ខ្មែរក្រោម​នៅ​កម្ពុជា ប្រារព្ធ​ខួប ៦៨ ឆ្នាំ ទិវា​កម្ពុជា​ក្រោម​នៅក្រោម​នឹម​អាណានិគម​យួន​

June 25, 2017 11:46 AMComments Off on ខ្មែរក្រោម​នៅ​កម្ពុជា ប្រារព្ធ​ខួប ៦៨ ឆ្នាំ ទិវា​កម្ពុជា​ក្រោម​នៅក្រោម​នឹម​អាណានិគម​យួន​Views: 77

ដោយ ថាច់ ប្រីជា គឿន

នៅ​ថ្ងៃទី ២៤ ខែមិថុនា ចុង​សប្ដាហ៍​កន្លងទៅនេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ពិធី​រំឭក​ខួប ៦៨ ឆ្នាំ ថ្ងៃ​ទឹកដី​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន ។ ពិធី​នេះ ប្រារព្ធ​នៅ​វត្ត​ចាស់ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ដោយ​រៀបចំ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩ អង្គ ។ ក្រុមយុវជន​ខ្មែរ​ដែល បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ស្លៀកពាក់​ប្រពៃណី​ខ្មែរ និង​ពាក់​ពានា​ព័ណ៌​ខៀវ លឿង ក្រហម ជា​ពណ៌​ទង់ជាតិ កម្ពុជា​ក្រោម បាននាំគ្នា ប្រគុំ​តន្ត្រី និង​ច្រៀង​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម​ជាច្រើន​បទ ដើម្បី​រំឭក​ឡើងវិញ នូវ​ប្រវត្តិសាស្ត្រ​ជាតិខ្មែរ និង​ទុក្ខសោក​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវ​យួន​ធ្វើទុក្ខបុកម្នេញ ។

សម្តេច​ស៊ីសុវត្ថិ ពង្ស​នារី​មុនី​ពង្ស ជា​អ​ធិ​តី​ តំណាង​ឲ្យព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម​សីហ​មុនី ។ រូបថតៈ ស៊ឺន ចែងចើន

សម្តេច​ស៊ីសុវត្ថិ ពង្ស​នារី​មុនី​ពង្ស ជា​អ​ធិ​តី​ តំណាង​ឲ្យព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម​សីហ​មុនី ។ រូបថតៈ ស៊ឺន ចែងចើន

​ក្រុម​មេដឹកនាំ​ខ្មែរ ដែល​បាន​ចូលរួម​ពិធី​នេះ មានមតិ​ចាប់អារម្មណ៍ និង​សារ​នយោបាយ​រៀងៗ​ខ្លួន ។

មាន​ព្រះរាជបន្ទូល​នៅ​ចំពោះមុខ​ពលរដ្ឋ និង​ព្រះសង្ឃ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ  ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​សន្យាថា នឹង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម ពី​វៀតណាម​មកវិញ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ឆ្នាំ ២០១៨ ។

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​បន្តទៀតថា ទឹកដី​កម្ពុជា​ក្រោម​មិនត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​ឡើយ ។ ព្រះអង្គ​ថា តាមពិត​កម្ពុជា មាន​ផ្លូវច្បាប់​រឹងមាំ និង​គ្រប់គ្រាន់​ក្នុងការ​ទាមទារ​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន​មកវិញ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​ពុំមាន​ឆន្ទៈ​ទើប​ទៅជា​បែបនេះ ។

លោក ហូ វ៉ាន់ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានប្រកាស​ឱ្យ​មេឃុំ​ចៅសង្កាត់​របស់ខ្លួន​ទាំង ៥៧ សង្កាត់ ក្នុង​រាជធានី ភ្នំពេញ មិនត្រូវ​ប្តូរ​ឈ្មោះ​ដើម​របស់​ខ្មែរ​កម្ពុជា​ក្រោម​នោះទេ ពេល​ពួកគេ​មក​ធ្វើ​សៀវ​គ្រួសារ សំបុត្រកំណើត និង​លិខិតស្នាម ផ្សេងៗ ។​

លោក ហូ វ៉ាន់ បាន​លើកឡើងថា កន្លងមក​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា តែង ជួបប្រទះ​បញ្ហា​ការ ធ្វើលិខិត​ស្នាម​ផ្សេងៗ ដោយ​អាជ្ញាធរ​ឃុំ​សង្កាត់​តម្រូវឱ្យ​ពួកគេ​ប្តូរ​ឈ្មោះ​ដើម ដែលជា ឈ្មោះ​កម្ពុជា​ក្រោម មក​ដាក់ឈ្មោះ​ដែល​ខ្មែរ​ធម្មតា​វិញ ។ លោក​បន្តថា ការ​រឹត​ត្បឹ​ត​បែបនេះ​គឺជា​ការ​អើ​ង​អើ​ស ពី​សំណាក់​អាជ្ញាធរ​ដែនដី​មកលើ​ខ្មែរក្រោម ។​

​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន ថ្លែងថា រាជវង្សានុវង្ស​ពុំដែល​បោះបង់​ទឹកដី​កម្ពុជា​ក្រោម ម្ដងណា​ឡើយ ។ លោក​ថ្លែងថា ដោយ​ផ្អែកលើ​ឯកសារយោង​ផ្លូវ​ការដែល​ទើប​ទទួលបាន​រដ្ឋាភិបាល​បារាំង អះអាងថា ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រះ បាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គ​តែង​ទាមទារ​ជានិច្ច​នូវ​ទឹកដី​កម្ពុជា​ក្រោម​នេះ រួមទាំង​ក្នុង​រាជ​ព្រះបាទ​អង្គឌួង មក​ផង ។

​យោងតាម​វិទ្យុ​អាស៊ីសេរី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ឃើញថា ការប្រើ​វោហារសាស្ត្រ​ផ្នែក​នយោបាយ​របស់​ប្រឆាំង​នេះ គឺជា​រឿង​ក្លែងក្លាយ​សុទ្ធសាធ ។ លោក​បន្តថា រដ្ឋាភិបាល​ក៏មាន​ភក្ដីភាព​ចំពោះ​ទឹកដី​ដែល​បាត់បង់​ដែរ ប៉ុន្តែ​អ្វីៗ​មកដល់ពេលនេះ វា​ហួសពេល​អស់​ទៅហើយ ។ ម្យ៉ាងទៀត ការទាមទារ​ដោយ​មធ្យោបាយ​ណាមួយ​ក្នុង​រឿង​ទឹកដី​កម្ពុជា​ក្រោម​នេះ គឺ​មិនអាច​ទៅរួច​ឡើយ​មកដល់​ពេលនេះ​។

​កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ក្នុងការ​ប្រគល់​ដែនដី​កូស័ងស៊ីន ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​វៀតណាម​ដែល ពលរដ្ឋ​ខ្មែរ​ចាត់ទុកថា ជា​សន្ធិសញ្ញា​ខុសច្បាប់ ។​

​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក តែងតែ​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ប៉ុន្តែ​ដោយឡែក​ឆ្នាំ ២០១៧ នេះ ប្រទេស​កម្ពុជា មានការ​រៀបចំ​បោះឆ្នោត​ឃុំ​-​សង្កាត់​ចំ​ថ្ងៃទី ៤ ខែមិថុនា ដូច្នេះ ហើយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​លើក​ពេល និង​យក​ថ្ងៃទី ២៤ ខែមិថុនា ជំនួស​វិញ ៕​

Comments are closed