម្បីជជែកគ្នា និយាយគ្នា រួមគ្នាដោះស្រាយបញ្ហាជាតិ និងផ្តល់ព័ត៌មាន បទពិសោធន៍ និងចំណេះដឹងដល់គ្នា ។ ចំណុចត្រង់នេះ ពិសេសណាស់កុំថាឡើយដល់សង្គមជាតិ សូម្បីតែសង្គមគ្រួសារក៏ប្តីប្រពន្ធឧស្សាហ៍និយាយគ្នាប្រកបដោយហេតុផល ទើបគ្រួសារមិនមានបញ្ហា មានតែសុភមង្គល ។ ជាចុងបញ្ចប់លោកបានកោតសរសើរយុវជនសហព័ន្ធ ដែលបានបំពេញការងារសហព័ន្ធយ៉ាងសកម្ម ដូចយ៉ាងលោកម៉ៅ មុនី និងអ្នកស្រីកៀង សុធីជាដើម ហើយលោកបានជំរុញ និងគាំទ្រលើកទឹកចិត្តយុវជនឲ្យខិតខំតទៅមុខទៀត ។

សុន្ទរកថារបស់ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធីធម្មោ ជាប្រធានគណៈកម្មការសាសនាអន្តរជាតិ ។ ព្រះតេជព្រះគុណបានលើកឡើងអំពីការផ្ញើក្តីនឹករឭក និងការគាំទ្រ ក៏ដូចជាសកម្មភាពជាវិជ្ជមាន របស់ព្រះសង្ឃខ្មែរក្រោម នៅនានាប្រទេសមានសហរដ្ឋអាមេរិក អូស្រា្តលី កម្ពុជា ថៃ កម្ពុជាក្រោមជាដើមដែលបាននិងកំពុងខិតខំធ្វើកិច្ចការបម្រើទាំងជាតិ ទាំងសាសនា ពោលគឺព្រះសង្ឃខ្មែរក្រោមមានតួនាទី ២ យ៉ាងគឺតួនាទីបម្រើជាតិ និងតួនាទីបម្រើសាសនា ។ ប៉ុន្តែព្រះតេជព្រះគុណក៏បានលើកចំណុចអវិជ្ជមានរបស់ព្រះសង្ឃខ្មែរក្រោមមួយចំនួន ដែលព្រងើយកន្តើយ មិនយកចិត្តទុកដាក់ទាំងកិច្ចការងារសង្គមជាតិ ទាំងកិច្ចការសង្គមសាសនា ។ ជាពិសេសព្រះសង្ឃខ្មែរក្រោមខ្លះសូម្បីបានឱកាសនិមន្តមករស់ នៅក្រៅប្រទេសមានសេរីភាព មានពេលវេលាគ្រប់គ្រាន់តែលោក នៅតែមិនអើពើចំពោះការងារជាតិ និងការងារសាសនា ។ នេះជាអ្វីដែលយើងសោកស្តាយគឺមានធនធានព្រះសង្ឃ តែដូចជាគ្មានដដែល ។ មិនតែប៉ុណ្ណោះមានព្រះសង្ឃខ្មែរក្រោមមួយចំនួនតូច មិនត្រឹមតែមិនបម្រើសង្គមជាតិ សង្គមសាសនាទាំងក្នុងនិងក្រៅប្រទេសនោះទេ លោកនៅគំនិតរារាំងសកម្មភាពរបស់ព្រះសង្ឃនិងអ្នកសកម្មក្នុងកិច្ចការជាតិ និងសាសនាថែមទៀតផង សមដូចពាក្យចាស់ទុំនិយាយថា “បើមិនបានជួយចូកជួយចែវ កុំយកជើងរាទឹក ចាំឆ្អិនស៊ីតែម្តងទៅ” ។ ជាចុងក្រោយព្រះតេជព្រះគុណបានអំពាវនាវដល់ព្រះសង្ឃឲ្យក្រោកឡើងដោយស្មារតីជាតិ និងសាសនា កុំនៅព្រងើយកន្តើយតទៅទៀត ហើយលោកបានកោតសរសើរចំពោះព្រះសង្ឃដែលមានឧត្តមគតិដ៏ខ្ពង់ខ្ពស់ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ដូចជាចំពោះជាតិសាសនានិងមាតុភូមិកម្ពុជាក្រោម  ។

-ពិធីផ្តល់ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ដល់សកម្មជនសិទ្ធិមនុស្សកម្ពុជាក្រោមទាំងព្រះសង្ឃនិងគ្រហស្ថចំនួន ១៤ អង្គ និងរូបដែលមានភាពអង់អាចក្លាហាន ហ៊ានបាតុកម្មតស៊ូមតិដោយអហិង្សាដើម្បីទាមទារ ឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួនគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ។ ប៉ុន្តែលទ្ធផលមិនត្រឹមតែរដ្ឋាភិបាលយួនមិនគោរពសិទ្ធិខ្មែរក្រោម តាមការទាមទារនោះទេ នៅថែមទាំងធ្វើការបង្រាប គំរាមកំហែងដោយចាប់ព្រះសង្ ឃនិងគ្រហស្ថជាបាតុករមួយចំនួនដាក់គុកទៀតផង ។

ព្រះតេជព្រះគុណយ័ញ តោន ថ្លែងសុន្ទរកថាតំណាងអតីតទណ្ឌិត ដែលត្រូវរដ្ឋាភិបាលយួនកុម្មុយនីស្តដាក់គុក ដោយចោទពីបទប្រឆាំង នឹងរដ្ឋាភិបាលយួននិងបទបង្កអសន្តិសុខទីសាធារណៈ តាមការប្រកាសសាលក្រមរបស់តុលាការនៃរដ្ឋារភិបាលយួនកុម្មុយនីស្តយួន ។ ក្នុងសុន្ទរកថាព្រះតេជព្រះគុណ យ័ញ តោនបានរំឭកឡើងវិញអំពីការគាបសង្កត់សិទ្ធិមនុស្សរបស់រដ្ឋាភិបាលកុម្មុយនីស្តយួន និងការធ្វើទុក្ខបុកម្នេញមកលើព្រះអង្គព្រមទាំងសកម្មជនដទៃទៀត ។

-ព្រះតេជព្រះគុណ ស៊ើង យ៉ឹងរតនា ជាប្រធានគណៈកម្មការសាសនាអន្តរជាតិ និងជាប្រធាននាយកដ្ឋានព័ត៌មាន ។ ប្រកាសពីខ្លឹមសារនៃពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម និងប្រវត្តិសង្ខេបនៃសកម្មជនទាំង ១៤ អង្គនិងរូប ។

-ប្រកាសផ្តល់ប័ណ្ណសរសើរជូនចំពោះលោកអធិបតី ថាច់ វៀន ដែលលោកបានខិតខំតស៊ូស្ទើរមួយជីវិតក្នុងបុព្វហេតុជាតិសាសនាខ្មែរក្រោម ។

-ប្រកាសផ្តល់ប័ណ្ណសរសើរជូនចំពោះលោកអតីតអធិបតី តោ គឹម ថុង ដែលលោកបានខិតខំតស៊ូស្ទើរមួយជីវិតក្នុងបុព្វហេតុជាតិសាសនាខ្មែរក្រោម ។

-ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជាអនុប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយកាណ៍អំពីប្រវត្តិនិងគោលការណ៍នៃវិទ្យុសំឡេងកម្ពុជាក្រោម  ដែលជាវិទ្យុតំណាងសំឡេងខ្មែរនៅកម្ពុជាក្រោមដែលមិនមានសិទ្ធិបញ្ចេញមតិក្រោមរបបផ្តាច់ការកុម្មុយនីស្តយួន ដែលបានបង្កើតឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោមកាលពីឆ្នាំ ២០០១ មកដល់ពេលនេះគឺមានអាយុកាលគម្រប់ ១៦ ឆ្នាំហើយ ។  ព្រះតេជ ព្រះគុណ ថាច់ ប្រីជា គឿន បានធ្វើបទបង្ហាញអំពីសកម្មភាពរបស់នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម  ដោយលម្អិត រួមមានផ្នែកផ្សាយសំឡេង វីឌីអូ បោះពុម្ព ជាដើម និងគម្រោងការផ្សព្វ ផ្សាយនៅពេលខាងមុខ ។

 -បន្ទាប់មកព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធានគណៈកម្មការសាសនាអន្តរជាតិ និងជាប្រធាននាយកដ្ឋានព័ត៌មាន ។ ប្រកាសពីថវិកា ចំណាយចំណូលច្រចាំឆ្នាំ របស់នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

-របាយការណ៍របស់ អ្នកស្រី កៀង សុធី ជាប្រធានគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

មតិយោបល់និងចំណាប់អារម្មណ៍របស់យុវជនខ្មែរក្រោមទាំង ៩ រូប ដោយបានសំដែងនូវឆន្ទៈមនសិការៈ ឧត្តមគតិ និងមោទនភាព ក្នុងការចូលរួមបំពេញសកម្មភាព ជួយដល់សង្គមជាតិតាមរយៈសហព័ន្ធខ្មេរកម្ពុជាក្រោម ក្នុងនាមជាខ្មែរក្រោម និងជាយុវជនរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោកសឺន ថាយធន ធ្វើរបាយការណ៍អំពីស្ថានភាពរបស់ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ និងអំពីស្ថានភាពសិក្សារៀនសូត្ររបស់ព្រះសង្ឃខ្មែរក្រោម នៅប្រទេសថៃ ដែលជាមូលដ្ឋានមួយយ៉ាងសំខាន់នៃការបណ្តុះបណ្តាលធនធានព្រះសង្ឃខ្មែរក្រោម ហើយលោកបានស្នើសូមឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម យកចិត្តទុកដាក់បន្ថែមលើព្រះសង្ឃខ្មែរក្រោម ដែលកំពុងសិក្សានៅប្រទេសថៃនោះ ដើម្បីជំរុញ និងលើកទឹកចិត្តឲ្យលោកកាន់តែខិតខំសិក្សា និងយកចំណេះវិជ្ជារបស់លោកទៅបម្រើផលប្រយោជន៍ជាតិ និងសាសនានៅសង្គមកម្ពុជាក្រោម ។

អ្នកស្រី កៀង សុធី បានលើកឡើងអំពីផែនការនៃគណៈកម្មាធិការយុវជនខ្មែរកម្ពុជាក្រោម ។

-វេទិកាស្រាយបំភ្លឺនូវបញ្ហាចោទប្រកាន់មកលើសហព័ន្ធខ្មែរកម្ពុជាក្រោម រវាងណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម និងសមាជិកសមាជិកាក្នុងអង្គសន្និបាតរយៈពេលជាង ២ ម៉ោង ដើម្បីជម្រះមន្ទិលសៅហ្មងផ្សេង ៗ ដែលបានកើតក្នុងឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោមនេះ ។

-លោកថាច់ សេជាប្រធានសភាតំណាង និងជាអធិបតីសន្និបាតប្រកាសបិទទីប្រជុំនៅវេលាម៉ោង ៦:១៨ នាទីល្ងាច  ។

ឯបញ្ហាដែលនៅសេសសល់ នឹងត្រូវលើកយកទៅស្រាយបំភ្លឺនៅថ្ងៃទី ១៥ មករាស្អែកបន្តទៀត ។

 កំណត់ហេតុដោយភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

15974888_1484533628231773_2984726703682940336_o 15995113_1484534968231639_328160064919133448_o 16112945_1484501818234954_4613580708334399290_o

ចុចមើលរូបថតជាច្រើនទៀត