លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO

ដោយ ថាច់ ប្រីជា គឿន

នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧ ដើមសប្ដាហ៍នេះ លោក ថាច់ វៀន ជាអធិបតី នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម បានអញ្ជើញទៅចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំគណៈកម្មការនាយកនៃអង្គការប្រជាជាតិ គ្មានតំណាង ហៅកាត់ថា UNPO ក្នុងឋានៈលោកជាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនាមជា សមាជិកគណៈកម្មការនាយកមួយរូបនៃអង្គការ UNPO ។ កិច្ចប្រជុំនេះ ប្រារព្ធនៅការិយាល័យ របស់អង្គការ UNPO នាទីក្រុងព្រូសែល (Brussels) ប្រទេសបែលហ្សិក (Belgium) ។

ទិដ្ឋភាពនៃពេលសម្រាកនៃកិច្ចប្រជុំ ។ រូបថត លោក ថាច់ វៀន
ទិដ្ឋភាពនៃពេលសម្រាកនៃកិច្ចប្រជុំ ។ រូបថត លោក ថាច់ វៀន

លោក ថាច់ វៀន បានមានប្រសាសន៍ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា កិច្ចប្រជុំនេះ គណៈកម្មការ នាយកនៃអង្គការ UNPO បានពិភាក្សាគ្នាអំពីការធ្វើកំណែទម្រង់លក្ខន្តិកៈរបស់អង្គការ UNPO ឲ្យទាន់ចរន្តនយោបាយពិភពលោកនាសម័យបច្ចុប្បន្នកាលនេះ ។

ក្រៅពីផ្ដោតលើរបៀបវារៈនៃកិច្ចប្រជុំ លោក ថាច់ វៀន ក្នុងនាមតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជម្រាបដល់ លោក Marino Bustachin ជាអគ្គលេខាធិការ និង លោក Tommaso Nodari ជានាយកកម្មវិធីនៃអង្គការ UNPO ឲ្យបានជ្រាប អំពីស្ថានភាពរបស់សហព័ន្ធខ្មែរកម្ពុជា ក្រោម នាពេលបច្ចុប្បន្ន ផងដែរ ។

លោក ថាច់ វៀន ជាអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងកិច្ចប្រជុំគណៈកម្មការនាយក នៃអង្គការ UNPO ។
លោក ថាច់ វៀន ជាអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងកិច្ចប្រជុំគណៈកម្មការនាយក នៃអង្គការ UNPO ។

យោងតាមគេហទំព័រផ្លូវការរបស់អង្គការ UNPO បានបញ្ជាក់ថា សមាជិកគណៈកម្មការនាយក នៃអង្គការ UNPO មានចំនួន ៩ រូប រួមទាំងប្រធាន និងអនុប្រធាន ២ រូបផ្សេងទៀត សរុបទាំងអស់ ចំនួន ១១ រូប ។ គណៈកម្មការនេះ មានកាតព្វកិច្ចដើម្បីត្រួតពិនិត្យការអនុវត្តនយោបាយទូទៅ របស់ អង្គការមួយនេះ នៅក្នុងអំឡុងអាណត្តិរបស់ខ្លួនដែលបានកំណត់នៅក្នុងអង្គសន្និបាត ។ គណៈ កម្មការនាយកនឹងជាអ្នកតំណាងអង្គសន្និបាតដោយមានកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយនឹង អគ្គលេខាធិការក្នុងការអនុវត្តសកម្មភាពរួមនៃអង្គការនេះ ។

សព្វថ្ងៃ អង្គការ UNPO មាន លោក Nasser Boladai មកពី West Balochistan ជាប្រធាន គណៈកម្មនាយក លោក Abdirahman Mahdi មក Ogaden ជាអនុប្រធានគណៈកម្មការ នាយក និងសមាជិកគណៈកម្មការនាយក ៩ រូបទៀត តំណាងមកពីអង្គការជាសមាជិករបស់ UNPO រួមមាន Afrikaner, Crimean Tatars, East Turkestan, Iranian Kurdistan, Khmer Krom, Oromo, Taiwan, Tibet និង West Papua ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ជា សមាជិកនៃអង្គការ UNPO តំណាងប្រជាជាតិខ្មែរក្រោម នៃដែនដី កម្ពុជាក្រោម ។ លោក ថាច់ វៀន អធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ហេតុដែលនាំ ឲ្យអង្គការ UNPO បានអនុញ្ញាតឲ្យតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិកនៃគណៈកម្ម ការនាយក នៃអង្គការ UNPO នោះ ដោយសារ គេផ្ដល់កិត្តិយសដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានគោលការណ៍ និងទិសដៅច្បាស់លាស់ ហើយធ្វើការតស៊ូយ៉ាងខ្លាំងក្លាក្នុងការស្វែងទាម ទារនូវសិទ្ធិសេរីភាពដោយអហិង្សា ជូនប្រជាជាតិរបស់ខ្លូននៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម តំណាងប្រជាជាតិជនជាតិដើមខ្មែរក្រោមបានចូលជាសមាជិកពេញសិទ្ធិ នៃអង្គការ UNPO នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ បេសកកម្មរបស់សហព័ន្ធខ្មែរកម្ពុជា ក្រោម នៅក្នុងអង្គ ការ UNPO គឺធ្វើការតស៊ូមតិផ្អែកលើគោលការណ៍អហិង្សា ដើម្បីទាមទារឲ្យមាន ការទទួលស្គាល់នូវសិទ្ធិរបស់ជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ស្របតាមសេចក្ដី ប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ។

យោងតាមគេហទំព័រជាផ្លូវការរបស់អង្គការ UNPO បានបញ្ជាក់ថា អង្គការនេះ ជាក្រុមចលនាអន្តរ ជាតិមួយ ធ្វើការតស៊ូដោយសន្តិវិធី អហិង្សា និងលទ្ធិប្រជាធិបតេយ្យ តំណាង ក្រុមជនជាតិដើម, ជនជាតិភាគតិច និងជនជាតិនៅតាមដែនដីដែលត្រូវបានគេវាតទីយក ហើយមិនមានការទទួល ស្គាល់ជាដើម ។ ពួកគេរួបរួម គ្នាធ្វើការតស៊ូ ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន, ការពារវប្បធម៌របស់ពួកគេមិនឲ្យបាត់បង់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់ រាល់វិបត្តិដែលជះឥទ្ធិពលដល់ពួកគេ ។ អង្គការ UNPO បានបង្កើតឡើង កាលពីឆ្នាំ ១៩៩១ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ ដោយមានការចូលរួមពីសហស្ថាបនិក ចាប់តាំង ពីចំនួន ១៥ រហូតដល់បច្ចុប្បន្នបនេះ កើនឡើងដល់ចំនួនជាង ៧០ នៅក្នុងពិភពលោក តែ បច្ចុប្បន្ន អង្គការនេះ នៅសល់ប្រជាជាតិជាសមាជិកចំនួន ៤០ តែប៉ុណ្ណោះ ។

យោងតាមគោលការរបស់អង្គការ UNPO សមាជិកទាំងអស់ រួមទាំងសហព័ន្ធខ្មែរកម្ពុជាក្រោម ផង ត្រូវគោរពគោលធំៗចំនួន ៥ គឺ អហិង្សា, សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង, ការការពារបរិស្ថាន និង ការយោគយល់ ៕