អាជ្ញាធរ​វៀតណាម​ដោះលែង​គ្រួសារ​ចាងហ្វាង កាសែត ព្រៃនគរ មក​កម្ពុជា​

​ចាងហ្វាង​បោះពុម្ពផ្សាយ​កាសែត​ជា​ភាសា​ខ្មែរ​ឈ្មោះ “​ព្រៃនគរ​” លោក លី ឈួន និង​ក្រុមគ្រួសារ ត្រូវបាន​អាជ្ញាធរ​វៀតណាម ដោះលែង​វិញ​ហើយ នៅ​ថ្ងៃទី ១៤ ខែមេសា បន្ទាប់ពី​ចាប់ឃុំខ្លួន និង​ឆែកឆេរ​អស់​រយៈពេល ៤៨ ម៉ោង កាលពី​ថ្ងៃ​សុក្រ ទី ១២ មេសា ឆ្នាំ ២០១៣ ។​

​លោក លី ឈួន ឲ្យ​ដឹងថា ការឃុំខ្លួន​នោះ វៀតណាម​បានដាក់​ការសង្ស័យថា លោក​មានបំណង​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម ក្រោយមកទៀត បាន​ប្ដូរ​បទ​ចោទ​ទៅជា​ករណី​ឆ្លងដែន​ខុសច្បាប់​វិញ​ម្តង ។​
​អ្នកគ្រប់គ្រង​ការផ្សាយ​កាសែត​ព្រៃនគរ និង​ក្រុមគ្រួសារ ដែលជា​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​អាជ្ញាធរ​វៀតណាម ពិន័យ​ប្រាក់ ៣០ លាន​ដុង ដែល​អាច​ស្មើនឹង ១.៥០០ ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ។ អាជ្ញាធរ​វៀតណាម ចោទ​គ្រួសារ​អ្នកកាសែត​នេះ​ថា ឆ្លងដែន​ចូលទៅ​វៀតណាម ដោយ​ខុសច្បាប់ ។​

ច្រកព្រំដែនខេត្តមាត់ជ្រូក (An Giang) ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣៖ លោក លី ឈូន ចាងហ្វាងកាសែត ព្រៃនគរ និងគ្រួសារ ត្រូវអាជ្ញាធរវៀតណាមឃុំឃាំង ៤៨ ម៉ោង ខណៈដែលលោក និងក្រុមគ្រួសារធ្វើដំណើរទៅស្រុកកំណើតនៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។
ច្រកព្រំដែនខេត្តមាត់ជ្រូក (An Giang) ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣៖
លោក លី ឈូន ចាងហ្វាងកាសែត ព្រៃនគរ និងគ្រួសារ ត្រូវអាជ្ញាធរវៀតណាមឃុំឃាំង ៤៨ ម៉ោង ខណៈដែលលោក និងក្រុមគ្រួសារធ្វើដំណើរទៅស្រុកកំណើតនៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។

​ចាងហ្វាង កាសែត ព្រៃនគរ លោក លី ឈួន នៅ​ថ្ងៃទី ១៤ មេសា មានប្រសាសន៍ថា អាជ្ញាធរ​វៀតណាម ចាប់ឃុំខ្លួន​លោក និង​ប្រពន្ធ​កូន​កាលពី​ថ្ងៃទី ១២ ខែមេសា ដើម្បី​សួរចម្លើយ និង​ឆែកឆេរ​តាំង ពី​ក្បាល​ដល់​ចុងជើង ហើយ​បង្ខំ​ឲ្យ​គាត់​បើក​អ៊ីមែល ឲ្យ​ឆែក ទៀត ។ លោក​បន្តថា គ្រួសារ​លោក​គ្រាន់តែ​ចង់ទៅ​ស្រុកកំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​សាច់ញាតិ​ក្នុង ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណីជាតិ​ប៉ុណ្ណោះ តែ​អាជ្ញាធរ​វៀតណាម​បែរ​ចោទ ថា ក្រុមគ្រួសារ​របស់លោក​មានបំណង​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម ទៅវិញ ។ លោក​បញ្ជាក់ថា បន្ទាប់ពី​ឆែកឆេរ​រក​ភស្តុតាង​ល្មើសច្បាប់ ពីបទ​បង្ក​អសន្តិសុខ​ជាតិ​វៀតណាម មិនបាន ពួកគេ​ក៏​ចោទថា រូបគាត់​នាំ​ប្រពន្ធ កូន ឆ្លង​ចូល​វៀតណាម ដោយ​ខុសច្បាប់​វិញ​ម្តង ។​
​ទោះយ៉ាងណា​ក្តី នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន បាន​ហៅ​ការចាប់ខ្លួន​ទារប្រាក់​នេះ​ថា អាចជា​អំពើពុករលួយ នៅ​វៀតណាម និង​ជាការ​បំបិទ​សិទ្ធិសេរីភាព​ខ្មែរ​កម្ពុជា​ក្រោម ។
​លោក​បន្តថា ពលរដ្ឋ​វៀតណាម ជាច្រើន​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​មក​នៅ​ស្រុក​ខ្មែរ ហើយ​អាជ្ញាធរ​ខ្មែរ​មិនដែល​រឹតបន្តឹង​ទេ ប៉ុន្តែ​វៀតណាម​វិញ   បែរជា​មិន​អត់ឱន​ជនជាតិ ខ្មែរក្រោម  ឡើយ ។ លោក​បញ្ជាក់ថា វៀតណាម តែង​ធ្វើទុក្ខ​ខ្មែរក្រោម ដូចជា ចាប់​ដាក់គុក បណ្ដេញ​ចេញពី​លំនៅឋាន រឹបអូស​ដីធ្លី និង​រារាំង​មិន​ឲ្យ​ទៅ​ស្រុកកំណើត​វិញ​ជាដើម​៖ «​យើង​ឃើញថា នៅ​កម្ពុជា យើង​វៀតណាម ចូលមក​ដោយ​សេរី​តែម្តង សម្រាប់​យើង​វិញ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ទៅ​វៀតណាម ក៏ត្រូវ​បាន​ពិន័យ​ទៅវិញ ជាការ​រំលោភ​ផ្លូវច្បាប់​មួយ​ដែរ​»​។​
​ចាងហ្វាង​កាសែត​ព្រៃនគរ លោក លី ឈួន និង​ក្រុមគ្រួសារ ត្រូវបាន​វៀតណាម ចាប់ខ្លួន កាលពី​ថ្ងៃទី ១២ ខែ  មេសា ក្នុងពេលដែល​លោក និង​ក្រុមគ្រួសារ​ធ្វើដំណើរ​ទៅលេង​ស្រុក ក្នុង​ទឹកដី​កម្ពុជា​ក្រោម ។
​កាលពី​ខែមីនា កន្លងទៅ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក សឺ​ន ស៊ូ​ប៊ែ​រ ក៏ត្រូវ​បាន​មន្ត្រីនគរបាល​វៀតណាម រារាំង​មិន​ឲ្យ​ចូល​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែរ ។​
​ស្ថិតិ​របស់​សង្គម​ស៊ីវិល រកឃើញថា ពលរដ្ឋ​វៀតណាម កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា ជាច្រើន​ម៉ឺន​នាក់ ។ ពល រដ្ឋ​វៀតណាម រស់នៅ​ទឹកដី​ខ្មែរ​ស្ទើរ​ទូទាំងប្រទេស គ្រប់​ខេត្ត​ក្រុង ហើយ​ទី​ដែល​វៀតណាម រស់នៅ​ច្រើនជាងគេ មាន​ភ្នំពេញ កំពង់ឆ្នាំង សៀមរាប កំពង់ចាម ក្រចេះ និង​ក្នុង​តំបន់​បឹង​ទន្លេសាប ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល មិនដែល​ចុះ​ពិនិត្យ​ឡើយ​ថា ជនជាតិ​វៀតណាម ទាំងអស់​នៅ​ខុសច្បាប់ ឬ ស្របច្បាប់​នោះទេ ៕