កិត្តិនាមពូជខ្មែរ

April 5, 2016 12:48 AMComments Off on កិត្តិនាមពូជខ្មែរViews: 45

បទផ្កាឈូករីក (ពាក្យ៧)

ខ្មែរពូជអ្នកជា

មិនចេះទ្រុស្ត

ខ្មែរពូជសាងឈ្មោះ

មិនឈ្នានីស

ខ្មែរពូជមេត្តា

ចិត្តត្រិះរិះ

ខ្មែរពូជភុជិស្ស

ជនខ្ពង់ខ្ពស់ ។

ខ្មែរពូជទន់ភ្លន់

តែរឹងប៉ឹង

ខ្មែរពូជនឹងធឹង

និងកិត្តិយស

ខ្មែរពូជអ្នកជា

ចិត្តសន្ដោស

ខ្មែរពូជសាបព្រោះ

គុណប្រយោជន៍ ។

ខ្មែរពូជធម្មទាន

ឈានបើលផ្លូវ

ខ្មែរពូជត្រឹមត្រូវ

មិនបេះបោច

ខ្មែរពូជស្មោះត្រង់

មិនលេងសើច

ខ្មែរពូជស្រង់ស្រោច

សត្វក្នុងលោក ។

ខ្មែរពូជតេជៈ

ពុទ្ធិញាណ

ខ្មែរពូជសុន្ទរ៍ទាន

មិនទាបថោក

ខ្មែរពូជអ្នកស្ដុក

ទ្រព្យកេរភោគ

ខ្មែរពូជជ័យជោគ

ល្បីសុះសាយ ។

ខ្មែរពូជអ្នកកាន់

ពុទ្ធសាសនា

ខ្មែរពូជរក្សា

ធម៌ទាំងឡាយ

ខ្មែរពូជមានពង្ស

រុងឆើតឆាយ

ខ្មែរពូជជាម្តាយ

ឪពុកគេ ។

ខ្មែរពូជភូធរ(១)

មង្គលា

ខ្មែររមនា

ពីបុព្វេ

ខ្មែរពូជអ្នកក្សាន្ត

ប្រាណសព្វកេរ

ខ្មែរពូជបុរេ(២)

ក្នុងលោកនេះ ៕

កំណត់សម្គាល់÷

(១)ភូធរ ( សំ. បា. ) អ្នក​ទ្រទ្រង់​នៅលើ​ផែន​ដី ( ភ្នំ ) ។​ អ្នក​ទ្រ​ទ្រង់​ផែន​ដី ( ព្រះរាជា ) : ព្រះភូធរ ​( ព. ទេ. ឬ ព. កា. ) : ប្រាសាទបវរ សង់​ថ្វាយ​ភូធរ ព្រះភូធរគង់ ជាសុខ​សម្រាន្ត ក្សេមក្សាន្តអភិម- ង្គលកប​ឫទ្ធិរុង- រឿង​តេជះជ័យ ។

(២) បុរេ ជាពាក្យបាលី=មុនគេ ដើមគេ

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។

 

Comments are closed