VOKK – សំឡេងកម្ពុជាក្រោម – សមាគម​ខ្មែរ​ក្រោម​ស្នើ​វៀតណាម ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម

សមាគម​ខ្មែរ​ក្រោម​ស្នើ​វៀតណាម ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម

August 10, 2017 6:50 PMComments Off on សមាគម​ខ្មែរ​ក្រោម​ស្នើ​វៀតណាម ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើមViews: 50

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម​ដែល​ជា​ម្ចាស់​ស្រុក​ឲ្យ​បាន​ពេញលេញ។ ការ​ទាមទារ​នេះ នៅ​ក្នុង​ទិវា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​នៅ​ថ្ងៃ​ទី​៩ សីហា។ ខ្មែរ​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម បើ​ទោះ​ជា​វៀតណាម គឺ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​ជនជាតិ​ដើម​ដែល​ចែង​ដោយ​អង្គការ​សហប្រជាជាតិ​ក្តី។

អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី ២៣ នៅ​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ​ ២០១៧។ RFA/Yeang Socheametta

អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី ២៣ នៅ​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ​ ២០១៧។ RFA/Yeang Socheametta

ក្នុង​ពេល​ដែល​ជនជាតិ​ដើម​នៅ​លើ​ពិភពលោក​នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​នៅ​ឯ​រាជធានី​ភ្នំពេញ ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ១០០​នាក់ ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​ផង ប្រមូល​ផ្តុំ​គ្នា​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ចូលរួម​ប្រារព្ធ​ទិវា​នេះ​ផង និង​ដើម្បី​លើក​ឡើង​ពី​ការ​បារម្ភ​របស់​ខ្មែរ​ក្រោម​ក្នុង​នាម​ជា​ជនជាតិ​ដើម​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ផង។

ប្រធានបទ​ដែល​ខ្មែរ​ក្រោម​លើក​ឡើង​នៅ​ឆ្នាំ​នេះ គឺ «ខ្មែរ​ក្រោម​ត្រូវ​តែ​បាន​ទទួល​ស្គាល់​ថា​ជា​ជនជាតិ​ដើម»។ មូលហេតុ​ដែល​ខ្មែរ​ក្រោម​ជ្រើស​យក​ប្រធានបទ​នេះ ដោយសារ​តែ​ខ្មែរ​ក្រោម​ពិនិត្យ​ឃើញ​ថា បើ​ទោះ​ជា​ខ្មែរ​ក្រោម​គឺ​ជា​ជនជាតិ​ដើម​នៅ​កម្ពុជា​ក្រោម​ក្តី ប៉ុន្តែ​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម មិន​បាន​គោរព​សិទ្ធិ​ជនជាតិ​ដើម​របស់​ពួក​គេ​ឡើយ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​វៀតណាម មិន​បាន​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ថា​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ វៀតណាម បែរ​ជា​ចាត់​ទុក​ខ្មែរ​ក្រោម​ថា​ជា​ជនជាតិ​ភាគតិច​មួយ​នៅ​លើ​ដែនដី​ដែល​វៀតណាម ថា​ជា​ដែនដី​របស់​ពួក​គេ​ទៅ​វិញ។ លោក​ថា ប្រការ​នេះ​ហើយ​ដែល​ខ្មែរ​ក្រោម​មិន​អាច​ទទួល​បាន​ជា​ដាច់ខាត ហើយ​នៅ​តែ​តវ៉ា​ឲ្យ​វៀតណាម ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម និង​គោរព​សិទ្ធិ​របស់​ខ្មែរ​ក្រោម​ដូច​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម៖ «នៅ​ក្នុង​សេចក្តី​ប្រកាស​សិទ្ធិ​ជនជាតិ​ដើម ត្រូវ​តែ​ផ្តល់​សិទ្ធិ​ឲ្យ​ជនជាតិ​ដើម​មាន​សិទ្ធិ​ពេញលេញ ជាពិសេស​គឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង នេះ​ជា​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ ជា​គោលការណ៍​របស់​សេចក្តី​ថ្លែងការណ៍​របស់​សិទ្ធិ​ជនជាតិ​ដើម កាលណា​យើង​បាន​ក្លាយ​ជា​ជនជាតិ​ដើម គឺ​យើង​អនុវត្ត​ទៅ​តាម​សិទ្ធិ​ស្វ័យ​សម្រេច​នៃ​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង។ វៀតណាម យើង​គិត​ថា​ប្រហែល​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​រឿង​ហ្នឹង​អី យើង​មិន​ដឹង បាន​ជា​គេ​នៅ​តែ​បដិសេធ​ហើយ​ថា​យើង​ជា​ជនជាតិ​ភាគតិច»

ដែនដី​កម្ពុជា​ក្រោម​មាន​ទំហំ​ប្រមាណ ៧​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា និង​ចែក​ចេញ​ជា ២១​ខេត្ត-ក្រុង។ ដែនដី​នេះ​ត្រូវ​បាន​វៀតណាម ទន្ទ្រាន​យក​បន្តិច​ម្តងៗ​ពី​កម្ពុជា ចាប់​តាំង​ពី​ដើម​សតវត្ស​ទី​១៧ តាម​រយៈ​ការ​បញ្ជ្រាប​ចូល​នៃ​ជនជាតិ​របស់​ពួក​គេ​មក​លើ​ទឹកដី​ខ្មែរ។ លុះ​ដល់​ឆ្នាំ​១៨៥៩ អាណានិគម​និយម​បារាំង បាន​ចូល​មក​គ្រប់គ្រង​ដែនដី​នេះ​រហូត​ដល់​ឆ្នាំ​១៩៤៩។ គឺ​នៅ​ឆ្នាំ​១៩៤៩ នោះ​ហើយ​ដែល​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្ដេច​អណ្ណាម បាវ ដាយ (Bao Dai) គ្រប់គ្រង។ ការ​កាត់​នេះ គឺ​ដើម្បី​លួង​ចិត្ត ឬ​ខ្ចី​ដៃ​កម្លាំង​របស់​ស្ដេច បាវ ដាយ ដើម្បី​ទប់ទល់​នឹង​ចលនា​កុម្មុយនីស្ត​របស់​លោក ហូ ជី មិញ ដែល​ព្យាយាម​វាយ​បណ្ដេញ​បារាំង ចេញ​ពី​ប្រទេស។ ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​បាន​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ជា​ថ្មី​ទៀត​តាំង​ពី​ពេល​នោះ​មក។

បើ​ទោះ​ជា​ប្រវត្តិសាស្ត្រ​បង្ហាញ​ច្បាស់​ថា​ខ្មែរ​ក្រោម​ជា​ម្ចាស់​ទឹកដី មុន​ពេល​ការ​មក​ដល់​នៃ​ជនជាតិ​វៀតណាម ក្តី នៅ​ពេល​បាន​គ្រប់គ្រង​ដែនដី​កម្ពុជា​ក្រោម​ពេញ​ដៃ​ហើយ វៀតណាម មិន​បាន​គោរព​សិទ្ធិ​របស់​ខ្មែរ​ក្រោម​ដែល​ជា​ម្ចាស់​ស្រុក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​ទុក្ខបុកម្នេញ ព្យាយាម​លុប​បំបាត់​វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា និង​កាប់​សម្លាប់​ខ្មែរ​ក្រោម​រហូត​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ ត្រូវ​ចេញ​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម កាត់​ក្បាល​នៅ​ដើម​សតវត្ស​ទី​១៩ ជា​ថ្នូរ​នឹង​ការ​ការពារ​ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម។ រលក​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ខ្មែរ​ក្រោម​បាន​បន្ត​រហូត​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​ពេល​នោះ​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​រត់​គេច​ខ្លួន​មក​ជ្រក​កោន​នៅ​កម្ពុជា។

លោក សឺន ជុំជួន ឲ្យ​ដឹង​ថា បច្ចុប្បន្ន វៀតណាម អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ ដូចជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​កឋិនទាន និង​បុណ្យ​អុំ​ទូក ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ។ ប៉ុន្តែ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​បាន​សិក្សា​អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ វៀតណាម បាន​ឲ្យ​ខ្មែរ​ក្រោម​រៀន​ប្រវត្តិសាស្ត្រ​របស់​គេ ជាពិសេស​គឺ​ប្រវត្តិ​របស់​លោក ហូ ជី មិញ។ នេះ​នៅ​មិន​ទាន់​និយាយ​ទៅ​ដល់​ការ​ប្រើប្រាស់​ភាសា​វៀតណាម នៅ​តាម​ទី​វត្ត​អារាម និង​បុរាណដ្ឋាន​មួយ​ចំនួន​ទៀត​នោះ​ផង៖ «កាល​ខ្ញុំ​បួស​រៀន​នៅ​កម្ពុជា​ក្រោម ខ្ញុំ​រៀន​ប្រវត្តិសាស្ត្រ​របស់ ហូ ជី មិញ គេ​ប្រដៅ​ឲ្យ​ស្គាល់​ថា តើ​ការ​តស៊ូ​របស់​លោក ហូ ជី មិញ របៀប​ណា​ខ្លះ មាន​គោល​គំនិត​ម៉េច​ខ្លះ មាន​មនោគម​ស្អី​ខ្លះ​នៃ​របប​នៃ​ការ​គ្រប់គ្រង​របស់​គេ រីឯ​រឿង​របស់​ខ្មែរ​សិក្សា​អំពី​ប្រវត្តិ​របស់​ខ្លួន​មិន​មាន​ឡើយ»

ក្រៅ​ពី​នោះ​ក៏​នៅ​មាន​បញ្ហា​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដាក់​គុក​ដោយសារ​តែ​ទាមទារ​ការ​គោរព​សិទ្ធិ​សេរីភាព។ ជាក់ស្តែង ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ឃ្លាំង ចំនួន ២​អង្គ គឺ​ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​កាត់​ទោស​ដាក់​ពន្ធនាគារ​នៅ​ឆ្នាំ​២០១៣ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ។ អាជ្ញាធរ​វៀតណាម ចោទ​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ថា​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម។ ប៉ុន្តែ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ ព្រោះ​តែ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង ២​អង្គ បាន​ព្យាយាម​បង្កើត​សាលារៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត។

បន្ថែម​ពី​នេះ អាជ្ញាធរ​វៀតណាម តាមដាន ឬ​កោះ​ហៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទៅ​សួរ​នៅ​ពេល​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​គ្រួសារ​ម្តងៗ ជាពិសេស​អ្នក​ដែល​គេ​ដឹង​ថា​តែង​ធ្វើ​ការ​តស៊ូ​មតិ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​វៀតណាម នៅ​ក្រៅ​ប្រទេស។ សកម្មភាព​ទាំងអស់​នេះ​ហើយ​ដែល​លោក សឺន ជុំជួន ថា​អាជ្ញាធរ​វៀតណាម នៅ​តែ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​ក្រោម។

សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ចែង​ថា ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ស្វ័យ​សម្រេច​អំពី​ឋានៈ​នយោបាយ​របស់​ខ្លួន​ដោយ​សេរី និង​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ខ្លួន​ដោយ​សេរី មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​រាល់​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ តាម​រយៈ​តំណាង​ដែល​ជ្រើស​តាំង​ដោយ​ពួក​គេ​ផ្ទាល់។

ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​រវើក​ឡើង​វិញ​នូវ​ប្រពៃណី និង​ទំនៀមទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន។ សិទ្ធិ​នេះ​រួម​មាន សិទ្ធិ​ក្នុង​ការ​ថែរក្សា ការពារ និង​អភិវឌ្ឍ​អ្វីៗ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន​ដែល​មាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត ដូចជា​តំបន់​បុរាណវិទ្យា តំបន់​ប្រវត្តិសាស្ត្រ បុរាណ​វត្ថុ រចនាបថ ពិធី​បុណ្យ បច្ចេកវិទ្យា ការ​សម្ដែង​សិល្បៈ និង​ការ​ថែរក្សា​អក្សរសាស្ត្រ​ជាតិ ជាដើម។

ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ប្រើប្រាស់ អភិវឌ្ឍ និង​ផ្ទេរ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​នូវ​ប្រវត្តិសាស្ត្រ ភាសា ច្បាប់​ទម្លាប់ ទស្សនវិជ្ជា អក្សរសាស្ត្រ ព្រម​ទាំង​ធ្វើ​ការ​កំណត់​ឈ្មោះ និង​រក្សា​ឈ្មោះ​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង​សម្រាប់​សហគមន៍ ទីកន្លែង និង​បុគ្គល។ ជនជាតិ​ដើម​ភាគតិច​ក៏​មាន​សិទ្ធិ​បង្កើត និង​គ្រប់គ្រង​ស្ថាប័ន និង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន ដោយ​ផ្តល់​ការ​អប់រំ​ជា​ភាសា​របស់​ខ្លួន​ផ្ទាល់ ព្រម​ទាំង​មាន​សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​របស់​ខ្លួន និង​មាន​សិទ្ធិ​ប្រើប្រាស់​តាម​គ្រប់​រូបភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដោយ​គ្មាន​ការ​រើសអើង​ឡើយ។

ចំណែក​ជនជាតិ​ដើម​ដែល​ត្រូវ​បាន​បែងចែក​ដោយ​ព្រំដែន​អន្តរជាតិ​ដូច​ខ្មែរ​ក្រោម​វិញ ពួក​គេ​មាន​សិទ្ធិ​រក្សា និង​បង្កើត​ទំនាក់ទំនង ប្រាស្រ័យ​ទាក់ទង សហការ​គ្នា​ក្នុង​គោល​បំណង​ខាង​ជំនឿ​សាសនា វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ជាមួយ​នឹង​សមាជិក​ផ្ទាល់​របស់​ពួក​គេ ព្រម​ទាំង​ជាមួយ​អ្នក​ដទៃ​ទៀត​ដែល​នៅ​ក្រៅ​ព្រំដែន។

ទោះ​ជា​យ៉ាង​ណា លោក សឺន ជុំជួន អះអាង​ថា អាជ្ញាធរ​វៀតណាម មិន​បាន​គោរព​សិទ្ធិ​សេរីភាព​ដូច​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នេះ​ឲ្យ​បាន​ពេញលេញ​នោះ​ទេ។

អង្គការ​ខ្មែរ​ក្រោម​ប៉ាន់ប្រមាណ​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ​ពី ៨ ទៅ ១០​លាន​នាក់​កំពុង​រស់នៅ​លើ​ដែនដី​កម្ពុជា​ក្រោម ហើយ​បើ​និយាយ​ពី​វត្ត​អារាម​វិញ​មាន​រហូត​ដល់​ជិត ៥៦០​វត្ត។

លោក សឺន ជុំជួន ថ្លែង​ថា ដរាប​ណា​វៀតណាម មិន​គោរព​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម​ឲ្យ​បាន​ពេញលេញ​នោះ​ទេ ខ្មែរ​ក្រោម​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​ទាមទារ​ឲ្យ​វៀតណាម គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ៕ ប្រភពព័ត៌មានៈ RFA

Comments are closed