VOKK – សំឡេងកម្ពុជាក្រោម – មេរៀនជីវិតពី អេឡិកសាន់ឌើ មហារាជ

មេរៀនជីវិតពី អេឡិកសាន់ឌើ មហារាជ

July 15, 2016 9:55 AMComments Off on មេរៀនជីវិតពី អេឡិកសាន់ឌើ មហារាជViews: 143

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មានព្រៃនគរ

អេឡិកសាន់ឌើ មហារាជ (Alexander the Great) កើតនៅខែកក្កដា ឆ្នាំ ៣៥៦ មុនគ្រឹស្តសករាជ  ស្លាប់ នៅខែមិថុនា ឆ្នាំ ៣២៣ មុនគ្រឹស្តសករាជ  ព្រះជន្ម ៣២ ឆ្នាំ ជាក្សត្រទី ១៤ នៃអាណាចក្រ ម៉ាស៊ីតដូនៀ ។ អេឡិចសាន់ឌើ មហារាជ គឺជាបញ្ញវន្តមួយរូបដែលពូកែខាងកំណាព្យ និងទស្សនវិជ្ជា ហើយក៏ជាអ្នកជំនាញ ខាងទ័ពសេះ ផងដែរ ។ នៅក្នុងរាជ្យរបស់ព្រះអង្គ ទ្រង់ចំណាយពេលតិចណាស់ក្នុងការគ្រប់គ្រងនគរនៅ ម៉ាស៊ីតដូនៀ ជាស្រុកកំណើតរបស់ព្រះអង្គ  ។ ព្រះអង្គបានចំណាយពេលភាគច្រើននៅលើសមរភូមិជាមួយ នឹងទាហានក្នុងការវាយកម្ទេចប្រទេស និងអាណាចក្រនានាដើម្បីពង្រីកអាណាចក្ររបស់ទ្រង់ ។  អេឡិច សាន់ឌើ មហារាជ ត្រូវបានគេចាត់ទុកថា ជាមេទ័ពដែលពូកែយុទ្ធសាស្ត្រសង្គ្រាម និងទទួលបានជោគជ័យ បំផុតនៅក្នុងប្រវត្តិសាស្ត្រ ។

Alexander the Great

បន្ទាប់ពីស្តេច ហ្វីលីព ដែលជាបិតា ត្រូវគេលបធ្វើឃាត នៅឆ្នាំ ៣៣៦ មុន គ.ស. អេឡិចសាន់ឌើ មហារាជ  ដែលមានវ័យត្រឹមតែ ២០ ឆ្នាំ ប៉ុណ្ណ៉ោះ បានឡើងគ្រងរាជជាស្តេចរបស់ អាណាចក្រ ម៉ាស៊ីតដូនៀ ។  អេឡិច សាន់ឌើ មហារាជ បានវាយបំបាក់កងទ័ពរបស់អាណាចក្រពែរស៍ នៅតួកគី ហើយបន្ទាប់មក វាយចុះទៅទិសខាងត្បូង ចូលកាន់កាប់លីបង់ ស៊ីរី អ៊ីស្រាអែល អេហ្ស៊ីប បាប៊ីឡូន (អ៊ីរ៉ាក់) និងចុងក្រោយ ទឹកដីពែរស៍ផ្ទាល់ (អ៊ីរ៉ង់) ។

នៅឆ្នាំ ៣៣១ មុន គ.ស. អេឡិចសាន់ឌើ មហារាជ បានប្រកាសខ្លួនថា ជាអធិរាជរបស់ពិភពលោក ពេល ដែលទ្រង់បានវាយកម្ទេច អាណាចក្រពែរស៍ ដែលនៅសេសសល់ចុងក្រោយឲ្យត្រូវដួលរលំ ។

អាណាចក្រ ម៉ាស៊ីតដូនៀ ដែលដឹកនាំដោយ អេឡិចសាន់ឌើ មហារាជ ដែលត្រូវបានគេចាត់ទុកថា អធិរាជ របស់ក្រិកដែរនោះ បានជំនួសអាណាចក្រពែរស៍ក្នុងឋានៈជាមហាអំណាចពិភពលោក គ្រប់គ្រងដែនដី ដែលលាតសន្ធឹងចាប់តាំងពីតំបន់ មេឌីទែរ៉ាណេ កាត់តាមដើមបូព៌ា រហូតដល់អាស៊ី ។ ជាង ១០ ឆ្នាំ ក្រោម ការដឹកនាំរបស់ទ្រង់ ម៉ាស៊ីតដូនៀ និង ក្រិក បានស្គាល់នូវភាពរុងរឿង ក្នុងឋានៈជា មហាអំណាចពិភពលោក ដែលគ្រប់គ្រងផ្ទៃដីលាតសន្ធឹងជាង ៥ លានគីឡូម៉ែត្រក្រឡា ហើយវប្បធម៌ និងអរិយធម៌ក្រិកបានជះ ឥទ្ធិពលទៅគ្រប់ទីកន្លែង ចាប់តាំងពីអឺរ៉ុប និងមេឌីទែរ៉ាណេ រហូតដល់ឥណ្ឌា ។ មានតែចិនមួយប៉ុណ្ណោះ ដែលមិនទទួលឥទ្ធិពលពីក្រិក ។

នៅឆ្នាំ ៣២៣ មុន គ.ស. ក្រោយពីគ្រងរាជ្យបានតែ ១៣ ឆ្នាំ អេឡិចសាន់ឌើ មហារាជ បានចូលទិវង្គត ក្នុងវ័យ ៣២ ឆ្នាំ ដោយសារជំងឺគ្រុនចាញ់នៅទី​ក្រុង បាប៊ីឡូន ប្រទេសអ៊ីរ៉ាក់ សព្វថ្ងៃ ។

នៅក្រោយពេលដែល អេឡិចសាន់ឌើ មហារាជ  ចូលទិវង្គត ដោយសារតែការឈ្លោះដណ្តើមរាជបល្ល័ង្ក រវាង មេទ័ពកំពូលៗ ម៉ាស៊ីតដូនៀ ក៏ត្រូវបាក់បែកគ្នា ហើយនៅឆ្នាំ ២៨១ មុន គ.ស. ក្រោយពីមានសង្រ្គាម ដណ្តើមរាជបល្ល័ង្កអស់រយៈពេល ៤០ ឆ្នាំ អាណាចក្ររបស់ អេឡិចសាន់ឌើ មហារាជ ក៏ត្រូវពុះជាបួន ចំណែកបង្កើតទៅជាអាណាចក្របួនផ្សេងគ្នា នៅអេហ្ស៊ីប នៅ បាប៊ីឡូន នៅ ក្រិក និង ម៉ាស៊ីតដូនៀ ។

ទោះបី អេឡិចសាន់ឌើ មហារាជ  បានមានអំណាចអាចគ្រប់គ្រងជិតពាក់កណ្ដាលផែនដីយ៉ាងណាក៏ដោយ  ក៏នៅទីបំផុតទ្រង់បានភ្ញាក់រឭកឃើញថា របស់គ្រប់យ៉ាងដែលខ្លួនមាន រាប់ទាំងអំណាចផង  វាមិនមែនជា របស់ខ្លួន ហើយគង់តែនឹងស្លាប់នៅទីបំផុតគ្រប់រូប ។ នៅ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​ខ្លួន អេឡិចសាន់ឌើ មហារាជ ​បាន​ហៅ​មេ​ទ័ព​គាត់​ទាំង​អស់​មក​ក្បែរ​គ្រែ​របស់​ទ្រង់​ ហើយ​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ជួយ​ធ្វើ​កិច្ច​ការ​ ៣ យ៉ាង​នៅ​ពេល​គាត់​ផុត​ដង្ហើម​ទៅ​៖

ទី ១ ៖សូម​ជ្រើស​រើស​គ្រូពេទ្យ​ពូកែ​ជាង​គេ មក​សែង​មឈូស​របស់ខ្ញុំ​

ទី ២ ៖ សូម​យក​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំមាន​ទាំងអស់​ ក្រាល​ធ្វើ​ជា​ផ្លូវ​សម្រាប់​ហែ​សាក​សពខ្ញុំ​

ទី ៣ ៖ សូម​ដាក់​ដៃ​របស់ខ្ញុំ​​នៅ​ខាង​ក្រៅ​មឈូស​ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​

ក្រោយ​ពី​បាន​ឮសម្តី​របស់​ទ្រង់​ហើយ​ មាន​មេទ័ព​របស់​គាត់​ម្នាក់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នូវ​កិច្ចការ​ទាំង​ ៣​ យ៉ាង​នោះ​ ទើប​គាត់​សួរ​ អេឡិចសាន់ឌើ មហារាជ ឲ្យ​បក​ស្រាយ​ហេតុអ្វី​ធ្វើ​បែប​នេះ​ ។

អេឡិចសាន់ឌើ មហារាជ ក៏​បាន​ពន្យល់​ថា​៖

ទី ១៖ សូម​ជ្រើស​រើស​គ្រូពេទ្យ​ពូកែ​ជាង​គេ មក​សែង​មឈូស​របស់ខ្ញុំនេះ​ ដើម្បី​បញ្ជាក់​ថា មនុស្ស​មិន​អាច​គេច​ពី​សេចក្ដី​ស្លាប់​បាន​ទេ​ នៅ​លើ​ផែន​ដី​នេះ​ទោះ​គ្រូ​ពេទ្យ​ពូកែ​យ៉ាង​ណា​ក៏​មិន​អាច​ព្យាបាល​មនុស្ស​ឲ្យ​គេច​ពី​សេចក្ដី​ស្លាប់​បាន​​ដែរ​ ។ ​​​

ទី ២ ៖ សូម​យក​ទ្រព្យសម្បត្តិ​ដែលខ្ញុំ​មាន​ទាំងអស់​ ក្រាល​ធ្វើ​ជា​ផ្លូវ​សម្រាប់​ហែ​សាក​សព​ខ្ញុំ​នេះ ​ដើម្បី​បញ្ជាក់​  ថា​ អ្វី​ដែល​មាន​នៅ​ផែន​ដី​ គឺ​សម្រាប់​ផែនដី  ​មិន​អាច​យក​ទៅ​ជាប់​ខ្លួន​បាន​ទេ ។​

ទី ៣៖ សូម​ដាក់​ដៃ​របស់​ខ្ញុំ​​នៅ​ខាង​ក្រៅ​មឈូស ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​នេះ ​ដើម្បី​បង្ហាញ​ថា កើត​មក​ដៃ​ទទេ​ហើយ​ស្លាប់​ទៅ​វិញ​ក៏​ដៃ​ទទេ ​។ ប៉ុន្តែ​អ្វី​ដែល​មាន​តម្លៃ​បំផុត​នោះ គឺ​ពេល​វេលា​ ។

យើង​អាច​រក​លុយ​កាក់​មាស​ប្រាក់​បាន​ តែ​មិន​អាច​បង្កើន​ពេល​វេលា​បន្ថែម​សម្រាប់​ជីវិត​យើង​ទេ ​។ ពេល​ដែល​យើង​លះបង់​ពេល​វេលា​សម្រាប់​​នរណា​ម្នាក់​ ឬលើកិច្ចការអ្វីមួយ គឺ​មាន​ន័យ​ថា​ យើង​បាន​ចំណាយ​មួយ​ផ្នែក​នៃ​ជីវិត​របស់​យើង​សម្រាប់​អ្នក​នោះ​ និងកិច្ចការទាំងនោះហើយ ​មិន​អាច​ទាមទារ​មក​វិញ​បាន​ទេ​ ។

shutterstock_48776125

ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា តើ​លោក​អ្នក​ចំណាយ​ពេល​វេលា​របស់​អ្នក​យ៉ាង​ដូច​ម្តេច ​?​ ផ្ដល់​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​អ្នក​ទៅ​នរណា​ និងលើកិច្ចការអ្វីខ្លះ ? ហើយ​អ្នក​នៅ​សល់​ពេល​វេលា​ប៉ុន្មាន​ទៀត​?

Comments are closed