កំណត់ហេតុ និងសេចក្ដីសម្រេច​របស់​អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៦ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ភាគ ២

January 16, 2017 1:30 PMComments Off on កំណត់ហេតុ និងសេចក្ដីសម្រេច​របស់​អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៦ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ភាគ ២Views: 291

សហព័ន្ធខ្មែរកម្ពុជាក្រោម

កំណត់ហេតុសន្និបាតប្រចាំឆ្នាំ ២០១៦

ថ្ងៃទី ១៣-១៥ មករា ឆ្នាំ ២០១៧

ទីក្រុង ឡាស់ស្វេហ្គាស រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក

នៅវត្តពុទ្ធិកខ្មែរ ក្រុង Las Vegas, Nevada U.S.A.

ថ្ងៃអាទិត្យទី ១៥ មករា ឆ្នាំ ២០១៧

ម៉ោង ៩ ព្រឹក

ក. របៀបវារៈ

១. បើកវេទិកាបំភ្លឺបញ្ហាចោទប្រកាន់ ។

២. របាយការណ៍ប្រចាំឆ្នាំរបស់ប្រធានបំបន់ និងសាខា ។

៣. ព្រះតេជព្រះគុណ ស៊ើង យ៉ឹងរតនា ធ្វើបទបង្ហាញអំពីខ្លឹមសារនៃការប័ណ្ណសមាជិក សហព័ន្ធខ្មែរកម្ពុជាក្រោម ។

៤. ផែនការប្រចាំឆ្នាំ ២០១៧ ។

៥. សេចក្តីសម្រេចនៃសន្និបាត ។

ខ. កម្មវិធី

១. បើកវេទិកាបំភ្លឺបញ្ហាចោទប្រកាន់ ៖

វេទិកាបកស្រាយបំភ្លឺបញ្ហាចោទប្រកាន់មកលើសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយគណៈកម្មការនាយក និងក្រុមឧត្តមប្រឹក្សា ។ សម្របសម្រួលកម្មវិធីដោយភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង និង លោកថាច់ សាមីជាអ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម ។

img_2866

សំណួររួមរបស់អង្គសន្និបាតគឺសមាជិក សមាជិកា និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្តោតសំខាន់ទៅលើបញ្ហាធំៗ  ដែលលោកថាច់ ង៉ុក ថាច់ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានចោទទៅលើគណៈកម្មការនាយកទាំង ១៣ អង្គនិងរូបដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយក្នុងកម្មវត្ថុប្រឆាំង និងជំរុញឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួនគោរពសិទ្ធិជំនឿសាសនា នៅប្រទេសវៀតណាមដែលរួមមានអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិចំនួន ៥៩ អង្គការនោះថាបានចូលយួន ។

បកស្រាយបំភ្លឺបញ្ហាចោទប្រកាន់ទាំងនេះដោយ

– លោក ត្រឹង ម៉ាន់ រិន្ទ ជាប្រធានផែនការ ។

– លោក ថាច់ សេជាប្រធានសភាតំណាង និងជាអធិបតីសន្និបាត ។

– លោក តោ គឹមថុង ជាឧត្តមទីប្រឹក្សា ។

 – លោក ត្រឹង យ៉ាប ជាប្រធានរដ្ឋបាល ។

– លោកបណ្ឌិត ខូភើជាឧត្តមទីប្រឹក្សា ស្រាយបំភ្លឺយ៉ាងលម្អិតនិងបកប្រែជាភាសាខ្មែរដោយលោក ប្រាក់ សិរីវុឌ្ឍិ៍អនុប្រធានទី ១ ។

វេទិកា សំណួរ និងចម្លើយ បញ្ចប់នៅម៉ោង ១១:៣០ នាទីព្រឹក ។

២. របាយការណ៍ប្រចាំឆ្នាំរបស់ប្រធានបំបន់ និងសាខា ។

        – របាយការណ៍របស់លោកថាច់ តង ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមតំបន់អាមេរិកខាងលិច ។

         – របាយការណ៍របស់លោកត្រឹង សារុង ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប ។

         – របាយការណ៍របស់តាំង សារៈ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅព្រះរាជណាចក្រកម្ពុជា ។ ក្រោយពីរបាយការណ៍លោកតាំង សារៈបានប្រកាសគោលជំហររបស់សាខាលោកថា លោកនឹងគោរពទៅតាមសេចក្តីសម្រេចរបស់គណៈកម្មការនាយក ដែលនឹងធ្វើសេចក្តីសម្រេចក្នុងសន្និបាតប្រចាំឆ្នាំនេះ គឺសម្រេចយ៉ាងណាលោកនឹងអនុវត្តយ៉ាងនោះ ។

        – របាយការណ៍របស់លោកសឺន ចន្ទកុសលជាប្រធានសាខាសហ-ព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងអូឡែនដូ រដ្ឋផ្លរីដា ។

 – របាយការណ៍របស់លោកសឺន សារុម ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋខូឡូរ៉ាដូ ។ លោកក៏បានប្តេជ្ញាអនុវត្តទៅតាមសេចក្តីសម្រេចភាគច្រើន របស់គណៈកម្មការនាយកភាគច្រើន ដែលអនុមតិសម្រេចក្នុងសន្និបាត ។

 – របាយការណ៍របស់ លោក ត្រឹង ស៊ី អនុប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រទេសកាណាដា ។ ជាចុងក្រោយលោកបានប្តេជ្ញាដើរទៅតាមគោលការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលសម្រេចដោយគណៈកម្មការនាយកភាគច្រើនក្នុងសន្និបាតប្រចាំឆ្នាំ ២០១៦ នេះ ដោយឥតងាករេ ។

        ៣. ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម លោកបានធ្វើបទបង្ហាញ ណែនាំពីការធ្វើប័ណ្ណសមាជិកសហព័ន្ធខ្មែរក្រោមឡើងវិញ ដើម្បីមានសិទ្ធិបោះឆ្នោត ជ្រើសគណៈកម្មនាយក នៅអាណត្តិក្រោយ ៗ ។

៤. ផែនការប្រចាំឆ្នាំ ២០១៧

លោកត្រឹង ម៉ាន់រិន្ទបានលើកឡើងអំពីផែនការដែលបានអនុវត្តចំនួន ៣ ប្រការក្នុងពេលកន្លងទៅហើយ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់គឺ

        – នៅអង្គការសហប្រជាជាតិ ក្រុងញ៉ូវយ៉ក,

        – នៅវ៉ាស៊ិនតោនឌីស៊ី,

        – នៅអាស៊ាន ។

លោកត្រឹង ម៉ាន់រិន្ទបានលើកឡើងពីផែនការប្រចាំឆ្នាំ ២០១៧ ចំនួន ៣ គឺ ៖

– ផែនការនៅលើឆាកអន្តរជាតិ

– ផែនការនៅកម្ពុជាក្រោម

– ផែនការនៅកម្ពុជា ។

ផែនការរបស់គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម

– អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជនលើកផែនការដែលយុវជនត្រូវចូលទៅថ្លែងការក្នុងវេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើម នៅខែឧសភាខាងមុខ ។ អំពីថវិកាដែលត្រូវចំណាយប្រចាំឆ្នាំនិងផែនការមួយចំនួនទៀត ។

 – លោកត្រឹង យ៉ាប ជាប្រធានរដ្ឋបាលធ្វើបទបង្ហាញអំពីផែនការចំណាយថវិកាប្រចាំឆ្នាំ ២០១៧ ។

– ព្រះតេជព្រះគុណ កាន សុផាណាឫទ្ធ ជាប្រធានសមាគម ព្រះសង្ឃ ខ្មែរកម្ពុជានៅប្រទេសកម្ពុជា របាយការណ៍អំពីការកសាងសាលាធម្មសភានៅវត្តសាមគ្គីរង្សី ។

– ព្រះតេជព្រះគុណ ថាច់ ហាន់ អនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុ-ជាក្រោមអាមេរិកខាងជើង ។ ព្រះអង្គបានរបាយការណ៍និងលើកអំពីផែនការប្រចាំឆ្នាំ ២០១៧ ។

៥. សេចក្តីសម្រេចនៃសន្និបាត

  -ខាងក្រោមនេះគឺសេចក្តីប្រកាសទាំងស្រុងរបស់លោកអគ្គលេខធិការគឺ

សេចក្ដីប្រកាសពត៌មានបន្ទាន់

ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ – នៅ ខែឧសភា ឆ្នាំ ២០១៦ គណៈកម្មការនាយកបានជ្រើសតាំង លោក ថាច់ ង៉ុក ថាច់ ជាប្រធានប្រតិបត្តិ នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម ។ ចាប់ពីពេលនោះមក លោក ថាច់ ង៉ុក ថាច់ បានប្រព្រឹត្តល្មើសបំពាននូវលក្ខន្តិកៈ និងក្រមប្រតិបត្តិរបស់សហព័ន្ធជាបន្តបន្ទាប់ ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Las Vegas ពី ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ គណៈកម្មការនាយកបានពិនិត្យឡើងវិញនូវភស្តុតាង នៃ ការរំលោភបំពានរបស់ លោក ថាច់ ង៉ុក ថាច់ និងពន្យល់យ៉ាងច្បាស់ដល់សមាជិក អំពីអ្វីដែលគាត់ បានរំលោភបំពាន ។ ចំនួនសមាជិកនៃគណៈកម្មការនាយកច្រើនជាងពីរភាគបី (២/៣) បានបោះឆ្នោត ជាឯកច្ឆ័ន្ទដកហូតសេចក្ដីទុកចិត្ត លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម និង ដក លោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានគណៈកម្មការប្រតិបត្តិចាប់ពីពេលនេះតទៅ ។ លោក ថាច់ ង៉ុក ថាច់ នឹងមិនមានតួនាទីអ្វីជាផ្លូវការតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ទៀតឡើយ ។

លោក ថាច់ វៀន បច្ចុប្បន្ន ជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងទទួលភារកិច្ចជាប្រធានប្រតិបត្តិ ជំនួសរហូតដល់ពេលគណៈកម្មការនាយកតែងតាំងប្រធានប្រតិបត្តិថ្មី ។”

– សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមរដ្ឋណេវ៉ាដា  ដែលមានការឧបត្ថម្ភដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងសាន់ហូស្ស រដ្ឋកាលីហ្វ័រញ៉ា ប្រកាសពីចំណាយ និងចំណូល ភ្ជាប់ដោយសោមនស្សកថា និងភយកថាផងដែរ ។

– លោក ថាច់ សេ ជាប្រធានសភាតំណាង និងជាអធិបតីសន្និ ថ្លែងសុន្ទរកថា រួចប្រកាសបិទសន្និបាតប្រចាំឆ្នាំ ២០១៦ នៅវេលាម៉ោង ៤ និង ២០ នាទី រសៀលថ្ងៃទី ១៥ មករា ឆ្នាំ ២០១៧ ។

                                                                                                                                         ហត្ថលេខា                                          ហត្ថលេខា

                                                                                                                                       ត្រឹង ថាច់យុង                                          ថាច់ សេ

                                                                                                                                      អ្នកកំណត់ហេតុ                                   អធិបតីសន្និបាត

Comments are closed