លិខិត​ចំហ​ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឹង ដាយ ក្វាង ដើម្បី​អំពាវនាវ​ឲ្យ​សង​ដី​វត្ត​មកវិញ​

April 20, 2017 8:03 AMComments Off on លិខិត​ចំហ​ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឹង ដាយ ក្វាង ដើម្បី​អំពាវនាវ​ឲ្យ​សង​ដី​វត្ត​មកវិញ​Views: 313

លិខិត​ចំហ​ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឹង ដាយ ក្វាង ដើម្បី​អំពាវនាវ​ឲ្យ​សង​ដី​វត្ត​មកវិញ​

​ទីក្រុង Pennsauken ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៧

ស្ថានទូត​វៀតណាម​
​ជូន​ចំពោះ លោក ត្រឹង ដាយ ក្វាង ប្រធាន​រដ្ឋ​នៃ​ប្រទេស​វៀតណាម​
1233 20th St NW, Suite 400 Washington, DC 20036
​លោក​ប្រធាន​ជាទី​រាប់អាន​

បច្ចុប្បន្ននេះ មាន​ដំណឹង​គួរ​ឲ្យ​ព្រួយបារម្ភ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាក់ទង​នឹង រឿង​ជម្លោះដីធ្លី​មួយ​រវាង​ព្រះសង្ឃ​នៃ​វត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម ជាមួយនឹង​ក្រុមគ្រួសារ ជនជាតិ​យួន នៅក្នុង​តំបន់​ដែល​បាន​ចូល​សង់ផ្ទះ​របស់​ពួកគេ​ដោយ​ខុសច្បាប់​នៅលើ​ដី​វត្ត ។ ពុទ្ធ បរិស័ទ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​បាន​ទាក់ទង​ជា​អនាមិក​មក វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) របស់​យើងខ្ញុំ ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ និង​ដើម្បី​សុំ​ជំនួយ​ក្នុងការ អំពាវនាវ​ដល់​រដ្ឋាភិបាល​របស់លោក​ប្រធាន ឲ្យ​ប្រគល់​ដី​សក្តិ​សិទ្ធិ​ដែល​ត្រូវគេ​រឹប​យក​សង​មក វត្ត​វិញ ។​

​ដី​ដែល​គេ​រឹប​យក​ដែលជា​កម្មសិទ្ធិ​របស់​វ​ត្ត​នៅ​កម្ពុជា​ក្រោម​នោះ ឈ្មោះថា វត្ត​មុនី​រង្សី មេ​ពាំង ឋិត​នៅក្នុង​ភូមិ​ទី ៤ ឃុំ​ផុង​ភូ ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង (Ấp 4, Xã Phong Phú, Huyện Cầu Kè, Tỉnh Trà Vinh) ។ វត្ត​នេះ បាន​កសាង​មុន​ឆ្នាំ ១៩៧៥ ហើយ​បាន​ប្ដូរ​ទៅ​កសាង​នៅ​កន្លែង​ថ្មី​ត្រង់​ទីតាំង​វត្ត​សព្វថ្ងៃ ។ ទោះបី​វត្ត​មេ​ពាំង​សព្វថ្ងៃ មិន​ឋិត នៅលើ​ដី​ដែល​គេ​រឹប​យក​នោះ តែ​ព្រះសង្ឃ និង​អ្នកស្រុក​នៅក្នុង​ចំណុះជើងវត្ត​នៅតែ​បន្តធ្វើ បុណ្យទាន​នៅលើ​ដី​នោះ​ជា​រៀងរាល់ឆ្នាំ ។​

​នៅក្នុង​អំឡុង​ឆ្នាំ ១៩៩៣ និង ឆ្នាំ ១៩៩៤ មានគ្រួសារ​ជនជាតិ​យួន​មួយចំនួន​បានមក ស្នើ​វត្ត​ថា ពួកគេ​សុំ​នៅ​លើដី​វត្ត​ជា​បណ្ដោះអាសន្ន ហើយ​បាន​សន្យាថា គេ​នឹង​សង​មកវិញ​ពេល ណា​វត្ត​ត្រូវការ ។ ពេលដែល​វត្ត​មិនទាន់​ត្រូវការ​ដី គណៈកម្មការ​វត្ត​បានអនុញ្ញាត ឲ្យ​ពួកគេ​នៅ ជាប​ណ្ណោះ​អាសន្ន ។ ក្នុងចំណោម​គ្រួសារ​ជនជាតិ​យួន​ទាំងនោះ​មានគ្រួសារ លោក ផាង វ៉ាំ​ង កួរ (Phan Van Cua) ។ បន្ទាប់មក លោក ផាង វ៉ាំ​ង កួរ បាន សូក​សំណូក​ជាសម្ងាត់​ដល់ អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ខ្លួន ដោយ​មិនមាន​ការអនុញ្ញាត​ពី​វត្ត​ឡើយ ។ វត្ត​បាន​ប្ដឹងទៅ​តុលាការ​ស្រុក​កំពង់​ស្ពាន​ជិត​មួយ​ទសវត្សរ៍​មកហើយ តែ​តុលាការ​យួន​នៅតែ​មិន ព្រម​ផ្ដល់​យុត្តិធម៌​ជូន​វត្ត​សោះឡើយ ។ តុលាការ​បាន​ប្រើ​យុទ្ធសាស្ត្រ​និយាយថា វត្ត​ពុំមាន​ប្លង់ កម្មសិទ្ធិ​ដីធ្លី ដូច្នេះ វា​មិនមាន​អ្វី​អះអាងថា​ខ្លួន​ជា​ម្ចាស់​ដី​បានឡើយ ។ ការប្រើ​យុទ្ធសាស្ត្រ​នេះ បានធ្វើ​ឲ្យ​គ្រួសារ​ជនជាតិ​យួន​ដែល​នៅ​លើដី​វត្ត នៅតែ​មិន​ព្រម​ចេញពី​វត្ត​យ៉ាង​ស្រួល ។​

​ជនជាតិដើម​ខ្មែរក្រោម​ជា​អ្នក​គោរព​ពុទ្ធសាសនា​ថេរវាទ នៅ​ដែនដី​កម្ពុជា​ក្រោម​រាប់ ពាន​ឆ្នាំ​មកហើយ ដោយ​ពលរដ្ឋ​របស់​យើង​មានជំនឿថា ដី​របស់​វត្ត​ជា​ដីស​ក្តិ៍​សិទ្ធិ​ដែល​មិនមាន បុគ្គល​ណា​ម្នាក់​ហ៊ាន​យក​ដី​វត្ត​ធ្វើជា​សម្បត្តិ​ផ្ទាល់ខ្លួន​ឡើយ ។ វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នីមួយៗ មិនមាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ទេ ។ តុលាការ​យួន​ស្រុក​កំពង់​ស្ពាន បាន​ប្រើ​យុទ្ធសាស្ត្រ​ទាមទារ​ឲ្យ​វត្ត បង្ហាញ​នូវ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ធ្វើជា​សាក្សី​ដើម្បី​ដោះស្រាយ​ជម្លោះ ។ នេះ​បង្ហាញ​ឲ្យ​ឃើញថា តុលា ការ​បាន​រំលោភ​លើ​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរក្រោម និង​បាន​បំពាន​លើ​មាត្រា​ទី ២៤.២ នៃ​រដ្ឋ ធម្មនុញ្ញ​របស់​ប្រទេស​វៀតណាម​ដែល​បាន​ចែងថា​៖ “​រដ្ឋ​គោរព និង​ការពារ​នូវ​សេរីភាព​ជំនឿ និង​សាសនា​” ។​

​នៅក្នុង​បញ្ហា​នេះ យើងខ្ញុំ​សូម​ស្មើ​ដល់​លោក​ប្រធាន​ជួយ​ធ្វើការ​ស៊ើបអង្កេត​នូវ​បញ្ហា​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​វត្ត​ខ្មែរក្រោម​របស់​យើង ។ យើងខ្ញុំ សង្ឃឹមថា វត្ត​នឹង​បាន​ដី​ដែល​គេ​រឹប យក​នោះ​ត្រឡប់មកវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បាន​ប្រារព្ធ​ពិធី​បុណ្យទាន​របស់ខ្លួន​ដោយ សប្បាយរីករាយ និង ស្ងប់ស្ងៀម​ដោយ​គ្មាន​ការរំខាន​ពី​អ្នក​ដែល​កំពុង​រស់នៅ​លើដី​វត្ត​សព្វថ្ងៃ ឡើយ ៕​

 

ដោយសេចក្ដីគោរពពីអាត្មាភាព

ព្រះតេជព្រះគុណ ធីធី ធម្មោ
ប្រធានគណៈកម្មការសាសនាអន្តរជាតិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

…………………………..

ទាញយកឯកសារ PDF

KKF-Open Letter to Mr Tran Dai Quang (Khmer)

KKF-Open Letter to Mr Tran Dai Quang (English)

Comments are closed