ខ្មែរក្រោម គ្រោង​ដាក់​លិខិត​សុំ​ជួប​ផ្ទាល់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ករណី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​

ដោយ ស៊ឺន ចែងចើន|VOKK

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ រួមជាមួយ​អង្គការសិទ្ធិមនុស្ស​ចំនួន​ពីរ​គឺ មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់ (ACT) គ្រោង និង​ដាក់​លិខិត​អន្តរាគមន៍​ជាថ្មី​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ។ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​សំណើរ​សុំ​ជួប​ដោយផ្ទាល់​ម្តង​រួចមកហើយ នៅមុន​ការបោះឆ្នោត​ឃុំ​/​សង្កាត់ ឆ្នាំ ២០១៧ ។​

លោក សឺង យឿង នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ថ្លែងក្នុងពិធីអបអរទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ ធ្នូ កាលពីឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺង យឿង នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ថ្លែងក្នុងពិធីអបអរទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ ធ្នូ កាលពីឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន

​នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន យឿ​ង ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ២៩ សីហា​នេះ​ថា ការដាក់​លិខិតស្នើ​ជួប​លោក ស ខេង ដោយផ្ទាល់ គឺ​ក្នុង​គោលបំណង​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​អត្តសញ្ញាណប័ណ​របស់​ព​ល​រដ្ឋ​ខ្មែរក្រោម នៅ​ខេត្តសៀមរាប និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ត្រូវបាន អាជ្ញាធរ​បដិសេធ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ពួកគាត់ បើទោះជា​ពួកគាត់​ទាំងនោះ​មួយចំនួន​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​ហួស​សុពលភាព​ក៏ដោយ តែ​សមត្ថកិច្ច​ទាំងនោះ លើក​ហេតុផល​ថា ជួប​ការលំបាក​លើ​ទិដ្ឋភាព​ច្បាប់ ឬ​ពួកគាត់​ជា​ខ្មែរក្រោម ។​

​លោក សឺ​ន យឿ​ង បាន​បញ្ជាក់ថា នាពេល​កន្លងមក ពលរដ្ឋ​ខ្មែរក្រោម​នាំគ្នា​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ប្តូរ​អត្តសញ្ញាណប័ណ្ណ​ចាស់ ដែល​ផុតកំណត់ ហើយ​ត្រូវធ្វើ​ថ្មី​ឡើងវិញ ។ ប៉ុន្តែ​ត្រូវបាន​ខាង​អាជ្ញាធរ​មូលដ្ឋាន នៅតាម​បណ្តា​ខេត្ត​មួយចំនួន មិន​ព្រមធ្វើ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ឡើយ ។ លោក​អៈ​អាង​ថា ការបដិសេធ​ក្នុងការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ពលរដ្ឋ​ខ្មែរក្រោម​នោះ ថា​ជា​ចេតនា​នៃ​ការរើសអើង ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ។​

«​ជា​ញឹកញាប់ ក្រុម​អាជ្ញាធរ​ទាំងនោះ តែង​យក​លេស​ថា ពួកគាត់​ជា​ជនអន្តោប្រវេសន៍ ហើយ​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ក្រសួងមហាផ្ទៃ​ជា​ចាំបាច់​» ។ នេះ​ជាការ​លើកឡើង​របស់ លោក សឺ​ន យឿ​ង ។​

​លោក សឺ​ន យឿ​ង បាន​បន្តថា នៅមុន​បោះឆ្នោត​ឃុំ​/​សង្កាត់ ខាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការសិទ្ធិមនុស្ស​ចំនួន​ពីរ បានដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​ម្តង​រួចមកហើយ ។ ប៉ុន្តែ ខាង​ក្រសួងមហាផ្ទៃ​ឆ្លើយតប​មក​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង មាន​កិច្ចការ​រវល់​ច្រើន មិនអាច​ជួប​ផ្ទាល់​តាម​ការស្នើសុំ​នោះទេ ។ យ៉ាងណា ខាង​ក្រសួងមហាផ្ទៃ បាន​អនុញ្ញាតិ​ឲ្យ​ជួប លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ ប៉ុន្តែ តម្រូវ​ឲ្យ​ដាក់​លិខិត​ជាថ្មី​ម្តងទៀត នៅក្រោយ​ការបោះឆ្នោត​ឃុំ​/​សង្កាត់​រួច ។​

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា មាន​ប្រមាណ ១ លាន​នាក់ ។

​ជារឿយៗ ក្រុម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​រក​ឱកាស ដើម្បី​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពន្យល់​ពី​ការស្នើ​បង្កើត​ឲ្យ​មាន​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់ សម្រាប់​ឋានៈ​ជា​ពលរដ្ឋ​របស់​ខ្មែរក្រោម ៕