គ​ដល់​ស្លាប់​

គ​ដល់​ស្លាប់​ | និពន្ធ​ដោយ ថាច់ ប្រីជា គឿន​
(​កំណាព្យ​មេពាក្យ ៩)

​មើល​មាឌ​ហំ​ធំ​រលើបរលង់​ស្រិល​
​គ្មាន​កង្វល់​និមល​ឈរ​កំដរ​ផ្លួ​វ​
​មើល​សម្បក​ដក់​ស្នេហ៍ស្និទ្ធ​គិត​និត្យនៅ​
​តែ​ចិត្ត​ពៅ​អាស្រូវ​ពិត​ឥត​ខ្លឹម​ក្នុង ។​

​ឈរ​មាត់ច្រក​ដកដង្ហើម​ពុំ​ចេញ​ស្តី​
​ដូច​ចំណង​ចង​មាត់​ស្រី​ថ្លៃ​អនង្គ​
​ឲ្យ​ធ្វើ​«​គ​»​ឈរ​ហាលខ្យល់​ដល់​ថ្លៃ​ថ្លង់​
​ហៅ​ព្រលឹង​សឹងតែ​ស្លាប់​ស្តាប់​មិនឮ ។​

តើ​អ្នកណា​បញ្ជា​មក៍​ឲ្យ​ឈរ​ធ្មឹង​
​ឈរ​ខួប​ប្រាំង​ទាំង​ភ្លៀងខ្យល់​មិន​ខ្វល់​ឈឺ​
«​គ​»​យូរហើយ​ឈ្ម​ម​ត្រាណត្រើយ​ឆ្លើយបំភ្លឺ​
​ឲ្យ​បានឮ​បំភ្លឺជាតិ​ឃ្លាត​មរណា ។​

​ទោះ​ព្រលឹង​ធ្មឹង​មិន​ស្តីពី​ការពិត​
​ដែល​វរមិត្ត​គិត​សញ្ជប់​កប់​ចិន្តា​
​គង់​ស្លាប់​«​គ​»​ត​កូនចៅ​ពង្សាវតារ​
​ធ្វើ​ម្តេចទៅ​ពៅ​កនិដ្ឋា​ជា​ពូជ «​គ​» ៕

Kor

​ថ្ងៃ​ចន្ទ ១៥ កើត ខែចេត្រ ឆ្នាំថោះ​ត្រី​ស័ក ព​. ស​. ២៥៥៤ (១៨ មេសា ២០១១)

​កំណត់សម្គាល់​៖
*​ធ្មឹង ( កិ​. វិ​. ) នៅ​ស្ងៀម​មិន​ស្ដី​, ទ្រមឹង : អង្គុយ​ធ្មឹង​, ឈរ​ធ្មឹង ។​
*​បំភ្លឺ ( កិ​. ) ធ្វើ​ឲ្យ​ភ្លឺ គឺ​អុជ​ភ្លើង​, លើក​ភ្លើង​, ទ្រោល​ភ្លើង​ឲ្យ​ភ្លឺ ឬ​និយាយ​ពន្យល់​ឲ្យ​ភ្លឺ​គំនិត​ប្រាជ្ញា ។ (​ព​. ប្រ​.) បំភ្លឺជាតិ គឺ​ញ៉ាំង​ជាតិ​របស់ខ្លួន​ឲ្យ​ភ្លឺ ឲ្យ​ប្រព្រឹត្ត​ទៀងត្រង់ ឲ្យ​កាន់​សុចរិតយុត្តិធម៌ (​ព​. ផ្ទ​. បំព្រៃជាតិ​) ។ បំភ្លឺប្រទេស គឺ​ធ្វើ​ប្រទេស​របស់ខ្លួន​ឲ្យ​ភ្លឺ​លូតលាស់​ចម្រើន ឲ្យ​រុងរឿង ឲ្យ​ថ្កើងថ្កាន (​ព​. ផ្ទ​. បំព្រៃប្រទេស​) ។ បំភ្លឺលោក គឺ​ញ៉ាំង​លោក​ឲ្យ​ភ្លឺ ឲ្យ​រុងរឿង ឲ្យ​ប្រកបដោយ​សុចរិតយុត្តិធម៌​, ឲ្យ​បាន​សុខ​ស្ងប់ : អ្នកប្រាជ្ញ​ទាំងឡាយ ជា​មនុស្ស​បំភ្លឺលោក​; ព្រះពុទ្ធ​និង​ព្រះអរហន្ត​ទាំងឡាយ ជា​អ្នក​បំភ្លឺលោក ខាង​ការពន្យល់​ឲ្យ​សត្វលោក​រាវរក​ធម៌ ដើម្បី​រំលត់ទុក្ខ​ឃើញ ។​ល​។ ព​. ផ្ទ​. មនុស្ស​បំព្រៃលោក​, ពាល ។​
*​មរណា (​អាន​ថាៈ មៈរៈណា ឬ ម​-​រៈនា​) ( ន​. ) (​ពហុ​. របស់ មរណ​) សេចក្ដីស្លាប់ (​ព​. កា​.) ។ មរណាភិប្រាយ ដំណើរ​ចង់​ស្លាប់​, ការតាំង​ចិត្តនឹង​សម្លាប់ខ្លួន (​ម​. ព​. អភិប្រាយ ផង​) ។ មរណាសន្នកម្ម (​មៈរៈណា​សន់​-​ន៉ៈ​ក័​ម​) អំពើ (​ល្អ​ឬ អាក្រក់​) ដែល​ធ្វើ​ក្នុង​កាល​ជិត​ស្លាប់ ។ មរណាសន្នកាល (​មៈរៈណា​សន់​-​ន៉ៈ​–) កាល​ឬ​វេលា​ជិត​ស្លាប់ ។​
*​សញ្ជប់ ( កិ​. ឬ កិ​. វិ​. ) ជ្រប់​មុខស្រពោន​ស្រពាប់​ក្រៀមក្រំ : កើតទុក្ខ​សញ្ជប់​, អង្គុយ​សញ្ជប់ ។ សញ្ជប់សញ្ជឹង ឬ សញ្ជឹង​សញ្ជប់ សញ្ជប់​ទ្រឹង​ទ្រមឹងទ្រមើយ ។​
*​កនិដ្ឋា (​អាន​ថាៈ កៈ​-​និ​ត​-​ឋា​) បា​. ( ន​. ) (​ក​និ​ដ្ឋ​) ប្អូន​, ប្អូន​តូច​, ប្អូន​ពៅ ។ ច្រើន​ប្រើ​ក្នុង​ពាក្យកាព្យ ហៅ​ស្ត្រី​ជា​គូសង្សារ​, គូ​សំឡាញ់ : ឲ្យ​តែ​បាន​ជួប​កែវ​កនិដ្ឋា សម​តាម​ប្រាថ្នា​នៅ​នែបនិត្យ បង់ខាត​ប៉ុន្មាន​រៀម​ពុំ​គិត ស៊ូ​ប្ដូរជីវិត​ឥត​ងាករេ ។​
*​គ ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់ក ជា​សិថិល ឃោសៈ​, សម្រាប់​ភាសា​ខ្មែរ​, ផ្សំ​នឹង​ស្រៈ អ អា អិ អី ។​ល​។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊‌ិ អ៊‌ី ។​ល​។ អ៊ុំ អ៊ំ អ៊ាំ អ៊ះ ជា គ គា គិ គី ។​ល​។ គុំ គំ គាំ គះ ។ (​ស្រៈ​សំឡេង​ធំ​ទាំងនេះ មិនបាច់​ប្រើ​ត្រីសព្ទ (​៊​) ទេ គ្រាន់តែ​អាន​ឲ្យ​មាន​សំឡេង​ធំ ផ្សំ​នឹង​ព្យញ្ជនៈ​សំឡេង​ធំ ឲ្យ​ងាយ​យល់​សំឡេង​ប៉ុណ្ណោះ​) ។​
( គុ​. ) ឥត​សំដី : មនុ​ស្សគ ។ បើ​លោហជាតិ​វិញ​ថា ឥត​សូរ : ប្រា​ក់គ ។​
( ន​. ) ឈ្មោះ​ឈើ​ជា​ដំណាំ ផ្លែ​មាន​សរសៃ​ជា​ប៉ុយ​សំឡី​សម្រាប់​ច្រក​ញាត់​ខ្នើយ​, កែប​, ពូក ជាដើម : ព្រះ​សម្ពុទ្ធ​ទ្រង់​បញ្ញត្ត​ហាម មិន​ឲ្យ​ភិក្ខុ​សាមណេរ ប្រើប្រាស់​ពូក​ញាត់​សំឡីគ​, ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើ​ពូក​ញាត់​ស្មៅ​, ញាត់​ជក់​ដូង​ជាដើម​បាន​, ឯ​កែប​, ខ្នើយ​ឲ្យ​ញាត់​សំឡីគ​បាន ។​
​អនង្គ អៈន​ង់ ឬ ត​. ទ​. ស្រ​. អៈ ណុង សំ​. ( ន​. ) (< អន៑ “​ឥត​” + អង្គ “​រូបអង្គ​” = អ្នក​ដែល​ឥត​រូបអង្គ​) អទិស្សមានកាយ​ពួក​មួយ​ហៅថា កាម​ទេព ជា​អ្នក​នាំ​បណ្តាល​ឲ្យ​កើត​សេចក្ដី​ត្រេកត្រអាល ។ ខ្មែរ​ប្រើ​ជា​ពាក្យប្រៀប សំដៅ​សេចក្ដី​ថា “​ស្ត្រី​មាន​រូបល្អ​, នាង​មាន​លំអ​, នាង​ឆើតឆោម​” : អនង្គថ្លៃ​, អនង្គ​មាសស្ងួន​, កែង​អនង្គ (​ព​. កា​.) : អនង្គ​មាសថ្លៃ ចុះ​នាង​សព្វថ្ងៃ ធ្វើ​ការងារ​អ្វី នៅ​ជា​កញ្ញា ឬ​មាន​ប្តីសី ចូរ​នាង​ស្រដី ប្រាប់​តាមពិត​មក ។​ល​។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អៈ​នុ័​ង​-​គៈ ឬ អៈន​ង់​-​គៈ​, ដូចជា អនង្គក្រីឌា ល្បែង​នាំ​ឲ្យ​កើត​សេចក្ដី​ត្រេកត្រអាល​, ល្បែង​ដែល​នាំ​ឲ្យ​ងប់​ចិត្ត​ស៊ប់​ទៅរក​កាម​។ អនង្គលេខា សំបុត្រ​ផ្តោះផ្តង​ទៅរក​កាម​, សំបុត្រ​ចែចង់ ។ អនង្គវិទ្យា ឬ​–​សាស្ត្រ វិទ្យា​ឬ​សាស្ត្រ​ខាង​ផ្លូវ​នាំ​ឲ្យ​ត្រេកត្រអាល ។ អនង្គសម្ភាស ឬ​–​សម្ភាសន៍ ការនិយាយ​ផ្តោះផ្តង​ទៅរក​កាម​; ការនិយាយ​ចែចង់ ។ អនង្គសម្ភាសា សម្ដី​ផ្តោះផ្តង​ទៅរក​កាម​; សម្ដី​ចែចង់ ។​ល​។​
(​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត​)​